អានតួអត្ថបទ
OMS-ចិន-អាមេរិក

ចិនចេញមុខជួយការពារអង្គការសុខភាពពិភពលោកដោយវាយបកដាក់អាមេរិកវិញ

អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ជា​ភាសា​អង់គ្លេស WHO បាន​បិទបញ្ចប់​សម័យប្រជុំ​ប្រចាំ​ឆ្នាំ​រយៈពេល ២ថ្ងៃ​តាម video conference នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី១៩ ឧសភា។ ជា​លទ្ធផល សមាជិក​ទាំង ១៩៤ប្រទេស ក្នុង​នោះ​មាន​ចិន និង​អាមេរិក​ផង​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីសម្រេច​មួយ​ស្តីពី​ការ​វាយតម្លៃ​ឯករាជ្យ​ពី​សំណាក់​អង្គការ​សុខភាពពិភពលោក​ចំពោះ​ការ​ឆ្លងរាត្បាត​នៃ​មេរោគ​កូរ៉ូណាថ្មី។ លទ្ធផល​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​អាមេរិក​បាន​ចោទ​អង្គការ​អន្តរជាតិ​មួយ​នេះ​ពី​បទ​កាន់​ជើង​ចិន និង​គ្រប់គ្រង​ជំងឺ​កូវីដ ១៩ មិន​បាន​ល្អ។ ចំណែក​ចិន​បាន​ចេញ​មុខ​ការពារ WHO ដោយ​ចោទ​អាមេរិក​ពី​បទ​គេចវេស​មិន​ចង់​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ WHO។

អគ្គនាយកអង្គការ​សុខភាពពិភពលោក​
អគ្គនាយកអង្គការ​សុខភាពពិភពលោក​ Christopher Black/WHO
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​ដែល​អនុម័ត​ដោយ​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ទាំង ១៩៤ប្រទេស​គ្រោង​បង្កើត​ចេញ​នូវ​នីតិវិធី​វាយតម្លៃ​មួយ​មិន​លំអៀង ឯករាជ្យ និង​ពេញលេញ​ប្រឈម​នឹង​ជំងឺ​ឆ្លងរាតត្បាត។ កម្មវត្ថុ​នៃ​ការ​បង្កើត​ឲ្យ​មាន​នីតិវិធី​មួយ​នេះ​ឡើង គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​សមត្ថភាព​បង្ការ ការ​រៀបចំ និង​ការ​ឆ្លើយ​តប​របស់ WHO ទល់​នឹង​ជំងឺ​ឆ្លងរាតត្បាត។ តែ​ខ្លឹមសារ​លំអិត​នៅ​ក្នុង​និតិវិធី​មួយ​នេះ​ហាក់​នៅ​បន្ត​ស្រពិចស្រពិល​នៅ​ឡើយ។ គួរ​រម្លឹក​ថា វិបត្តិ​ជំងឺ​កូវីត ១៩​បាន​ធ្វើ​ឲ្យ WHO រង​ការ​រិះគន់​មិន​សំចៃមាត់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ​បាន​ចង្អុល​មុខ WHO ពី​បទ​គ្រប់គ្រង​មិន​បាន​ល្អ និង​ចោទ​ WHO ជា​អាយ៉ង​របស់​ចិន។

 

នៅ​ក្នុង​ន័យ​នេះ លោក​ត្រាំ​បាន​ព្រមាន​បញ្ឈប់​ការ​ផ្តល់​វិភាគទាន​ប្រមាណ​ជា ៤០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ទៅ​ឲ្យ​WHO។ បន្ទាប់​មក លោក​ត្រាំ​ក៏​បាន​គំរាម​ដក​អាមេរិក​ចេញ​ពី​សមាជិក​របស់​ WHOដែរ។ យ៉ាង​ណា​ក៏​ដោយ លោក​ត្រាំ​បាន​ទុក​ពេល ៣០ថ្ងៃ​ឲ្យ​ WHO ធ្វើ​កំណែទម្រង់​លើ​ការងារ​មួយ​ចំនួន​របស់​ខ្លួន។ កាល​ពី​ថ្ងៃ​ចន្ទ ទី១៨ ឧសភា រដ្ឋមន្រ្តី​សុខាភិបាល​អាមេរិក​បាន​បញ្ជាក់​ថា បរាជ័យ​របស់ WHO ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន និង​បាន​ទាមទារ​ឲ្យ WHO ធ្វើ​ការ​ឲ្យ​មាន​តម្លាភាព​ជាង​នេះ។ ចំណែក​ចិន​នៅ​ថ្ងៃ​អង្គារ ទី១៩ ឧសភា​បាន​ចេញ​មុខ​ការពារ WHO ដោយ​យល់​ថា រដ្ឋបាល​អាមេរិក​បាន​ព្យាយាម​គេចវេស​មិន​ចង់​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ WHO និង​បង្ខូច​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​ប្រឆាំង​កូវីដ ១៩។

 

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​បញ្ចេញ​ប្រតិកម្ម​ឌឺដង​ដាក់​ប្រទេស​មួយ​ចំនួន​ដោយ​មិន​​និយាយ​ចំ​ឈ្មោះ​ថា ប្រទេស​ទាំង​នោះ​បាន​ព្រងើយកន្តើយ​នឹង​អនុសាសន៍​របស់ WHO ដូច​យ៉ាង​មិន​ធ្វើ​តេស្ត​រក​មេរោគ មិន​ក្រុង​មនុស្ស​ឲ្យ​នៅ​ផ្ទះ រួម​ទាំង​មិន​គោរព​គម្លាត​សុវត្ថិភាព​ជា​ដើម។ ទោះ​បី​ជា​លោក Guterres មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​និយាយ​សំដៅ​អាមេរិក​ដែល​លោក​ត្រាំ​ធ្លាប់​បាន​មើលស្រាល​លើ​កូវីដ ១៩ និង​តែង​ជំទាស់​នឹង​ការ​ក្រុង​មនុស្ស​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ដោយ​គិត​ប្រយោជន៍​សេដ្ឋកិច្ច​ធំ​ជាង​សុខភាព​របស់​ពលរដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ