អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភ្នំភ្លើង​តាអាល់​ បង្ក​ជាផលវិបាក​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ហ្វីលីពីន ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅហ្វីលីពីន ភ្នំភ្លើងតាអាល់ បានកម្រើក និងបញ្ចេញផ្សែងលាយឡំជាមួយផេះផង់ ជិតមួយសប្តាហ៍ទៅហើយ បើគិតត្រឹមថ្ងៃសៅរ៍ទី១៨ មករានេះ។ សកម្មភាពកម្រើករបស់ភ្នំភ្លើងតាអាល់ បានបង្កជាផលប៉ះពាល់យ៉ាងច្រើន ក្នុងនោះមានដូចជាបំផ្លាញជីវិតសត្វ ចំណាំ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋហ្វីលីពីនរាប់ម៉ឺននាក់។ មិនតែប៉ុណ្ណោះ គេសន្និដ្ឋានទៀតថា គ្រោះថ្នាក់បង្កដោយភ្នំភ្លើងតាអាល់ ទំនងជាអូសបន្លាយពេលយូរទៅមុខទៀត និងបង្កជាហានិភ័យកាន់តែច្រើនឡើងនាពេលខាងមុខ។តើផលប៉ះពាល់បង្កឡើងដោយភ្នំភ្លើងតាអាល់ មានទំហំប៉ុណ្ណា? តើរដ្ឋាភិបាលហ្វីលីពីនបានចាត់វិធានការអ្វីខ្លះ ដើម្បីឆ្លើយតបនឹងបញ្ហានេះ? 

ពលរដ្ឋហ្វីលីពីនរងគ្រោះដោយសារភ្នំភ្លើងតាអាល់ បានចាកចេញផ្ទះសម្បែងទៅរកកន្លែងមានសុវត្ថិភាព កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០។
ពលរដ្ឋហ្វីលីពីនរងគ្រោះដោយសារភ្នំភ្លើងតាអាល់ បានចាកចេញផ្ទះសម្បែងទៅរកកន្លែងមានសុវត្ថិភាព កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០។ REUTERS/Eloisa Lopez
ផ្សាយពាណិជ្ជកម្ម

ប្រវត្តិភ្នំភ្លើងតាអាល់

តាអាល់ គឺជាភ្នំភ្លើងដ៏គ្រោះថ្នាក់ និងសកម្មបំផុតលំដាប់ទី២ ក្នុងប្រទេសហ្វីលីពីន។ ភ្នំភ្លើងតាអាល់នេះ មានទីតាំងស្ថិតនៅកណ្តាលបឹង​មួយដែលជាតំបន់ទេសចរណ៍ដ៏ល្បីនៅមិនឆ្ងាយប៉ុន្មាននោះទេ ពីរដ្ឋធានីម៉ានីល។

តាមពិតទៅ តាអាល់ គឺជាប្រភេទភ្នំភ្លើងដែលមានទំហំតូចជាងគេបំផុតមួយក្នុងពិភពលោកយើងនេះ ក៏ប៉ុន្តែឥទ្ធិពលរបស់វា ក្នុងការបង្កជាគ្រោះថ្នាក់មានទំហំធំខ្លាំង ខុសពីមាឌរបស់វា។ ជាក់ស្តែង ក្នុងរយៈពេល ៤៥០ ឆ្នាំកន្លងមកនេះ ភ្នំភ្លើងតាអាល់ ធា្លប់ផ្ទុះយ៉ាងហោចណាស់ក៏ចំនួន ៣៤ ដង និងបង្កជាផលប៉ះពាល់យ៉ាងសន្ធឹក។

តាមពិតទៅ ភ្នំភ្លើង​តាអាល់​បាន​ផ្តើម​កម្រើក កាលពី​​ថ្ងៃ​អាទិត្យ ទី១២ មករា និងបានផ្តើម​មានកម្អែល​មួយថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃ​ចន្ទ ទី១៣ មករា។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់អាចសន្និដ្ឋានបាននោះទេ ថាតើ គ្រោះធម្មជាតិ បង្កឡើងដោយ ភ្នំភ្លើងតាអាល់ នឹងបន្តមានដល់ពេលណា។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញបាន លើកឡើងថា ភ្នំភ្លើងតាអាល់របស់ហ្វីលីពីន ទំនងជានៅបង្កគ្រោះថ្នាក់រាប់ខែទៅមុខទៀត និងអាចធ្វើឱ្យមនុស្សរាប់រយរាប់ពាន់នាក់ ធ្លាក់ក្នុងសភាពទន់ខ្សោយ ដោយសាររងប៉ះពាល់ពាល់ពីផ្សែងផេះផង់ ដែលបញ្ចេញដោយភ្នំភ្លើង។

ហ្វីលីពីន ទទួលរងផលប៉ះពាល់ជាច្រើនពីគ្រោះថ្នាក់បង្កឡើងដោយភ្នំភ្លើងតាអាល់

បើគិតត្រឹមថ្ងៃសៅរ៍នេះ ភ្នំភ្លើងតាអាល់ បានផ្តើមកម្រើក រយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ។ គ្រោះធម្មជាតិនេះ បានធ្វើឲ្យហ្វីលីពីន បាត់បង់ត្រី សត្វពាហនៈ ហើយចម្ការកាហ្វេជាច្រើនទៀតក៏ត្រូវរងការបំផ្លិចបំផ្លាញដែរ។

មួយវិញទៀត វិស័យទេសចរណ៍នៅក្នុងតំបន់ ក៏ត្រូវបានផ្អាក ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋហ្វីលីពីនដែលរស់នៅទីនោះ ពីព្រោះពួកគេរស់ពឹងផ្អែកខ្លាំងលើវិស័យទេសចរនេះ។

មិនតែប៉ុណ្ណោះ ដោយបារម្ភពីបញ្ហាសុវត្ថិភាពរបស់ប្រជាជន ដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំង អាជ្ញាធរហ្វីលីពីនក៏បានជម្លៀសមនុស្សចំនួនជាង ៧ ម៉ឺននាក់ ទៅកាន់កន្លែងមានសុវត្ថិភាព និងបានព្រមានថាភ្នំភ្លើងតាអាល់ អាចនឹងផ្ទុះឡើងគ្រប់ពេលវេលាទាំងអស់។

ក្រៅពីនេះ ភ្នាក់ងារសុខាភិបាលរបស់ហ្វីលីពីន ក៏បានក្រើនរំឭកផងដែរ មិនឲ្យ ប្រជាពលរដ្ឋរបស់ខ្លួនបរិភោគត្រីឡើយ ដោយបារម្ភខ្លាចត្រីទាំងនោះ មានផ្ទុកសារធាតុពុលបញ្ចេញដោយភ្នំភ្លើង។

ទំហំនៃការខូតខាត ដែលហ្វីលីពីន ទទួលរងពីគ្រោះថ្នាក់បង្កដោយភ្នំភ្លើងតាអាល់នេះ

គ្រោះថ្នាក់បង្កឡើងដោយធម្មជាតិ ពិបាកនឹងគ្រប់គ្រងខ្លាំងណាស់ ហើយវាអាចបង្កជាផលប៉ះពាល់យ៉ាងច្រើន។ ជាការពិតជាក់ស្តែង មនុស្សលោកយើង រឹតតែមិនអាចឃាត់មិនឲ្យមានគ្រោះធម្មជាតិ ដែលបង្កដោយភ្នំភ្លើងបានទៅទៀត។

ដូចករណី គ្រោះធម្មជាតិបង្កឡើងដោយភ្នំភ្លើងតាអាល់អីចឹង នៅពេលមានគ្រោះធម្មជាតិនេះ​កើតឡើង រដ្ឋាភិបាលហ្វីលីពីនបានឲ្យដឹងអំពីការខាតបង់យ៉ាងច្រើន ដែលរដ្ឋាភិបាលកំពុងជួបប្រទះ។

ជាក់ស្តែង ការបាត់បង់ចំណូល ពីវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែង។ បើតាមមន្ត្រីរដ្ឋាភិបាលហ្វីលីពីន តំបន់ផ្តុំភ្នំភ្លើងតាអាល់ ទាក់ទាញភ្ញៀវទេសចរច្រើនរហូតដល់ប្រមាណ ៥ លាន ៥ សែននាក់ក្នុងរយៈពេលមួយឆ្នាំ។ ដូច្នោះហើយ នៅពេលដែលសកម្មភាពទេសចរណ៍ត្រូបានផ្អាក វាធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដែលរស់នៅទីនោះខ្លាំងណាស់។

ក្រៅពីនេះ អាជ្ញាធរហ្វីលីពីន ក៏បានផ្តោតការយកចិត្តទុកដាក់ផងដែរ ដល់ផលលំបាករបស់កសិករ និងអ្នកនេសាទ។ ទាក់ទងរឿងនេះដែរ ទីភ្នាក់ងារកសិកម្មហ្វីលីពីន បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា តាមការប៉ាន់ស្មាន មកទល់ពេលនេះ ភ្នំភ្លើង បានបង្កការខូចខាតទឹកប្រាក់ប្រមាណជា ៥៩ លានដុល្លារឯណោះ។

ជាការពិត នៅក្នុងប្រទេសហ្វីលីពីន ជីវិតរស់នៅមានសភាពលំបាករួចទៅហើយសម្រាប់ប្រជាពលរដ្ឋ ដែលមិនបានទទួលផលប្រយោជន៍ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេស ក្នុងរយៈពេលប្រមាណជាមួយទសវត្សកន្លងមកនេះ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ពលរដ្ឋហ្វីលីពីនរាប់លាននាក់ នៅតែរកប្រាក់ចំណូលបានតិចជាង ២ ដុល្លារក្នុងមួយថ្ងៃ។ ស្របពេលដែលពួកគេមានបញ្ហាជីវភាពហើយ នៅត្រូវមកជួបគ្រោះធម្មជាតិញឹកញាប់ តួយ៉ាងដូចជាគ្រោះថ្នាក់បង្កដោយឡើងភ្នំភ្លើងតាអាល់ទៀត។ វាមានន័យថា គ្រោះជាន់លើគ្រោះ ហើយគ្រោះជាន់លើគ្រោះបែបនេះ បានធ្វើឲ្យពលរដ្ឋហ្វីលីពីនជាច្រើនត្អូញត្អែរយ៉ាងខ្លាំងអំពីទុក្ខលំបាករបស់ពួកគេដែលពួកគេមិនអាចជៀសរួចទាល់តែសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ