អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន ទៅវៀតណាម ដើម្បី​ពង្រឹងសហប្រតិបត្តិសេដ្ឋកិច្ច​ និង​ការបរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចេញពីជំនួបកំពូលG20 នៅញូដេលី លោក​ប្រធានាធិបតី ចូ បៃដិន ​បាន​បន្តដំណើរទៅ​ដល់​ទីក្រុងហាណូយ​ ប្រទេសវៀតណាម នៅរសៀល​​ថ្ងៃអាទិត្យទី​១០កញ្ញា។ ទស្សនកិច្ចទៅវៀតណាម​ ជាអ្វីដែលប្រធានាធិបតី​អាមេរិកគ្រប់រូប តែងតែធ្វើមិនដែល​ខាន បើគិតពីឆ្នាំ​១៩៩៥មក។ វាគឺជា​គោលនយោបាយ​ស្តារទំនាក់ទំនងនឹងគ្នា បន្ទាប់ពីប្រទេសទាំង២បានឆ្លងកាត់​ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតជាមួយគ្នា តាមរយៈ​ “សង្គ្រាម​វៀតណាម”។ លើសពីការរឹតចំណងមិត្តភាព វៀតណាម​ក៏អាចមានអត្ថប្រយោជន៍​ច្រើនដែរ ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ក្នុង​បរិបទបច្ចុប្បន្ន ដែលអាមេរិកនិងចិន​ ប្រជែងគ្នាកាន់តែខ្លាំង។

លោក ចូ បៃដិន នៅលោកអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ង្វៀន ហ្វូចុង ក្នុងកម្មវិធីស្វាគមន៍​ផ្លូវរដ្ឋ ។ ក្រុងហាណូយ ថ្ងៃទី ១០ កញ្ញា ២០២៣
លោក ចូ បៃដិន នៅលោកអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ង្វៀន ហ្វូចុង ក្នុងកម្មវិធីស្វាគមន៍​ផ្លូវរដ្ឋ ។ ក្រុងហាណូយ ថ្ងៃទី ១០ កញ្ញា ២០២៣ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

ផ្សះផ្សាការឈឺចាប់ក្នុងអតីតកាល

លោក Jake Sullivan ទីប្រឹក្សាពិសេសរបស់​លោក​ចូ បៃដិន បាន​បញ្ជាក់ឲ្យដឹងថា អស់រយៈពេល​​ជាច្រើនទសវត្សមកហើយ ដែលសហរដ្ឋអាមេរិក និង វៀតណាម ខិតខំធ្វើការ ដើម្បីឈានទៅព្យាបាល​ការឈឺចាប់ក្នុងអតីតកាល​ ដែល​បន្សល់ទុកដោយ​សង្គ្រាមវៀតណាម​។ កេរតំណែលនេះ នឹងមានវត្តមាន​នៅ​ក្នុង​ឱកាស​ទស្សនកិច្ចរបស់​លោកចូ បៃដិន នៅទីក្រុងហាណូយ។ នៅថ្ងៃចន្ទ លោក​ ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ទីបូជនីយកិច្ច ឧទ្ទិសដល់លោក John McCain អតីតទាហានអាមេរិក ដែល​បានប្រឹងប្រែងពេញមួយជីវិតនយោបាយ ក្នុងការ​ផ្សះផ្សា​ការឈឺចាប់ រវាងអាមេរិក និងវៀតណាម។

ផ្អែកតាម​ការបញ្ជាក់ពី​សេតវិមាន នៅហាណូយ លោកចូ បៃដិន ត្រូវ​ជួបជាមួយ​លោកអគ្គលេខាធិការបក្សកុម្មុយនីស្ត​វៀតណាម​ ង្វៀន ហ្វូចុង នៅថ្ងៃអាទិត្យ បន្ទាប់​មកនឹងធ្វើ​សន្និសីទកាសែតរួមគ្នា។ កម្មវិធីបន្ទាប់ គឺលោក​ចូ បៃដិន នឹងជួបជាមួយ លោក​ប្រធានាធិបតីវៀតណាម វ៉ូ វ៉ាន់ធឿង និង​ ​លោក​នាយករដ្ឋមន្ត្រីវៀតណាម ផាំ មិញជិញ នៅថ្ងៃចន្ទទី​១១កញ្ញា។

លោក Jake Sullivan បាន​បញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា លោកចូ បៃដិននឹងមិនភ្លេច និយាយលើកឡើងទេ អំពីបញ្ហាសិទ្ធិមនុស្ស​នៅ​វៀតណាម។ ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរារាំងសិទ្ធិបញ្ចេញមតិ សិទ្ធិប្រកាន់សាសនា និង​សិទ្ធិជាមូលដ្ឋានឯទៀត របស់ប្រជាជននៅវៀតណាម នឹងត្រូវ​លោកចូ បៃដិន លើកយកទៅនិយាយ ជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីទាមទារឲ្យ​មានផ្លាស់ប្តូរ។​

វៀតណាម ជាកម្លាំង​​សក្តានុពលថ្មី​ ជំនួសឲ្យចិន?

នៅក្នុងបរិបទ ដែល​អាមេរិក​ក៏ដូចជាបណ្តាប្រទេសអឺរ៉ុប កំពុងតែរកវិធី​ឈប់ពឹងផ្អែកលើចិនខ្លាំងជ្រុលពេក វៀតណាម​​បានក្លាយ​ជាជម្រើស​គួរជាទីចាប់អារម្មណ៍ ជាមួយ​នឹងកម្លាំងពលកម្មច្រើន ក្មេង​ស្វាហាប់ និង​មានតម្លៃ​ថោក​។ យោងតាម​សេតវិមាន នៅហាណូយ​ លោក​ចូ បៃដិន​ នឹងចុះហត្ថលេខាជាមួយ​ភាគីវៀតណាម លើ “​កិច្ចព្រមព្រៀងសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​”។ តាមរយៈកិច្ចព្រ​មព្រៀងនេះ វាគឺជាការខិតចូលកៀកគ្នាយ៉ាងខ្លាំង រវាងវៀតណាម និងសហរដ្ឋអាមេរិក ព្រោះថាគិតមកទល់ពេលនេះ កិច្ចព្រមព្រៀងរបៀបនេះ គឺវៀតណាមបានចុះ តែជាមួយ​ រុស្ស៊ី ឥណ្ឌា ចិន និងកូរ៉េខាងត្បូង​។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចវៀតណាម​កាន់តែរីកលូតលាស់។ ៨ខែដើមឆ្នាំ​២០២៣ វៀតណាមបានទាក់ទាញវិនិយោគបរទេស ក្នុងទំហំទឹកប្រាក់ប្រមាណ​ ១៨ពាន់លានដុល្លារ ពោលគឺកើនចំនួន​៨% បើប្រៀបធៀបទៅឆ្នាំមុន។ ក្រុមហ៊ុនធំៗជាច្រើន ដូចជា Samsung LG និង Foxconn ដែលជាអ្នកផ្គត់ផ្គង់​គ្រឿងផ្សំឲ្យ​ ក្រុមហ៊ុន Apple ជាដើម​ បាននាំគ្នាទៅតាំងទី​ផលិត​ នៅវៀតណាម​។

តែយ៉ាងណា ប្រទេស​ដែលមាន​ប្រជាជន​ប្រមាណ​១០០លាននាក់នេះ មានកម្លាំងពលកម្មដែល​មាន​ជំនាញ​ខ្ពស់ នៅតិចខ្លាំងណាស់ មិនទាន់​គ្រប់គ្រាន់ទេ។ ផ្អែកតាមតួលេខរបស់​ក្រសួងការងារវៀតណាម បច្ចុប្បន្នមាន​តែកម្លាំងពលកម្មចំនួន​១១%ប៉ុណ្ណោះ ដែល​មានជំនាញ​លំដាប់ខ្ពស់។ បន្ថែមពី​នេះ វៀតណាមនៅ​មានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​បណ្តាញចរន្តអគ្គិសនីមិនគ្រប់គ្រាន់។ នេះបើផ្អែកតាម​របាយការណ៍​ចុងក្រោយ របស់ធនាគារពិភពលោក ចេញផ្សាយ​កាលពីខែសីហា។

សម្រាប់អាមេរិក កិច្ចព្រមព្រៀងសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ ដែលខ្លួននឹង​ចុះជាមួយវៀតណាម​ក្នុងពេលនេះ​ នឹងបើក​ផ្លូវ ពង្រឹងកសាងបណ្តាញ​ឧស្សាហកម្មនៅវៀតណាម ដើម្បីឆ្លើយ​តបទៅនឹងតម្រូវការទីផ្សាររបស់អាមេរិក ហើយទន្ទឹមគ្នានេះ អាមេរិក​នឹង​​ដកខ្លួន​ម្តងបន្តិចៗ ឈប់ពឹងផ្អែក​លើកម្លាំងឧស្សាហកម្មរបស់ចិន​។ សម្រាប់វៀតណាមវិញ វាគឺជាឱកាស​ដ៏ធំ ដើម្បីអាចទទួលបាន​ ការបោះទុន​វិនិយោគទ្រង់ទ្រាយធំៗ​ ឈានទៅពង្រឹងវិស័យ​ឧស្សាហកម្ម ឲ្យ​កាន់តែទំនើបឈានមុខ ជាពិសេសក្នុងវិស័យ​បច្ចេកវិទ្យា​។​

យក​ ចិន ឬ អាមេរិក?

រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម តែងតែមានការប្រុងប្រយ័ត្ន មិនចង់​ឲ្យ​គេសំឡឹងឃើញថាខ្លួន ល្អូកល្អឺនខ្លាំងជាមួយ​អាមេរិក​នោះទេ។ មិនខុសពីប្រទេសផ្សេងទៀត នៅ​ក្នុងតំបន់ វៀតណាម​អះអាងប្រកាន់ជំហរនៅកណ្តាល មិនចង់ជ្រើសរើស​នៅខាងណាមួយទេ រវាង​មហាអំណាចទាំង២ គឺចិន និងអាមេរិក​ ដែលកំពុងតែជល់​ប្រជែងគ្នា​យ៉ាងខ្លាំងដៃ។​

តែទន្ទឹមគ្នានេះ វៀតណាមមានការព្រួយបារម្ភកាន់តែខ្លាំង ទាក់ទិនសកម្មភាពវាតទីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលប៉ះពាល់មកលើដែនអធិបតេយ្យ របស់វៀតណាម។ គឺចំណុចនេះហើយ ដែល​រដ្ឋាភិបាលអាមេរិក តែងតែលើកមកនិយាយ ដើម្បី​ក្រើនរំលឹកឲ្យវៀតណាមដឹងខ្លួន និងប្រុងប្រយ័ត្ន។

គួរបញ្ជាក់ដែរថា រវាងវៀតណាមនិងចិន គឺនៅមានវិវាទព្រំដែន​ជាច្រើនចំណុច ដែលនៅមិនទាន់ដោះស្រាយ តាំងតែពីឆ្នាំ​១៩៧៩មក។ យ៉ាងណាមិញ​ ចិន មិនបានព្រងើយទុក​ឲ្យអាមេរិក​មក​អូសទាញវៀតណាមទៅដោយងាយៗនោះឡើយ។ ក្នុងសប្តាហ៍​កន្លងទៅនេះ ប៉េកាំងបានប្រញេបប្រញាប់ បញ្ជូនគណៈប្រតិភូ​​មន្ត្រី​ជាន់ខ្ពស់របស់ខ្លួន ទៅវៀតណាម។ យោងតាមការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ័រ គឺភាគីចិននិងវៀតណាម បានសន្យា​ពង្រឹង​សហប្រតិបត្តិការ​ និង​សាមគ្គីភាពជាមួយគ្នា ឲ្យ​កាន់ល្អប្រសើរឡើង។

លោក ង្វៀន កុងកួង អតីតអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅវ៉ាស៊ីនតោន បានលើកឡើងថា ការពិតទៅ អាមេរិក​ដឹងច្បាស់ណាស់ ថាវៀតណាម​គ្មានថ្ងៃសម្រេចចិត្ត​រើសយកខាងណាមួយឡើយ រវាងចិន និងអាមេរិក។ តែយ៉ាងណា លោក ចូ បៃដិន ក៏នៅតែសង្ឃឹមថា វៀតណាមអាចនឹងកាន់តែសប្បាយ​ចិត្តរីករាយ ចង់សហការជាមួយ​អាមេរិក​កាន់តែខ្លាំង​​ នៅក្នុងបរិបទមួយ ដែល​ក្នុងតំបន់​មានភាពតានតឹង ដោយសារតែចិនអាងយ៉ាង។​

វៀតណាមទិញអាវុធរុស្ស៊ី?

ស្រមោលមួយទៀត ដែលតាមអន្ទោល​លើវៀតណាម គឺវត្តមាន​របស់មហាមិត្ត​រុស្ស៊ី​។ កាលពីថ្ងៃសៅរ៍ ទី៩កញ្ញា មួយថ្ងៃមុនពេល​លោកចូ បៃដិនទៅជាន់ដីវៀតណាម កាសែត The New York Times បានចុះផ្សាយ​ថា វៀតណាម​កំពុងតែចរចាយ៉ាងសំងាត់ជាមួយរុស្ស៊ី ដើម្បីសុំទិញគ្រឿងសព្វាវុធរបស់រុស្ស៊ី។ ជាចេតនាចង់ទិញពីរុស្ស៊ី បើទោះបីជាវៀតណាមដឹងថា ទណ្ឌកម្មអន្តរជាតិបានហាមឃាត់ខ្លួន​ក៏ដោយ​។

សារព័ត៌មានអាមេរិក ដែលបានចុះផ្សាយ​រឿងនេះ បានផ្អែក​លើ​ឯកសារមួយ របស់​ក្រសួងហិរញ្ញវត្ថុ​វៀតណាម។ យោងតាមឯកសារនេះ កិច្ចព្រមព្រៀង​ទិញលក់គ្រឿងសព្វាវុធរវាងវៀតណាម និងរុស្ស៊ី គឺនឹងត្រូវធ្វើ​ឡើង ដោយប្រើប្រាស់ថវិកាបោះទុនវិនិយោគ របស់វៀតណាម នៅក្នុង​គម្រោង​អណ្តូងប្រេង​កាតរបស់រុស្ស៊ី នៅតំបន់ស៊ីបេរី។​ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានព្យាយាមទាល់ទងសុំការបំភ្លឺ ពីមន្ត្រីរដ្ឋាភិបាល​វៀតណាម ទាក់ទិននឹងដំណឹងចុះផ្សាយនេះ តែបានត្រឹមតែការបដិសេធមិនឆ្លើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ