អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ម៉ាក្រុង​ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​លីបង់​ក្រោយ​ហេតុការណ៍​ផ្ទុះ​នៅ​កំពង់ផែ​ក្រុង​បេរូត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​បារាំង​លោក ​អេម៉ានុយអែល​ ម៉ាក្រុង​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​បេរូត ប្រទេស​លីបង់​។ នេះ​ រាប់​ចាត់ទុក​ថា​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​គេ​បង្អស់​របស់​មេដឹកនាំ​ពិភពលោក​ទៅកាន់​ក្រុង​បេរូត​ បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​ដ៏សាហាវ​។ តាម​ការ​គ្រោងទុក​ លោក​ម៉ាក្រុង​ ទៅដល់​លីបង​នៅ​ម៉ោង​ ១២ រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ម៉ោង​នៅ​លីបង់​។ ហេតុអ្វី​បារាំង​ចេញមុខ​ចេញមាត់​ខ្លាំងម្ល៉េះ​ក្នុង​បញ្ហាលីបង់​នេះ​? តើ​លោកម៉ាក្រុង​ រំពឹងថា​នឹង​អាច​ធ្វើអ្វី​បានខ្លះ​ ក្នុងការ​ជួយ​លីបង់​ក្នុង​ដំណើរ​ទស្សនកិច្ច​ភ្លាមៗ​នេះ​?

លោកម៉ាក្រុង ត្រូវបានទទួលស្វាគមន៍ដោយលោកប្រធានាធិបតីលីបង់ មីស្ហ៊ែល អាអ៊ូន នៅអាកាសយានដ្ឋានអន្តរជាតិបេរូតនៅថ្ងៃព្រហស្បតិ៍ ទី៦ សីហា ឆ្នាំ២០២០នេះ។
លោកម៉ាក្រុង ត្រូវបានទទួលស្វាគមន៍ដោយលោកប្រធានាធិបតីលីបង់ មីស្ហ៊ែល អាអ៊ូន នៅអាកាសយានដ្ឋានអន្តរជាតិបេរូតនៅថ្ងៃព្រហស្បតិ៍ ទី៦ សីហា ឆ្នាំ២០២០នេះ។ Dalati Nohra/Handout
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​បានជា​បារាំង​យកចិត្ត​ទុកដាក់​នឹង​បញ្ហា​នៅ​លីបង់​ខ្លាំងម្ល៉េះ​?

ហេតុការណ៍ផ្ទុះ​ដ៏ធំ​សម្បើម​នៅ​ឃ្លាំង​ផ្ទុក​សារធាតុគីមី​អាម៉ូញ៉ូមនីត្រាត​ក្នុង​ទីក្រុង​បេរូត​ ប្រទេស​លីបង់​ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ១៣៧​ នាក់​ស្លាប់​ បណ្តាលឲ្យ​មនុស្ស​ច្រើនជាង​ ៥ ពាន់​នាក់​រងរបួស​ ព្រមទាំង​ធ្វើឲ្យ​អ្នកស្រុក​រស់​នៅក្នុង​ក្រុង​បេរូត​ប្រមាណ​ ៣​ សែន​នាក់​បាត់បង់​ទីជម្រក​។

ហេតុការណ៍ផ្ទុះ​នៅក្រុងបេរូត​នេះ​ គឺជា​គ្រោះមហន្តរាយ​ដ៏ធំ​ធេង​ខ្លាំងណាស់​សម្រាប់​ប្រទេស​លីបង់​។ ឧបទ្ទវ​ហេតុនេះ ​បាន​ទៅ​ដាក់​បន្ទុក​មួយ​ដ៏ធ្ងន់​បន្ថែម​ទៀត​ដល់​លីបង់​ ដែល​កំពុង​តែ​រុំព័ទ្ធ​ទៅដោយ​វិបត្តិធំៗ​ជាច្រើន​ស្រាប់ទៅហើយ​ មាន​ជាអាទិ៍​វិបត្តិ​សេដ្ឋកិច្ច​ វិបត្តិ​នយោបាយ​ និង​វិបត្តិកូវីដ​។ លីបង់​ នៅពេលនេះ​ជួប​ទុក្ខជាន់​លើទុក្ខ​ដូចពាក្យ​ខ្មែរ​យើងថា​ ក្រ​ហើយ​កូន​ឈឺទៀត​។

ដោយមើលឃើញ​ និង​យល់អំពី​ទុក្ខលំបាក​ដ៏ធំ​ក្រាស់ក្រែល​ដែល​ប្រទេសជាតិ​លីបង់​ បាននិង​កំពុង​ពើបប្រទះ​បែបនេះ​ហើយ​ទើប​ប្រធានាធិបតី​បារាំង​លោកអេម៉ានុយអែល​ ម៉ាក្រុង​ បាន​ប្រកាស​ភ្លាមៗ​ថា​លោក​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​លីបង់​។

តាមការ​ចុះផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP​ លោក​ម៉ាក្រុងបាន​អញ្ជើញទៅដល់ទីក្រុង​បេរូត​ប្រទេស​លីបង់​មុននេះ​បន្តិច​ ពោល​គឺ​នៅម៉ោង​ប្រមាណ​ ១២ រសៀល​ថ្ងៃព្រហស្បតិ៍​ ទី ៦ សីហានេះ​ម៉ោង​នៅលីបង់​ ឬក៏ស្មើ​នឹង​ម៉ោង​ខ្ទង់ ៦ ល្ងាច​ នៅខ្មែរ​។

បារាំង​របស់​លោកម៉ាក្រុង​ចេញមុខ​ចេញមាត់​លឿន​ និង​ខ្លាំង​ជាងគេ​ក្នុង​បញ្ហានៅ​លីបង់​ទំនង​មកពី​ប្រទេស​លីបង់​ធ្លាប់ជា​ប្រទេស​ស្ថិតនៅ​ក្រោម​អាណានិគម​របស់​បារាំង​។

សម្រាប់​លោក​ប្រធានាធិបតី​ម៉ាក្រុង​ ការបោះដៃ​ទៅរក​លីបង់​ ការ​ធ្វើដំណើរទៅ​លីបង់​ ខណៈពេល​ដែល​ប្រទេស​ជាអតីត​ដែនដីអាណានិគម​បារាំង​មួយនេះ​រុំព័ទ្ធ​ទៅដោយ​បញ្ហាចាក់​ស្រែះនោះ ​​វា​បង្ហាញពី​ការយកចិត្ត​ទុកដាក់​របស់​បារាំង​ដែលជាអតីតអាណាព្យាបាល​ និង​ថា​បារាំង​នៅទីនេះ​ ដើម្បី​ជា​ចំណែក​មួយ​ជួយ​លីបង់​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​។

ពីខា​ងលីបង់​ឯណោះវិញ​ មន្ត្រីរដ្ឋាភិបាល​លីបង់​ដែល​ក្នុងនោះ​មានដូចជា​លោក នាយករដ្ឋមន្ត្រី ហាសាន ឌីយ៉ាប​ និង​លោក​ប្រធានាធិបតី​ មីស្ហ៊ែល អាអ៊ូន បាន​ស្វាគមន៍​ចំពោះដំណើរ​ទៅដល់​ទីក្រុង​បេរូត​របស់​លោក​ម៉ាក្រុង​ជាខ្លាំង​។

សកម្មភាព​របស់​លោក​ម៉ាក្រុង​ ពេល​ទៅដល់​ប្រទេស​លីបង់

ដំណើរ​ទស្សកិច្ចទៅ​កាន់​ប្រទេស​លីបង់​របស់​លោក​ម៉ាក្រុង ធ្វើឡើង​ត្រឹមតែ​រយៈពេល​ពីរថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ឧបទ្ទវហេតុ​ផ្ទុះ​នៅក្រុង​បេរូត​។ ការទៅ​ដល់​លីបង់​របស់​លោក​ប្រធានាធិបតីបារាំងនេះ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ ជាការ​បំពេញទស្សនកិច្ច​ផ្លូវការ​មុនគេ​បង្អស់​ដោយ​ឥស្សរជន​បរទេស​ជាន់ខ្ពស់​បំផុត​ចាប់ពី​មាន​សោកនាដកម្ម​កាលពី​ថ្ងៃ​អង្គារ​រួចមក​។

បើតាម​ការណ៍ឲ្យដឹង​ពី​វិមាន​ប្រធានាធិបតី​បារាំង​ លោកម៉ាក្រុង នឹង​ជួបពិភាក្ស​ជាមួយនឹងឥស្សរជន​នយោបាយ​សំខាន់ៗ​របស់លីបង់​ដែល​ក្នុងនោះ​រួមទាំង​លោក​នាយករដ្ឋមន្ត្រីលីបង់​ ហាសាន ឌីយ៉ាប​ និង​លោ​កប្រធានាធិបតី​ មីស្ហ៊ែល ​អាអ៊ូន​។

តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​បារាំង​ ក្នុងពេល​ជជែក​ពិភាក្សាជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​លីបង់​ គេរំពឹងថា​លោក ម៉ាក្រុង​ នឹង​និយាយ​ពីការ​ជួយ​ជំរុញឲ្យ​មាន​កំណែ​ទម្រង់​មួយ​នៅ​លីបង់​ដើម្បីជាផ្លូវ​ត្រួសត្រាស​ឲ្យលីបង់​អាចដើរងើប​ចេញពី​វិបត្តិ​មិនថា​វិបត្តិ​នយោបាយឬក៏​វិបត្តិ​សេដ្ឋកិច្ច​ឡើយ​។

ជាមួយគ្នានេះ​ លោក​ប្រធានាធិបតី​បារាំង​ក៏នឹង​ទៅ​ពិនិត្យមើល​ផងដែរ កន្លែងផ្ទុះ​ដែល​បានបំផ្លាញ​ផ្នែកខ្លះ​នៃ​កំពង់ផែ​បេរូត​ ហើយនិង​ធ្វើឲ្យ​មានការខូតខាត​នៅពាសពេញ​ទីក្រុង​បេរូតទាំងមូល​។

លោក ម៉ាក្រុង​ រំពឹងថា​នឹង​អាច​ធ្វើអ្វី​បានខ្លះ​ក្នុងការ​ជួយ​លីបង់​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​?

ក្រៅពី​ចង់ជួយ​ស្រោចស្រង់​លីបង់​ឲ្យ​ងើបផុត​ពី​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​ លោក​ប្រធានាធិបតី​បារាំង​ អេម៉ានុយអែល​ ម៉ាក្រុង​ ទៅលីបង់​ថ្ងៃនេះ​ក្នុងគោលបំណង​ជំរុញឲ្យ​មាន​ការចូលរួមពី​ប្រទេសដទៃ​ទៀត​ក្នុងការ​ជួយផ្តល់​ជំនួយ​ទៅឲ្យ​លីបង់​។ លីបង់​ ដែល​គេដឹងហើយថា​កំពុងតែ​ធ្លាក់ខ្លួន​ផុងចូល​ក្នុងវិបត្តិធំ​ៗ​ជាច្រើន​ ដូចបានរៀបរាប់​ខាងលើ​មុននេះ​រួចមកហើយ​ មាន​តាំង​ពី​វិបត្តិសេដ្ឋកិច្ច​ វិបត្តិ​នយោបាយ​ វិបត្តិកូវីដ​ និង​ចុងក្រោយគេ​គឺ​វិបត្តិផ្ទុះដ៏​ប្រល័យ​នៅឃ្លាំង​ផ្ទុក​សារធាតុគីមី​អាម៉ូញ៉ូមនីត្រាត​នៅឯ​កំពង់ផែ​ទីក្រុងបេរូត​។

លោកម៉ាក្រុង​ដែល​បាន​អញ្ចើញ​ទៅដល់​ប្រទេស​លីបង់​នៅមុន​នេះបន្តិច​ បាន​មានប្រសាសន៍​ថា​ចង់​សម្របសម្រួល​ជំនួយ​អន្តរជាតិ​ទៅ​ឲ្យ​លីបង់​។ លោកបានរៀបរាប់​ពន្យល់​ថា​ លោក​ចង់​រៀបចំ​ឲ្យមាន​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​ហើយនិង​កិច្ចសហប្រតិបត្តិការ​កាន់តែទូលំទូលាយ​ថែមទៀត​ គឺ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​រួម​ពួត​ជា​កម្លាំងគ្នា​ផ្តល់​ជំនួយ​និងជួយ​ដល់​ប្រទេសលីបង់​ដែល​មាន​សេដ្ឋកិច្ច​កំពុងដើរ​អូសជើង​ដូចសព្វថ្ងៃនេះ។

គួរជម្រាបជូនថា​ រហូតមកទល់​នឹងពេលនេះ​ មាន​ប្រទេស​មួយចំនួន​ហើយ​ដែល​បាន​ប្រកាស​ផ្តល់ជំនួយ​មនុស្សធម៌​និងបោះដៃ​ជួយ​ប្រទេស​លីបង់​ដែលក្នុងនោះ​មានជាអាទិ៍​ សហភាពអឺរ៉ុប​ ប្រទេស​អូស្ត្រាលី​ រុស្ស៊ី​ ឥណ្ឌូណេស៊ី​ ន័រវែស​ និង​អង្គការសុខភាព​ពិភពលោក​ជាដើម។ល។​

ចំណែក​ប្រទេស​បារាំង​ឯណេះវិញ​ កាលពីថ្ងៃពុធ​ម្សិលមិញ​ អាជ្ញាធរ​បារាំង​បាន​បញ្ជូន​យន្តហោះពីរ​គ្រឿងដែល​មានផ្ទុកទៅដោយ​បុគ្គលិក​សន្តិសុខ​ចំនួន​ ៥៥ នាក់​ ក្រុមគ្រូពេទ្យ​ជំនាញសង្គ្រោះ​បន្ទាន់ ១០ នាក់ និង​សម្ភារៈបរិក្ខារ​ពេទ្យ​ទម្ងន់​រហូតដល់​ ៦ តោន​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះពី​ហេតុការណ៍​ផ្ទុះ​នៅ​បេរូត​។

ក្រៅពីនេះ​ នៅក្នុង​យន្តហោះទាំងពីរ​ក៏​មានផងដែរ​ អ្នកជំនាញ​ផ្នែក​សង្គ្រោះបន្ទាន់​ដែលមាន​ជំនាញ​ខាង​សារធាតុ​គីមី​ និង​បច្ចេកទេស​ដែល​អាច​ធ្វើការ​នៅកន្លែងកើតហេតុ​ ដើម្បី​ជួយ​កំណត់ថា​តើមាន​ហានិភ័យផ្សេងទៀតៗ​នៅក្នុងតំបន់​បន្សល់​ទុក​ដោយការផ្ទុះដែរ​ឬទេ​។ នេះ​ បើតាម​ការណ៍ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​នៃ​អង្គភាព​សន្តិសុខជាតិ​បារាំងលោក​ ម៊ីឆាអ៊ែល ប៊ែរនីញ៉េ (Michael Bernier)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ