អានតួអត្ថបទ
អ៊ីរ៉ង់-សហរដ្ឋ​អាមេរិក

តុលាការ​យុត្តិធម៌អន្តរជាតិ ទទួល​ជំនុំជម្រះ​បណ្តឹង​​អ៊ីរ៉ង់ប្រឆាំង​នឹងទណ្ឌកម្មអាមេរិក

សហរដ្ឋ​អាមេរិក​​បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ចំណែក​អ៊ីរ៉ង់​រីករាយណាស់ ក្រោយ​ពី បាន​ឮ​សេចក្តីសម្រេចចិត្ត​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ នៅ​ថ្ងៃ​ពុធ​ទី ៣កុម្ភៈ ម្សិលមិញ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​សម្រេច​ថា​តុលាការ​មាន​យុត្តាធិកា​ក្នុង​ការ​ជំនុំ​ជម្រះ​បណ្តឹង​របស់​ភាគី​អ៊ីរ៉ង់ ប្រឆាំង​នឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​។

ទិដ្ឋភាព​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ក្រុង​ឡាអេ
ទិដ្ឋភាព​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ក្រុង​ឡាអេ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

អាមេរិក​គោរព​តុលាការ​យុត្តិធម៌អន្តរជាតិ​ណាស់ តែ​អាមេរិក​ខក​ចិត្ត​ខ្លាំង​ដែល​តុលាការ​ព្រមស្តាប់​ហេតុផល​តាមផ្លូវ​ច្បាប់​របស់​អាមេរិក ហើយ​បែរ​ជាព្រម​ទទួល​ជំនុំ​ជម្រះ​បណ្តឹង​របស់​អ៊ីរ៉ង់​។ នេះ​បើ​តាម​ប្រតិកម្មរបស់​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Ned Price ។

អ៊ីរ៉ង់​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ នៅ​ឆ្នាំ​២០១៨ ប្រឆាំងនឹងអាមេរិក ថា​បាន​រំលោភសន្ធិសញ្ញា​មិត្តភាពឆ្នាំ​១៩៥៥​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​រួម​គ្នា ដោយ​ដាក់​ទណ្ឌកម្មប្រឆាំង​នឹងអ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក​ក្រោម​​​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ដែល​ក្រោយ​ពី​បាន​ចាក​ចេញ​ពី​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរសម្រេច​បាន​កាលពី​ឆ្នាំ​២០១៥​​​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​​មក បាន​សើរើ​ដាក់​ទណ្ឌកម្មលើ​អ៊ីរ៉ង់​ឡើងវិញ។ ទណ្ឌកម្មនេះ​ជា​ដើមហេតុ​នាំ​ឱ្យ​ប្រទេស​អ៊ីរ៉ង់រង​ទុក្ខ​ធ្លាក់​ក្នុង​ភាព​លំបាក និងខូច​ខាត​ជីវិត​រាប់​លាន​នាក់។​

សហរដ្ឋ​អាមេរិក​បានបិទ​បញ្ចប់​សន្ធិសញ្ញាមិត្តភាព​​ឆ្នាំ​១៩៥៥​នោះ ជា​ផ្លូវការ​ នៅ​ឆ្នាំ​ ២០១៨ នៅ​ពេល​តុលាការ​យុត្តិធម៌​​អន្តរជាតិ​បញ្ជា​ឱ្យ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ ចំពោះ​ផលិតផល​មនុស្ស​ធម៌។ អាមេរិក​និង​​តវ៉ា​ដោយ​បាន​លើក​​ហេតុ​ផល​ ​ច្បាប់ផង សន្តិសុខផង ​ថា​តុលាការ​យុត្តិធម៌​អន្តរជាតិដែល​ជា​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់ ​គ្មានយុត្តាធិកាជំនុំជម្រះ​បណ្តឹង​អ៊ីរ៉ង់​នេះ​ទេ និង​ត្រូវ​តែទម្លាក់​​បណ្តឹង​នេះចោល។ អាមេរិក​បាន​​ពន្យល់​តុលាការ​ថា ទណ្ឌ​កម្មអាមេរិក​ដាក់​លើ​អ៊ីរ៉ង់ ជា​ការ​ចាំ​បាច់​ ព្រោះ អ៊ីរ៉ង់​ជា​តំណាង​នៃ​កា​រគំរាមកំហែង​សន្តិសុខ​អន្តរជាតិ។

ប៉ុន្តែ​ក្រុម​ចៅក្រមរបស់​តុលាការ​​ បាន​ច្រាន​ចោល​ពាក្យ​តវ៉ា​របស់​សហរដ្ឋ​អាមេរិក។ ប្រធាន​តុលាការយុត្តិធម៌​អន្តរជាតិ លោក Abdulqawi Ahmed Yusuf បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ៣កុម្ភៈ ថា​តុលាការ​មាន​យុត្តាធិកា ក្នុង​ការ​ជំនុំ​ជម្រះ​បណ្តឹង​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។ ពេល​នេះ​ តុលាការ​ចាប់​ជំនុំ​ជម្រះ​ក្តី​ហើយ តែ​គេ​ត្រូវ​រង់​ចាំ​ជា​ច្រើនខែ ឬ​ឆ្នាំទៀត ទម្រាំ​តុលាការ​ចេញ​សាលក្រម​។

តែ​យ៉ាង​ណា​ក៏​ដោយ ក៏រដ្ឋមន្ត្រីការ​បរទេស​អ៊ីរ៉ង់​បាន​ចាត់​ទុក​ជា​សេចក្តីសម្រេច​របស់​តុលាការ​​​នេះថា​ជា​ជោគជ័យ​មួយ​សម្រាប់​អ៊ីរ៉ង់។

សូម​បញ្ជាក់​ថា​រដ្ឋបាលអាមេរិក​ថ្មី​​របស់​លោក​ចូបៃដិន កំពុង​ពិចារណា​ត្រលប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វិញ​ តែ​អាមេរិក​ចង់​​ឱ្យ​អ៊ីរ៉ង់​ដក​បណ្តឹង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចេញ​វិញសិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ