អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើសហរដ្ឋអាមេរិកអាចបញ្ចុះបញ្ចូលក្រុមប្រទេសអារ៉ាប់ឲ្យភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែលបានដែរ ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​មជ្ឈិមបូព៌ា។ បន្ទាប់​ពី​ប្រទេស​អ៊ីស្រាអែល​នា​ថ្ងៃ​ចន្ទ ទី២៤ សីហា លោក​ប៉ុមប៉េអូ​បាន​ទៅ​ដល់​ប្រទេស​ស៊ូដង់​នៅ​ថ្ងៃ​អង្គារ ទី២៥ សីហា។ កម្មវត្ថុ​របស់​ប្រមុខ​ការទូត​អាមេរិក​នៅ​ក្នុង​តំបន់ គឺ​ព្យាយាម​អូសទាញ​បណ្តា​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ប្រទេស​អ៊ីស្រាអែល។ អ៊ីស្រាអែល​ដែល​ទើប​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​សហរដ្ឋអាមេរិក។ តែ​វត្តមាន​របស់​លោក​ប៉ុមប៉េអូ​នៅ​ស៊ូដង់​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ស៊ូដង់​មិន​ដែល​មាន​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​អ៊ីស្រាអែល ហើយ​ក្នុង​ពេល​ដែល​ទំនាក់ទំនង​រវាង​អាមេរិក និង​ស៊ូដង់​ទើប​ស្គាល់​ភាព​ធូរស្រាល​ឡើង​វិញ​បន្តិច។

ប្រមុខ​ការទូតអាមេរិក​លោក​ម៉ៃ ប៉ុមប៉េអី (រូបឆ្វេង) និង​ប្រធានក្រុមប្រឹក្សាអធិបតេយ្យ​ម៉ាលី​ឧត្តមសេនីយ Abdel Fattah al-Burhan ក្នុង​ទីក្រុង​ការទូម ប្រទេស​ម៉ាលី​ថ្ងៃទី២៥ សីហា ២០២០
ប្រមុខ​ការទូតអាមេរិក​លោក​ម៉ៃ ប៉ុមប៉េអី (រូបឆ្វេង) និង​ប្រធានក្រុមប្រឹក្សាអធិបតេយ្យ​ម៉ាលី​ឧត្តមសេនីយ Abdel Fattah al-Burhan ក្នុង​ទីក្រុង​ការទូម ប្រទេស​ម៉ាលី​ថ្ងៃទី២៥ សីហា ២០២០ via REUTERS - SUDAN'S FOREIGN MEDIA COUNCIL
ផ្សាយពាណិជ្ជកម្ម

១៥ឆ្នាំ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​អតីត​ប្រមុខ​ការទូត​អាមេរិក​លោកស្រី​កុងដូលីហ្សា រ៉ៃ (Condoleezza Rice) ក្នុង​ឆ្នាំ ២០០៥ នេះ​ជា​លើកទី១ ដែល​មាន​ប្រមុខ​ការទូត​អាមេរិក​ម្នាក់​ដាក់​ជើង​ជាន់​ទឹកដី​ស៊ូដង់។ ស៊ូដង់​ដែល​ធ្លាប់​ស្គាល់​ទំនាក់ទំនង​ល្អក់កករ​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក និង​មិន​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​ប្រទេស​អ៊ីស្រាអែល​សោះ​ឡើយ​មក​ដល់​សព្វថ្ងៃ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​អ៊ីស្រាអែល​ទៅ​កាន់​ស៊ូដង់​ដោយ​ហោះ​ផ្ទាល់​ពី​ទីក្រុង​តេឡាវី​ទៅ​ចុះ​នៅ​ទីក្រុង​ការទូម។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា នេះ​ជា​ជើងហោះហើរ​ផ្លូវការ​ដោយ​ផ្ទាល់​លើកទី១ រវាង​អ៊ីស្រាអែល និង​ស៊ូដង់។

គួរ​រម្លឹក​ថា តាំង​ពី​ទទួល​បាន​ឯករាជ្យ និង​ក្នុង​នាម​ជា​ប្រទេស​សមាជិក​ម្នាក់​នៃ​សម្ព័ន្ធអារ៉ាប់ ស៊ូដង់​តែង​ចេញ​មុខ​ប្រឆាំង​នឹង​អ៊ីស្រាអែល​រហូត​មិន​ចង់​ឃើញ​ ទឹកដី​អ៊ីស្រាអែល​នៅ​លើ​ផែនទីពិភពលោក​ទៀត​ផង។ នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុម​អ៊ីស្លាមនិយមជ្រុល​ដែល​បាន​ក្តាប់អំណាច​ជាមួយ​ប្រធានាធិបតី​លោក​អូម៉ារ អ៊ែលបេឆៀរ​ក្នុង​ឆ្នាំ ១៩៨៩ ស៊ូដង់​បាន​ធ្វើ​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​ជាមួយ​អ៊ីរ៉ង់។ ស៊ូដង់​បាន​គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន និង​ក៏​បាន​គាំទ្រ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ដែរ។ ក្នុង​រយៈពេល ៣០ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​លោក​អូម៉ារ អ៊ែលបេឆៀរ ស៊ូដង់​បាន​ទទួល​ក្រុម​អ៊ីស្លាមនិយមជ្រុល​ឲ្យ​ជ្រកកោណ ពិសេស​មេ​អង្គការ​ភេរវនិយម​អាល់កែដា​អូសាម៉ា បិនឡាដិន​ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ១៩៩៦ មុន​នឹង​បិនឡាដិន​ទៅ​បោះទីតាំង​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

គឺ​ជំហរ និង​ឥរិយាបទ​របស់​ស៊ូដង់​ក្នុង​ជំនាន់​លោក​អូម៉ារ អ៊ែលបេឆៀរ​កាល​នោះ​ឯង​ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ចាប់​ពី​ទសវត្ស ៩០ ដោយ​បញ្ចូល​ស៊ូដង់​ទៅ​ក្នុង​បញ្ជី​ប្រទេស​គាំទ្រ​ភេរវនិយម។ ចាប់​ពី​ពេល​នោះ​មក ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ការទូម​កាន់​តែ​ដុនដាប​ទៅៗ​រហូត​ដល់​កាត់​បន្ថយ​ទំនាក់ទំនង​ការទូត​ឲ្យ​នៅ​ត្រឹម​កម្រិត​អ្នក​ទទួល​បន្ទុក​កិច្ចការ​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ១៩៩៧ ឬ​និយាយ​ឲ្យ​ស្រួល​យល់ គ្មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​ទេ។ គេ​ត្រូវ​រង់​ចាំ​ដល់​ខែ​មករា​ដើម​ឆ្នាំ ២០២០ នេះ​ដែល​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​បញ្ជូន​ឯកអគ្គរដ្ឋទូត​ទៅ​វិញ ទៅ​មក​ឡើង​វិញ។ តាម​ពិត​ទៅ គឺ​ការ​ធ្លាក់​ពី​អំណាច​ផ្តាច់ការ​របស់​លោក​អូម៉ារ អ៊ែលបេឆៀរ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៩ នៅ​ក្រោម​បាតុកម្ម​មហាជន​ដែល​ទំនាក់ទំនង​រវាង​ស៊ូដង់ និង​សហរដ្ឋអាមេរិក​បាន​ស្គាល់​ពី​ភាព​តានតឹង​ទៅ​ភាព​ធូរស្រាល​ឡើង​វិញ។

តែ​គេ​នៅ​មិន​ទាន់​អាច​និយាយ​ពី​រាត្រី​ទឹកខ្មោះ​ទៅ​ជា​រាត្រី​ទឹកឃ្មុំ​បាន​នៅ​ឡើយ​ទេ ព្រោះ​ស៊ូដង់​សព្វថ្ងៃ​កំពុង​ស្ថិត​ក្នុង​សម័យអន្តរកាល និង​កំពុង​បន្ត​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ចម្រុះ​អន្តរកាល​មួយ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០២៩ រវាង​ក្រុម​គណបក្ស​នយោបាយ និង​ក្រុម​ស៊ីវិល រួម​ទាំង​កងទ័ព ពិសេស​ឧត្តមសេនីយ​អាប់ឌែល ហ្វាតា អាល់ បួរ៉ាន​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​អធិបតេយ្យ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋអំណាច​ក្រុង​ការទូម​បាន​បញ្ជាក់​នា​ដើម​ខែ​សីហា​នេះ​ថា ខ្លួន​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ជាមួយ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​បង្កើត​ឲ្យ​មាន​បរិយាកាស​ល្អ​ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​ដក​ស៊ូដង់​ចេញ​ពី​បញ្ជី​ប្រទេស​គាំទ្រ​ភេរវនិយម និង​ដាក់​ស៊ូដង់​ទៅ​ក្នុង​ប្រទេស​ដៃគូ​របស់​អាមេរិក។ គួរ​បញ្ជាក់​ថា ទណ្ឌកម្ម​អាមេរិក​បាន​ខ្ទប់​រាល់​វិនិយោគ​ទាំង​អស់​នៅ​ស៊ូដង់​ដែល​កំពុង​ស្គាល់​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

អតិផរណា​ប្រចាំ​ឆ្នាំ​បាន​ឡើង​ដល់​កម្រិត ១៤៣% ហើយ​លុយ​ស៊ូដង់​កំពុង​បន្ត​ធ្លាក់​ថ្លៃ​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​នៅ​ស៊ូដង់​ពេល​នេះ​អាច​បង្កើន​ទំនាក់ទំនង និង​ហុច​ប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​ស៊ូដង់​ទេ។ អ្វី​ដែល​គេ​ដឹង អាទិភាព​របស់​លោក​ប៉ុមប៉េអូ​នៅ​ក្នុង​តំបន់​គឺ​ដើម្បី​អូសទាញ​ក្រុម​ប្រទេស​អារ៉ាប់​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ដូច​ដែល​អាមេរិក​បាន​បង្រួមប្រង្រួម​រវាង​អ៊ីស្រាអែល និង​អេមីរ៉ាតអារ៉ាប់រួម។ នេះ​មិនមែន​ជា​ការងារ​ងាយស្រួល​ឡើយ ព្រោះ​សម្រាប់​ក្រុម​ប្រទេស​អារ៉ាប់ និយាយ​ជា​រួម និង​សម្រាប់​ស៊ូដង់ និយាយ​ដោយឡែក ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ និង​ការ​បញ្ឈប់​ទន្ទ្រាន​យក​ដី​ប៉ាឡេស្ទីន​ពី​អ៊ីស្រាអែល​ជា​លក្ខខណ្ឌ​តែ​មួយ​គត់​ដើម្បី​អាច​ភ្ជាប់​ទំនាក់ទំនង​ធម្មតា​ជាមួយ​អ៊ីស្រាអែល​បាន។

តែ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប៉ុមប៉េអូ នាយករដ្ឋមន្រ្តី​ស៊ូដង់​លោក​អាប់ដាឡា ហាំដុក​មិន​បាន​លើក​ឡើង​ចំណុច​នេះ​ទេ និង​បាន​ត្រឹម​បញ្ជាក់​ថា រដ្ឋាភិបាល​អន្តរកាល​ស៊ូដង់​សព្វថ្ងៃ​កំពុង​បន្ត​នីតិវិធី​ស្តារសន្តិភាព និង​ស្ថិរភាព​ប្រទេស​ដើម្បី​រៀបចំ​បោះឆ្នោត​ដោយសេរី​នៅ​ឆ្នាំ ២០២២។ រីឯ​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​ត្រូវ​បាន​លោក​ហាំដុក​ប្រាប់​លោក​ប៉ុមប៉េអូ​ត្រង់ៗ​ថា មិន​អាច​ធ្វើ​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ ២០២២ បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ