អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ក្រុងគៀវ​គាំទ្រ​គំនិត​ម៉ូស្គូ​ ខាង​ពង្រាយ​ទ័ពមួកខៀវ​នៅ​ខាងកើត​អ៊ុយក្រែន​ ប៉ុន្តែ​អមដោយ​ល័ក្ខខ័ណ្ឌ​ខ្លួន​​

ថ្ងៃព្រហស្បត៏​៧ កញ្ញា លោកប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ​ ចាត់ទុក​ប្រតិបត្តិការ​ រក្សា​សន្តិភាព នៅ​តំបន់​ខាងកើត​អ៊ុយក្រែន ​ថា​អាចជា​"ការបុកទម្លាយ"​ ​ក្នុង​ជម្លោះ​នៅទីនោះ ប៉ុន្តែ​គាត់ចង​ជាល័ក្ខខ័ណ្ឌ​របស់គាត់​​ដល់​គំនិតនេះ ដែល​៣ថ្ងៃមុន ​ត្រូវបាន​បំផុសមក​ជា​លើកដំបូង​ ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ វ៉្លាឌីមៀរ ពូទីន។​

ប្រធានាធិបតី​អ៊ិយក្រែន លោក Petro Porochenko
ប្រធានាធិបតី​អ៊ិយក្រែន លោក Petro Porochenko REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ជំទាស់​អស់ពេល​យ៉ាងយូរ ទល់នឹង​សំណូមពរ​ក្រុងគៀវ ​សុំឲ្យ​បញ្ជូនទ័ព​មួកខៀវ​ ទៅកាន់​តំបន់​ខាងកើត​អ៊ុយក្រែន​ នៅថ្ងៃអង្គារ​សប្តាហ៏នេះ ​លោក​ប្រធានាធិបតី​រុស្ស៊ី ស្រាប់តែ​យល់ព្រម​ឲ្យពង្រាយ​កងកម្លាំងរក្សា​សន្តិភាព នៅទីនោះ​ ប៉ុន្តែ​ សម្រាប់តែ​ ការពារ​ពួកអ្នក​សង្កេតការណ៍​របស់​អង្គការដើម្បី​ សន្តិសុខ​និង​សហ​ប្រតិបត្តិការ​នៅទ្វីបអឺរ៉ុប OSCE ហើយ ត្រូវ​ប្រចាំការ​តែនៅ​តាម​បណ្តោយ​ខ្សែ​ដែលខ័ណ្ឌ ​ដែនដី​ក្រោម​ការត្រួតត្រា​របស់​ក្រុងគៀវ និង​ដែនដី​ក្រោម​ការត្រួតត្រា​របស់​ពួកឧទ្ទាម​ផ្តាច់ទឹកដី​ ដែល​រុស្ស៊ី​និយម។​

ថ្លែង​សារ​ប្រចាំឆ្នាំ​ទៅកាន់​រដ្ឋសភា ថ្ងៃព្រហស្បត៏ម្សិលមិញ​ លោក​ប្រមុខរដ្ឋ​អ៊ុយក្រែន​ ប៉េត្រូ ប៉ូរ៉ូឆេនកូ​ ប្រមាណ​ថា “បើ​ទ័ពមួកខៀវ​របស់​អ.ស.ប. ពង្រាយនៅពេញ​លើតំបន់​​ដុនបាស់​ ប៉ែក​ខាងកើត​អ៊ុយក្រែន គឺមុខជា​ជួយ​បុកទម្លាយ​មែនពិត ដល់​ដំណោះស្រាយ​ដោយ​សន្តិវិធី​ឲ្យជម្លោះ​នៅទីនោះ។ គាត់​បន្ថែមថា៖ បេសកកម្ម​ជាយថាហេតុ​នេះ ​ត្រូវ​ប្រចាំការ​នៅ​ពេញលើ​ដែនដី​ក្រោម​ការកាន់កាប់​ បូកទាំង​ចន្លោះ​នៃ​ ​ព្រំប្រទល់​រុស្ស៊ី-អ៊ុយក្រែន​ ដែល​មិន​ត្រួតត្រា​ដោយ​ក្រុងគៀវ ហើយ​ដែល​តាម​ចន្លោះនេះ​ ស្របនឹង​មតិ​ ក្រុងគៀវ​និង​បស្ចិមលោក​ តែង​ប្រព្រឹត្តទៅ​ ការជ្រៀតចូល​នៃ​អាវុធ​និង​ពួកយុទ្ធជន​ស្ម័គ្រចិត្ត​ ទៅ​ក្នុងតំបន់​បះបោរ​នោះ ចេញពី​ប្រទេស​រុស្ស៊ីទៅ។ តាមដែលលោក​ប៉ូរ៉ូឆេនកូ ទទូច៖ ក្នុង​កងកម្លាំង​រក្សា​សន្តិភាព​នោះ​មិនត្រូវ​មាន​ទាហានរុស្ស៊ី​ណាម្នាក់​ឡើយ។​

រុស្ស៊ី​បានសុំ​ទៅហើយ ​ឲ្យក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប អនុញ្ញាត ដល់ការ​ពង្រាយ​ពួកយោធា​ដែលបំពាក់​ដោយ​អាវុធ​ធុនស្រាល​ ប្រចាំនៅ​តំបន់​ខាងកើត​អ៊ុយក្រែន​ តែ​ក្នុង​គោលដៅ​ការពារ​ពួកអ្នកសង្កេតការណ៍​ OSCE ដែល​បន្ត​តាមដាន​អំពី​ដំណើរ​គោរព​តាមបទឈប់បាញ់​នៅតំបន់នោះ ជាទី​ក្នុងសង្គ្រាម តាំងពី​ខែមេសា ឆ្នាំ២០១៤មក​ មាន​មនុស្ស​ធ្លាក់ខ្លួនស្លាប់ជាង​១ម៉ឺននាក់​ទៅហើយ។​

ក្នុង​សារប្រចាំឆ្នាំ​នោះ​ ប្រធានាធិបតី​អ៊ុយក្រែន​ព្រមានថា៖ ​ធ្វើការងារ​លើ​គំនិតផ្តួចផ្តើម​នេះ​របស់​រុស្ស៊ី មិនមែន​មានន័យ​ជាលេស​ សម្រាប់​លុប​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ម៉ូស្គូ​ឡើយ។ ទណ្ឌកម្មនេះ​ ត្រូវបន្តទៅ​លុះ​រហូតទាល់តែ​រដ្ឋអ៊ុយក្រែន​ស្តារអធិបតេយ្យ​ និង​ បូរណភាព​ដែនដីខ្លួន​​បាន​ពេញលេញ​វិញ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ