អានតួអត្ថបទ

ជំនួបកំពូល​សហភាព​អឺរ៉ុប​បើកធ្វើ​ជាមួយ​នឹង​វិបត្តិ​អន្តោប្រវេសន៍

ប្រមុខរដ្ឋ​ឬ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២៨​ ជា​សមាជិក​សហភាព​អឺរ៉ុប​​បាន​មក​ជួបជុំគ្នា នៅ​ទីក្រុង​ព្រុចសែល ដើម្បី​បើក​ធ្វើ​ជំនួបកំពូល​រយៈពេល​ពីរថ្ងៃ គឺ​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សុក្រ។ ជាការពិតណាស់​ថា របៀបវារៈនៃ​ជំនួបកំពូល​នេះ​ច្រើន ក្នុងនោះ​រួមមាន​ដូចជា​ គម្រោង​កំណែទម្រង់​តំបន់​ចាយលុយ​អឺរ៉ូ និង​ការចរចា​បញ្ចប់​សមាជិកភាព​របស់​អង់គ្លេស ជាដើម។ ក៏ប៉ុន្តែ មាន​សំណុំរឿង​ដ៏​ចម្រូងចម្រាស​មួយ ដែល​នឹង​លុបលើ​សំណុំរឿង​ផ្សេងៗ​ទៀត ហើយ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ជំនួបកំពូល​ត្រូវ​បរាជ័យ ព្រមទាំង​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អនាគត​របស់​សហភាព​អឺរ៉ុប​ទាំងមូល គឺ​វិបត្តិ​អន្តោប្រវេសន៍។

ទួកដឹកជនអន្តោប្រវេសន៍​ដែល​អ៊ីតាលី​បដិសេធ​មិន​ឲ្យ​ចូល​ផែ
ទួកដឹកជនអន្តោប្រវេសន៍​ដែល​អ៊ីតាលី​បដិសេធ​មិន​ឲ្យ​ចូល​ផែ REUTERS/Darrin Zammit Lupi
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​សហភាព​អឺរ៉ុប ​នៅថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​នេះ ត្រូវ​បាន​អ្នក​ខ្លះ​ហៅ​ថា​ជា “ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត” ដោយសារ​តែ​វាជា​ជំនួបកំពូល ដែល​មាន​បញ្ហា​ធំៗ និង​ដ៏​សែន​ស្មុគស្មាញ​​ជាច្រើន ដែល​មេដឹកនាំ​ប្រទេស​ជា​សមាជិក​ទាំង ២៨ ត្រូវ​ជជែក​និង​ស្វែងរក​ជំហរ​រួម ដោយ​នៅ​ក្នុងនោះ គ្រាន់តែ​បញ្ហា​អន្តោប្រវេសន៍​មួយ​កំពុងតែ​ធ្វើ​ឲ្យ​​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ត្រូវ​ប្រេះឆាគ្នា​យ៉ាងខ្លាំង រហូត​ធ្វើ​ឲ្យ​អ្ន​កខ្លះ​បារម្ភ​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​សមហរ័ណកម្ម​អឺរ៉ុប​ទាំងមូល​ត្រូវ​ទទួល​បរាជ័យ។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ គេ​សង្កេតឃើញ​ថា បណ្តា​ប្រទេស​នៅ​ប៉ែក​ខាង​ត្បូង​ជាប់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ ជាពិសេស អ៊ីតាលី ដែល​គណបក្ស​ស្តាំនិយម​ទើប​នឹង​ជាប់ឆ្នោត​ឡើងកាន់អំណាច បដិសេធ​មិន​ឲ្យ​ទូក​ដឹក​ជនអន្តោប្រវេសន៍​ចូល​ចត​នៅ​កំពង់ផែ​របស់​ខ្លួន​ ហើយ​ព្រមទាំង​បរិហាររិះគន់​ប្រទេស​សមាជិក​ផ្សេងទៀត​ថា​មិន​ជួយ​រំលែក​បន្ទុកគ្នា។

បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើតវិញ នាំគ្នា​បដិសេធ​មិន​ទទួល​យក​ជា​ដាច់ខាត​សូម្បី​តែ​ជនភៀសខ្លួន ដែល​ទទួល​ស្គាល់​ដោយ​អ.ស.ប ហើយ​ដែល​ខ្លួន​ជាប់​កាតព្វកិច្ច​ក្នុង​អនុសញ្ញា​ជនភៀសខ្លួន។

នៅ​អាល្លឺម៉ង់ អ្វីៗ​ក៏​មាន​ការ​ប្រែប្រួល​ខុសពី​មុន​ស្រឡះ​ផងដែរ។ លោកស្រី​អង់ហ្គេឡា មែរកិល ដែល​ធ្លាប់​តែ​ជា​មេដឹកនាំ​ដ៏​មាន​អំណាច​នៅ​អឺរ៉ុប ហើយ​ដែល​ធ្លាប់​ជា​អ្នក​មាន​នយោបាយ​អនុគ្រោះ​ដល់​ជនអន្តោប្រវេសន៍ បច្ចុប្បន្ន​នេះ កំពុងតែ​ប្រឈមមុខ​នឹង​វិបត្តិ​នយោបាយ​​ក្នុង​ប្រទេស​អាល្លឺម៉ង់​ខ្លួនឯង ដែល​សូម្បីតែ​​​រដ្ឋាភិបាល​ចម្រុះ​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី ក៏​កំពុងតែ​​ប្រឈមមុខ​នឹង​អនាគត​មិន​ច្បាស់លាស់​ផងដែរ ដោយ​គណបក្ស​ជា​ដៃ​គូ​​បាន​គំរាម​ដកខ្លួន​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ ប្រសិនបើ​លោកស្រី​មែរកិល​មិន​អាច​ស្វែងរក​ដំណោះស្រាយ​បញ្ឈប់​លំហូ​អន្តោប្រវេសន៍​ចូល​ទៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ប្រមុខដឹកនាំ​ប្រទេស​សមាជិក លោក​ប្រធាន​សហភាពអឺរ៉ុប ដូណាល់ ទូសក៍ (Donald Tusk) បានលើកឡើង​​ថា វិបត្តិ​អន្តោប្រវេសន៍​គឺ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែល​ចាំបាច់​ត្រូវតែ​ដោះស្រាយ ហើយ​ពេលវេលា​សម្រាប់​ដោះស្រាយ​វិបត្តិ​នេះ​ក៏​មាន​មិនច្រើន​នោះដែរ។ លោក​ក៏​បាន​ព្រមាន​ទុកជាមុន​ផងដែរ​ថា បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​នេះ​អាច​នឹង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ត្រូវ​ប្រឈមមុខ​កាន់តែ​ធ្ងន់ធ្ងរ​​ចំពោះ​ការ​រីករាលដាល​នៃគំនិត​ជាតិនិយម និង​ការកើនឡើង​នៃ​ចលនា​នយោបាយ​ប្រជាភិថុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ