អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លីបង់៖ ហេតុការណ៍ផ្ទុះ ខូចខាត ៣ពាន់លានដុល្លារ ហើយពលរដ្ឋ៣០ម៉ឺននាក់ គ្មានជម្រក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេសលីបង់ប្រកាសកាន់ទុក្ខ​ថ្នាក់​ជាតិ ក្រោយ​ហេតុការណ៍ផ្ទុះដ៏សម្បើមនៅកំពង់ផែក្រុងបេរូត ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ កើនឡើង​ ដល់ប្រមាណ​១០០នាក់ ហើយអ្នក​របួស​ ប្រហែលជា​ ៤ ០០០ពាន់។​ នេះ​បើ​តាម​អង្គការ​កាកបាទក្រហម​លីបង់ ហើយនិង​ថា​កំពុង​តែបន្ត​រក​​មនុស្ស​បាត់ខ្លួន​ច្រើន​នាក់ទៀត។ ទំហំ​ខូចខាត​មាន​ធំធេងណាស់ ដែល​បណ្តាប្រទេស​អន្តរជាតិ កំពុងតែចូលរួម​រំលែកទុក្ខ និង​​ស្នើសុំ​ផ្តល់​ជំនួយ​ជាបន្ទាន់​ដល់​ លីបង់​។

De la fumée s'élève du site d'une explosion à Beyrouth, au Liban, le 4 août 2020.
De la fumée s'élève du site d'une explosion à Beyrouth, au Liban, le 4 août 2020. REUTERS/Mohamed Azakir TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

ការ​ផ្ទុះ​ដ៏​សោកនាដកម្ម​នេះ កើតឡើង​នៅម៉ោង​ជាង៦​ល្ងាចថ្ងៃអង្គារ​ ម៉ោង​នៅលីបង់​។ ការផ្ទុះមានពីរលើកផ្ទួនគ្នា បង្កជា​ភ្លើង​ផ្សែង​ពេញ​អាកាស ចំហាយផ្ទុះ​បង្ក​ឱ្យ​បែកបាក់រលំអគារ​ដែល​នៅក្បែរ​ កញ្ចក់​ឡាន កញ្ចក់​ផ្ទះនៅ​ជិតៗនោះ បែក​រាយបាយ​ធ្លាក់ពេញដី។  ​តាម​វិទ្យាស្ថាន​ខាង​ភូមិសាស្ត្រ​របស់​អាមេរិក, កម្រិតផ្ទុះ​គឺធំ​សម្បើម​ណាស់ ព្រោះ​ថា សំឡេង និងកម្រិត​​រញ្ជួយ មាន​ចម្ងាយ​ដល់ ១៦០ ទៅ​២០០គីឡូម៉ែត្រ ដល់ កោះ-ប្រទេស Chypre ។ កម្រិត​រញ្ជួយ​ ទំហំ​ស្មើនឹង​៣,៣ ឯណោះ ស្ទើរតែ​ស្មើការរញ្ជួយដីមួយ​ដែរ​។

ការ​ខូចខាត​ប៉ះពាល់​ច្រើន​គីឡូម៉ែត្រ​នៅ​ជុំវិញកន្លែង​កើតហេតុ។ ភ្លើង​ឆេះដល់ទៅប្រហែល​បីម៉ោង​ ទើប​គេ​ពន្លត់​ចប់​។​ ចំនួន​អ្នក​ស្លាប់​និងរបួស បាត់ខ្លួន​ គេរាប់​ឃើញ​ចេះតែ​កើនឡើង។ អង្គការ​សហប្រជាជាតិ​ប្រចាំនៅ​លីបង់ បញ្ជាក់ថា មាន​ក្រុម​កងទ័ព​មួកខៀវ របស់​អង្គការ​សហប្រជាជាតិ រង​​របួស​ដែរ ព្រោះ​​នាវា​របស់​​ពួក​គេ ​ចត​នៅ​ជិត​កន្លែង​ផ្ទុះ។ ក្រុងប៊ែរឡាំង​ ថា​​បុគ្គលិកមួយ​ចំនួន របស់​​ស្ថានទូត​អាល្លឺម៉ង់ ក៏រងរបួស។​ អគ្គលេខា​បក្ស​នយោបាយ​លីបង់​ម្នាក់ បានស្ថិតក្នុង​ចំណោម​ជន​​រងគ្រោះ​​ដែរ។​

​អភិបាល​ក្រុង​បេរូត ដែល​បញ្ជាក់​ប្រាប់​កាសែត​បារាំង​នៅថ្ងៃពុធ​ ថា​ទំហំនៃការ​ខូតខាត​ អាច​ស្មើ​នឹង​ច្រើន​ជាង ​៣ពាន់​លាន​ដុល្លារ អាមេរិក។ ​ពេលនេះ វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋលីបង់​ ប្រមាណ​ ៣០ម៉ឺននាក់ គ្មាន​ជម្រកស្នាក់នៅ។

អាមេរិកថា អាច​មកពីការ«វាយប្រហារភេរវកម្ម»។ អ៊ីស្រាអែល​ច្រានចោលថាមិនពាក់ព័ន្ធខ្លួនទេ​។ ដូច្នេះ តើបណ្តាលមកពី​មូលហេតុអ្វី​?

ប្រភព​ពី​​សហរដ្ឋ​អាមេរិក ដែល​មាន​ក្រុម​ស៊ើបការណ៍សម្ងាត់​ដ៏​ខ្លាំងផង​ ប្រធានាធិបតី ​ដូណាល់ ត្រាំ លើកឡើងថា ការ​ផ្ទុះ​សម្លាប់​មនុស្ស​យ៉ាង​សម្បើម​ដូច្នេះ វាស្រដៀង​​ដូច​គ្នា​នឹង«​អំពើ​វាយប្រហារ​ភេរវកម្ម​»ណាមួយ​ដូច្នោះដែរ។ ​បើ​តាម​លោក ដូណាល់ ត្រាំ,  អ្ន​កជំនាញ​​យោធា​អាមេរិក​ បាន​និយាយ​ប្រាប់​លោកថាអាច​បង្កពី«​គ្រាប់បែក​ផ្ទុះ»ផង។ ទោះយ៉ាងណាក្តី ប្រធានាធិបតីអាមេរិក មិន​បាន​បញ្ជាក់ថាលោក​បាន​ដំណឹង​ពីណាទេ។

នៅក្នុង​បរិបទនៃការ​តានតឹងនិងការ​សង្គ្រឺតធ្មេញ​​ដាក់គ្នា​រវាង​អ៊ីស្រាអែល និង​ពួក​ Hezbollah លីបង់នៅ​ព្រំដែន គេ​បាន​ដាក់​ការសង្ស័យខ្លះដែរ ​ចំពោះ​អ៊ីស្រាអែល។ ក៏ប៉ុន្តែ មន្ត្រីទូតជាន់​ខ្ពស់​របស់​ក្រុង​​ហ្សេរូសាឡិម​ ដែល​សុំ​មិន​បញ្ចេញឈ្មោះ​ បានប្រាប់ទៅ​ភ្នាក់ងារ​សារព័ត៌មាន​ Reuters ថា «អ៊ីស្រាអែល​គ្មាន​ពាក់​ពន្ធ​ក្នុង​គ្រោះថ្នាក់​ផ្ទុះ​នេះឡើយ​»។ ពេល​នេះ អ៊ីស្រាអែល​ តាមរយៈក្រសួងការ​បរទេស​របស់ខ្លួន បាន​ស្នើ​សុំ​ជួយ​ផ្តល់​ជំនួយ​ ដល់​លីបង់​ទៀតផង​។

យ៉ាងណាក៏ដោយ ដំណើការ​ស៊ើប​អង្កេតរក​មូលហេតុរបស់​ប៉ូលិស​វិទ្យាសាស្ត្រ​ កំពុងតែ​បន្ត​ធ្វើ​នៅឡើយ។ អ្វីដែល​យើង​ដឹងច្បាស់ គឺ​តាម​ប្រភពចេញពី​​អាជ្ញាធរ​លីបង់។ លីបង់​ដែល​បាន​បើកការ​ប្រជុំក្រសួង​ការពារជាតិ​ជាបន្ទាន់​ក្រោយ​ការផ្ទុះភ្លា​មៗ ហើយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ខាងការពារជាតិ​ បានសន្និដ្ឋាន​បឋម​​ថា ការផ្ទុះនេះ​ ចេញពីឃ្លាំង​ស្តុកសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២ ៧៥០តោន។  សារធាតុគីមីនេះ ស្ទុកក្នុង​ឃ្លាំង យូរ​ច្រើន​ឆ្នាំមកហើយ គឺ​យ៉ាងហោច​៦ឆ្នាំហើយ។ អាជ្ញាធរលីបង់​ បាន​ពន្យល់ថា ការផ្ទុះមកពី​សារធាតុអាម៉ូញ៉ូមនីត្រាត ​​នោះឯង។​

សារព័ត៌មាន​នៅក្នុង​ស្រុក​លីបង់ បាន​ចោទ​សួរ​យ៉ាង​ខ្លាំង តើវាអាច​ទៅរួចដូច​​ម្តេចកើត? ​ហេតុអ្វីអាជ្ញាធរបណ្តោយឱ្យ​​ទុក​សារធាតុ​ដែល​អាច​ផ្ទុះ​បង្កគ្រោះថ្នាក់​ខ្លាំង ​ដោយគ្មានការរក្សាសុវត្ថិភាពត្រឹមត្រូវបែបនេះ  នៅកណ្តាល​ក្រុង​ដែល​មាន​ពលរដ្ឋ​ពីលាន​នាក់​យ៉ាងដូច្នេះ? ជា​សំណួរដែល​នៅតែ​មិនទាន់​មាន​ចម្លើយពិត​ថា​ម្តេច​ទេ​។

ចំណុច​មួយ​ដែល​គេ​គួរ​ចាប់អារម្មណ៍ គឺ​ប៉ុន្មាន​ខែ​មុននេះ ក្រុម​សមត្ថកិច្ចថ្នាក់​ក្រោម​ខាង​រក្សា​សុវត្ថិភាព​ បា​ន​ជូន​ដំណឹង​ពី​ហានិយភ័យ និងពី​ក្តីបារម្ភ ថា​អាច​នឹង​មា​នសញ្ញាណ​មិន​សូវ​ល្អសោះ ហើយ​វា​អាច​នឹង​បង្កគ្រោះថ្នាក់ផង​ ព្រោះ​ឃ្លាំង​ស្ទុក​សារធាតុគីមី មា​នទំហំ​ច្រើន ហើយ​នៅក្បែរ​នឹង​កន្លែង​រក្សាទុក​កំាជ្រួច​ផងទៀត។ សមត្ថកិច្ចថ្នាក់​ក្រោម បាន​​ស្នើ​ជូន​យោបល់​ដល់ថ្នាក់លើ ឱ្យ​ដឹកសារធាតុអាម៉ូញ៉ូមនីត្រាត ទៅ​ទុកន្លែង​ផ្សេង ដែល​សុវត្ថិភាព​ជាង​នេះ។​ ក៏ប៉ុន្តែ មិនទាន់​មាន​នរណា​អើពើសោះ រហូត​មកដល់ទល់​នឹង​ពេល​កើតហេតុ​សោកនាដកម្ម​។​

នាយករដ្ឋមន្ត្រីលីបង់  លោក​ Hassan Diab ថា មិនអាច​នៅស្ងៀម​បា​នទេ ហើយ​នឹងត្រូវ​រកមុខអ្នកទទួលខុសត្រូវចំពោះ​សោកនាដកម្មនេះ ព្រមទាំងដាក់ទោស ជាទម្ងន់​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ