អានតួអត្ថបទ
អាមេរិក-តៃវ៉ាន់-ចិន

អាមេរិក​ សម្រេច​លក់​មីស៊ីល​បំពាក់​លើ​នាវា​មុជទឹក​ក្នុង​តម្លៃ ១៨០ លាន​ដុល្លារ​ឲ្យទៅ​តៃវ៉ាន់​

សហរដ្ឋ​អាមេរិក​ បាន​សម្រេច​លក់​មីស៊ីល​បំពាក់​លើ​នាវា​មុជ​ទឹក​ចំនួន​ ១៨​ គ្រឿង​ ក្នុង​តម្លៃ​ ១៨០​ លាន​ដុល្លារ​ ទៅឱ្យ​កោះ​តៃវ៉ាន់​។ នេះ​ បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ កាលពី​ថ្ងៃ​ពុធ​ ទី​ ២០​ ឧសភា​ម្សិលមិញ​។ សេចក្តី​សម្រេច​របស់​អាមេរិក​បែប​នេះ​ ទំនងជា​នឹង​ធ្វើឲ្យ​កើនឡើងនូវ​ទំនាក់ទំនងតានតឹងដែលមានស្រាប់រវាងទីក្រុង​វ៉ាស៊ីនតោន​ ជាមួយ​នឹង​ក្រុងប៉េកាំង​ដែល​តែងតែ​អះអាង​ថា​ តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​ចិន​។

ប្រធានាធិបតីឯករាជ្យនិយមតៃវ៉ាន់លោកស្រី ឆៃ អ៊ីងវេន ។
ប្រធានាធិបតីឯករាជ្យនិយមតៃវ៉ាន់លោកស្រី ឆៃ អ៊ីងវេន ។ AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​មេដឹកនាំ​កោះតៃវ៉ាន់​ លោកស្រី​ ឆៃ អ៊ីងវេន ប្រកាស​ប្តេជ្ញា​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន​ សហរដ្ឋ​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ ក៏​បាន​សម្រេច​លក់​មីស៊ីល​ធន់​ទំនើប​ បំពាក់​លើ​នាវា​មុជ​ទឹក​ប្រភេទ​ MK-48 Mod6 ឲ្យទៅ​កោះតៃវ៉ាន់​ភ្លាមភ្លែត​។

សហរដ្ឋអាមេរិក​បាន​ពន្យល់ថា​ ការ​លក់​សព្វាអាវុធ​ទៅឲ្យ​តៃវ៉ាន់​គឺជា​រឿងល្អ​ទាំងសង​ខាង​ ទាំង​សម្រាប់​អាមេរិក​ខ្លួនឯង​ផ្ទាល់​ និង​សម្រាប់​តៃវ៉ាន់​ដែល​ជា​អតិថិជន​។ ក្រសួង​ការ​បរទេស​អាមេរិក​ បាន​លើកឡើង​ថា​ អាវុធ​ទាំង​នោះ​ នឹង​ជួយ​ឲ្យ​តៃវ៉ាន់​អាច​ការពារ​ខ្លួន​ ពី​ការ​គំរាម​កំហែង​នានា​។

មួយវិញទៀត ការ​លក់​អាវុធ​ទៅឲ្យ​តៃវ៉ាន់​ គឺ​វា​បម្រើ​ដល់​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក​ ក្នុងការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កោះតៃវ៉ាន់​ ក្នុងការ​ធ្វើទំនើបកម្ម​អាវុធយុទ្ធភណ្ឌ ​ដើម្បី​អភិវឌ្ឍន៍​នូវ​សមត្ថភាព​ការពារខ្លួន​ឲ្យកាន់តែ​ខ្លាំង​ទ្វេឡើង​។

គួរជ្រាបថា ការ​ប្រកាស​លក់​អាវុធ​ធន់​ទំនើប​របស់​អាមេរិក​ទៅឲ្យ​កោះតៃវ៉ាន់​ធ្វើឡើង​កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​ ពោល​គឺ​នៅថ្ងៃ​តែមួយ​ដែល​តៃវ៉ាន់​ ហើយ​និង​ប្រទេស​ចិន​ផ្ទុះ​សង្គ្រាម​ពាក្យ​សម្តី​នឹងគ្នា​។

នៅថ្ងៃ​ម្សិលមិញ​នេះ​ ក្នុង​ពេល​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់​សម្រាប់​អាណត្តិ​ទី​២ ​លោកស្រី​ ឆៃ អ៊ីង​វេន​ ដែល​ជា​អ្នក​ឯករាជ្យ​និយម​បាន​អះអាង​សាជាថ្មី​ថា​ តៃវ៉ាន់​មិន​ព្រម​ជាដាច់ខាត​ក្លាយជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន​។ ការ​ប្រកាស​បែបនេះ​ បាន​ធ្វើឲ្យ​ចិនប៉េកាំង ​ផ្ទុះ​កំហឹង​ជាខ្លាំង​និងឆ្លើយបក​វិញ​ភ្លាម​ថា​ មិន​អនុញ្ញាត​ឲ្យ​តៃវ៉ាន់​បំបែក​ខ្លួន​ចេញពី​ប្រទេស​ចិន​បាន​ជា​ដាច់​ខាត​។

គួរ​កត់​សម្គាល់ថា​ ទោះបីជា​សហរដ្ឋអាមេរិក​ ទទួលស្គាល់​នយោបាយ​ចិន​តែមួយ​ ចាប់តាំងពី​ឆ្នាំ​ ១៩៧៩​ យ៉ាងណាក្តី​ ក៏​អាមេរិក​នៅតែ​ជា​សម្ព័ន្ធមិត្ត​ និងជា​អ្នកលក់អាវុធ​ធំជាងគេបំផុត​ទៅឲ្យ​កោះតៃវ៉ាន់។ 

ទាក់ទង​នឹង​ការ​ប្រកាស​របស់​អាមេរិក​ លក់​មីស៊ីលបាញ់នាវា​ឲ្យទៅ​តៃវ៉ាន់​នា​ពេលចុង​ក្រោយ​នេះ​ គេ​នៅ​មិនទាន់ឃើញ​ចិន​បញ្ចេញ​ប្រតិកម្មអ្វី​នៅឡើយ​នោះទេ​។ ក៏ប៉ុន្តែ​ នៅ​គ្រាកន្លងមក​ ទីក្រុងប៉េកាំង​តែងតែ​ចេញមុខ​ជំទាស់​ទៅនឹង​ការ​លក់អាវុធ​របស់​អាមេរិក​ទៅឱ្យ​កោះតៃវ៉ាន់​ ដោយ​លើក​ហេតុផលថា​វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ និង​សន្តិសុខ​ជាតិ​របស់​ចិន​។ បន្ថែមលើនេះ​ ចិន​ធ្លាប់​ទាំង​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ លើ​ក្រុមហ៊ុន​អាមេរិក​ដែល​លក់​អាវុធ​ទៅឲ្យ​តៃវ៉ាន់​ទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ