អានតួអត្ថបទ
អុតស្វា

អុតស្វា៖ អាជ្ញាធរសុខាភិបាលបារាំងចេញអានុសាសន៍ឲ្យចាក់វ៉ាក់សាំងដល់អ្នកពាក់ព័ន្ធ

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បារាំង​បាន​ឲ្យដឹង នៅថ្ងៃ​ពុធ​នេះ​ថា គិត​រហូត​មកទល់​នឹង​ពេលនេះ បារាំង​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុតស្វា​ចំនួន ៥ករណី ហើយ​ថា រដ្ឋាភិបាល​បារាំង​នឹង​​ធ្វើ​តាម​អានុសាសន៍​របស់​អាជ្ញាធរ​ជាន់ខ្ពស់​សុខាភិបាល​ ដែល​ចេញ​កាល​ពីថ្ងៃ​អង្គារ កំណត់​ឲ្យ​ចាក់វ៉ាក់សាំង​ដល់​រាល់អ្នក​ដែល​ជាប់ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​អុតស្វា។

ករណីឆ្លង​ជំងឺអុតស្វា​នៅបារាំង បានកើនឡើង​ដល់ ៥ករណី គិតត្រឹមថ្ងៃពុធ ២៥ឧសភា ២០២២
ករណីឆ្លង​ជំងឺអុតស្វា​នៅបារាំង បានកើនឡើង​ដល់ ៥ករណី គិតត្រឹមថ្ងៃពុធ ២៥ឧសភា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

យោងតាម​អានុសាសន៍​របស់​អាជ្ញាធរ​ជាន់ខ្ពស់​សុខាភិបាល​បារាំង ចេញ​កាល​ពីថ្ងៃ​អង្គារ ២៤ឧសភា ការចាក់វ៉ាក់សាំង​ត្រូវ​ធ្វើឡើង នៅ​ក្នុងរយៈពេល ៤ថ្ងៃ​ក្រោយ​ពី​ពាក់ព័ន្ធ​ជាមួយនឹង​អ្នក​ឆ្លង​អុតស្វា និងមិន​ឲ្យ​លើស​ពី ១៤ថ្ងៃក្រោយ ដោយ​ការចាក់វ៉ាក់សាំង​នេះ​ត្រូវ​ធ្វើ​ពី​ ២ ទៅ ៣ដូស ហើយ​ពីមួយដូស​ទៅមួយដូស​ត្រូវ​មាន​គម្លាតគ្នា​រយៈពេល ២៨ថ្ងៃ។

​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បារាំង​​បាន​ឲ្យដឹងថា នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ បារាំង​មានវ៉ាក់សាំង​ក្នុងស្តុក​គ្រប់​គ្រាន់​ ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​អុតស្វានេះ។ ចំណែក​អ្នក​ជំនាញ​ខាងវេជ្ជសាស្ត្របារាំងវិញ​បាន​លើកឡើង​ថា ស្ថានភាព​ឆ្លង​រាលដាល​ជំងឺអុតស្វា​នៅ​ពេលនេះ វា​នៅមិនទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​ដែល​ត្រូវ​នាំគ្នា​ច្រួលច្របល់​នោះទេ ក៏ប៉ុន្តែ ការ​កំណត់​ឲ្យ​ចាក់វ៉ាក់សាំង​បង្កា​រ ដែលធ្វើ​ឡើង​ដោយ​អាជ្ញាធរ​សុខាភិបាល​នៅពេលនេះ គឺ​ជា​ការ​សម្រេច​មួយត្រឹមត្រូវ ដែល​អាច​នឹង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង។

លោក ប៉ាទ្រិច ប៊ែរស្ហ៍ (Patrick Berche) សាស្ត្រាចារ្យ​​នៅសកលវិទ្យាល័យប៉ារីស បានលើកឡើងថា៖

នេះ​ជា​វិធានការបង្ការទុកជាមុន ដែល​អាច​នឹង​ជួយ​ទប់ស្កាត់​ការ​រីករាលដាល​មេរោគ។ ភាពចម្លែកមួយ នៅ​ក្នុង​ការ​រីករាលដាល​មេរោគអុតស្វា​នៅពេលនេះ គឺ​វាឆ្លង​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន នៅ​ក្នុង​ពេល​តែមួយ ដែល​យើង​នៅមិនទាន់​យល់​ថា មក​ពី​មូលហេតុអ្វី​ពិតប្រាកដ តែ​យើង​អាច​មើលឃើញ​ថា​​វា​ជា​រឿង​ខុសពី​ប្រក្រតី។

បច្ចុប្បន្ន​នេះ កំពុងតែមាន​ការស៊ើបអង្កេត​រក​ប្រភព​ដើម​នៃ​ការ​ឆ្លង​អុតស្វានេះ ក៏ប៉ុន្តែ មកទល់​ពេលនេះ យើងឃើញ​ថា ក្រៅពី​ករណីឆ្លង​នៅ​អង់គ្លេស​មួយករណី ដែល​អ្នក​ជំងឺ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នីហ្សេរីយ៉ា ក្រៅពីនេះ ជាអាទិ៍ ករណី​ឆ្លង​នៅ​បារាំង និង​ករណីឆ្លងភាគច្រើន​នៅ​អាមេរិក គឺ​អត់មាន​ជាប់ពាក់ព័ន្ធ​ណាសោះ​នឹង​តំបន់​អាហ្វ្រិក។

ដូច្នេះ សំណួរ​ត្រូវ​ចោទឡើង​ថា តើ​ការឆ្លង​រាលដាល​មេរោគអុតស្វា​​នៅពេលនេះ មាន​ប្រភព​ដើម​ចេញមកពីណា? មេរោគប្រហែល​ជាមាន​ប្រភព​ចេញ​ពី​សត្វ ក៏ប៉ុន្តែ ហេតុអ្វី​បាន​ជា​ភ្លាមៗ ស្រាប់​តែ​ត្រូវ​ឆ្លង​រាលដាល​ពីមនុស្សទៅមនុស្ស​ នៅ​ក្នុង​ប្រទេស​ច្រើន​ផ្សេងៗគ្នា​បែបហ្នឹង? នេះ​ហើយ​ជា​ចំណុច​ដែល​គួរ​ឲ្យ​ឆ្ងល់!

តែស្ថានភាពឆ្លងរាលដាលពេលនេះ ក៏វា​នៅមិនទាន់​ដល់​កម្រិត​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នៅឡើយនោះដែរ ដូច្នេះ តាមយោបល់​ខ្ញុំ​ យើង​មិន​ត្រូវ​បង្ក​ការ​ច្រួលច្របល់​ទៅដល់​ប្រជាជន​ទេ ក៏ប៉ុន្តែ យើង​ក៏​មិន​ត្រូវ​ប្រហែសដែរ! អ៊ីចឹងហើយ​បាន​ជា​ខ្ញុំ​ឯកភាព​នឹង​អានុសាសន៍ ដែល​កំណត់​ឲ្យ​ចាក់វ៉ាក់សាំង​ដល់​អ្នក​ជាប់ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​អុតស្វា​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ