អានតួអត្ថបទ
អឺរ៉ុប-កូវីដ​១៩

អាជ្ញាធរ​ឱសថអឺរ៉ុប អនុញ្ញាត​ឲ្យ​ចាក់វ៉ាក់សាំង​ Pfizer/BioNTech ​ទៅក្មេង​អាយុ​ ១២-១៥ឆ្នាំ

កាលពីថ្ងៃសុក្រ ទី​២៨ឧសភា អាជ្ញាធរឱសថអឺរ៉ុប បាន​អនុញ្ញាតឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍​ Pfizer/BioNTech ទៅលើ​ក្មេងអាយុ ១២-១៥ឆ្នាំ។ នេះគឺជាវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដំបូងបង្អស់ហើយ ដែល​អឺរ៉ុបអនុញ្ញាត ឲ្យ​ប្រើទៅលើក្មេង អាយុ ១២ទៅ ១៥ឆ្នាំ

ទីតាំងមន្ទីរពិសោធន៍ "BioNTech" នៅក្រុង Mainz ប្រទេសអាល្លឺម៉ង់
ទីតាំងមន្ទីរពិសោធន៍ "BioNTech" នៅក្រុង Mainz ប្រទេសអាល្លឺម៉ង់ AP - Michael Probst
ផ្សាយពាណិជ្ជកម្ម

លោក Marco Cavaleri មន្ត្រីយុទ្ធសាស្ត្រចាក់ថ្នាំបង្កា នៃ​អាជ្ញាធរឱ សថអឺរ៉ុប បានអះអាងថា វ៉ាក់សាំងរបស់ មន្ទីរពិសោធន៍​ Pfizer/BioNTech មាន​ប្រសិទ្ធភាពល្អ និងមិនបង្កផលប៉ះពាល់អ្វីទៅលើក្មេងទេ។ ក្នុងន័យនេះ អាជ្ញាធរឱសថអឺរ៉ុប អនុញ្ញាត ឲ្យ​ប្រើវ៉ាក់សាំងនេះ​ ទៅលើ​ក្មេងអាយុ ចន្លោះ ពី​១២ ទៅ ១៥ឆ្នាំបាន។

ក្រោយដំណឹងនេះ រដ្ឋាភិបាលអាល្លឺម៉ង់ និងអូទ្រីស បាន​ប្រកាសជំហរថា គេនឹងចាប់ផ្តើម អនុវត្តការចាក់វ៉ាក់សាំង​ ទៅលើក្មេងអាយុ ពី១២ ទៅ​១៥ឆ្នាំ ក្នុងពេលឆាប់ៗនេះ។ នៅលើទំព័រ Twitter លោកស្រី Stella Kyriakides ស្នងការអឺរ៉ុប ទទួលបន្ទុកសុខភាព បានអបអរចំពោះដំណឹងនេះ ដោយបាន​សង្កត់ធ្ងន់ថា ទោះយ៉ាងណា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ទៅលើក្មេង គឺវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ឪពុកម្តាយក្មេង។

គួរកត់សំគាល់ថា ទោះបីជាក្មេងប្រឈមតិចតួច នឹងទម្រង់ធ្ងន់ធ្ងរនៃជំងឺកូវីដ​១៩ក្តី តែក្មេងគឺជាភ្នាក់ចម្លងរាលដាល ដែលមិនអាចប្រហែលបាន។ នៅអឺរ៉ុប អាជ្ញាធរឱសថអឺរ៉ុប បានធ្វើការសិក្សាសាកល្បងទៅលើក្មេង អាយុចន្លោះ ១២ ទៅ​ ១៥ ឆ្នាំ ចំនួន​ ២២៦០នាក់ ដែលក្នុងនោះ​១០០៥នាក់ ត្រូវគេចាក់វ៉ាក់សាំង Pfizer-BioNTech ចំណែក ៩៧៨នាក់ទៀត ត្រូវគេចាក់សេរ៉ូម placebo ដែលគ្មានជាតិថ្នាំ។ ជាលទ្ធផល ក្នុងចំណោមក្មេង ដែលទទួលបានវ៉ាក់សាំងទាំង ១០០៥នាក់ គឺគ្មាននរណាឆ្លងកូវីដ​១៩ទេ តែក្នុងចំណោមក្មេងដែលមិនទទួលបានវ៉ាក់សាំងទាំង​៩៧៨នាក់ គឺមាន១៦នាក់ បានឆ្លងកូវីដ​១៩។

នាយកមន្ទីរពិសោធ៍ BioNTech និង Pfizer បាន​ថ្លែងអបអរផងដែរ ដោយ​លើកឡើងថា នេះគឺជាការបោះជំហានថ្មី ក្នុងការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅអឺរ៉ុប និងជាពិសេសនោះ គឺឈានទៅ ​ការបើកសាលារៀន ឲ្យដំណើរការឡើងវិញ១០០%។ មន្ទីរពិសេោធន៍ទាំង២អះអាងថា នៅខែកញ្ញា គេនឹងបង្ហាញលទ្ធផលនៃការធ្វើតេស្តសាកល្បង ចាក់វ៉ាក់សាំង ទៅលើ​ក្មេងអាយុចន្លោះ ពី២ឆ្នាំ ដល់​១២ឆ្នាំ។

ដោយឡែក នៅសហរដ្ឋអាេមរិក អាជ្ញាធរសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer-BioNTech ទៅលើក្មេង អាយុ ពី១២ ទៅ​១៥ឆ្នាំ ក្នុងចំនួនច្រើនគួរសមរួចទៅហើយ។ ទីភ្នាក់ងារសុខភាពសាធារណៈអាេមរិក បានលើកឡើងកាលពីពេលថ្មីៗនេះ ថា មានករណីក្មេង រលាកសាច់ដុំបេះដូង និង​ បញ្ហាចង្វាក់បេះដូង មួយចំនួន​តូច ក្រោយពេល​ពួកគេ បានទទួលវ៉ាក់សាំងប្រឆាំង​កូវីដ​១៩ ប្រភេទ ARN messager។ តែយ៉ាងណា ពុំមានការសន្និដ្ឋានជាក់ច្បាស់ណាស់មួយ ថាវាបណ្តាលមកពីវ៉ាក់សាំងនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ