អានតួអត្ថបទ

មនុស្ស៥៥នាក់ស្លាប់ និង​ជាច្រើនរយនាក់បាត់ខ្លួននៅក្នុងសោកនាដកម្មភ្លើងឆេះនៅកោះហាវ៉ៃ

ទីក្រុងទេសចរមួយ​របស់​កោះ Maui ដែលជា​កូនកោះមួយ​របស់ប្រជុំកោះហាវ៉ៃ​របស់អាមេរិកត្រូវភ្លើងឆេះព្រៃលេបត្របាក់ បំផ្លិចបំផ្លាញសឹងទាំងស្រុង។ តាមការប្រកាស​របស់​អាជ្ញាធរអាមេរិក​ក្នុងរដ្ឋ​ហាវ៉ៃ មនុស្សយ៉ាងហោច ៥០នាក់ស្លាប់ ចំណែកមនុស្សជាច្រើនរយនាក់ផ្សេងទៀត​កំពុងបាត់ខ្លួន នៅក្នុង​គ្រោះមហន្តរាយធម្មជាតិលើកនេះ។ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន​​ប្រកាសចាត់ទុកភ្លើងឆេះព្រៃនៅហាវ៉ៃជា​​គ្រោះថ្នាក់ធម្មជាតិដែលត្រូវ​ទទួលជំនួយបន្ទាន់​ពីរដ្ឋសហព័ន្ធ។

ទីក្រុងប្រវត្តិសាស្រ្ត Lahaina នៅលើកោះ Maui,នៅកោះហាវ៉ៃត្រូវភ្លើងឆេះព្រៃលេបត្របាក់ទាំងស្រុងនៅថ្ងៃទី ១០​សីហា ២០២៣
ទីក្រុងប្រវត្តិសាស្រ្ត Lahaina នៅលើកោះ Maui,នៅកោះហាវ៉ៃត្រូវភ្លើងឆេះព្រៃលេបត្របាក់ទាំងស្រុងនៅថ្ងៃទី ១០​សីហា ២០២៣ AP - Rick Bowmer
ផ្សាយពាណិជ្ជកម្ម

រូបភាពវីដេអូថតពីលើអាកាស បង្ហាញទីក្រុងជាប់មាត់សមុទ្រ ទីក្រុង​ប្រវត្តិសាស្រ្ត Lahainaរបស់​កោះ Mauiនៃប្រជុំកោះហាវ៉ៃត្រូវភ្លើងឆេះបំផ្លិចបំផ្លាញក្លាយទៅជាផេះផង់។ ដោយសារកម្លាំងខ្យល់បក់ខ្លាំងដែលទទួលឥទ្ធិពលពី​ព្យុះកំណាច Doraដែលកំពុងសកម្ម​ក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅបានឆេះរាលដាល ដុតបំផ្លាញទីក្រុង​តែក្នុងមួយប៉ប្រិចភ្នែក។ តាមអាជ្ញាធរអាមេរិកលើកោះ  Maui ដោយសារតែមិនបាន​ប្រុងប្រៀបខ្លួន មនុស្ស​ជាច្រើនរយនាក់ បាន​លោតចូលទឹកសមុទ្រ​ដើម្បីគេចចេញពីអណ្តាតភ្លើង ចំណែកមនុស្ស​មួយចំនួនទៀត​ត្រូវ​ជាប់គាំង ស្លាប់ឆេះខ្លោចនៅក្នុង​គ្រោះអគ្គិភ័យ។ តាមតុល្យការបឋម​របស់​អាជ្ញាធរ មនុស្ស​ជាង ៥០នាក់បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ភ្លើងឆេះព្រៃ ចំណែក មនុស្សជាច្រើនរយនាក់កំពុងបាត់ខ្លួន។ ប្រការនេះធ្វើឲ្យអាជ្ញាធរបារម្ភថា ចំនួនមនុស្សរងគ្រោះថ្នាក់បាត់បង់ជីវិត នឹងអាចមានចំនួនជាង៦០នាក់។

សម្រាប់អភិបាលរដ្ឋហាវ៉ៃ ភ្លើងឆេះព្រៃជា​គ្រោះមហន្តរាយធម្មជាតិដ៏ធំដែលកោះហាវ៉ា​មិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្រ្ត។ ហាវ៉ៃ​ធ្លាប់រងគ្រោះម្តង មានមនុស្ស​ស្លាប់​៦១នាក់ ដោយសារ​ការវាយបោករបស់រលកយក្ស នៅ ឆ្នាំ ១៩៦០ ប៉ុន្តែ មិនធ្ងន់ធ្ងរអាក្រក់ដូចភ្លើងឆេះព្រៃលើកនេះ។ នៅថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​បាន​ជម្លៀសប្រជាជន និងទេសចរចេញពីតំបន់រងគ្រោះដោយសារ​ភ្លើងឆេះព្រៃ ទៅនៅ​ព្រលានយន្តហោះ និងមជ្ឈមណ្ឌលសង្រ្គោះបន្ទាន់។

លោកប្រធានាធិបតី​ចូ បៃដិន​វិញ បាន​ចុះហត្ថលេខា​លើសេចក្តីប្រកាស ចាត់ទុក​សោកនាដកម្ម​ភ្លើងឆេះនៅ​ហាវ៉ៃ​ជា​គ្រោះធម្មជាតិ ដែលនឹង​បើកផ្លូវ​ឲ្យ​មានការផ្តល់ជំនួយបន្ទាន់ របស់​រដ្ឋសហព័ន្ធ ទាំងផ្នែកថវិកា សម្ភារៈ សម្រាប់តំបន់រងគ្រោះដោយភ្លើងឆេះព្រៃនៅ​ហាវ៉ៃ។ តាមវិបសៃតិ៍ ឈ្មោះ Power Outage ដោយសារភ្លើងឆេះព្រៃ ផ្ទះជាង ១ម៉ឺនខ្នង​ និងហាងទំនិញជាច្រើនគ្មានភ្លើងអគ្គិសនីប្រើប្រាស់។

អ្នកជំនាញ​វាយតម្លៃថា ភ្លើងឆេះព្រៃ ឆេះរាលដាលលឿននៅលើកោះMauiរបស់ហាវ៉ៃ ដោយសាររុក្ខជាតិ ស្មៅដើមឈើ​នៅលើ​កោះ Mauiស្ងួតខុសប្លែកពីធម្មតា ដោយសារតែ​ខ្វះទឹកភ្លៀង។ ភាពរាំងស្ងួតជាប្រចាំ បូកផ្សំនឹង​អាកាសធាតុក្តៅខ្លាំង ជា​កត្តាជំរុញ​ឲ្យមានភ្លើងឆេះព្រៃ កាន់តែច្រើន និង​ឆេះសន្ធោសន្ធៅរាលដាលក្នុងល្បឿនដ៏លឿន ពិបាកនឹងទប់ស្កាត់។ ករណីភ្លើងឆេះព្រៃ នៅកាណាដា និង​នៅភាគខាងត្បូងអាមេរិក​ជាឧទាហរណ៍ស្រាប់។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ