អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នក​នយោបាយ​និង​សេដ្ឋវិទូ​អាមេរិក​ ស្តីបន្ទោស​លោក​ត្រាំ​ដែល​ខកខាន​​ជួយ​​សង្គ្រោះ​​សេដ្ឋកិច្ច​ទាន់ពេល​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតត្រឹម​ថ្ងៃសុក្រ​ ទី៣​ មេសា​នេះ​ ចំនួន​អ្នក​ឆ្លង​កូវីដ១៩​ កើនឡើង​ដល់ជាង​ ១​លាន​នាក់​ នៅ​ទូទាំង​សកល​លោក​។ សហរដ្ឋអាមេរិក​ នៅតែជា​ប្រទេស​ដែល​មាន​ករណីឆ្លង​ច្រើន​ជាងគេ ហើយ​បើតាម​សេចក្តី​រាយការណ៍​ចុងក្រោយ​ អត្រាអ្នក​ស្លាប់​នៅអាមេរិក​មាន​ចំនួន​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ទេ​ ពោល​គឺ​មាន​ស្លាប់​រហូតដល់ជាង​ ១ពាន់​ ១​រយនាក់​ ក្នុង​រយៈពេល​ត្រឹមតែ​ ២៤​ ម៉ោង​ប៉ុណ្ណោះ​។ រងផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី​កូវីដ១៩​ ចំនួន​អ្នកអត់​ការងារ​ធ្វើ​នៅ​អាមេរិក​កើនឡើង​ជា​គំហុក​ ហើយ​អាជីវកម្ម​ក្នុង​ប្រទេស​ត្រូវ​បិទទ្វារ​បន្ត​កន្ទុយគ្នា​។ ទិន្នន័យ​ចុងក្រោយ​នេះ បាន​ធ្វើឱ្យ​អ្នកវិភាគ​ និយាយ​អ្វី​មិនចេញ​ពី​ទំហំ​នៃ​ការខូតខាត​របស់​សេដ្ឋកិច្ច​អាមេរិក​ ដែល​បង្កដោយ​ជំងឺ​រាតត្បាត​កូវីដ​១៩​។ 

លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ REUTERS - TOM BRENNER
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​ទូទៅ​ពាក់ព័ន្ធនឹង​ជំងឺ​រាតត្បាត​សកល​-កូវីដ​១៩​

ការឆ្លង​រីករាលដាល​ខ្លាំង​និង​ឥតឈប់​នៃ​វីរុស​កូវីដ​១៩​ នៅតែ​ជា​បញ្ហាធំ​ដែល ​ធ្វើឲ្យ​ពិភពលោក​ទាំងមូល​ភ័យព្រួយ​បារម្ភខ្លាំង​។ ទោះបីជា​ ប្រទេស​ជាងពាក់​កណ្តាល​នៃ​ភពផែនដី​ កំពុង​តែ​អនុវត្ត​នូវ​វិធានការ​រឹតត្បិត​ដូចជា​បិទខ្ទប់​ទីក្រុង​ ឬក៏​ប្រទេស​ទាំងមូល​យ៉ាងណាក្តី​ ក៏​វីរុស​កូវីដ​១៩​ នៅតែ​បន្ត​បោះពួយ​ឆ្លង​រាតត្បាត​យ៉ាងលឿន​គ្មានឈប់​ដែរ​។

បើ​តាម​រាបាយការណ៍​ជា​ផ្លូវការ​មួយ​ គិតត្រឹម​ថ្ងៃសុក្រ​ ទី៣​ មេសា​នេះ​ អត្រា​អ្នក​ឆ្លង​កូវីដ១៩​ នៅ​ទូទាំង​ពិភពលោក​ កើនឡើង​រហូតដល់​ចំនួន​ជាង​ ១ លាន​ ៣ ម៉ឺន​នាក់​ ហើយ​អ្នកស្លាប់​កើនឡើង​ដល់ជាង​ ៥ ម៉ឺន​ ៤ ពាន់​នាក់​។

កូវីដ១៩​ គឺជា​វិបត្តិ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​ ដែល​ពិភពលោក​មិនធ្លាប់​បាន​ជួបប្រទះ​ទាល់​តែសោះ​ ក្រោយ​សម័យសង្រ្គាម​លោក​លើក​ទី២។ ចំនួន​អ្នកឆ្លង​កូវីដ​១៩​ បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ហើយ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ នៅតែ​មិនទាន់​អាចរើរលាស់​ខ្លួន​ចេញរួច​ពី​ការ​ឆ្លង​រីករាលដាល​នៃកូវីដ១៩ឡើយ​ ជាពិសេស​នៅ​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។  

នៅ​អាមេរិក​ គេ​ចាប់អារម្មណ៍​ឃើញថា​ ស្ថានការណ៍​កំពុង​ធ្លាក់​ក្នុងសភាព​ដុនដាន​ខ្លាំង​ជាងគេ​។ ចំនួន​អ្នកឆ្លង​កើន​ច្រើនខ្លាំង​ និង​នាំមុខគេ​នៅទូទាំង​ពិភពលោក ​ចំណែក​តួលេខ​អ្នកស្លាប់​វិញ​ ក៏​កើនឡើងខ្លាំង​គួរឲ្យ​បារម្ភ​ជាទី​បំផុតដែរ​ រហូត​លោក​ប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ ​ប្រកាសថា​ប្រទេស​អាមេរិក​របស់​លោក​ កំពុង​ជួប​គ្រោះ​អាក្រក់​បំផុត​។​

គួរ​បញ្ជាក់​ជូន​ថា​ រហូត​មកទល់​នឹង​ពេលនេះ​ អាមេរិក​មាន​អ្នកឆ្លង​កូវីដ​ ១៩​ ចំនួន​ជាង​ ២៤​ ម៉ឺន​ ៥​ពាន់​នាក់​ និង​មាន​ស្លាប់​កើនឡើង​ដល់ជាង​ ៦​ពាន់​នាក់​ បន្ទាប់ពី​មាន​អ្នកស្លាប់​រហូត​ដល់ជាង​ ១​ពាន់​ ១​រយនាក់​ ក្នុង​រយៈពេល​ត្រឹមតែ​ ២៤​ ម៉ោង​ចុងក្រោយនេះ​។

សេដ្ឋកិច្ច​អាមេរិក​ កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​កូវីដ​១៩​

សហរដ្ឋអាមេរិក​ នាខណៈ​នេះ​ កំពុង​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ដ៏​អាក្រក់​បំផុត​មួយ​។ មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​អាមេរិក​នោះទេ​ ដែល​ធ្លាក់ខ្លួន​ក្លាយជា​ជនគ្រោះ​ពី​វិបត្តិ​កូវីដ១៩​ ។ ក៏ប៉ុន្តែ​ សេដ្ឋកិច្ច​អាមេរិក​ ក៏​ដូចគ្នា​ចឹងដែរ​។

សេដ្ឋកិច្ច​របស់​អាមេរិក​ បាន​បង្ហាញ​សញ្ញា​កាន់តែមិន​ល្អ​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។ ប្រជាពលរដ្ឋ​អាមេរិក​ ធ្លាក់ខ្លួន​ឈឺ​ និង​ស្លាប់​កាន់តែ​ច្រើន​ រីឯ​ទីក្រុង​ជាច្រើន​នៅក្នុង​ប្រទេស​ក៏​ត្រូវ​បានបិទ​ទ្វារ​ រហូតធ្វើ​ឲ្យ​ទីក្រុង​មួយចំនួន​ក្លាយទៅជា​ស្ងាត់ជ្រងំ​ ហាក់បី​ដូចជា​ទីក្រុង​ខ្មោច​។

សហរដ្ឋអាមេរិក​ ដែល​ធ្លាប់តែ​ជា​ប្រទេស​សកម្ម​ មាន​ភាព​អ៊ូអរ​ ក្លាយជា​ប្រទេស​អសកម្ម​ មនុស្ស​មិន​ហ៊ាន​ដើរ​ចេញក្រៅ​បើគ្មាន​ការ​ចាំបាច់​។ មួយវិញទៀត​ ហាង​ និង​អាជីវកម្ម​នានា ​នៅទូទាំង​ប្រទេស​អាមេរិក​ ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ​ ដោយសារ​តែ​ខ្លាច​មេរោគ​ឆ្លង​រាតត្បាត​សកល​-កូវីដ​១៩​។ ទាំងនេះ​ហើយ​ ដែល​ជា​កត្តា​ធ្វើឲ្យ​សេដ្ឋកិច្ច​អាមេរិក​ ត្រូវ​ជួប​គ្រោះអាសន្ន​ធំ​ដោយ​ជៀស​មិនរួច​ឡើយ​។

ចំនួន​អ្នក​អត់ការងារ​ធ្វើនៅ​អាមេរិក​ កើនឡើង​ជា​គំហុកនៅមួយរយៈពេលចុងក្រោយនេះ​។ បើយោង​ទៅតាម​ ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP នៅថ្ងៃ​សុក្រ​នេះ ​ចំនួន​អ្នកគ្មាន​ការងារធ្វើ​នៅ​សហរដ្ឋអាមេរិក​ បានកើន​ដល់​ប្រមាណ​ជា​ ១០ លាន​នាក់​ ក្នុងរយៈពេល​ពីរសប្តាហ៍​ចុងក្រោយ​នៃ​ខែ​មីនា​។

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ នៅ​អាមេរិក​អាច​នឹងកើនឡើង​ទៅដល់​ចំនួន​ ៤%​។ មិនតែប៉ុណ្ណោះ ​គេ​ព្យាករទៀត​ថា​ ចំនួន​អ្នកគ្មាន​ការងារ​នៅអាមេរិក​ នឹង​កើនឡើង​ទ្វេដង​ នៅក្នុង​ខែ​មេសា​នេះ​ ពោលគឺ​នឹង​មាន​ចំនួន​ ២០​ លាន​នាក់​ ហើយ​នេះ​អាច​រាប់ចាត់ទុកថា​ ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុតមួយ​របស់​អាមេរិក​ គឺធ្ងន់ធ្ងរ​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ ២០០៨ ទៅទៀត​។

ទិន្នន័យ​ចុងក្រោយនេះ​ ធ្វើឱ្យ​អ្នកវិភាគ​មួយចំនួន​ និយាយអ្វី​មិនចេញ​ឡើយ​ពី​ទំហំ​នៃការ​ខូតខាត​របស់​សេដ្ឋកិច្ច​អាមេរិក​ ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​កូវីដ​១៩​។ ដោយឡែក​ សេដ្ឋវិទូ​ខ្លះ​ បាន​ព្យាករថា​ អត្រា​អ្នក​បាត់បង់​ការងារ​នៅ​អាមេរិក​ នឹង​យ៉ាប់យ៉ឺន​បំផុត​ រាប់​គិត​ចាប់​តាំង​ពីសម័យ​​សង្គ្រាម​លោក​លើកទី​ ២ មក​។

តើ​អាមេរិក​អាច​រើខ្លួន​រលាស់​ចេញពី​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​តាម​វិធីណា​?

កាលពី​ថ្ងៃទី​១ មេសា​ លោក​ប្រធានាធិបតី​អា​មេរិក ដូណាល់​ ត្រាំ​ បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​អាមេរិក ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ស្ថានការណ៍​ដ៏​លំបាក​ខ្លាំង​ និង​គួរឲ្យ​សង្វេគ​ជាទីបំផុត​ ជាពិសេស​នៅក្នុង​រយៈពេល​ពីរ​ទៅ​បី​សប្តាហ៍​ខាងមុខ​។

ជាមួយគ្នានេះ កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​សេតវិមាន​ ប្រមុខ​រដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់​ប្រាប់​អំពី​ កិច្ច​ខិតខំ​ប្រឹងប្រែង​​របស់​រដ្ឋាភិបាល​ ក្នុងការ​ជួយ​បុគ្គលិក​ និង​អាជីវកម្ម​ខាតតូច​នៅក្នុង​ប្រទេស​។

យ៉ាងណាក៏ដោយ​ ក្នុងពេល​បច្ចុប្បន្ននេះ​ លោក​ដូណាល់ ត្រាំ​ រង​សម្ពាធ​មិន​តិចនោះទេ​។ ជាប់ដៃ​រវល់​ទប់ស្កាត់​កូវីដ១៩​ ហើយ​ លោកនៅ​ត្រូវ​រងការរិះគន់​ជាច្រើន​នៅក្នុង​ប្រទេស​ទៀត​។ អ្នក​នយោបាយ​ និង​សេដ្ឋវិទូ​អាមេរិក​ជាច្រើន​ នាំគ្នា​ស្តីបន្ទោស​អ្នកបង្កើត​គោល​នយោបាយ​ និង​ប្រធានាធិបតី​ដូណាល់ ត្រាំ​ ចំពោះ​បរាជ័យ​ក្នុងការ​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូវីដ​១៩​។

ជាក់ស្តែង​ លោកចូ​ បៃឌីន​ ដែលជា​គូ​ប្រកួត​ប្រជែង​ដណ្តើម​យក​តំណែង​ប្រធានាធិបតី​ ជាមួយ​លោក​ត្រាំ​ មកពី​បក្ស​ប្រជាធិបតេយ្យ​ បានស្តី​បន្ទោស​ចំពោះការ​មើលស្រាល​ស្ថានការណ៍​ និង​ការ​ពន្យារ​ពេល​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូវីដ១៩​ របស់​រដ្ឋបាល​លោកដូណាល់​ ត្រាំ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ លោក​ចូ បៃឌីន​ បាន​និយាយថា​ លោក​ដូណាល់ ត្រាំ​ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការ​ខកខាន​មិនបាន​ឆ្លើយតប​នឹង​បញ្ហា​ឲ្យ​បាន​ទាន់ពេល​វេលា​។

គួរ​បញ្ជាក់​ជូន​ថា កាលពី​សប្តាហ៍​មុន​ រដ្ឋាភិបាល​អាមេរិក​បាន​អនុម័ត​លើ​កញ្ចប់​ជំនួយ​សង្គ្រោះ​ចំនួន​ជាង​ ២​ ទ្រី​លាន​ដុល្លារ​ ឬស្មើនឹង​ជាង​ ២០០​ ម៉ឺនលាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ពលរដ្ឋ​អាមេរិក​ រោងចក្រ​ ក្រុមហ៊ុន​ សហគ្រាស​ និង​មន្ទីរពេទ្យ​។

ទាក់ទង​រឿងនេះ​ដែរ​ នៅ​ថ្ងៃ​សុក្រ​នេះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​ព្រមាន​ ថា​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង​កូវីដ១៩​ អាច​ធ្វើឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ចំនួន​ ៤,១ ទ្រី​លាន​ដុល្លារ​ ដោយសារ​តែ​វា​ធ្វើឱ្យ​ប៉ះពាល់ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​អ្នកមាន​ជាច្រើន​មាន​ជាអាទិ៍​ សហរដ្ឋអាមេរិក​ អឺរ៉ុប​ និង​ប្រទេស​ចិន​ជាដើម​។

ផលប៉ះពាល់​ ដែល​បាន​ប៉ាន់ស្មាន​ដោយ​ ADB​ គឺ​ស្មើនឹងជិត​ ៥ %​ នៃ​ផលិតផល​សរុប​ទូទាំង​ពិភពលោក​។ ក៏ប៉ុន្តែ​ ដោយ​ផ្អែកលើ​សេណារីយ៉ូ​មិនល្អទាល់តែសោះ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ គេ​គិតថា​ ការ​ខាតបង់​ដែល​បណ្តាលមក​កូវីដ១៩​ អាច​ខ្ពស់ជាង​តួលេខ​របស់​ ADB ទៅទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ