អានតួអត្ថបទ

ថៃ​ចាប់​សាកល្បង​វ៉ាក់ស៊ាំង ប្រឆាំង​កូវីដ ១៩ ទៅលើ​សត្វស្វា

ប្រទេស​ថៃ​កំពុង​ប្រកួតប្រជែង​នឹងគេ​ឯង​ដែរ ដើម្បី​ស្វែងរក​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ​១៩។ បន្ទាប់ពី​សាកល្បង​ដោយ​ជោគជ័យ​ទៅលើ​សត្វកណ្តុរ គេ​បាន​សាកល្បង​វ៉ាក់សាំង ប្រឆាំង​កូវីដ ១៩ លើ​សត្វស្វា។ នេះបើតាម​ការបញ្ជាក់​ របស់​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វារនសត្វ​របស់​ប្រទេស​ថៃ ដែល​ជាអ្នកទទួល​បន្ទុក​គម្រោង​អភិវឌ្ឍ​ថ្នាំវ៉ាក់សាំង ប្រឆាំង​កូវីដ កាលពី​ថ្ងៃ​ចន្ទ។ តាម​អង្គការ​សុខភាព​ពិភពលោក មាន​ការស្រាវជ្រាវ​ទៅលើ​វ៉ាក់សាំង ជាង ១០០ នៅក្នុង​ពិភពលោក ដែល​នៅក្នុងនោះ វ៉ាក់សាំង​ចំនួន ៨ ត្រូវ​បាន​គេ​ធ្វើតេស្ត​សាកល្បង​ទៅលើ​មនុស្ស។ 

រូបថត នៅសកលវិទ្យាល័យ ជូឡាឡុងកន នៅទីក្រុង​បាងកក នៅថ្ងៃទី​២៥​ឧសភា ២០២០ បង្ហាញ វ៉ាក់សាំង mRNAដែល ជា​បេក្ខជន​មួយ ដែល​អ្នកវិទ្យាសាស្រ្ត​សាកល្បង​បង្កើតឡើងសម្រាប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩
រូបថត នៅសកលវិទ្យាល័យ ជូឡាឡុងកន នៅទីក្រុង​បាងកក នៅថ្ងៃទី​២៥​ឧសភា ២០២០ បង្ហាញ វ៉ាក់សាំង mRNAដែល ជា​បេក្ខជន​មួយ ដែល​អ្នកវិទ្យាសាស្រ្ត​សាកល្បង​បង្កើតឡើងសម្រាប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

ក្រុមការងារ​របស់​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ វារនសត្វ របស់​ប្រទេស​ថៃ បាន​ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​ទៅលើ​សត្វស្វា ១៣ក្បាល កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន។ តាម​អ្នកស្រាវជ្រាវ​របស់​សកលវិទ្យាល័យ ជូឡាឡុងកន ដែល​ជា​ដៃគូ​នៃ​គម្រោងការ​ខាងលើ បើសិន​ការសាកល្បង​ទៅលើ​សត្វស្វា ​ផ្តល់​លទ្ធផល​វិជ្ជមាន ដូច​ការសាកល្បង​ទៅលើ​សត្វកណ្តុរ កន្លងមក នោះ ដំណើរការ​សាកល្បង​វ៉ាក់សាំង ទៅលើ​មនុស្ស​នឹង​អាច​ចាប់ផ្តើម​នៅ​ខែ​តុលា។

សហការ​ជាមួយ​សកលវិទ្យាល័យ​អាមេរិក នៅ​រដ្ឋ Pennsylvania ក្រុមអ្នកស្រាវជ្រាវ​ថៃ ធ្វើការ​ទៅលើ​បច្ចេកវិទ្យា​ថ្មី ដែល​គេ​មិនធ្លាប់​ប្រើ ពីមុនមក សម្រាប់​បង្កើត​វ៉ាក់សាំង។ ក្រោមឈ្មោះថា mNRA វ៉ាក់សាំង ប្រភេទថ្មី នឹង ផ្តល់​ព័ត៌មាន​Génétique​សំខាន់ៗ ទៅ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់​មនុស្ស ដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​ផលិត​ប្រូតេអ៊ីន​ប្រឆាំង​នឹង​មេរោគកូរ៉ូណាថ្មី។

ក្រុមហ៊ុន​Moderna ដែល​ទើប​ទទួល​បាន​កញ្ចប់ថវិកា​៥០០​លាន​ដុល្លារ ពី​រដ្ឋាភិបាល​អាមេរិក សម្រាប់​អភិវឌ្ឍ ផលិត​វ៉ាក់សាំង ក៏បាន​ប្រើ​វិធីសាស្រ្ត បច្ចេកវិទ្យា​ខាងលើ ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ​នេះដែរ។

ក្រុមអ្នកស្រាវជ្រាវ​ថៃ មាន​គោលដៅ ចង់​ផលិត និង​លក់​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូវីដ ១៩ ឲ្យបាន យ៉ាងយូរបំផុត នៅ​ឆ្នាំ ក្រោយ។ តាម​លោកស្រី សុចិនដា​ម៉ាឡាវីជីតណុន ប្រធាន​មជ្ឈមណ្ឌល ស្រាវជ្រាវ​ថៃ គោលបំណង​ធំបំផុត​នៃ​គម្រោង​អភិវឌ្ឍន៍ វ៉ាក់សាំង នៅប្រទេសថៃ គឺ​ការផលិត និង​លក់​វ៉ាក់សាំង​ក្នុង​តម្លៃថោក សម្រាប់​ប្រទេស​ក្រីក្រ និង​ប្រទេស​ដែល​មាន​ជីវភាព​មធ្យម ដែល​រងគ្រោះ​ដោយសារ​កូវីដ ១៩ ដូចជា​ប្រទេស​ឡាវ កម្ពុជា និង​ភូមា​ជាដើម។ សម្រាប់ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថៃ វ៉ាក់សាំង​ផលិតនៅប្រទេស​ថៃ នឹង​អាច​ថោកជាង​វ៉ាក់សាំង ផលិត​នៅអឺរ៉ុប ឬ​នៅអាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ