អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិក២ដែលផលិតលក់សព្វាវុធឲ្យតៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉េកាំង​ប្រកាស​ដាក់ទណ្ឌកម្ម​សាជាថ្មីលើក្រុមហ៊ុនផលិតអាវុធ​របស់អាមេរិកចំនួនពីរ នៅថ្ងៃ​សុក្រទី ១៥កញ្ញា។ តាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន ទណ្ឌកម្ម​លើ​ក្រុមហ៊ុនអាមេរិក ជា​ការឆ្លើយតប​ទៅនឹង​ការសម្រេច​ជាលើកទី១​របស់​អាមេរិកក្នុងការផ្តល់កញ្ចប់ជំនួយយោធា​ដល់​តៃវ៉ាន់។ ម្យ៉ាង ការប្រកាស​ដាក់ទណ្ឌកម​របស់​ចិន ធ្វើឡើង​នៅ​មួយថ្ងៃក្រោយ​ដែល​ចិន​បញ្ជូន​យន្តហោះចម្បាំង និង​នាវា ជាច្រើនគ្រឿង​ទៅ​ហោះហែលឆ្វែលកៀកនឹងតៃវ៉ាន់ នៅក្នុង​បរិបទនៃភាពតានតឹង​កាន់តែខ្លាំង​រវាង ចិន និងអាមេរិក​ក្នុងសំណុំរឿងតៃវ៉ាន់។

យន្តហោះចម្បាំងរបស់​ក្រុមហ៊ុនអាមេរិក Lockheed Martin F-35A
យន្តហោះចម្បាំងរបស់​ក្រុមហ៊ុនអាមេរិក Lockheed Martin F-35A AP - Ben Margot
ផ្សាយពាណិជ្ជកម្ម

តើក្រុមហ៊ុនណាខ្លះ​ដែល​ជាប់​ទណ្ឌកម្ម​របស់​ចិន?

រដ្ឋាភិបាល​ចិន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិកពីរ គឺ​ក្រុមហ៊ុន​Lockheed Martin និង​ក្រុមហ៊ុន​Northrop Grumman ដោយសារ​តែក្រុមហ៊ុន​ទាំងពីរ​មានជាប់ពាក់ព័ន្ធ​នឹង​ផែនការ​ផ្តល់ជំនួយ​យោធា​របស់​អាមេរិក កាលពី​ចុងខែ​សីហា​កន្លងទៅ។

តាមការពន្យល់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក្រុមហ៊ុនផលិតអាវុធ​អាមេរិក​ Lockheed Martin ដើរតួនាទីសំខាន់​នៅក្នុងគម្រោងការលក់អាវុធ​របស់អាមេរិក​ទៅ​ឲ្យ​តៃវ៉ាន់ ចំណែក ក្រុមហ៊ុន Northrop Grumman ធ្លាប់ចូលរួម​ចំណែក​នៅក្នុងការលក់សព្វាវុធ​កន្លងមក ទៅ​ឲ្យ​តៃវ៉ាន់។

នៅចុងខែ​សីហា រដ្ឋបាល​លោក​ចូ បៃដិន​បាន​ប្រកាស​ផ្តល់​ជំនួយយោធា ជាលើកទី១ ដល់​តៃវ៉ាន់ ក្នុង​ទំហំទឹកប្រាក់ ៨០លាន​ដុល្លារ។ ៨០លាន​ដុល្លារ​ជាចំនួន​ដ៏តិចតួច បើប្រៀបធៀប​ទៅនឹង​ទំហំ​ទឹកប្រាក់​ដែល​តៃវ៉ាន់​ចំណាយដើម្បី​ទិញ​អាវុធ​ពី​អាមេរិក ប្រមាណ ១ពាន់លានដុល្លារ។ ប៉ុន្តែ វា​សបញ្ជាក់​ពីការបង្កើន​ការយកចិត្តទុកដាក់​របស់​អាមេរិក​ដើម្បីជួយតៃវ៉ាន់​ក្នុងការការពារ​ខ្លួន​នៅចំពោះមុខ​សកម្មភាព​បំភិតបំភ័យ របស់​យន្តហោះ កប៉ាល់ចម្បាំង​ចិន។

នៅថ្ងៃសុក្រ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានព្រមាន​អាមេរិក​សាជាថ្មី បន្ទាប់ពី​អាមេរិក នៅតែ​បន្តផ្គើន​ផ្គត់ផ្គង់​សព្វាវុធ​ដល់​តៃវ៉ាន់ ដែល​នៅក្នុង​ក្រសែភ្នែក​របស់​ចិន វា​ជាការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ដែនអធិបតេយ្យភាព ផលប្រយោជន៍​សន្តិសុខ​របស់​ចិន។

ទណ្ឌកម្មរបស់ចិននឹងជះផលអាក្រក់ដល់ក្រុមហ៊ុនផលិតអាវុធអាមេរិកដែរឬទេ?

សម្រាប់​ក្រុមហ៊ុន​ Lockheed Martin ដែល​ជាដៃគូសំខាន់​របស់​រដ្ឋាភិបាល​អាមេរិក ដើម្បី​លក់អាវុធ​ទៅបរទេស នេះមិនមែនជាលើកទី១ ដែលក្រុមហ៊ុន​រង​ការដាក់ទណ្ឌកម្ម​ពី​រដ្ឋាភិបាល​ចិន ជុំវិញ ការលក់សព្វាវុធ​ឲ្យតៃវ៉ាន់។ កាលពី​ខែ កុម្ភៈ ដើមឆ្នាំនេះ ក្រុមហ៊ុន​ Lockheed Martin​បាន​ជាប់សំណាញ់​ទណ្ឌកម្ម​របស់​ចិន ជាមួយ​ក្រុមហ៊ុន​អាមេរិកមួយទៀត គឺ Raytheon ដែលមាន​ជំនាញ​ខាង​ផលិតមីស៊ីល និង​ប្រព័ន្ធ​ការពារដែនអាកាស។

នៅក្នុង​ក្របខ័ណ្ឌ​នៃការលក់អាវុធ តម្លៃ ១ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់ ក្រុមហ៊ុន​Raytheon​ទទួល​បាន​កិច្ចសន្យា នៅខែ​កញ្ញា​ឆ្នាំ ២០២២ ដើម្បី​លក់អាវុធ តម្លៃ៤១២លាន​ដុល្លារ សម្រាប់ពង្រឹង​សមត្ថភាព បច្ចេកវិទ្យា​ប្រព័ន្ធរ៉ាដា​របស់​កងទ័ពតៃវ៉ាន់។ ចំណែក ក្រុមហ៊ុន​ Lockheed Martin​ទទួល​បាន​សិទ្ធិ​លក់ទៅ​ឲ្យ​តៃវ៉ាន់ នូវ រ៉ាដា ឧទ្ធម្ភាគចក្រ និង​ឧបករណ៍​តាមដាន​ចរាចរ​ក្នុងអាកាស និង​បំពាក់ឧបករណ៍​លើ​យន្តហោះចម្បាំង​F16ដើម្បីតាមដានចាប់សញ្ញារបស់​យន្តហោះសត្រូវ នៅក្នុងលំហអាកាស។

ប្រតិកម្ម​តបនឹង​ការសម្រេចចិត្ត​របស់​អាមេរិក កាលណោះ ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ប្រកាសដាក់បញ្ចូល​ក្រុមហ៊ុន​ Lockheed Martin និង​ក្រុមហ៊ុន​ Raytheonទៅក្នុង​បញ្ជី​ក្រុមហ៊ុនដែលមិនអាច​ទុកចិត្តបាន។ ទៅតាម​ការដាក់ទណ្ឌកម្ម​របស់​ក្រសួងពាណិជ្ជកម្ម​ចិន ក្រុមហ៊ុន​ផលិតអាវុធ​អាមេរិក​ទាំងពីរ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​វិនិយោគនៅចិន និង​ធ្វើសកម្មភាព​នាំចេញ និងនាំចូលទៅប្រទេសចិន។ គោលដៅ គឺ​ដើម្បីទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុនផលិតអាវុធអាមេរិក​អាច​យក​ផលិតផល​ចិន​ទៅ​ប្រើ​សម្រាប់​សកម្មភាព​ផលិតអាវុធរបស់ខ្លួន។

សម្រាប់​ការដាក់ទណ្ឌកម្ម​សាជាថ្មី​លើ​ក្រុមហ៊ុន​ផលិតអាមេរិក នៅថ្ងៃ​សុក្រ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន មិន​បាន​លម្អិត​ពីវិធានការដែល​រដ្ឋាភិបាល​ចិនប្រុងនឹង​ដាក់ទៅលើ​ក្រុមហ៊ុនអាមេរិក​ដូច​ការដាក់ទណ្ឌកម្ម​លើកមុនៗ។

ម្យ៉ាង គេនៅតែមិនទាន់​អាច​វាយតម្លៃពី​ទំហំខូចខាតរបស់​ក្រុមហ៊ុនអាមេរិក ដោយសារ​ ការដាក់ទណ្ឌកម្ម​របស់​ចិន។ ប៉ុន្តែ ចង់ ឬមិនចង់ វិធានការរឹតបន្តឹងរបស់ចិននឹងប៉ះពាល់​ដល់​ការនាំចេញ នាំចូលរបស់ក្រុមហ៊ុន​ផលិតអាវុធ​របស់អាមេរិក។

បើទោះបីជាអាមេរិកចេញច្បាប់​ហាម​មិន​ឲ្យ​ក្រុមហ៊ុនរបស់ខ្លួន​លក់សព្វាវុធដែលមានភ្ជាប់ជាមួយ​បច្ចេកវិទ្យា​ទៅ​ឲ្យ​ចិន ប៉ុន្តែ ក្រុមហ៊ុន​អាមេរិក​ជាច្រើន​នៅក្នុង​ឧស្សាហកម្ម​ផលិតអាវុធ​របស់អាមេរិកធ្វើជំនួញពាណិជ្ជកម្ម​ក្នុងផ្នែកស៊ីវិល ដូចជា ក្នុង​វិស័យ​អវកាស និងនៅទីផ្សារបច្ចេកវិទ្យាស៊ីវិល​ដទៃទៀត។  ជាក់ស្តែង ក្រុមហ៊ុន​Lockheed Martin មានក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​មួយឈ្មោះ Sikorsky ដែលបោះទីតាំង​នៅក្នុងប្រទេស​ចិន​តាំងពីឆ្នាំ ១៩៨០។

អ្វីជាគោលដៅនៃការដាក់ទណ្ឌកម្ម​របស់​ចិន​ទៅលើ​ក្រុមហ៊ុនផលិតអាវុធ​អាមេរិក?

ជុំវិញ រឿងលក់អាវុធ​ឲ្យតៃវ៉ាន់ រដ្ឋាភិបាល​ចិន​រហូតមកដល់ពេលនេះ បាន​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​អាមេរិក​ចំនួន ៤ គឺ Lockheed Martin Raytheon ក្រុមហ៊ុន​ប៊ូអ៊ីង និងចុងក្រោយ គឺ​ក្រុមហ៊ុន​ Northrop Grumman។ ប៉ុន្តែ ខុសពីក្រុមហ៊ុន​បីផ្សេងទៀត ក្រុមហ៊ុន​ Lockheed Martin​ដែលជា​ក្រុមហ៊ុនផលិតសព្វាវុធ​ធំជាងគេ​របស់​អាមេរិក ត្រូវ​ប៉េកាំង​ដាក់ទណ្ឌកម្ម​ច្រើនសាជាងគេ។ តាម​អ្នកវិភាគ ការណ៍ដែល​ចិន​ដាក់ទណ្ឌកម្ម​ម្តងហើយ ម្តងទៀត ទៅលើក្រុមហ៊ុនផលិតអាវុធ Lockheed Martinយ៉ាងដូច្នេះ គឺ​មកពី​ចិន ចង់ជំរុញ​ឲ្យក្រុមហ៊ុន​អាមេរិក​ដាក់​សម្ពាធលើ​រដ្ឋាភិបាលអាមេរិក​ឲ្យឈប់លក់អាវុធ និង​ផ្តល់ជំនួយ យោធាទៅ​ឲ្យតៃវ៉ាន់។

ប៉ុន្តែ ចិន​ត្រូវ​ខកបំណងរាល់លើក ព្រោះថា នៅក្រោយ ចិន​ប្រកាស​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ផលិតអាវុធ​អាមេរិក​ម្តងៗ រដ្ឋាភិបាលអាមេរិក មួយរយៈក្រោយ​មក នៅតែ​ប្រកាស​កញ្ចប់​លក់អាវុធ ទៅ​តៃវ៉ាន់ ដែលធ្វើ​ឲ្យ​ចិន​ខឹងក្តៅក្រហាយជានិច្ច។ ចិនត្រូវ​ខកបំណងព្រោះថា ចង់ ឬ​មិនចង់តៃវ៉ាន់ ជា​អតិថិជនសំខាន់​របស់អាមេរិក ដែលហ៊ានចំណាយ​លុយរាប់ពាន់លានដុល្លារ ដើម្បីទិញសព្វាវុធ​មកបំពាក់ឲ្យកងទ័ពរបស់ខ្លួន សម្រាប់​ត្រៀម​ទប់ទល់​ក្រែងមានការវាយប្រហារ​ឈ្លានពានណាមួយ​របស់​ចិន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ