អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

ជាលើកទី​១ អាមេរិក​​សម្រេច​ផ្តល់​ជំនួយ​យោធា​ដោយ​ផ្ទាល់ ដល់​តៃវ៉ាន់

រដ្ឋាភិបាល​អាមេរិក​ បាន​សម្រេច​​ផ្តល់ជំនួយយោធាដោយ​ផ្ទាល់ ដល់​កោះតៃវ៉ាន់ ក្នុងទឹកប្រាក់ចំនួន ៨០លានដុល្លារ​។ ​ជាចំនួនតិចតួចស្តួចស្តើងណាស់ បើប្រៀបធៀបទៅទំហំទឹកប្រាក់ ដែលតៃវ៉ាន់បានទិញអាវុធពី​អាមេរិក​។ តែយ៉ាងណា នេះជាលើកទីមួយហើយ ដែល​រដ្ឋាភិបាលអាមេរិក ផ្តល់ជំនួយយោធាដោយ​ផ្ទាល់ទៅឲ្យតៃវ៉ាន់ ដោយ​អនុឡោមទៅតាម ច្បាប់កម្មវិធី​ជួយទំនុកបំរុងបរទេស​។

យន្តហោះចម្បាំង F-16s របស់​កងទ័ពអាកាសតៃវ៉ាន់។ មូលដ្ឋានទ័ពអាកាស Hualien Airbase កោះតៃវ៉ាន់ ថ្ងៃទី២០ សីហា ២០២៣
យន្តហោះចម្បាំង F-16s របស់​កងទ័ពអាកាសតៃវ៉ាន់។ មូលដ្ឋានទ័ពអាកាស Hualien Airbase កោះតៃវ៉ាន់ ថ្ងៃទី២០ សីហា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗក្រោយដំណឹងនេះ ក្រសួង​ការពារជាតិតៃវ៉ាន់ បានប្រកាសថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលជួយចូលរួម ក្នុងការរក្សា​សន្តិភាព និងស្ថិរភាពតំបន់​។ គួរកត់សំគាល់ថា មិនទាន់មានការបញ្ជាក់លំអិត ថាជំនួយយោធានេះនឹងផ្តោតទៅលើអ្វីខ្លះទេ។ តែបើផ្អែកតាម​ប្រភពដ៏ស្និទ្ធបំផុតនឹងសំណុំរឿងនេះ គឺអាមេរិក​នឹងផ្តល់សម្ភារៈបច្ចេកទេស ឲ្យ​តៃវ៉ាន់ ដើម្បីបង្កើនសមត្ថភាព ប្រមូលទិន្នន័យ និង​តាមដាន​សន្តិសុខផ្លូវអាកាស។ ក្រសួងការបរទេសអាមេរិក បានជូន​ដំណឹង​ទៅកាន់​សភាខុសហ្ក្រេស អំពី​ការសម្រេចជំនួយយោធាដោយ​ផ្ទាល់នេះ កាលពីថ្ងៃអង្គារទី​​២៩សីហា។ ជំហានបន្ទាប់ គឺសភាទាំង២អង្គ ដែលត្រូវ​អនុម័តយល់ព្រម។ បើតាមការរំពឹងទុក គឺនឹងគ្មានឧបសគ្គទេ ព្រោះទាំងគណបក្សសាធារណរដ្ឋ ទាំងបក្សប្រជាធិបតេយ្យ សុទ្ធតែគាំទ្រ ឲ្យសហរដ្ឋអាមេរិកជួយ​កោះតៃវ៉ាន់។

លោក Mike McCaul សមាជិកសភាមកពីបក្សសាធារណរដ្ឋ​​ និងជា​ប្រធានគណកម្ម​ការ​ទទួលបន្ទុកកិច្ចការបរទេស នៅសភាតំណាង​ បានលើក​សរសើរ ចំពោះគោលនយោបាយ​លោកចូ បៃដិន ដែលជួយទំនុកបម្រុងផ្នែកកងទ័ព​ដល់​កោះតៃវ៉ាន់។ សមាជិកសភារូបនេះ បន្តថា ការជួយនេះគឺមិនត្រឹមតែជួយតៃវ៉ាន់តែមួយទេ តែគឺជួយបណ្តាប្រទេសប្រជាធិបតេយ្យ​ផ្សេងទៀតនៅក្នុងតំបន់ ហើយថែមទាំងពង្រឹងគោលជំហរសំឡុតតបវិញ របស់​សហរដ្ឋអាមេរិក ប្រឈមជាមួយចិនដែលកាន់តែ​អាងយ៉ាង។

គួរបញ្ជាក់ថា យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ជំនួយយោធាដោយ​ផ្ទាល់ជាលើកទី១ ទៅឲ្យតៃវ៉ាន់នេះ គឺនឹងមិនធ្វើ​ឲ្យ​ប្រែប្រួល​ដល់គោលការណ៍ ទទួលស្គាល់​ចិនតែមួយ របស់អាមេរិកឡើយ។ ពោលគឺជាគោលនយោបាយរបស់​អាមេរិក ដែលប្រកាន់ជំហរ ជួយតៃវ៉ាន់ ក្នុងការការពារខ្លួនតែប៉ុណ្ណោះ។ អ្នកនាំពាក្យដដែល បន្ថែមថា សហរដ្ឋអាមេរិកមានផលប្រយោជន៍ ដែលត្រូវរក្សាការពារតំបន់ច្រកសមុទ្រតៃវ៉ាន់ ឲ្យស្ថិតនៅ​ក្នុងស្ថិរភាព សន្តិភាព​ជានិច្ច។

សូមរំលឹកថា ប៉ុន្មាន​ខែចុងក្រោយនេះ សហរដ្ឋអាមេរិកបានប្រឹងប្រែងបើក​ផ្លូវចរចា ជាមួយចិន ជាច្រើនសំណុំរឿង រាប់ទាំងសេដ្ឋកិច្ច និង​សន្តិសុខ។ ក៏ប៉ុន្តែសំណុំរឿងកោះតៃវ៉ាន់ គឺជាចំណុចដែល​មហាអំណាចទាំង២ មានការខ្វែងខ្ទាស់គ្នាជាខ្លាំង។ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើន​ បានសង្កេតឃើញថា លោកស៊ី ជីនពីង កំពុងដើរលើផ្លូវ ចាកឆ្ងាយ​ពី​លក្ខខន្តិកៈ Statu quo ទាក់ទិនកោះតៃវ៉ាន់។ អ្នកជំនាញខ្លះទៀត កំពុងសង្ស័យ​ថាចិនអាចនឹងបើក​ប្រតិបត្តិវាយដណ្តើមគ្រប់គ្រងតៃវ៉ាន់វិញ ខណៈសេដ្ឋកិច្ចចិនកាន់តែដុនដាប ធ្វើឲ្យ​បក្សកុម្មុយនីស្តចិនត្រូវរកវិធីដើម្បីធ្វើ​ឲ្យ​ប្រជាជនងាកមកគិតរឿងស្នេហាជាតិ​ ភ្លេចពីការលំបាក​ផ្នែកជីវភាព។

ដោយសង្កេតឃើញ​កត្តាទាំងនេះ អាមេរិកបានបន្ថែមជំនួយយោធាដល់តៃវ៉ាន់ ក្នុងក្តីសង្ឃឹមធ្វើ​ឲ្យចិនដកថយ។ ជាក់ស្តែងកាល​ពី​ខែកក្កដា អាមេរិកបាន​ដក​គ្រឿងសព្វាវុធពីស្តុករបស់​កងទ័ពខ្លួន យកទៅឲ្យ​តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណ​ ៣៤៥លានដុល្លារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ