អានតួអត្ថបទ
អាហ្សង់ទីន

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ថ្កោលទោស​​ម្ចាស់​បំណុល​អាហ្សង់ទីន

នៅទីបំផុត អាហ្សង់ទីន​បាន​ទទួល​យុត្តិធម៌​សម្រាប់ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។ កាលពី​ថ្ងៃ​សុក្រទី ២៦ កញ្ញា នៅក្នុង​ឱកាស​កិច្ចប្រជុំ​លើកទី ២៧​របសខ្លួន ក្រុមប្រឹក្សា​ការពារ​សិទ្ធិមនុស្ស​ ដែល​ជា​ស្ថាប័ន​ជាន់ខ្ពស់​មួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​សម្រេច​ថ្កោលទោស​ក្រុមហ៊ុន​វិនិយោគ​ពីរ​របស់​អាមេរិក។ ក្រុមហ៊ុន​វិនិយោគ​ទាំង​ពីរ​របស់​អាមេរិក​ធ្លាប់​បាន​ឈ្នះក្តី​នៅ​តុលាការ​ទីក្រុង​ញូវយ៉ក ក្នុង​បណ្តឹង​ទាមទារ​ប្រាក់បំណុល ដែល​រដ្ឋ​អាហ្សង់ទីន​ធ្លាប់​ជំពាក់​រហូតមក។​​ 

លោក​ Hector Timerman​រដ្ឋមន្រ្តីការបរទេស​អាហ្សង់ទីន ថ្លែង​នៅ​សន្និសីទ​កាសែត​ក្រោយ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ថិមនុស្ស ថ្ងៃ​សុក្រទី ២៦ កញ្ញា
លោក​ Hector Timerman​រដ្ឋមន្រ្តីការបរទេស​អាហ្សង់ទីន ថ្លែង​នៅ​សន្និសីទ​កាសែត​ក្រោយ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ថិមនុស្ស ថ្ងៃ​សុក្រទី ២៦ កញ្ញា ©REUTERS/Pierre Albouy
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​​របស់​ក្រុមប្រឹក្សា​​សិទ្ធិមនុស្ស​ ថ្កោលទោស​​ទៅលើ​មូលនិធិ​វិនិយោគ​ទាំងពីរ​របស់​អាមេរិក ត្រូវ​បាន​បោះឆ្នោត​​​អនុម័តគាំទ្រ​ដោយ​សំឡេង​ចំនួន ៣៣ និង​​ប្រឆាំង​៥។ ប្រេស៊ីល រុស្ស៊ី អាល់ហ្សេរី និង​វេណេស៊ុយអេឡា​បាន​បោះឆ្នោត​គាំទ្រ​ ក្នុង​ពេល​អាមេរិក​​ដែល​ជាម្ចាស់ប្រទេស​របស់​មូលនិធិ​វិនិយោគ​ដែល​​ជាចុងចោទ​ បាន​បោះឆ្នោត​ប្រឆាំង។ សម្រាប់​អាមេរិក សេចក្តីសម្រេច​ថ្កោល​ទោស​របស់​ក្រុមប្រឹក្សា​រឹត​តែ​ធ្វើ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅវិញទេ។

 
អាហ្សង់ទីន​កូនបំណុល​របស់​មូលនិធិ​អាមេរិក​ពីរ​បាន​ចាញ់ក្តី​នៅតុលាការ​ញូវយ៉ក រហូត​ធ្វើ​ឲ្យ​អាហ្សង់ទីន​ត្រូវ​ជួប​វិបត្តិ​មិន​អាច​សង​ប្រាក់​ទៅ​ម្ចាស់បំណុល​ដទៃទៀត។ តុលាការ​ក្រុងញូវយ៉ក​ធ្លាប់​បាន​ដាក់​លក្ខខណ្ឌ​មួយ​ថា បើ​អាហ្សង់ទីន​មិន​សងបំណុល​ទៅ​មូលនិធិ​វិនិយោគ​របស់​អាមេរិក ដែល​ជា​ដើមបណ្តឹង​ទេ អាហ្សង់ទីន​មិន​អាច​ប្រើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ធនាគារ​អាមេរិក ដើម្បី​សងបំណុល​ម្ចាស់​បំណុល​ផ្សេងទៀត​បានទេ។ ពោលគឺ​ ម្ចាស់​បំណុល​ដែល​សុខចិត្ត​កាត់បន្ថយ​បំណុល​ជាង ៧០% ហើយ​ដែល​នៅ​សល់​ជិត ៣០% ទៀត ដែល​អាហ្សង់ទីន​ដល់​​កំណត់​ត្រូវ​សង​យ៉ាងយូរ​បំផុត ​នៅ​ត្រឹម​ថ្ងៃ​ទី៣០កក្កដា​​។

តាម​រដ្ឋមន្រ្តីការបរទេស​អាហ្សង់ទីន អាហ្សង់ទីនត្រូវ​បង្ខំចិត្ត​ប្រកាស​ក្ស័យធន​ពាក់កណ្តាល កាលពី​ខែ​កក្កដា​។ ជារួម វិបត្តិបំណុល​បង្ក​ដោយ​មូលនិធិវិនិយោគ​​អាមេរិក​បាន​​​ធ្វើ​ឲ្យ​សាលារៀន​​ ជាច្រើន​ត្រូវ​បិទ មន្ទីរពេទ្យ​គ្មានថ្នាំ គ្រោះ​អត់ឃ្លាន ​រដ្ឋាភិបាល​ក្ស័យធន ការស្អប់​ច្រណែន អសន្តិសុខ និង​អំពើ​ហិង្សានៅអាហ្សង់ទីន។ មូលនិធិ​វិនិយោគអាមេរិក​​ទាំង​ពីរដែល​មាន​ចរិក​ដូចជា​ត្មាត អាច​បញ្ឈប់​មហិច្ឆតា​របស់ខ្លួន នៅពេល​គេ​(អន្តរជាតិ ជាពិសេស​អាមេរិក)​បញ្ឈប់​​វា។ នេះ​បើតាម​ប្រមុខការបរទេស​អាហ្សង់ទីន។ គេ ដែល​អាហ្សង់ទីនចង់​​សំដៅ​គឺ​​អាមេរិក ដែល​អាហ្សង់ទីន​បាន​សុំ​ឲ្យ​ជួយ​អន្តរាគម​​បញ្ជា​ឲ្យ​​​តុលាការ​ក្រុង​ញូវយ៉ក​ប្តូរ​ជំហរ​របស់ខ្លួនវិញ។

សម្រាប់ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ មូលនិធិ​វិនិយោគ​អាមេរិក​បាន​ប្រើ​តុលាការ​ និង​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ស្រូបយក​​លុយ​ពី​​ប្រទេស​ជាប់ប្រាក់បំណុល រហូត​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​មិន​អាច​ធានា​ការអនុវត្តន៍​សិទ្ធិ​ជាមូលដ្ឋាន សម្រាប់​ប្រជាពលរដ្ឋ​របស់ខ្លួន។​

ចុងក្រោយ ​ក្រុមប្រឹក្សា​របស់​អង្គការ​សហប្រជាជាតិ​អំពាវនាវ​​​ឲ្យ​គ្រប់ប្រទេស​ចូលរួម​ពិភាក្សា​ដើម្បី​បង្កើត​យន្តការ​តុលាការ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រាក់បំណុល​រដ្ឋ។ ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI ធ្លាប់​បាន​លើក​សំណើនេះ ​កាលពី​ឆ្នាំ ២០០៣ ប៉ុន្តែ បាន​បោះបង់​ទៅវិញ បន្ទាប់​ពីមាន​គំនាប​របស់អាមេរិក និង​ប្រទេស​អ្នកមាន​ថ្មី៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ