អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពលរដ្ឋ​ថៃ​​រាប់​ម៉ឺន​​នាក់​ចុះ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ថៃ បាតុករ​រាប់​ពាន់​នាក់​ ភាគ​ច្រើន​ជា​ក្មេងៗ​ អាយុ​ក្រោម​៣០​ឆ្នាំ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នា​ទីក្រុង​បាងកក នៅល្ងាច​ថ្ងៃ​សៅរ៍​ទី ១៨​កក្កដា​ម្សិលមិញ​ដើម្បី​បរិហារ​នយោបាយ​របស់​​រដ្ឋាភិបាល។ គិត​ចាប់​តាំង​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក នេះ​ជា ​បាតុកម្ម​ដ៏​ធំ​ដំបូងផង​និង​ដែល​​ធ្លាក់​មក​ចំពេល​ប្រទេស​​កំពុង​មាន​វិបត្តិសេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ បង្ក​ឡើង​ដោយ​​កូវីដ១៩។

បាតុករ​ថៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រុង​បាងកក ថ្ងៃទី ១៨ កក្កដា ២០២០
បាតុករ​ថៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រុង​បាងកក ថ្ងៃទី ១៨ កក្កដា ២០២០ REUTERS - CHALINEE THIRASUPA
ផ្សាយពាណិជ្ជកម្ម

អ្វី​ជាគួរ​ឱ្យ​​កត់​សម្គាល់​និង​ខុស​ពី​ចលនា​បាតុកម្មមុន​ៗ ដែល​ជាបាតុកម្ម​ពណ៌ ជួន​ដោយ​ក្រុម​អាវ​ក្រហម ជួន​ដោយ​ក្រុម​អាវ​លឿង យប់​មិញ​ បាតុករ​ភាគ​ច្រើន​ជា​យុវជន​យុវនារី សិស្ស​និស្សិត​ អាយុ​ក្រោម​៣០ឆ្នាំ​ និង​បាន​ជ្រើសរើស​​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ដូច​អ្វី​ដែល​គេ​ធ្លាប់ឃើញ​នៅ​ហុងកុង។

មាន​គ្នា​រាប់​ពាន់​នាក់ បាតុករ​បាន​ទម្លាយ​រនាំង​ប៉ូលិស រហូត​មាន​ការ​ប៉ះទង្គិច​ជា​មួយ​ភ្នាក់ងារ​នគរបាល​ផង​ សម្រុកចូល​ទៅ​ជួប​ប្រជុំ​គ្នា​​​​ទីលាន​ប្រជាធិបតេយ្យ​ ដែលមាន​សំណាក​​ជា​និម្មិត្តរូប​នៃ​បដិវត្ត​​ឆ្នាំ​១៩៣២។

ពុំ​​មាន​មេមានកើយ និង​ទិន្ននាការ​នយោបាយ​ច្បាស់​លាស់​ទេ ​ចលនាដែលកកើត​ឡើង​និង​ប្រមូល​ផ្តុំ​ដោយ​យុវបាតុករ និង​សិស្ស​និស្សិត មាន​​សកម្មភាព​និង​​រៀប​ចំ​ប្រកូកប្រកាស​ធ្វើ​បាតុកម្ម​ឡើងបាន​​តាម​ប្រព័ន្ធសង្គម ដើម្បី​បញ្ចេញ​កំហឹង​ជា​រៀង​រាល់​ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

បាតុកម្ម​ប្រឆាំង​ “រាជានិយម”

លាយ​លំ​ដោយ​​​​បទភ្លេង​​រ៉ាប់ បទ​ភ្លេង​យុវជន​សម័យ​ថ្មី បាតុករ​បាន​នាំ​គ្នា​ស្រែក​ជ័យឃោស បរិហារ​រដ្ឋាភិបាល​របស់​លោក​ ប្រាយុទ្ធ​ចាន់អូចា ដែល​ជា​អតីតប្រមុខ​ដឹកនាំ​យោធា​ និង​ទើប​ជាប់​ឆ្នោតដ៏​ចម្រូង​ចម្រាស​ជា​ថ្មី​នៅ​ឆ្នាំ​២០១៩ និង​បាន​ទាមទារ​ឱ្យដក​រដ្ឋាភិបាល​ យោធា​នេះ​​ចេញ។

“រដ្ឋាភិបាល​មិន​ខ្វល់​នឹង​យើងទេ បើ​យើង​មិន​ធ្វើ​បាតុកម្ម ក៏​យើង​ត្រូវ​តែខាត​និ​ងបាត់​បង់​ដែរ ច្បាប់​ការពារ​តែ​អ្នក​មាន ឯពលរដ្ឋ​ក្រីក្រ​គ្មាន​បាន​ទទួល​បាន​អ្វី​ទេ !” នេះ​ជា​សម្រែក​របស់​និស្សិត​ម្នាក់​អាយុ​​១៨​ឆ្នាំ។ ខ្លះ​ទៀត​ស្រែក​ទាមទារ​ថា “ពលរដ្ឋ​ថៃ​គួរ​តែ​ទទួល​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ ត្រូវ​តែ​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ ជា​មួយ​នឹង​ការ​បិទ​បញ្ចប់​សកម្មភាព​បង្ក្រាប​បំពាន​របស់​ប៉ូលិស”

ក្រៅ​អំពីចង់​បណ្តេញ​​​រដ្ឋាភិបាល បាតុករ​បាន​បរិហារ​ច្បាប់ព្រហ្មទណ្ឌ ១១២ ដែល​ចែង​ការពារ​យ៉ាង​មុត​មាំ​របប​រាជា​និយម​ និង​គ្រួសាររាជវង្ស​ថៃ។ ពួក​​គេ​ចង់បាន​ការ​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ រំលាយ​ចោល​ច្បាប់ប្រឆាំង​នឹង​ការ​​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​ដ៏​តឹង​តែង​ជាង​គេបំផុត​មួយ​លើ​លោក​។ បាតុករ​បាន​ស្រែក​យ៉ាង​ក្តែងៗ និង​សរសេរបដា​ចំៗ បណ្តេញ​រាជានិយម។ ជា​ការ​ទាមទារ​ដែល​ពុំ​ធ្លាប់​កើត​មាន​ពី​មុន​មក​ទេ។ បើ​តាម​ច្បាប់ ការ​រិះគន់​ប៉ះពាល់​ដល់​រាជានិយម​នៅ​ថៃ​ អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ដល់​ទៅ​១៥​ឆ្នាំ។

វិបត្តិ​សេដ្ឋកិច្ច

រដ្ឋាភិបាល​ថៃ អាច​ទប់ទល់​នឹង​វិបត្តិ​កូរ៉ូណាវីរុស​បាន មិន​ឱ្យ​រង​ការ​រាតត្បាត​កូវីដ១៩ខ្លាំង​ ប៉ុន្តែពិត​ជា​ពិបាក​ទប់​កំហឹង​របស់​ប្រជាពលរដ្ឋ​​ណាស់ នៅ​ពេល​សេដ្ឋកិច្ច​ជាតិ​ជួបវិបត្តិ​ដ៏ធ្ងន់ធ្ងរ​នោះ។

ដោយហេតុ​កូវីដ១៩ និង​វិធានការ​ទប់​ស្កាត់​កុំ​ឱ្យមានការ​រាតត្បាត សកម្មភាព​នាំ​ចេញ​ ត្រូវ​បន្ថយ​ល្បឿន ឯ​វិស័យ​ទេសចរណ៍ដែល​​ជា​សរសរទ្រូង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ត្រូវ​គាំង​ស្តូក។ ជា​លទ្ធផល​​សេដ្ឋកិច្ច​ថៃ នឹង​ត្រូវ​រួញ​ ថយ​ចុះ​យ៉ាង​១០%​។ ហើយ​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ គឺ​ប្រជាពលរដ្ឋ​ថ្នាក់​កណ្តាល​និង​ក្រោម ព្រមទាំង​យុវជន​​ដែល​ត្រូវ​ដល់​វ័យ​ចូល​ប្រលូក​ក្នុង​ទីផ្សារការងារ​ដំបូង។ បើ​តាមការ​ព្យាករ​មាន​និស្សិត​ជា​ច្រើន​ម៉ឺន​នាក់​ណាស់ ដែល​នឹង​ត្រូវ​ទាត់​ខ្យល់ គ្មាន​ការងារ​ធ្វើ​​នៅពេល​បញ្ចប់​ការសិក្សា​និង​បាន​ទទួល​សញ្ញាប័ត្រ។

ម្យ៉ាង​វិញ​ទៀត អ្នក​វិភាគ​ជា​ច្រើន​​បាន​សម្គាល់​ឃើញ​ថា​រាជាណាចក្រ​ថៃ​ ដែល​បាន​ក្លាយ​ជា​របប​រាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ឆ្នាំ​១៩៣២ ក្រោយ​ចលនា​បដិវត្តប្រជាជន​មក ហាក់កំពុង​ដើរ​ថយ​ក្រោយ​ មាន​ទំនោរ​​ត្រលប់​ទៅ​រក​​របប​រាជានិយម​ផ្តាច់ការ​វិញក្រោម​ការ​គ្រង​រាជ​របស់​ព្រះ​មហាក្សត្រ​ មហាវិជ្ជរ៉ាឡុនកន និងការ​​ការពារ​​ទ្រទ្រង់​​របស់​​​ក្រុម​ឧត្តមសេនីយ៍​ ដ៏​មហាអភិរក្ស​និយម​។

រង​ផលវិបាក​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ គ្មាន​ការងារធ្វើ​ បូក​ផ្សំ​នឹងប្រវត្តិ​មិន​ល្អ​របស់​​រដ្ឋាភិបាល​​ដែល​ជា​អតីត​យោធា​ស្រាប់​ផង ជា​គ្រឿង​ផ្សំ​គ្រប់​មុខ​នៃការ​បំផុសកំហឹង​ឱ្យ​ឆាបឆេះ​ឡើង​​ ហើយ​ក្លាយ​ជា​លេសរុញ​ច្រាន​ឱ្យ​ក្រុម​យុវជន​ងើប​ឡើងធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ស្រែក​​ទាមទារ​បែប​ប្រជាធិបតេយ្យ ប្រឆាំ​ង​នឹង​រដ្ឋាភិបាល និង​រាជានិយម​។ ថ្ងៃ​នេះ​ជា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ចុះ​ថ្ងៃ​ស្អែក​ជា​អ្វី ?! ពេលវេលា​ជា​អ្នក​សម្រេច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ