អានតួអត្ថបទ
អ៊ីស្រាអែល ប៉ាឡេស្ទីន

ក្រុមហាម៉ាសប៉ាឡេស្ទីន អំពាវនាវឲ្យមានឯកភាពជាតិ​ ដើម្បី​ប្រយុទ្ធនឹង​ផែនការបំពាន របស់អ៊ីស្រាអែល

ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានអំពាវនាវកាលពីថ្ងៃចន្ទ ទី​១៥មិថុនា ឲ្យ​ក្រុមនយោបាយ​ប៉ាឡេស្ទីនទាំងអស់​ រួមរួមគ្នាកសាងកម្លាំង ដើម្បីតស៊ូ ប្រឆាំងនឹងផែនការទន្រ្ទានយកដីប៉ាឡេស្ទីន ពីសំណាក់អ៊ីស្រាអែល។ ជាផែនការសន្តិភាព គូសវាសដោយរដ្ឋាភិបាល​របស់លោកដូណាល់ត្រាំ ដែលបាន​ស្នើទៅ​អ៊ីស្រាអែល ហើយដែលអ៊ីស្រាអែលពេញចិត្ត និងចង់យកមកអនុវត្តនៅរវាងខែកក្កដាខាងមុខ។

ផ្លាកសញ្ញាហាមចូល នៅខាងមុខតំបន់តាំងអាណានិគមរបស់ជនជាតិអ៊ីស្រាអែល ក្នុងតំបន់ស៊ីសហ្សកដានីរបស់ប៉ាឡេស្ទីន។ ថ្ងៃទី​១៥ មិថុនា ២០២០
ផ្លាកសញ្ញាហាមចូល នៅខាងមុខតំបន់តាំងអាណានិគមរបស់ជនជាតិអ៊ីស្រាអែល ក្នុងតំបន់ស៊ីសហ្សកដានីរបស់ប៉ាឡេស្ទីន។ ថ្ងៃទី​១៥ មិថុនា ២០២០ REUTERS - AMMAR AWAD
ផ្សាយពាណិជ្ជកម្ម

លោក​Salah al-Bardawil មេដឹកនាំជាន់ខ្ពស់ម្នាក់ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានធ្វើសន្និសីទកាសែត នៅតំបន់ហ្កាហ្សា ដោយបានថ្លែងអំពាវនាវ ឲ្យ​ប្រជាជនប៉ាឡេស្ទីនទាំងអស់ ប្រមូលកម្លាំងគ្នា ដើម្បីប្រឆាំងនឹងផែនការទន្រ្ទានឈ្លានពានគ្រប់ទំរង់ ពីសំណាក់អ៊ីស្រាអែល។ ក្រៅពីប្រកាសប្រមូលការសាមគ្គីរបស់ប្រជាជន មេដឹកនាំក្រុមហាម៉ាសរូបនេះ បានប្រកាសប្រមូលការរួមរួមគ្នា ពីសំណាក់ក្រុមបក្សនយោបាយ​ ដែលដឹកនាំប៉ាឡេស្ទីន ដើម្បីតទល់​ជាមួយផែនការ របស់លោកដូណាល់ ត្រាំ ដែលបាន​កាត់ដីមួយផ្នែកធំរបស់ប៉ាឡេស្ទីន ទៅឲ្យ​​អ៊ីស្រាអែល។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី​១កក្កដានេះទៅ អ៊ីស្រាអែល នឹងត្រូវដាក់​ចេញនូវយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការអនុវត្តផែនការសន្តិភាព ស្នើដោយរដ្ឋាភិបាលអាេមរិក។ ក្នុងផែនការនេះ អ៊ីស្រាអែល​ នឹងអាចកាត់បញ្ចូល តំបន់ជ្រលងទន្លេហ្សកដង់ទាំងមូល ឲ្យ​មកនៅក្នុងដីអ៊ីស្រាអែល រួមជាមួយនឹងតំបន់ភូមិជនជាតិជ្វីហ្វមួយចំនួនធំ ដែលបានទៅដាក់អាណានិគម ក្នុងតំបន់ស៊ីសហ្សកដានី របស់ប៉ាឡេស្ទីន។ បន្ថែមពីនេះ ទីក្រុងហ្សេរូសាឡឹម នឹងត្រូវទទួលស្គាល់ថា ជា​រដ្ឋធានីរបស់អ៊ីស្រាអែលតែម្នាក់ឯងគត់ ដោយផ្តាច់មុខ​។ ដែលនេះ គឺវាផ្ទុយស្រលះ ពីការទាមទារចង់បាន​របស់ ភាគី​​ប៉ាឡេស្ទីន​។

គួររំលឹកដែរថា ជាច្រើនឆ្នាំមកហើយ ការតស៊ូនយោបាយ​ ដើម្បីកសាងរដ្ឋប៉ាឡេស្ទីនឯករាជ្យ ត្រូវជួបបរាជ័យ ដោយសារតែភាគីនយោបាយ​ប៉ាឡេស្ទីនបែកបាក់គ្នា។ ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ដោយផ្តាច់មុខតាំងតែពីឆ្នាំ២០០៧មក បានបដិសេធ មិនសហការជាមួយក្រុមហ្វាតាហ ដែល​ដឹកនាំដោយលោក Mahmoud Abbas នៅតំបន់ស៊ីសហ្សកដានីទេ។ តែក្រុមភាគីប៉ាឡេស្ទីនទាំង២នេះ សុទ្ធតែបានប្រកាសច្រានចោល ផែន​ការសន្តិុភាពគូសវាសដោយ រដ្ឋាភិបាល​លោកដូណាល់ ត្រាំ។

ការប្រកាសស្វែងរកឯកភាពជាតិ ពីសំណាក់ក្រុងហាម៉ាស នាពេលនេះ គឺជាដំណឹងល្អមួយ សម្រាប់​​​អនាគតនៃការបង្រួបបង្រួមជាតិប៉ាឡេស្ទីន។ លោក Salah al-Bardawil តំណាងក្រុម​ហាម៉ាស បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ គឺគ្មានទៀតឡើយ ការគ្រប់គ្រងនយោបាយផ្តាច់មុខ តែម្នាក់ឯងតាមតំបន់នីមួយៗ។ លោកបាន​​អំពាវនាវឲ្យ​មានការប្រជុំគ្នាក្នុងពេលដ៏ឆាប់ ជាមួយ​អង្គការ​តស៊ូរំដោះប៉ាឡេស្ទីន ដែលជាចលនារួមគ្នា រវាងក្រុមភាគីនយោបាយ​ប៉ាឡេស្ទីនភាគច្រើន។

គួរកត់សំគាល់ដែរថា មួយរយៈចុងក្រោយនេះ ប្រជាជនប៉ាឡេស្ទីន បានធ្វើបាតុកម្មតវ៉ា ជាញឹកញាប់ ប្រឆាំងទៅនឹង​ផែនការគូសវាសព្រំដែនថ្មីរបស់អ៊ីស្រាអែល  ដែលពុះញែកទឹកដីប៉ាឡេស្ទីន ជាជម្រៀកៗ។ បច្ចុប្បន្នដីប៉ាឡេស្ទីន ត្រូវពុះចែកដាច់គ្នា​ជា២ទៅហើយ គឺតំបន់ហ្កាហ្សា មានប្រជាជន​ប្រមាណ​២លាននាក់ និងតំបន់ស៊ីសហ្សកដានី មានប្រជាជានប្រមាណ​២លាន៧សែននាក់ ហើយ​ដែលពួកគេ រស់នៅក្បែរ​សហគមជនជាតិជ្វីហ្វ ប្រមាណ​៤សែន៥ម៉ឺននាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ