អានតួអត្ថបទ
បារាំង-នុយក្លេអ៊ែរ

លោកម៉ាក្រុង៖ បារាំងនឹងពង្រឹងតួនាទី ក្នុងនាម​​ជា​​​មហាអំណាច​នុយក្លេអ៊ែរ ដើម្បី​​ការពារ​សន្តិសុខ​អឺរ៉ុប

លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បាន​ប្រកាសកាលពីថ្ងៃម្សិលមិញ នូ​វ​កម្មវត្ថុយុទ្ធសាស្ត្ររបស់បារាំង នៅក្នុងបរិបទដែលពិភពលោកយើងបច្ចុប្បន្ន ​កំពុងតែពោរពេញដោយ​បញ្ហាប្រឈមអសន្តិសុខ។​ សង្គ្រាម​នៅអ៊ុយក្រែន បង្កឡើងដោយរុស្ស៊ី គឺជាសញ្ញាបញ្ជាក់អំពី​ដំណាក់​កាល​ផ្លាស់ប្តូរដ៏គ្រោះថ្នាក់​បំផុត ទាក់ទិននឹងសន្តិសុខ​សកលលោក។ ប្រឈមនឹងបញ្ហានេះ លោកម៉ាក្រុង បាន​អះអាងថា បារាំងគឺជាមហាអំណាចនុយក្លេអ៊ែរ ហើយ​បារាំងនឹងយកបង្អែកនេះ ដើម្បីពង្រឹងសន្តិសុខរបស់អឺរ៉ុបទាំងមូល​។

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលថ្លែងសុន្ទរកថា នៅមូលដានកងទ័ពជើងទឹកបារាំង ក្រុងទូឡុង ថ្ងៃទី ៩ វិច្ឆិកា ២០២២
លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលថ្លែងសុន្ទរកថា នៅមូលដានកងទ័ពជើងទឹកបារាំង ក្រុងទូឡុង ថ្ងៃទី ៩ វិច្ឆិកា ២០២២ AP - Eric Gaillard
ផ្សាយពាណិជ្ជកម្ម

លោក​អេម៉ានុយអែល ម៉ាក្រុង បាន​ធ្វើបទបង្ហាញ​អំពី​ កម្មវត្ថុយុទ្ធសាស្ត្ររបស់បារាំង (RNS) ក្នុងឱកាសដែល​លោក​បាន​ទៅទស្សនកិច្ច លើនាវាផ្ទុកឧត្ថម្ភាគចក្រ Amphibie Dixmude នៅ​កំពង់ផែក្រុងទូឡុង ខាងត្បូងប្រទេសបារាំង កាលពីថ្ងៃពុធទី​៩វិច្ឆិកា។​

នៅក្នុងសុន្ទរកថា លោក​ម៉ាក្រុង បានឡើកឡើងថា អ្វីដែល​កំពុង​តែកើតឡើងនៅអ៊ុយក្រែន គឺ​វាមិនមែនគ្រាន់តែជា​ទំនោរស្តែងចេញនៃវិបត្តិសន្តិសុខពិភពលោក​ប៉ុណ្ណោះទេ តែវា​គឺជាដំណើរប្រែប្រួលយ៉ាងលឿនរហ័ស និង​គ្រោះថ្នាក់បំផុត។ លោក​បន្តថា សង្គ្រាមនៅអ៊ុយក្រែន បាន​ស្តែងឲ្យ​ឃើញ អំពី​ស្ថានភាព​នៃពិភពលោកយើង នាពេលបច្ចុប្បន្ន ដែលគោលការច្បាប់អន្តរជាតិ ត្រូវចុះទន់ខ្សោយ មិនត្រូវគេគោរព ដោយសារ​មហិច្ឆិតា​លោភលន់។ ស្ថានភាពនេះ វាគឺជា​ដំណាក់​កាលមួយ ដ៏គ្រោះថ្នាក់ ព្រោះតុល្យភាព​ដែលពិភពលោក​យើង ធ្លាប់​បាន​ពឹងផ្អែកកន្លងមកនេះ ត្រូវរង្គោះរង្គើបាក់បែក។​

នៅក្នុងបរិបទនេះ លោក​ម៉ាក្រុង បាន​បញ្ជាក់ថា បារាំងមាន​ចេតនា ឈរលើជំហរមួយរឹងមាំ ក្នុងនាមបារាំង ជាមហាអំណាចនុយក្លេអ៊ែរម្នាក់ដែរ។ ជាជំហរដែលបារាំង ចង់ឲ្យ​គេគោរព ព្រោះអាវុធនុយក្លេអ៊ែរគឺជាបង្អែក​ស្វ័យភាព​យុទ្ធសាស្ត្រ មិនថាសម្រាប់បារាំង និងសម្រាប់សហភាពអឺរ៉ុបទាំងមូល។ ទន្ទឹមគ្នានេះដែរ បារាំង នឹងនៅតែជា​ប្រទេសសមាជិកម្នាក់ ជាទីទុកចិត្ត និង​មាន​ទំងន់ជាក់ស្តែង ក្នុង​សម្ព័ន្ធភាព​​ អឺរ៉ុបអាត្លង់ទិក។

តាមរយៈសុន្ទរកថានេះ លោក​ប្រធានាធិបតីបារាំង បាន​ប្រកាសអំពី​ យុទ្ធសាស្ត្រ​អាវុធនុយក្លេអ៊ែររបស់បារាំង ដើម្បី​ការពារសន្តិសុខរបស់អឺរ៉ុបទាំងមូល ដោយ​លោកបាន​សង្កត់ធ្ងន់ថា ផលប្រយោជន៍ជាអាយុជីវិតរបស់បារាំង គឺវាមានវិសាលភាពសម្រាប់អឺរ៉ុបទាំងមូលតែម្តង។

គួរបញ្ជាក់ថា ជាមួយនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន លោក​ម៉ាក្រុង បានព្យាយាមអូសទាញ​ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុប ឲ្យ​រួមគ្នាបង្កើតប្រព័ន្ធការពារសន្តិសុខរួម ដើម្បី​ប្រឈមនឹង​ការគំរាមរបស់រុស្ស៊ី។ ប្រព័ន្ធការពារសន្តិសុខរួម ដែល​ត្រូវតែ​ធ្វើឡើង តាមរយៈការរៀបចំ​ផលិត និង​ប្រើប្រាស់គ្រឿងសព្វាវុធទំនើបដូចគ្នា។ តែយ៉ាងណា គំនិតនេះ ហាក់​ប្រឈមនឹងការទើសទាល់ខ្លះ ពីសំណាក់អាល្លឺម៉ង់ និង​ប្រទេសអឺរ៉ុបខាងកើតខ្លះ ដែល​ផ្តល់ទំនុកចិត្តខ្លាំង តែប្រព័ន្ធការពាររបស់​អូតង់និង​សហរដ្ឋអាមេរិក​។ យ៉ាងណាក៏ដោយ លោកម៉ាក្រុង អះអាងថា អូតង់នៅតែជាក្របខណ្ឌសន្តិសុខរួមមួយដ៏ចាំបាច់ តែអឺរ៉ុបត្រូវតែ​មាន​យុទ្ធសាស្ត្របន្ថែមដើម្បី​ការពារខ្លួន​ ខណៈសហរដ្ឋ​អាមេរិកងាកទៅគិតតែខាងអាស៊ី កាន់តែខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ