អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់ទទួលស្គាល់ថាបានបាញ់យន្តហោះអ៊ុយក្រែនឱ្យធ្លាក់ដោយអចេតនា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទី​បំផុត បី​ថ្ងៃ​ក្រោយ​គ្រោះ​ថ្នាក់​យន្តហោះដឹក​អ្នក​ដំណើរ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន​នៅ​ក្រុង​តេហេរ៉ង់ ​​អ៊ីរ៉ង់​បាន​ចេញ​មុខ​ ​ប្រកាស​សុំ​ទោស និង​ទទួល​ស្គាល់នៅ​ថ្ងៃសៅរ៍​នេះថាយោធា​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​​យន្តហោះ​ប៊ូអ៊ីង៧៣៧​ របស់​អ៊ុយក្រែនឱ្យ​ធ្លាក់ ស្លាប់​​មនុស្ស​អស់១៧៦នាក់ ប៉ុន្តែ​ជា​ការ​បាញ់​​ដោយ​អចេតនាទេ។ ជាមួយ​នឹង​ពាក្យ​សុំ​ទោស​ យោធា​អ៊ីរ៉ង់​ក៏​បាន​ចង្អុល​មុខ​បន្ទោស​ថា​អាមេរិក​ក៏​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​គ្រោះ​សោកនាដកម្ម​នេះ​ដែរ។

អ៊ីរ៉ង់​ទទួលស្គាល់​ថា​បាន​​បាញ់​យន្តហោះ​អ៊ីរ៉ង់​ ដោយ​អចេតនា
អ៊ីរ៉ង់​ទទួលស្គាល់​ថា​បាន​​បាញ់​យន្តហោះ​អ៊ីរ៉ង់​ ដោយ​អចេតនា Social media video via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ប្រកាស​បង្ហាញការ​សោក​ស្តាយ​​ និង​ប្រកាស​ចាត់ទុក​កំហុស​អចេនា​នេះ​ថា​មិន​អាច​អនុគ្រោះ​អត់​អោន​បាន​ឡើយ​។ អគ្គមគ្គុទេសក៍​ ខាមេណី ដ៏​មាន​អំណាច​បាន​ទាមទារ​ឱ្យយោធា​ផ្តល់​របាយការណ៍​លម្អិត​ និង​ផ្តល់​សំណង​ ឱ្យ​បាន​គ្រប់​ចំពោះ​ទង្វើ​ធ្វេស​ប្រហែស​របស់​ខ្លួន។ បើ​តាម​ភ្នាក់ងារ​Fars ស្និទ្ធ​នឹង​ក្រុម​អភិរក្សនិយម​​អ៊ីរ៉ង់ អគ្គមគ្គុទេសក៍​ខាមេណី បាន​ដឹង​ថា​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ប៊ូអ៊ីង ជា​កំហុស​របស់​មនុស្ស តាំង​ពី​ល្ងាច​ម្សិលមិញ ទើប​ចេញ​បញ្ជា​ឱ្យ​យោធា​ប្រកាស​​ទទួល​ស្គាល់ ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​នេះ។

បញ្ជាការដ្ឋាន​កងទ័ព​អ៊ីរ៉ង់ ដែល​មិន​បាន​ចេញ​ស្រដី​សោះ​ពី​មុន​មក បាន​ចេញ​មុខ​ សុំ​ទោស និង​ទទួល​ស្គាល់​ថា តាម​រយៈ​​​សេចក្តីថ្លែងការណ៍​ទៅ​កាន់​ប្រជាជាតិ។ យោធា​អ៊ីរ៉ង់​បាន​ពន្យល់​យ៉ាង​លម្អិត​អំពី​ហេតុការណ៍​ដែល​នាំ​ឱ្យ​​មាន​ការ​បាញ់​មីស៊ីល​ច្រលំ​ថា ដោយ​មាន​ការ​គំរាម​កំហែង​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក និង​ពី​យោធា​អាមេរិក ចង់​វាយ​ប្រហារ​លើ​ទី​តាំងចំនួន​៥២​កន្លែង​ខ្លះ​ជា​ទីតាំង​វប្បធម៌​ផង កង​កម្លាំង​យោធា​អ៊ីរ៉ង់ ក៏​បាន​លើ​កំរិតត្រៀម​អាសន្ន​ខ្ពស់​បំផុត។ ​ក្រោយ​ការ​បាញ់​មីស៊ីល​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិកភ្លាម យន្តហោះ​ចម្បាំង​អាមេរិក​ជា​ច្រើន​គ្រឿង​បាន​ឆ្វែល​ព័ទ្ធ​ប្រទេស​អ៊ីរ៉ង់​ ជា​ហេតុ​ធ្វើ​ឱ្យ​កងទ័ព​ការពារដែន​អាកាស​​បង្កើន​អាសន្ន​បន្ថែម​មួយ​កំរិត​ទៀត។​ ​ទន្ទឹម​ពេល​ជា​មួយគ្នា​នោះ យន្តហោះ​ប៊ូអ៊ីង​​អ៊ុយក្រែន​ ដែល​បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ ស្រាប់​តែបត់​ទិសខិត​ទៅ​ជិត​មជ្ឈមណ្ឌល​យោធា​ ឆ្មាំ​បដិវត្ត ជ្រុល និង​ក្នុង​រយៈ​កម្ពស់​មួយ​ដែល​នាំ​ឱ្យ​គេ​គិត​ស្មាន​ថា​ជា​យន្តហោះ​សត្រូវ។ ដោយ​សារ​លក្ខខណ្ឌ​ទាំ​ងអស់​នេះ ​និង​ដោយ​​​កំហុស​មនុស្ស​ និង​ដោយ​គ្មាន​បំណង​ មីស៊ីលរយៈចម្ងាយ​​ខ្លី ​ក៏​បាន​បាញ់​ចំ​យន្តហោះ​ប៊ូអ៊ីង​អ៊ុយក្រែន បណ្តាល​ឱ្យ​ស្លាប់​ជនស៊ីវិល​អស់​១៧៦។

បើតាម​មេបញ្ជាការ​ឆ្មាំ​បដិវត្ត នាយ​ទាហានកាន់​ប្រតិបត្តិការម្នាក់ ច្រលំ​យន្តហោះ​ដឹកអ្នក​ដំណើរ​ថា​ជា​មីស៊ីល​បណ្តែត និងមានពេល​តែ​១០​វិនាទី​ប៉ុណ្ណោះ​ក្នុង​ការ​សម្រេច​ចិត្ត​ ប៉ុន្តែ​ដោយ​សារ​មាន​បណ្តាញ​ទូរគមនាគមន៍​មិន​ល្អ នាយទាហាន​ក៏​ចុច​បាញ់​មិន​បាន​ទទួ​លបញ្ជា​​ពី​ថ្នាក់​លើ​ទេ។​

ឆ្មាំ​បដិវត្តអ៊ីរ៉ង់ ដែល​សុំ​ចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ​អ៊ីរ៉ង់​និង​បរទេស​ទាំងអស់​នោះ និង​សម្តែង​ការ​សុំ​ទោស​ ដោយ​សន្យា​ថា​បន្ត​ធ្វើ​កំណែទម្រង់​ដំណើរការ​ប្រតិបត្តិការ​ដើម្បីកុំ​ឱ្យ​មាន​កំហុស​បែប​នេះ​កើត​ឡើង​បាន​ទៀត។ អគ្គមេបញ្ជាការ​យោធា​អ៊ីរ៉ង់​​បាន​សន្យា​បញ្ជូន​ ឧត្តមសេនីយ៍​-អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​កំហុស​នេះ​ ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​។

​ថ្វីបើ​យោធាអ៊ីរ៉ង់​​បាន​ប្រកាស​ទទួល​ស្គាល់​កំហុស និង​បានទម្លាក់​ទំនួល​ខុស​ត្រូវ​លើ ​យោធា​ឆ្មាំ​បដិវត្ត​មែន ប៉ុន្តែថ្នាក់​ដឹកនាំ​អ៊ីរ៉ង់​គ្រប់ជាន់​ថ្នាក់ រាប់​ទាំង​ក្រុម​ឆ្មាំបដិវត្ត​ផង ក៏បាន​​ទម្លាក់​ទំនួល​ខុស​ត្រូវ​មួយ​ផ្នែក​ទៀត​ទៅ​លើ​សហរដ្ឋ​អាមេរិក​ ព្រោះ​កំហុស​មនុស្ស​នេះ​កើត​ឡើង​​ដោយ​សារ​តែ​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​អាមេរិក​។

ប្រតិកម្ម​អ៊ុយក្រែន​ ​កាណាដា​

អ៊ុយក្រែន​ បាន​ទាមទារ​ឱ្យ​អ៊ីរ៉ង់​ដាក់​ទណ្ឌកម្ម​/ដាក់​ទោស​អ្នកប្រព្រឹត្ត​កំហុស​ និង​ទាមទារ​សំណង​ជា​ប្រាក់​ចំពោះ​ការ​ខូច​ខាត និង​ការ​បាត់​បង់​ជីវិត។ ជា​ង​នេះ​ទៅ​ទៀត អ៊ុយក្រែន​ សង្ឃឹម​និង​រំពឹងថា​អ៊ីរ៉ង់​នឹង​ដឹកនាំ​ការ​អង្កេត​ឱ្យ​ឆាប់​រហ័ស​និង​ប្រកបសុភវិនិច្ឆ័យ។ លោក ហ្សេឡេស្គី នឹង​ជួប​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​អ៊ីរ៉ង់​ នៅ​ពេល​បន្តិច​ទៀត មុន​នឹង​ថ្លែងសារ​ទៅ​កាន់​ប្រជាជាតិ​អ៊ុយក្រែន។ តំណាងរាស្ត្រ​អ៊ុយក្រែន​ម្នាក់ បាន​សម្តែង​ការ​សរសើរ​អ៊ីរ៉ង់​ដែល​ហ៊ាន​ទទួល​កំហុស​។

ចំណែក​ខាង​កាណាដា​វិញ​ លោក​នាយករដ្ឋមន្ត្រី​ បាន​ទាមទារ​ឱ្យ​អ៊ីរ៉ង់មាន​​តម្លាភាព បើក​អង្កេត​ស៊ីជម្រៅ​ និង​ពេញ​លេញ​ ដើម្បីវែក​រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ពិតៗ។ រុស្ស៊ី​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ចោទ​ជា​អ្នក​បាញ់​យន្តហោះ​MH17​នៅ​អ៊ុយក្រែន​ ក៏​ជំរុញ​ឱ្យ​គ្រប់​ភាគី​ចង​ចាំ ជាមេរៀន​និង​មាន​វិធានការ​ ដើម្បី​កុំ​ជួប​​​សោកនាដកម្ម​ធ្លាក់​យន្តហោះ​បែប​នេះ​ទៀត។

សម្រាប់​បារាំង​វិញ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​យល់​ផ្សេង​ថា ពេល​នេះ​ជា​វេលា​ដ៏​សំខាន់​ដែល​ត្រូវ​ចាប់​ឱ្យ​ជាប់ នាំ​អ៊ីរ៉ង់​ដែល​ទើប​ទទួល​ស្គាល់​កំហុស​បាញ់​ទម្លាក់​យន្តហោះ​ស៊ីវិល ជា​ឱកាស​ដ៏​ប្រពៃ​ក្នុង​ការ​ចាប់​ផ្តើម​ឡើង​វិញ ជជែក​ពិភាក្សា​គ្នា​ ​​ស្តី​ពី​សំណុំ​រឿង​នុយក្លេអ៊ែរ​ ដើម្បីការពារ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ