ការចរចាបទឈប់បាញ់នៅហ្កាហ្សាបន្តអូសបន្លាយ ខណៈអ៊ីស្រាអែលរងសម្ពាធបាតុកម្មជំរុញឲ្យបញ្ចប់សង្គ្រាម
ការចរចាគ្នារវាងគណៈប្រតិភូក្រុមហាម៉ាសនិងប្រទេសអន្តរការី សហរដ្ឋអាមេរិក កាតារ និង អេហ្ស៊ីប គ្មានបានលទ្ធផលផ្លែផ្កាទេ កាលពីថ្ងៃសៅរ៍ និងដែលតម្រូវចាំបាច់ឲ្យបន្តជជែកពិភាក្សាគ្នាបន្ថែមទៀត នៅថ្ងៃអាទិត្យ ទី៥ឧសភា។ កិច្ចចរចាស្វែងរកបទឈប់បាញ់និងដោះលែងចំណាប់ខ្មាំង រៀបចំធ្វើឡើងនៅរដ្ឋធានីគែរ ដោយគ្មានភាគីជម្លោះអ៊ីស្រាអែលនៅក្នុងតុចរចាទេ ជំនួសដោយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។ ក្នុងប្រទេសអ៊ីស្រាអែលវិញ បាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មនៅក្រុងធំៗ ដើម្បីដាក់សម្ពាធទាមទារឲ្យរដ្ឋអំណាចអ៊ីស្រាអែលបញ្ចប់សង្គ្រាម និងឈានទៅដោះដូរចំណាប់ខ្មាំងឲ្យបានឆាប់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៩
កិច្ចចរចាដោះលែងចំណាប់ខ្មាំងនិងបទបាញ់នៅហ្កាហ្សា គ្មានអ្វីវិវឌ្ឍទៅមុខសោះ កាលពីថ្ងៃសៅរ៍ទី៤ឧសភា។ ដូច្នេះ គេត្រូវចាប់ផ្តើមជជែកបន្តទៀត នៅថ្ងៃអាទិត្យនេះ។ នេះបើតាមការប្រកាសរបស់ពួកអាជ្ញាធរក្រុមហាម៉ាស។ គណៈប្រតិភូចរចាក្រុមហាម៉ាស ដឹកនាំដោយ លោក Khalil al-Hayya មេធំទី២ដែលកាន់ក្តាប់កិច្ចការផ្នែកនយោបាយរបស់ចលនាអ៊ីស្លាមប៉ាឡេស្ទីន។ ជំហររបស់មេធំហាម៉ាសរូបនេះ, គ្មានកិច្ចព្រមព្រៀងណាមួយ អាចធ្វើទៅបាន ប្រសិនបើគ្មានចែងពីការបញ្ចប់សង្គ្រាមទាំងស្រុងទេនោះ។
ភាគីអ៊ីស្រាអែល, រដ្ឋាភិបាលបានសម្រេចចិត្តមិនបញ្ជូនតំណាងទៅចរចាឡើយ។ បើតាមកកាសែតក្នុងស្រុកអេហ្ស៊ីប, ក្នុងជំនួបចរចានៅអេហ្ស៊ីបនេះ មានវត្តមាន មេក្រុមចារកិច្ចអាមេរិក ស៊ីអាយអេ លោក William Burns ពោលគឺពុំមែនជា លោក David Barnea មេចារកិច្ចម៉ូស្សាដរបស់អ៊ីស្រាអែលទេ។
ក្នុងប្រទេសអ៊ីស្រាអែលវិញ ប្រជាពលរដ្ឋអ៊ីស្រាអែលមិនគាំទ្រគ្រប់គ្នាពេកនោះដែរ ចំពោះសកម្មភាពវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ក្នុងសង្គ្រាមតំបន់ហ្កាហ្សា។ ជារៀងរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍ ប្រជាជនអ៊ីស្រាអែលនាំគ្នាបាតុកម្មនៅបណ្តាទីក្រុងធំៗ ទាមទារឲ្យបញ្ចប់សង្គ្រាមបង្ហូរឈាមប៉ាឡេស្ទីន។ នៅក្រុង Tel-Aviv ថ្ងៃសៅរ៍ទី៤ឧសភា បាតុកររាប់ពាន់នាក់ រួមទាំងសមាជិកគ្រួសារសាច់ញ្ញាតិរបស់ចំណាប់ខ្មាំងផង បានសម្តែងតវ៉ាដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ឲ្យទទួលយកបទចរចាឈប់បាញ់ ដើម្បីឈានទៅដោះលែងចំណាប់ខ្មាំង។ ក្រុមបាតុករអ៊ីស្រាអែល បានគំរាមនិងដាក់សម្ពាធផ្ទាល់ចំពោះនាយករដ្ឋមន្ត្រី លោក បេនចាមិន នេតាន់យ៉ាហ៊ូ កុំឲ្យខកខាន និងត្រូវយល់ព្រមទទួលសំណើព្រមព្រៀងចរចាគ្នានៅលើកនេះ បើមិនដូច្នោះទេ ប្រវត្តិសាស្ត្រនឹងមិនអត់ឱនទោសឲ្យ រូបលោក ជាដាច់ខាត។
ជំហររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺ ដាច់ខាត គ្មានផ្លូវនឹងបញ្ចប់សង្គ្រាមនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលសារព័ត៌មានក្នុងស្រុកអ៊ីស្រាអែលបញ្ជាក់ថា ជាសម្តីរបស់លោក បេនចាមិន នេតាន់យ៉ាហ៊ូ។ ក្នុងសប្តាហ៍នេះ មុនថ្ងៃចរចាគ្នា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ថែមទាំងបានព្រមានថានឹងប្រើគ្រប់មធ្យោបាយចាំបាច់ ដើម្បីវាយផ្តាច់យកជ័យជម្នះ និងផ្ចាញ់គូសត្រូវឲ្យបាន រួមទាំងសត្រូវនៅតំបន់រ៉ាហ្វាហ៍ ផង។
ជាក់ស្តែងមែន ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសពីយប់ថ្ងៃសៅរ៍ ថាបានសម្លាប់មេបញ្ជាការប្រដាប់អាវុធក្រុមជីហាតអ៊ីស្លាមម្នាក់ នៅតំបន់រ៉ាហ្វាហ៍ ដែលឈ្មោះថា Ayman Zaarab និងជាមេឃ្លោងមួយក្នុងភេរវកម្មវាយប្រហារថ្ងៃទី៧តុលានៅអ៊ីស្រាអែល។ ការសម្លាប់បុគ្គលនេះ បានធ្វើឡើងនៅក្នុងទឹកដីប៉ាឡេស្ទីន ប៉ែកខាងត្បូង ជាមួយនឹងបក្សពួកគេពីរនាក់ទៀត ក៏ស្លាប់ដែរ។
ជាការរំឭក និង បើតាមប្រភពីសហរដ្ឋអាមេរិក ដែលបញ្ចុះបញ្ចូលអ៊ីស្រាអែល គឺ ភាគីអ៊ីស្រាអែល បានយល់ព្រមចំពោះសំណើដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល យ៉ាងហោច ជាង ៤០នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលកំពុងជាប់ឃុំនៅមន្ទីរឃុំឃាំងអ៊ីស្រាអែល។ ១ទៀត អ៊ីស្រាអែលយល់ព្រមឈប់បាញ់មួយរយៈ ហើយនិង អនុញ្ញាតឲ្យផ្លាស់ទីធ្វើចរាចរ នៅប៉ែកខាងជើង និងខាងត្បូងតំបន់ហ្កាហ្សា។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែល ក៏សន្យាថានឹងដកកងទ័ពចេញមួយចំនួនផង។
ប្រភពពីទីភ្នាក់ងារព័ត៌មានបារាំងអាអែហ្វប៉េ, ពួកហាម៉ាសបង្ហើបឲ្យដឹងថាដំណើរចរចាជួបការលំបាកខ្លាំង ហើយអាចនឹងត្រូវស៊ីពេលច្រើនទៀត ទម្រាំសម្រេចបានកិច្ចព្រមព្រៀងពិតប្រាកដ១។៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ