អានតួអត្ថបទ
ថៃ

ខ្លាច​ផ្ទុះកូវីដ១៩​រលកទីពីរ ថៃផ្អាក​​មិន​ទទួល​បរទេស​មួយ​រយៈទៀត

នាយក​រដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ​ចាន់អូចា បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី ១៤​កក្កដា២០២០ផ្អាក មិន​ទទួល​ រាល់​គ្រប់​ជើង​ហោះហើរ​​មក​ពីបរទេស​។ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទាហាន​ជាតិ​អេហ្ស៊ីបម្នាក់ ដែល​មក​បំពេញ​បេសកកម្មនៅ​ក្នុង​ប្រទេសថៃ បាន​រំលោភ​ច្បាប់​ចត្តាឡីស័ក​១៤​ថ្ងៃ ដោយ​លួច​ធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទាំង​ខ្លួន​វិជ្ជមាន​នឹង​​កូរ៉ូណាវីរុស​ថ្មី។

នាយករដ្ឋមន្ត្រី​ថៃប្រាយុទ្ធ​ចាន់អូចា
នាយករដ្ឋមន្ត្រី​ថៃប្រាយុទ្ធ​ចាន់អូចា REUTERS - Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ថៃ​លែងរកឃើញមានករណីវិជ្ជមានកូវីដ១៩ក្នុង​ស្រុកសោះ ចំនួន​៥០​ថ្ងៃ​ហើយ​ ហើយ​បាន​សម្រេច​បើក​ច្រក​អាកាស​វិញ​ដោយ​សន្សឹមៗ​ តាំង​ពី​ដើម​ខែ​កក្កដា​មក ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួនប៉ុណ្ណោះ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ខ្លះ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ព្រំដែន​អាកាស​ថៃ​ត្រូវ​បិទ​ទៅ​វិញ មួយ​រយៈ​ទៀតសិន។

មូលហេតុមកពី ​កាលពី​ថ្ងៃទី ១០​កក្កដា យោធា​អេហ្ស៊ីប​មួយ​​ក្រុម​បាន​មក​ដល់​ថៃ​ ចុះ​ចត​នៅ​អាកាសយានដ្ឋានយោធា​ចម្ងាយ​១៥០​គីឡូម៉ែត្រ​​ពី​ក្រុង​បាកកក។ តាម​ធម្មតា យោធា​ទាំង​នោះ​ត្រូវ​ឃុំ​ខ្លួនឯងក្នុង​សណ្ឋាគារ​១៤​ថ្ងៃ​សិន ប៉ុន្តែ​មាន​ម្នាក់​បានចេញ​ទៅដើរ​ហាងនៅ​ក្នុង​មជ្ឈមណ្ឌលពាណិជ្ជកម្មមួយ។​​ ហើយ​ជា​សំណាងអាក្រក់លទ្ធផល​តេស្ត​បង្ហាញ​ថា​​យោធា​ម្នាក់នោះ​វិជ្ជមាន​នឹង​កូវីដ១៩។

ពេលនេះអាជ្ញាធរថៃ​កំពុង​តាម​ស្វែងរក​ពលរដ្ឋ​ទាំង​១៧០០​នាក់ ដែល​បានទៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​​ក្នុង​ថ្ងៃតែមួយ​​ ឬ​ជួប​ដោយ​មិនដឹង​ខ្លួន ជាមួយ​យោធាអេហ្ស៊ីប​ឈឺ​នោះ។

លោកនាយករដ្ឋមន្ត្រី​ថៃ បាន​ចេញ​មុខ​ទទួល​ត្រូវ​ចំពោះ​ហេតុការណ៍​នេះនិង​បាន​ចេញ​មុខ​យ៉ាង​កម្រ​សម្តែង​ការ​សុំ​ទោស ចំពោះ​ទង្វើ​ប្រហែស​នាំ​ឱ្យ​ខូច​ទំនុកចិត្ត​និង​សុវត្ថិភាព​សាធារណៈ។ សូម​បញ្ជាក់​ថា គ្រប់អ្នក​ដំណើរ​មក​ដល់​ថៃ មិន​ថាបរទេស ឬ​ជនជាតិ​ថៃ​ផ្ទាល់​ទេ សុទ្ធ​តែ​មានកាតព្វកិច្ច​គោរព​ចត្តាឡីស័ក​១៤​ថ្ងៃ​សិន​មុន​នឹង​អាច​ចូល​ទឹកដីថៃ​បាន។ ប៉ុន្តែ​ទាហាន​និង​អ្នក​ការទូត ត្រូវ​បំពេញ​លក្ខខណ្ឌ​នេះ​ដោយ​គ្មាន​ការ​តាមដាននិង​ត្រួត​ពិនិត្យ​ទេ។ ថៃ​ក៏​កំពុង​តាម​ស្រាវ​រក​ដាន​នៃ​ការ​ធ្វើ​បំលាស់​ទី​របស់​កូនស្រី​មន្ត្រី​ទូត​ស៊ូដង់ម្នាក់ ដែលមាន​ផ្ទុក​​កូវីដ១៩ និង​ដែល​ចូលមកដល់​ប្រទេស​ថៃ​កាលពី​ថ្ងៃទី ១០​កក្កដា​ដែរ។

ករណី​ពីរ​នេះ​បាន​មក​ពន្យឺត​គម្រោង​បើក​ព្រំដែន​ទទួលទេសចរ​បរទេស​​ឡើង​វិញ​។ ដើម្បី​ស្តារ​សេដ្ឋកិច្ច ​ដែល​រំពឹង​យ៉ាង​ខ្លាំង(២០%)លើ​វិស័យ​ទេសចរណ៍ ថៃចង់បើក​ទទួលភ្ញៀវ​ទេសចរ​ជា​បឋម​មក​ពី​ប្រទេសជិត​ខាង​ក្នុង​តំបន់​ ដែល​គ្រប់គ្រង​ស្ថានភាព​កូវីដ​១៩​បាន​ដូច​គ្នា ដោយ​​សង្ឃឹម​ថា​នឹង​ទទួលទេសចរ​បាន​១៤​លាន​នាក់​នៅឆ្នាំ​២០២០ ទល់​នឹង​៤០លាន​នាក់​នៅ​ឆ្នាំ​២០១៩។ កូវីដ១៩​ដែលបាន​សម្លាប់​ជីវិត​ជនជាតិ​ថៃ ៥៨នាក់ និងចម្លងលើ​មនុស្ស​ប្រមាណ​៣២០០នាក់ ​បាន​ធ្វើ​ថៃ​ខាត​បង់​ចំណូល​រាប់​សិប​ពាន់​លាន​ដុល្លារ អ្នក​អត់ការងារ​ធ្វើរាប់​លាន​នាក់ តាំងពី​ខែ​មេសា​មក និង​បាន​ធ្វើ​ឱ្យ​ផលិតផល​ក្នុង​ស្រុកធ្លាក់ចុះប្រមាណ​ពី​ ​៦ទៅ​១០%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ