អានតួអត្ថបទ
លីបង់ បារាំង

ប្រមុខ​ការទូតបារាំង ទៅ​លីបង់​ ដើម្បី​រកវិធី​ជួយស្រោចស្រង់​លីបង់ ពីការ​ដួលរលំ​ក្ស័យធន

លោកប្រមុខការទូតបារាំង បានទៅដល់​ប្រទេសលីបង់ នៅ​ថ្ងៃព្រហស្បតិ៍ ទី​២៣កក្កដានេះ។​ ជាដំណើរទស្សនកិច្ចដ៏សំខាន់ ដែលបារាំង កំពុងតែព្យាយាម រកផ្លូវជួយ​ស្រោចស្រង់ប្រទេសនេះ ពីការដួលរលំក្ស័យធន។ ប្រមាណ​១ឆ្នាំមកហើយ ដែលលីបង់ ស្ថិតក្នុងវិ​បត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មាន។ វិបត្តិដ៏គ្រោះថ្នាក់នេះ បានបូកបន្ថែមជាមួយនឹងវិបត្តិសេដ្ឋកិច្ចសកល បង្កឡើងដោយ​ជំងឺកូវីដ១៩។ រដ្ឋាភិបាល​លីបង់ កំពុងរង់ចាំជំនួយហិរញ្ញវត្ថុអន្តរជាតិ យ៉ាងបន្ទាន់បំផុត។

លោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian (ឆ្វេង)  ពេលជួបជាមួយ លោកប្រធានសភាលីបង់ Nabih Berri ។ ទីក្រុងបេរូត ថ្ងៃទី​២៣ កក្កដា ២០២០
លោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian (ឆ្វេង) ពេលជួបជាមួយ លោកប្រធានសភាលីបង់ Nabih Berri ។ ទីក្រុងបេរូត ថ្ងៃទី​២៣ កក្កដា ២០២០ REUTERS - MOHAMED AZAKIR
ផ្សាយពាណិជ្ជកម្ម

ក្នុងទស្សនកិច្ច២ថ្ងៃ លោក Jean-Yves Le Dria n ប្រមុខការទូតបារាំង នឹងត្រូវ​ជួបជាមួយ​លោក​ Michel Aoun ប្រធានាធិបតី​លីបង់ លោក Hassan Diab នាយករដ្ឋមន្ត្រីលីបង់ និង Nabih Berri ប្រធានសភា។ ទស្សនកិច្ចរបស់លោកប្រមុខការទូតបារាំង ស្ថិតក្នុងបរិបទមួយដ៏លំបាក សម្រាប់លីបង់ ដែលកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរបំផុត។

តម្លៃរូបិយបណ្ណលីបង់ បាន​ធ្លាក់ចុះសែនថោក តម្លៃទំនិញវិញ​ ឡើងថ្លៃកប់ពពក ក្រុមហ៊ុនសហគ្រាស បាន​បិទទ្វារបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់។ យោងតាមតួលេខផ្លូវការ​ ពាក់កណ្តាល​នៃប្រជាជនលីបង់ រស់នៅក្រោមកម្រិតនៃភាពក្រីក្រ ហើយ​ប្រមាណ​៣៥%នៃមនុស្សពេញវ័យ គឺពុំមានការងារធ្វើទេ។ វិបត្តិសេដ្ឋកិច្ចដែលបានអូសបន្លាយ តាំងតែពីឆ្នាំ២០១៩នេះ បានឈានដល់ដំណាក់កាលដ៏ធ្ងន់ គ្មានពន្លឺសង្ឃឹម បន្ទាប់ពីពិភពលោកយើង ត្រូវពើបប្រទះនឹងវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩។​

សូមរំលឹកថា កាលពីខែមេសា រដ្ឋាភិបាលលីបង់បានប្រកាស ថាខ្លួនលែងមានលទ្ធភាពសងបំណុលហើយ ហើយបានអំពាវនាវរកជំនួយហិរញ្ញវត្ថុ ជាថ្នូរនឹងការសុខចិត្ត យល់ព្រមធ្វើកំណែទម្រង់នានា។ តែយ៉ាងណា ការចរចាជាមួយ​មូលនិធិរូបិយវត្ថុអន្តរជាតិ​ ដើម្បីបានប្រាក់​១០ពាន់លាន​ដុល្លារ បានជាប់គាំង ២ខែមកហើយ។ ជំនួយហិរញ្ញវត្ថុនេះសំខាន់ណាស់​ សម្រាប់រដ្ឋាភិបាលលីបង់ ព្រោះវានឹងបើកផ្លូវ​ ឲ្យ​ម្ចាស់បំណុលផ្សេងទៀត មានការទុកចិត្តមកលើលីបង់។

គួរកត់សំគាល់ បារាំងគឺជាប្រទេសតែមួយគត់ ដែលខំខ្នះខ្នែង ជួយលីបង់ ក្នុងនាមបារាំង ធ្លាប់ជាប្រទេសបង្អែករបស់លីបង់ កាលពីមុនសង្រ្គាមលោកលើកទី២។ កាលពីថ្ងៃទី៨កក្កដា លោកប្រមុខការទូតបារាំង បានលើកឡើង នៅចំពោះមុខព្រឹទ្ធសភាបារាំងថា លីបង់កំពុងប្រឈម​នឹង​ការដួលរលំក្ស័យធនទាំងស្រុង។ លោកអះអាងថា បារាំងត្រៀមខ្លួន ជួយស្រោចស្រង់សេដ្ឋកិច្ចលីបង់ ក៏ប៉ុន្តែតោងថ្នាក់ដឹកនាំលីបង់ ស្រុះស្រួលគ្នា​ រួមគ្នាបើកផ្លូវឲ្យ​បារាំងអាចជួយបានដែរ។ យោងតាមប្រភពពីក្រសួងការបរទេសបារាំង រដ្ឋាភិបាលបារាំង បានសុខចិត្តចំណាយ​ប្រាក់ ប្រមាណ​១២លានអឺរ៉ូ ដើម្បីជួយលីបង់ ក្នុងរវាងប៉ុន្មានខែខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ