អាល្លឺម៉ង់គ្រោងនឹងអនុម័តច្បាប់អន្តោប្រវេសន៍ដើម្បីទាក់ទាញពលករបរទេស
ដើម្បីទាក់ទាញបុគ្គលិកបរទេសមកបំពេញកម្លាំងពលកម្មដែលកំពុងខ្វះខាតនៅក្នុងប្រទេស រដ្ឋាភិបាលអាល្លឺម៉ង់ គ្រោងនឹងអនុម័តលើច្បាប់អន្តោប្រវេសន៍ថ្មីមួយនៅថ្ងៃពុធ ទី១៩ ធ្នូនេះ បើទោះបីជាមានការប្រឆាំងជំទាស់មួយចំនួនយ៉ាងណាក៏ដោយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២២
នាខណៈពេលនេះ ក្រុមហ៊ុនឧស្សាហកម្មជាច្រើនក្នុងប្រទេសអាល្លឺម៉ង់កំពុងតែរង់ចាំយ៉ាងអន្ទះសារចំពោះការដាក់ឲ្យអនុវត្តនូវច្បាប់អន្តោប្រវេសន៍ថ្មី ដើម្បីអាចស្រូបយកពលរដ្ឋបរទេស ឲ្យទៅធ្វើការនៅក្នុងវិស័យឧស្សាហកម្មអាល្លឺម៉ង់ដែលកំពុងតែស្រេកឃ្លានកម្លាំងពលកម្មថ្មី។ ច្បាប់ថ្មីដែលគ្រោងនឹងអនុម័តនៅថ្ងៃនេះនឹងអនុញ្ញាតឲ្យអ្នកស្វែងរកការងារមកពីខាងក្រៅសហភាពអឺរ៉ុបដែលមានដូចជាផ្នែកចុងភៅ ឬអ្នកបច្ចេកទេសផ្នែកបច្ចេកវិទ្យាព័ត៌មាន អាចសាកល្បងធ្វើការក្នុងប្រទេសអាល្លឺម៉ង់រយៈពេល ៦ ខែ ក្នុងករណីដែលពួកគេអាចនិយាយភាសាអាល្លឺម៉ង់ និងមានប្រាក់កាសសម្រាប់ចំណាយខ្លួនឯងបានក្នុងអំឡុងពេលនោះ។
សូមជម្រាបជូនថា បច្ចុប្បន្ននេះ ប្រទេសអាល្លឺម៉ង់កំពុងត្រូវការកម្លាំងពលកម្មខ្លាំង ជាក់ស្តែងមានក្រុមហ៊ុន សហគ្រាសក្នុងស្រុកប្រមាណជា ៦០% កំពុងស្វែងរកពលករក្រៅស្រុក។ ប្រសិនណាបើ រដ្ឋាភិបាលមិនស្វែងរកដំណោះស្រាយទេនោះ ឧស្សាហកម្មរបស់អាល្លឺម៉ងនឹងជួបហានិភ័យនាពេលខាងមុខ។
ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ច្បាប់អន្តោប្រវេសន៍នេះត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បណ្តាក្រុមហ៊ុនសហគ្រាសក្នុងស្រុកអាល្លឺង់ម៉ង់។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានអ្នកខ្លះព្រួយបារម្ភនិងមិនចង់ឲ្យរដ្ឋាភិបាលអនុម័តលើច្បាប់នេះដែរពីព្រោះពួកគេខ្លាចថាច្បាប់ថ្មីនេះអាចធ្វើឲ្យប្រទេសអាល្លឺម៉ង់ធ្លាក់ក្នុងវបត្តិបន្ថែមទៀតបាន។
ច្បាប់ថ្មីនេះអាចបង្កជាភាពចម្រូងចម្រាសក្នុងសង្គមដោយហេតុថាផែនការស្រូបយកជាតិសាសន៍ផ្សេងទៀតឲ្យមកធ្វើការនៅអាល្លឺម៉ង់ អាចធ្វើឲ្យប៉ះពាល់ដល់ជនអន្តោប្រវេសន៍រាប់សែននាក់ដែលកំពុងរង់ចាំទទួលសិទ្ធិជ្រកកោនដើម្បីអាចធ្វើការនិងរស់នៅក្នុងប្រទេសអាល្លឺម៉ង់បាន។
តែទោះជាយ៉ាងណាក្តី មន្រ្តីរដ្ឋាភិបាលអាល្លឺម៉ង់បានចេញមុខបញ្ជាក់ថាច្បាប់អន្តោប្រវេសន៍ថ្មីនេះ នឹងមិនប៉ះពាល់ដល់សិទ្ធិសុំជ្រកកោនរបស់ជនភៀសខ្លួនឡើយ។ គួររឭកជូនថា ប្រទេសអាល្លឺម៉ង់ បាននិងកំពុងពើបប្រទះទៅនឹងការបែកបាក់ផ្ទៃក្នុងដោយសារតែលំហូរចូលដ៏ច្រើននៃជនភៀសខ្លួននិងពលករចំណាកស្រុកពីប្រទេសស៊ីរី-អ៊ីរ៉ាក់ ដែលមានចំនួនរហូតដល់ជាងមួយលាននាក់ ចាប់តាំងពីឆ្នាំ២០១៥មក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ