អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទសន្តិសុខក្រុងម៉ុយនិចលើកទី៦០​​បើកនៅអាល្លឺម៉ង់ ខណៈសង្រ្គាមនៅអ៊ុយក្រែន ឈានចូលឆ្នាំទី៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

បាំងតែ​១សប្តាហ៍ទៀត ​សង្គ្រាម​ឈ្លានពានរុស្ស៊ី​លើ​អ៊ុយក្រែន ឈាន​ចូល​ឆ្នាំទី៣។ ​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញ​ចូលរួម​ខួប ​៦០ឆ្នាំ ​នៃ សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច នៅអាល្លឺម៉ង់​។ ​ ​​មេដឹកនាំ​នយោបាយ​និងការទូតពិភពលោក​ ប្រមាណ ១៨០ ​ចូល​រួម​​សន្និសីទ​​សន្តិសុខនេះ។ សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច ចាប់បើក​នៅថ្ងៃ​សុក្រ ទី​១៦កុម្ភៈ ​​គ្រប​ដណ្តប់​ដោយ​សំណុំរឿង​ជម្លោះ​សង្គ្រាមឈ្លានពាន​​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​សង្គ្រាម​​អ៊ីស្រាអែល-ក្រុម​ហាម៉ាស នៅតំបន់ហ្កាហ្សា។

សន្និសីទកាសែត របស់​ថ្នាក់ដឹកនាំអឺរ៉ុប នៅថ្ងៃទី​១៦កុម្ភៈ។
សន្និសីទកាសែត របស់​ថ្នាក់ដឹកនាំអឺរ៉ុប នៅថ្ងៃទី​១៦កុម្ភៈ។ AP - Matthias Schrader
ផ្សាយពាណិជ្ជកម្ម

ជុំវិញ​​សង្គ្រាម​នៅ​ហ្កាហ្សា ​ប្រធានាធិបតី​អ៊ីស្រាអែល អញ្ជើញ​ចូលរួម​សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច ស្របពេល​នឹង​វត្តមាន​របស់​ថ្នាក់ដឹកនាំ​​ប៉ាឡេស្ទីន​ ព្រមទាំង​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុងតំបន់​ដើមបូព៌ា រួមទាំង អនុប្រធានាធិបតី លោកស្រី ខាម៉ាឡា ហារីស ​និង​លោក អង់តូនី ប្ល៊ីងកិន ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​ ក៏ចូលរួម​ដែរ។​ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី មកចូលរួមសន្និសីទ ដោយ​ស្កាត់​ចូល​ អេស្ប៉ាញ ​ជាមុន​សិន ដើម្បី​អបអរ​ខួប​ទំនាក់ទំនង​៥០ឆ្នាំ​។​​ ផ្ទុយ​ទៅវិញ លោក វ្ល៉ាឌីមៀរ ពូទីន ប្រមុខរដ្ឋរុស្ស៊ី​និង​ថ្នាក់ដឹកនាំរុស្ស៊ី ​គ្មាន​ការ​អញ្ជើញ​សោះឡើយ។​

បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ

ចំពោះ​ប្រមុខ​រដ្ឋអ៊ុយក្រែន, ដំណើរ​ទស្សនកិច្ច​របស់​លោក ហ្សេឡេនស្គី​ មក​អឺរ៉ុប​នេះ ដើម្បី​ចូលរួមសន្និសីទ​​សន្តិសុខ​នៅក្រុងម៉ុយនិចផង ​ហើយក៏​ស្របពេល​ដែល​ សមរភូមិ​មុខ​នៅប៉ែក​ខាង​កើត​ប្រទេសអ៊ុយក្រែន កំពុងតែតាន​តឹង​ខ្លាំង ដ្បិត​ថា ទ័ព​រុស្ស៊ី​កាន់​តែ​រុល​មក​មុខ​ ហើយ​ទ័ព​អ៊ុយក្រែន​លំបាក​ទប់​ទល់។ លំបាកទប់​ទល់ព្រោះ​ខ្វះ​កម្លាំង​សម្ភារៈ​សឹក ស្របពេល​ដែល​ ជំនួយ​យោធា​ពី​សំណាក់​អាមេរិក ត្រូវជាប់​គាំង​។​

អាស្រ័យ​ហេតុ​ដូចនេះ​ហើយ ទើប​នៅថ្ងៃ​សុក្រ ទី​១៦កុម្ភៈ​​​ ​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ត្រូវ​ជួប​អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ និង​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង។ កម្មវត្ថុ​នៃដំណើរ​របស់​លោក ហ្សេឡេនស្គី ​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​អឺរ៉ុប​ ឲ្យ​ប្រញាប់​ទម្លាក់​ជំនួយ​បន្ថែម ជា​បន្ទាន់​។

ក្នុង​ខែ​នេះ នេះគឺ​ជាលើកទី១​ដែល​លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញ​ចេញក្រៅប្រទេស បន្ទាប់ពី​លោក​បាន​រុះរើ​ក្បាល​ម៉ាស៊ីន​មេបញ្ជាកងទ័ព​ ដែល​លោក​ចង់​ឲ្យ​ជំរុញ​សន្ទុះ​កម្លាំង​យោធា។ លោក ហ្សេឡេនស្គី ត្រូវ​ជួប​អធិការបតីអាល្លឺម៉ង់ មុន​គេ ក៏ព្រោះតែលោក​ អូឡាហ្វ ស្ហុលស៍ ដែល​ទើបតែ​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​ថ្មីៗ។ ក្រុង​វ៉ាស៊ីនតោន ជាទីថ្នាក់ដឹកនាំ​អាល្លឺម៉ង់ ជំរុញ​ឲ្យ​អាមេរិក​ប្រឹង​ប្រែង​ផ្តល់​ជំនួយ​ឲ្យរុះ​រាន់​ជួយ​ដល់​អ៊ុយក្រែន​។​  

ចំណែក​ជំនួប​​លោក អេម៉ានុយអែល ម៉ាក្រុង វិញ គឺ​វិមានប្រធានាធិបតីបារាំង អេលីហ្សេ បាន​បញ្ជាក់​តាំងពីថ្ងៃ​ព្រហស្បតិ៍ ទី​១៥កុម្ភៈ ថា ប្រធានាធិបតីអ៊ុយក្រែនអញ្ជើញ​មក​ក្រុង​ប៉ារីស ជាគម្រប់​លើកទី៣ ហើយ​ជំនួប​រវាងប្រមុខ​រដ្ឋទាំង២ បង្ហាញពី​ស្មារតី​ជួយ​គាំទ្រ​របស់​បារាំង​ចំពោះ​អ៊ុយក្រែន​ ដោយ​ឥត​ងាករេ ដើម្បី​ផ្ចាញ់​ការ​ឈ្លានពាន​របស់​រុស្ស៊ី។​ បើតាម​ប្រភព​ពីកាសែត​ក្នុងស្រុក ​បារាំង អាច​នឹង​ផ្តល់​​មូលនិធិ​ជំនួយ ២០០ លានអឺរ៉ូ​ សម្រាប់​គម្រោង​ស៊ីវិល​ ដឹកនាំដោយ​ក្រុមហ៊ុន​បារាំ​ង។​ ក្នុងជំនួបនៅលើកនេះ  ​ថ្នាក់​ដឹកនាំ​ទាំងបី ​បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន ក៏​នឹងចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិសុខ​។

ច្រើនតែសន្យា តែ​កញ្ចប់​ជំនួយ​ធ្លាក់​ដៃតិច

នៅលើសមរភូមិអ៊ុយក្រែន ​គឺ អ៊ុយក្រែន វាយ​រុល​ទៅ​មុខស្ទើរ​​មិនរួច ហើយ​ការវាយប្រហាររបស់អ៊ុយក្រែន បែរប្តូរ​​យុទ្ធសាស្ត្រ​មកប្រើ​យន្តហោះ​ដ្រូនវិញ។ នេះក៏​ព្រោះខ្វះ​ជំនួយ ខ្វះគ្រាប់​។ ប៉ុន្មា​នសប្តាហ៍​មកនេះ ទ័ព​អ៊ុយក្រែន សន្សំសំចៃ​គ្រាប់ណាស់។ ​

ចាប់ពីផ្ទុះ​សង្គ្រាម​នៅខែ​កុម្ភៈ​ឆ្នាំ​២០២២មក ប្រទេស​ពិភពលោក បាន​សន្យាផ្តល់​ជំនួយ ២៦៥,១ ពាន់​លានអឺរ៉ូ សម្រាប់​ជួយ​អ៊ុយក្រែន ដោយ​បែង​ចែង​ជាជំនួយ​ហិរញ្ញវត្ថុ​ ជំនួយ​យោធា និង​ជំនួយ​មនុស្ស​ធម៌។​ នេះបើតាម​កាសែត​ឡឺម៉ុង់​។​

បើ​គិត​ជាប្រទេសនីមួយៗ សហរដ្ឋអាមេរិក ម្ចាស់​ជំនួយ​ធំ​​ជាង​គេ ទាំង​ថវិកា​និង​សម្ភារៈ​យោធា សម្រាប់​ជួយ​ដល់​អ៊ុយក្រែន។ ​ច្រើន​សប្តាហ៍​មកហើយ ដែល​រដ្ឋបាល​របស់​លោក ចូ បៃដិន បាន​ខំប្រឹង​បញ្ចុះ​បញ្ចូល​សភា​អាមេរិក​ ឲ្យ​អនុម័ត​ទម្លាក់​ជំនួយ​ ក៏ប៉ុន្តែ​ ​កញ្ចប់​ជំនួយ​អាមេរិក​ ត្រូវ​ជាប់​ការ​កក់ស្ទះ ព្រោះតែ​បញ្ហានយោបាយ​​ផ្ទៃក្នុង ពិសេស​គឺការ​ជំទាស់​ពីក្រុម​អ្ន​កនយោបាយ​គណបក្ស​សាធារណរដ្ឋ​​។ មិនតែប៉ុណ្ណោះ​ អ្ន​កជំនាញ​កិច្ចការ​អន្តរជាតិ កំពុងតែ​មាន​ក្តីព្រួយបារម្ភថា ប្រសិន​បើ​លោក ដូណាល់ ត្រាំ ឈ្នះ​ឆ្នោត​ឆ្នាំ​២០២៤ នឹង​មា​នការ​បង្កក​ជំនួយ​ដល់​អ៊ុយក្រែន។​

បើតាម​ទិន្នន័យ​របស់ វិទ្យាស្ថាន​ស្រាវ​ជ្រា​វ​​អាល្លឺម៉ង់ (Kisel Institute) ​​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​ ទី​១៦កុម្ភៈ គឺថា​ គិត​ត្រឹម​ពាក់កណ្តាល​ខែ​​មករា សហភាពអឺរ៉ុប និង​ប្រទេស​សមាជិក​អង្គការ​អូតង់ បាន​សន្យា​ផ្តល់​​ជំនួយ​១០៧,៥ ពាន់​លាន​អឺរ៉ូដល់ ​អ៊ុយក្រែន​។

​តាមប្រភព​ដដែល សហភាពអឺរ៉ុប សន្យា​ផ្តល់​ជំនួយ​ ៤៩,៧ ពាន់​លាន​អឺរ៉ូ ប៉ុន្តែ​ រហូត​ដល់​ពេល​នេះ កញ្ចប់​ជំនួយ​បាន​ធ្លាក់​ដល់​អ៊ុយក្រែន ត្រឹមតែ​ ៣៥,២ ពាន់​លាន​អឺរ៉ូ តែប៉ុណ្ណោះ។ ពោល​គឺ​តិច​ជាង​ជំនួយ​សហរដ្ឋអាមេរិក​។ ជំនួយ​អាមេរិក​តែម្នាក់ឯង គឺ ​៤២,២ ពាន់​លានអឺរ៉ូ​។ បន្ទាប់ពី​អាមេរិក គឺ​អាល្លឺម៉ង ១៧,៧ ពាន់លានអឺរ៉ូ​ ក្នុងនោះ ៩,៤ ពាន់​លានអឺរ៉ូ​ បាន​ធ្លាក់​ទៅដល់​អ៊ុយក្រែន​ហើយ។ អង់គ្លេស់​​ សន្យាផ្តល់ ​៩,១ ពាន់​លានអឺរ៉ូ​ ធ្លាក់​ដល់​ដៃអ៊ុយក្រែន ៤,៨ ពាន់​លានអឺរ៉ូ​។ ចំណែក ដាណឺម៉ាក់ សន្យាផ្តល់ ៨,៤ ពាន់​លានអឺរ៉ូ​ បាន​ដល់​អ៊ុយក្រែន ៤,៥ ពាន់​លានអឺរ៉ូ​។​

ប្រទេស​សន្យា​ផ្តល់​ជំនួយ មាន​ច្រើន​​​ ប៉ុន្តែ កញ្ចាប់​ជំនួយ​ធ្លាក់​ដល់ដៃ​អ៊ុយក្រែន​មែនទែន គឺបាន​តិច ហើយ​ធ្វើឡើង​​ជា​ដំណាក់កាលៗ ហើយនិង ​ទើបតែ​បាន​ផ្តល់​ប្រហែល​ត្រឹម​ពាក់​កណ្តាល​តែប៉ុណ្ណោះនៃការ​សន្យា​​។​ នេះបើតាមការ​ពិនិត្យ​ទិន្នន័យ​របស់​​វិទ្យាស្ថាន​ស្រាវ​ជ្រា​វ​​អាល្លឺម៉ង់ (Kisel Institute)។ ប្រធាន​វិទ្យាស្ថាន​ស្រាវ​ជ្រា​វ​​អាល្លឺម៉ង់ លោក គ្រិស្តូប ត្រេបេស រិះគន់​ពញ្ញាក់ស្មារតី​ថ្នាក់ដឹកនាំអឺរ៉ុប​ថា ក្នុង​កាលៈ​ទេសៈ​ដែល សហរដ្ឋអាមេរិក រាំង​ស្ទះ​ជំនួយ​ដូច្នេះ​ សហភាពអឺរ៉ុប គួរតែ​បន្ថែម​ជំនួយ​ទ្វេ​ដង ទើប​សក្តិសម។ ក៏ប៉ុន្តែ រហូត​មកទល់​ពេល​នេះ​ ទំហំជំនួយ​សហភាពអឺរ៉ុបដល់​អ៊ុយក្រែន​ មិនបានស្មើ ​១% នៃ​ចំណូល​ក្នុង​ស្រុក​សរុប នៅ​ឆ្នាំ២០២១ ផង​ទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ