អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គុយបា​​និង​ចិន​បើក​ជំនួប​កំពូលហ្សេ៧៧​ទាមទារ​ការ​ប្តូរផ្លាស់​សណ្តាប់​ធ្នាប់​​សេដ្ឋកិច្ច​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​ G77​ និង​ចិន ដែល​មាន​ប្រទេស​ជាងមួយ​រយ តំណាង​ឱ្យប្រជាពលរដ្ឋ​ចំនួន​៨០%​នៅលើ​ពិភពលោកមកជួបជុំ​គ្នា​​ បាន​ចាប់​បើក​​នៅ​សុក្រ​ទី​១៥​កញ្ញា សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​​នៅ​ទីក្រុង​ឡាហាវ៉ាន​ប្រទេស​គុយបា។ ក្នុង​សុន្ទរកថា​បើក​ជំនួប​កំពូល​ ប្រធាន​ផ្លាស់​វេន​ក្រុម​ហ្សេ​៧៧ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្តូរផ្លាស់ក្បួន​ច្បាប់​សេដ្ឋកិច្ច​​ពិភពលោក។

គុយបា​បើក​ជំនួប​កំពូល​ហ្សេ​៧៧ ​ថ្ងៃទី ១៥-១៦ កញ្ញា​២០២៣
គុយបា​បើក​ជំនួប​កំពូល​ហ្សេ​៧៧ ​ថ្ងៃទី ១៥-១៦ កញ្ញា​២០២៣ AFP - YAMIL LAGE
ផ្សាយពាណិជ្ជកម្ម

គុយបា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​រៀប​ចំ​ជំនួប​កំពូល​នៃ​ក្រុម​ហ្សេ​៧៧ និង​ចិន នៅ​ថ្ងៃសុក្រ​និង​សៅរ៍​នេះ។

តើ​ហ្សេ៧៧ជា​អ្វី?

ហ្សេ៧៧​ជាសម្ព័ន្ធ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ ដ៏​ធំចម្បង​គេ​នៅអង្គការ​សហប្រជាជាតិ​​ដែល​បង្កើត​ឡើង​នៅឆ្នាំ​១៩៦៤ ដោយ​៧៧ប្រទេស នៅ​អាស៊ី អាហ្វ្រិក និង​អាមេរិឡាទីន។ ​ក្នុង​បំណង​​ពង្រឹង​និង​កំណត់តួនាទីព្រមទាំង​ទម្ងន់​​នៃ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​លើ​ឆាក​អន្តរជាតិ​ ដើម្បី​​ជំរុញ​ផលប្រយោជន៍​សមូហភាព​និង​កម្មវិធី​អភិវឌ្ឍន៍នានា។ ហ្សេ៧៧ជា​ក្រុមប្រទេស​ដែល​ស្ថិត​ក្នុង​ចង្ក្រោម​ប្រទេស​ក្រីក្រ រួចក្រោយមក​គេ​​ដូរមក​​ហៅ​ថា​ជា​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ឥលូវ​គេ​ប្រើ​ពាក្យ​ថ្មី​ថា​ “ក្រុមប្រទេសខាង​ត្បូង”។

ពីមួយ​ឆ្នាំទៅមួយឆ្នាំ សម្ព័ន្ធហ្សេ៧៧​ កើន​ទាំង​កម្លាំង ទាំង​​សមាជិក ​ជា​លំដាប់​ ដល់​១៣៤​ប្រទេសហើយ​នាពេល​បច្ចុប្បន្ននេះ​ និងបាន​ដើរ​តួនាទី​កាន់​តែ​សំខាន់ឡើងៗ ក្នុង​ការ​ចរចា​​អន្តរជាតិ​មិន​ថា​ជុំ​វិញ​សំណុំ​រឿង​នយោបាយ​ ស្វែងរក​សន្តិភាព ឬការ​អភិវឌ្ឍ​ទេ។ បច្ចុប្បន្ន​ សម្ព័ន្ធ​ហ្សេ៧៧ ជា​យន្តការតែ​មួយ​គត់​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​និង​មាន​ដំណើរការ​នៃ​ទំនាក់ទំនង​​ការទូត​សេដ្ឋកិច្ចពហុភាគី​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ។

មាន​គុយបា​ជា​ប្រធាន​ផ្លាស់​វេន នៅ​ឆ្នាំ​នេះ និងរហូត​ដល់​​ឆ្នាំក្រោយ​ ​សម្ព័ន្ធ​ហ្សេ​៧៧ បាន​រៀប​ចំ​បើក​ជំនួប​កំពូល​វិសាមញ្ញ​ ជា​លើក​ទី​មួយ​របស់​ខ្លួន គិត​ចាប់​តាំងពី​១០​ឆ្នាំ​មក ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ពិសេស​ចិនផង។

ចិនមានតួនាទី​យ៉ាងណាក្នុង​​ហ្សេ៧៧?

ថ្វី​បើ​ធ្លាប់​មាន​​ឈ្មោះ​ជាប្រទេស​ក្រីក្រ និង​កំពុងអភិវឌ្ឍក៏​ដោយ​ ក៏​​ចិនគ្មាន​ឈ្មោះ​​​ជា​​សមាជិក​សម្ព័ន្ធ​ហ្សេ​៧៧ឡើយ។ តែចិន​បង្ហាញ​វត្តមាន​ខ្លាំងនិងស្ទើរ​​គ្រប់ពេលវេលា​ក្នុង​រង្វង់​សម្ព័ន្ធ ក្នុង​នាម​​​ប្រទេស​សង្កេតការណ៍​។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​គេ​ហៅ​ជំនួប​ថ្ងៃ​នេះ​ថា​ជា​ជំនួប​កំពូល​ ហ្សេ៧៧+១ តែ​ម្តង​ផង។ ចិន​បាន​បញ្ជូន ​លោក លី ស៊ី សមាជិក​គណៈកម្មការអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន មកជា​​តំណាង​ជាន់​ខ្ពស់។ លោក លីស៊ី បាន​បញ្ជាក់​អំពី​ភាព​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមប្រទេស​ខាង​ត្បូង​និង​ខាង​ត្បូង​ដូច​គ្នា​ នៅចំពោះ​មុខ​វិសមភាព​ពិភពលោក ដែល​​​វិបត្តិ​កូវីដ​១៩ បាន​លាត​ត្រដាង​ឱ្យ​ឃើញ​។

នៅក្នុង​ជំនួប​កំពូល​ហ្សេ​៧៧ដែល​មាន​សមាជិក​ជាង​មួយ​ប្រទេស​នេះ ក៏​មាន​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​មក​ពី​ជាង​៣០ប្រទេស​ផ្សេង​ទៀត​​មក​ចូល​រួមដែរ មាន​ជាអាទិ៍ ប្រធានាធិបតី ប្រេស៊ីល ​អាហ្សង់ទីន កូឡុំប៊ី អង់ហ្កោឡា រវ៉ាន់ដា កាតា ប្រធានអាជ្ញាធរដែនដី​ប៉ាឡេស្ទីន ម៉ះមូដ អាបាស ព្រមទាំង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ ​តំណាង​ប្រទេស​ជា​ច្រើនទៀត បានឆៀង​ចូល​ក្នុង​ស្តាប់​ជំនួប​នៅ​​គុយបា  មុន​នឹង​បន្ត​​ដំណើរ​ទៅក្រុង​ញូវយ៉ក ដើម្បី​ចូល​រួម​ក្នុង​មហាសន្និបាត​​អង្គការ​ប្រជាជាតិ​​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី ១៩​ដល់​ថ្ងៃទី ២៦​កញ្ញាខាង​មុខ។

ម្យ៉ាង​វិញ​ទៀត ជំនួប​កំពូល​ហ្សេ​៧៧ ក៏​ប្រព្រឹត្ត​ទៅ​ចំពេល​ពិភពលោក​កំពុង​មាន​ជំនួប​កំពូល​អន្តរជាតិ​ធំៗ​ជា​បន្ត​បន្ទាប់ គឺ​ជំនួប​ហ្សេ​២០ ជំនួប​Brics ​ដែល​សមាជិក​ហ្សេ៧៧ខ្លះ ដូច​យ៉ាង​ប្រេស៊ីល​ឬអាហ្វ្រិក​ខាង​ត្បូង​ មាន​ឈ្មោះ​ក្នុង​គ្រប់​ក្រុម ក្រុមអ្នកក្រG77​ផង ក្រុម​អ្នក​មាន​G20ផង។

តើ​ជំនួបហ្សេ៧៧ចង់​បានអ្វីខ្លះ?

ប្រធានបទ​ជា​ផ្លូវការ​នៃ​ជំនួបប្រជុំ​ផ្តោតទៅ​លើ “ការ​ជំនះ​ឧបសគ្គ​នៃការ​អភិវឌ្ឍ តួនាទី​របស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ទំនើបកម្ម”។ ប៉ុន្តែ​នៅក្នុង​សុន្ទរកថា​បើក​ជំនួប​ គ្រប់​ភាគី​មិន​ថា​ជា​ប្រធាន ឬ​សមាជិក​ ឬ​ភ្ញៀវ​របស់​ហ្សេ​៧៧ទេ បានបញ្ជាក់​​បំណង​តែមួយ​ដូច​គ្នា​ គឺទាមទារ​ឱ្យ​មាន​ការ​ប្តូរ​ផ្លាស់របៀបរបប​សេដ្ឋកិច្ច​ពិភពលោក។ សម្រាប់​ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel មីហ្គែល ឌីយ៉ាហ្ស កានែល ក្រុម​ប្រទេស​ខាងជើង(ប្រទេសអ្នកមាន) រៀប​ចំ​ដឹកនាំ​ពិភពលោកទៅ​តាម​ប្រយោជន៍​​ពួកគេ​យូរមក​ហើយ ឥលូវ​ដល់ពេល ក្រុម​ប្រទេស​ខាង​ត្បូងដែល​ត្រូវ​ប្តូរ​ក្បួន​ដឹកនាំ​ម្តង។ ក្រុម​ប្រទេ​សកំពុងអភិវឌ្ឍន៍ ជា​ជន​រងគ្រោះ​ដ៏​ចំបង​គេ​នៃ​វិបត្តិ​គ្រប់ទម្រង់​នៅលើ​ពិភពលោក ជាជន​រងគ្រោះ​នៃ​ការ​ប្រែប្រួល​វដ្ត​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ​អន្តរជាតិ និង​ការ​ផ្តោះប្តូរ​មិន​ស្មើ​ភាព ព្រមទាំង​ការ​ប្រែប្រួល​អាកាសធាតុ​។ លោក​ប្រធានាធិបតី​គុយបា បាន​ប្រកាស​ថ្កោលទោស​​រចនា​សម្ព័ន្ធ​អន្តរជាតិ​ដែល​ស្អប់ខ្ពើម​រើសអើង​វឌ្ឍនភាព​របស់​ក្រុមប្រទេស​ខាង​ត្បូង។ ជាមួយ​នឹង​ការ​លើក​សរសើរ​ប្រទេស​ម្ចាស់​ផ្ទះ​គុយបា ដែល​ប្រឹងប្រែងអភិវឌ្ឍ​ថ្នាំ​បង្ការ​ជំងឺកូវីដ​១៩​ដោយ​ខ្លួនឯងបាន​សម្រេច ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍​ ក៏​ចង់​ឃើញ​ពិភពលោក​ធ្វើ​ត្រឹម​ត្រូវ​ជាង​បច្ចុប្បន្ន ហើយ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ការ​អភិវឌ្ឍ​បាន​ប្រសើរ​ឡើង។

ជំនួប​កំពូល​ហ្សេ​៧៧ ទំនង​ជា​នឹង​ត្រូវ​ចេញ​សេចក្តីថ្លែងការណ៍​រួម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ទាមទារ​សិទ្ធិ​អភិវឌ្ឍរបស់​ខ្លួន នៅក្នុង​ពិភព​ដែល​កាន់​តែ​ផ្តាច់​មុខ អយុត្តិធម៌ មិនស្មើភាព​ និង​សាហាវឡើងៗ។

ក្រៅ​អំពី​បរិហារ​រិះគន់​វិសមភាព​សេដ្ឋកិច្ច​នៅលើ​ពិភពលោក សម្ព័ន្ធ​ហ្សេ៧៧​ក្នុង​សំឡេងដ៏​ច្រើន ព្រមទាំង​ចិនផង បាន​ទាមទារ​ឱ្យ​កាត់​បន្ថយ​បំណុល​​របស់​ក្រុមប្រទេស​ក្រីក្រខ្លាំង ដើម្បី​អាច​មាន​លទ្ធភាព​ធ្វើ​អន្តរកាល​ថាមពល។ ការ​ចរចាជា​លក្ខណៈ​សកល​ដើម្បី​កាត់​បន្ថយ​បំណុលរួច​ឈាន​​បើក​ឱ្យ​មាន​មូលនិធិសាធារណៈ​ទើប​អាច​នាំប្រទេស​ក្រីក្រឆ្លង​អន្តរកាល​ថាមពល​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​គ្មាន​បញ្ចេញ​កាបោន​បាន​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​កូឡុំប៊ី។ ប្រធានាធិបតី​អាហ្សង់ទីន​បាន​បន្ថែម​ថា ក្រុមប្រទេស​ខាង​ត្បូង ហ៊ាន​ទាមទារ​ផល​ស្មើភាព ក៏​ព្រោះ​តែ​ខាង​ត្បូង​ជា​ប្រភព​នៃ​សេចក្តីត្រូវការ​គ្រប់យ៉ាង​របស់​ពិភពលោកខាង​ជើង(របស់អ្នកមាន) ៖ ស្បៀងអាហារ​ផលិត​នៅអាមេរិកខាង​ត្បូង ថាមពល​នៅ​ប្រទេស​អារ៉ាប់ ...៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ