អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​សុខភាព​ពិភពលោក​នឹង​ប្រកាស​ដាក់​ជំងឺ​អុត​ស្វា ជា​អាសន្នអន្តរជាតិ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រឈម​នឹង​សន្ទុះ​រីករាលដាលនា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយ ​ដែល​បានធ្វើ​ឱ្យ​ចំនួន​អ្នក​កើត​ជំងឺ​អុតស្វា ​កើន​ឡើង​រហូត​ ដល់​១៥៨០០​នាក់ ​នៅក្នុង​ប្រទេស​ចំនួន​៧២  អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ត្រូ​វ​សម្រេច ដ៏​លំបាក​មួយ​​ នៅថ្ងៃ​សៅរ៍​នេះ​​ ថា​ត្រូវ​ដំឡើង​កំរិត​អាសន្ន​អន្តរជាតិ​​ខ្ពស់​បំផុត​ឬក៏​អត់។ លោកតេដ្រូស អាដាណុម ហ្កេប្រេយេស៊ូស ​ នឹង​ធ្វើ​សន្និសីទ​កាសែត​តាម​ប្រព័ន្ធ​វីដេអូ នៅ​វេលាម៉ោង​១​​សកល ត្រូវ​ជា​ម៉ោង​៨​យប់​ម៉ោង​នៅកម្ពុជា បន្ទាប់​ពី​បាន​ជួប​ប្រជុំ​ក្រុម​អ្នក​ជំនាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២១​កក្កដា២០២២។

អង្គការ​សុខភាព​ពិភពលោក​នឹង​ប្រកាស​ដាក់​ជំងឺ​អុត​ស្វា ជា​អាសន្នអន្តរជាតិ ?
អង្គការ​សុខភាព​ពិភពលោក​នឹង​ប្រកាស​ដាក់​ជំងឺ​អុត​ស្វា ជា​អាសន្នអន្តរជាតិ ? © REUTERS/Dado Ruvic
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​ស្ថិត​នៅ​លើ​មាត់​លោកវេជ្ជបណ្ឌិត តេដ្រូស អាដាណុម ហ្កេប្រេយេស៊ូស ជា​នាយក​អង្គការ​សុខភាពពិភពលោក​តែ​ម្នាក់​គត់។

កាលពី​ក្នុង​ជំនួប​ប្រជុំ​លើក​ដំបូង នៅ​ថ្ងៃទី ២៣​មិថុនា ពោល​គឺ​កាលពី​មួយ​ខែមុន អ្នក​ជំនាញ​ភាគ​ច្រើន​សុទ្ធ​តែ​យល់​ថា​ និង​ផ្តល់​អនុសាសន៍​ដល់​លោក​វេជ្ជបណ្ឌិត​តេដ្រូស កុំ​ឱ្យ​ប្រកាស​អាសន្ន​ខ្ពស់​បំផុត ចាត់​ទុកអុតស្វា​ជា​ជំងឺ​​រាតត្បាត​ការ​គំរាម​កំហែង​ សុខភាព​សាធារណៈ​កំរិត​ពិភពលោក​អី។ ប៉ុន្តែ​នៅក្នុង​​ជួប​ប្រជុំ​គ្នា កាលពី​ថ្ងៃ ព្រហស្បតិ៍​ទី ២១​កក្កដា គណៈកម្មការ​អ្នក​ជំនាញ ភាគច្រើន​ បានប្តូរ​យោបល់ ​ចាត់ទុក​ ជំងឺ អុតស្វា​ ជា​ភាព​អាសន្ន​សុខាភិបាល​សាធារណៈ​កំរិត​អន្តរជាតិ​​ពោល​គឺ​ជាកំរិត​ខ្ពស់​បំផុត​។ ​ក្នុង​រយៈ​ពេល​ប្រជុំ​ពិភាក្សា​គ្នា​រយៈ​ពេល​៧​ម៉ោង​នោះ ក្រុម​អ្នក​ជំនាញ​បាន ​​​វាយ​តម្លៃ​អំពី​កំរិត​នៃការ​រាតត្បាត​របស់​ជំងឺ ដែល​មាន​​ស្ថានភាព​សុខាភិបាល​ដែល​ចេះ​តែ​ធ្ងន់ធ្ងរ​​ទៅៗ នារ​យៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មកនេះ។

បើតាម​សារ​ទ្វីត ម្សិលមិញ ​របស់​លោក​សាស្ត្រាចារ្យជាតិ​អាមេរិក​​ Lawrence Gostin ​ផ្នែក​ច្បាប់​សុខភាព​សាធារណៈ និង​ជា​នាយក​មជ្ឈមណ្ឌ​លរបស់​អង្គការ​សុខភាព​ពិភពលោកទទួល​បន្ទុក​​ច្បាប់សុខភាព ​ពេល​នេះគេ​លែង​អាច​ខ្ទប់​ជំងឺ​អុតស្វាបាន​ហើយ​ ដូច្នេះ​គ្មាន​ហេតុផល​ស្របច្បាប់​ណា មក​ហាមឃាត់​អ្នក​វិទ្យាសាស្ត្រ​និង​វេជ្ជសាស្ត្រ​មិន​ប្រកាស​ភាព​អាសន្ន​សុខាភិបាល​ពិភពលោក​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​អង្គការ​សុខភាពពិភពលោក​មិនប្រកាស​អាសន្ន ក្រោម​ហេតុ​ផល ថា​ខ្លាច​នាំ​ឱ្យ​មានការ​រើង​អើង​ដល់​សហគម​បុរស​ស្រលាញ់​ភេទដូច​គ្នា នោះ​ពិត​ជា​កំហុស​​និង​ជា​រឿង​អាស្រូវ​ធំ​ណាស់។ នេះ​បើតាម​លោក​សាស្ត្រាចារ្យ​ Gostinដដែល។

មិន​ដឹង​ថា​តើ​លោក​តេដ្រូសនឹង​សម្រេច​យ៉ាង​ណា​ទេ តែ​រូប​លោក​ផ្ទាល់​ខ្លួន ដែល​ព្រួយ​បារម្ភ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​អុតស្វា ហាក់​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ខ្លាំង​មិន​ចង់ដំឡើង​អាសន្ន​ដែរ ព្រោះក្រែង​​ប្រកាស​ទៅ ហើយ​មាន​ផ្ទុះ​ការ​រាតត្បាត​សកល​ឡើង​មែន នោះ​វា​នឹងធ្វើ​ឱ្យ​មាន​ការ​រើសអើង​ចំពោះ​ក្រុម​បុរស​អ្នក​ស្រលាញ់ភេទ​ដូច​គ្នា​ ហើយ​ការ​តាមដាន​ស្វែង​រក​អ្នក​ជំងឺ និង​ការ​ទប់​ស្កាត់​ជំងឺ​កាន់​តែ​លំបាក។

៩៨% ជា​បុរស​​ស្រលាញ់ភេទ​ដូចគ្នា  ​

រក​ឃើញ​កើត​លើ​មនុស្ស​ជា​លើក​​ដំបូង​នៅ​ឆ្នាំ​១៩៧០ ជំងឺ​អុតស្វា មិន​សូវ​ធ្ងន់ធ្ងរ​ និង​ឆ្លង​ខ្លាំង​ដូច​ជំងឺ​អុត​មនុស្ស ដែល​ពិភពលោក​លុប​បំបាត់​បាន​ទាំង​ស្រុង​តាំងពី​ឆ្នាំ​១៩៨០​មក​ទេ ហើយ​មាន​កើត​ច្រើន តែ​នៅតំបន់​​អាហ្វ្រិកកណ្តាល​និង​ខាង​លិច​។ ប៉ុន្តែ​ ​តាំងពី​ដើម​ខែ​ឧសភាមក អុតស្វា​ស្រាប់​តែមាន​​​លេច​ឡើងខុស​ប្រក្រតី នៅស្ទើរ​ពាស​ពេញ​ពិភពលោក ជាមួយ​នឹង​​​សន្ទុះ​ចម្លងជា​សំខាន់​​នៅ​អឺរ៉ុប។

អ្នក​ជំងឺ​ភាគច្រើន ជា​បុរស ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ជាមួយ​បុរស​ដូច​គ្នា ឬ​ជាមួយ​បុរសផង និង​ស្រ្តីផងទាំងពីរ​ភេទ។ អ្នក​ជំងឺ​ជាមនុស្ស​នៅ​វ័យ​ក្មេង និង​ច្រើន​តែ​ជា​អ្នក​ទីក្រុង​ទៀត។ នេះបើ​តាម​ការ​លម្អិត​របស់​អង្គការ​សុខភាពពិភពលោក។

ការសិក្សា​ចេញ​ផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ ក្នុង​ទស្សនាវដ្តី  New England Journal of Medecine បាន​បញ្ជាក់​បន្ថែម​ថា យោង​តាម​ទិន្នន័យ​សិក្សា​ក្នុង​១៦​ប្រទេស​ ៩៥%​នៃអ្នក​ជំងឺ​បាន​ឆ្លង​​​អុតស្វា ពេល​រួម​​ភេទ និង​៩៨%​នៃ​អ្នក​ជំងឺ​ គឺ​ជា​បុរស​ស្រលាញ់​ភេទ​ដូចគ្នា ឬ​ស្រលាញ់​ស្ត្រីផងបុរសផង។

អុតស្វា​ក៏​អាច​ចម្លង​តាមស្បែក តាម​ការ​ប៉ះពាល់​ និង​ដោយ​មិន​ផ្ទាល់​ដែរ។ ថ្វី​បើអ្នក​ជំងឺ​ភាគច្រើន​ជា​មនុស្ស​ធំ​ពេញ​វ័យ ករណី​ឆ្លងមក​​កុមារ​ និងទារក​ក៏​មាន​ដែរ ហើយ​ច្រើន​ជា​ករណី​ធ្ងន់ធ្ងរ​ផង​ នេះ​បើ​តាម​អ្វី​ដែល​គេ​សម្គាល់​ឃើញ​នៅ​តំបន់​អាហ្វ្រិក​។

ថ្នាំ​បង្ការ Imvanex

អុតស្វា​គ្មាន​ថ្នាំ​ព្យាបាល​ទេ។ ចំណែក​ថ្នាំ​បង្ការ​ជំងឺ​អុតស្វាផ្ទាល់​តែម្តង​ក៏​គ្មាន​ដែរ។ ថ្នាំបង្ការ​ដែល​ភ្នាក់ងារ​សុខាភិបាល​អឺរ៉ុប​ទើប​ប្រកាស​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់កាលពី​ថ្ងៃសុក្រទី ២២​កក្កដា​២០២២​ម្សិលមិញ​ ជា​ថ្នាំបង្ការ​ប្រឆាំ​ង​នឹង​ជំងឺ​អុត​ (របស់​​មនុស្ស)ទេ ប៉ុន្តែ​បើតាមវិទ្យាស្ថាន​ប៉ាស្ទ័របារាំង​ ​ថ្នាំបង្ការ​នេះ មាន​ប្រសិទ្ធភាព​ការពារ​មនុស្ស​ពី​ជំងឺ​អុតស្វា​បាន​ ដល់​ទៅ​៨៥%។

មាន​ឈ្មោះ​ថា Imvanex ថ្នាំបង្ការជំងឺ​អុត​នេះ ធ្លាប់​មាន​ប្រើ​ក្នុង​ប្រទេស​ជា​ច្រើន​ ក្នុង​នោះ​មាន​ប្រទេស​បារាំង​មួយ​ដែរ សម្រាប់​ការពារ​ពី​ជំងឺ​អុតស្វា។ Imvanex ផលិត​ដោយ​ក្រុមហ៊ុនឱសថ​ដាណឺម៉ាក និង​ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១៣​មក​សម្រាប់​ការពារ​ជំងឺ​អុតមនុស្ស។

គិត​មក​ទល់​ពេល​នេះ អង្គការ​សុខភាពពិភពលោក​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ក្រុមអ្នក​ប្រឈម​ជាង​គេ (បុរស​​ស្រលាញ់ភេទ​ដូចគ្នា ឬមាន​ដៃគូ​​ទាំងពីរ​ភេទ អ្នក​រកស៊ីផ្លូវភេទ អ្នក​មាន​អាជីព​ទាក់ទង​នឹង​ការ​រួមភេទ) ព្រមទាំង​បុគ្គលិក​សុខាភិបាល​ដែល​ងាយ​ប្រឈ​ម​នឹង​ជំងឺ អុតស្វា​ ទៅចាក់​ថ្នាំបង្ការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ