អានតួអត្ថបទ

ថៃ​ដោះលែង​សកម្មជន​សិទ្ធមនុស្ស​ពីរនាក់ ក្រោយ​ចាប់ឃុំខ្លួន​ បាន​មួយ​យប់

នៅថៃ សកម្មជន​សិទ្ធមនុស្ស​ពីរនាក់ បាន​ត្រូវ​ដោះលែង​មកវិញ ក្រោយពីត្រូវ​នគរបាល​ថៃ​​ចាប់ឃុំ​ខ្លួន​ អស់មួយថ្ងៃ​​​មួយ​យប់។ ពួកគេ​ទាំងពីរនាក់ ត្រូវ​ប៉ូលិស​ចាប់ឃាត់​ខ្លួន​ នៅ​ល្ងាច​ថ្ងៃសុក្រ ហើយត្រូវ​ដោះលែង​វិញ នៅ​រសៀល​ថ្ងៃសៅរ៍ ទី​៨សីហា​។ ការ​ដោះលែងនេះ ស្ថិតក្រោមសម្រែក​ទាមទារ​យ៉ាង​ខ្លាំង ​ពី​សំណាក់​បាតុករ​គាំទ្រ​ចលនា​សិទ្ធមនុស្ស រាប់​រយនាក់ នៅមុខតុលាការ​ក្រុង​បាងកក​។

យុវជន​ថៃ​រាប់​រយនាក់​ធ្វើ​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល។​
យុវជន​ថៃ​រាប់​រយនាក់​ធ្វើ​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល។​ AFP
ផ្សាយពាណិជ្ជកម្ម

សកម្មជន​សិទ្ធមនុស្ស​​ដែល​ត្រូ​វ​ចាប់​ខ្លួន​និង​ដោះលែង​វិញនេះ ​ម្នាក់​អាយុ​៣៥ឆ្នាំ ឈ្មោះ អា​នុន នំផា ជា​មេធាវី​ជំនាញ​សិទ្ធមនុស្ស ហើយ​និងម្នាក់ទៀត និស្សិត​វ័យ​២៣ឆ្នាំ ដែល​ពួក​គេ​ជាអ្នក​ជួរមុខ​នាំអាទិ៍​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល និង​ទាមទារ​កែទម្រង់​រាជនិយម។

កាលពីថ្ងៃ​សុក្រ ទី​៧សីហា​ ប៉ូលិសក្រុង​បាងកក បាន​ចាប់ឃាត់​ពួកទាំងពីរនាក់ ដោយ​សំអាងលើបទចោទ​ប្រកាន់​ ចំនួន​៨ករណី​ឯណោះ។​ ក្នុងនោះ មានទាំង​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ បង្ខូច​សណ្តាប់​ធ្នាប់​សង្គម ហើយ​និង​ការ​បំពាន​លើវិធានការ​ទប់​ស្កាត់​ការរាតត្បាត​ជំងឺកូវីដ​១៩ ជាដើម។ បើ​សិន​ជា​សរុបទោស​ ពួក​គេ​អាច​នឹង​ត្រូវ​ជាប់​គុក​ មិន​តិច​ជាង​១៥ឆ្នាំ​នោះទេ។

នៅពេល​ឡើង​តុលាការ​ នៅថ្ងៃ​សៅរ៍ មា​នក្រុម​បាតុករ​រាប់​រយនាក់ បាន​ស្រែក​ទាមទារ​ឱ្យ​ដោះលែង​រូប​គេ​ទាំង​ពីរនាក់ ជា​សម្រែ​ក​យ៉ាងកក្រើក នៅមុខ​​សាលាជម្រះ​ក្តី ក្រុង​បាងកក។ ទីបំផុត សកម្មជន​ទាំង​ពីរនាក់ ក៏ត្រូវ​ដោះលែង​មកវិញ ក្រោម​លក្ខខណ្ឌ​នៅ​​ក្រៅឃុំ​បណ្តោះ​អាសន្ន​ ហើយ​អាជ្ញាធរ​ថៃ ដាក់កំហិត​​កុំ​ឱ្យពួកគេ​​ប្រព្រឹត្ត​បទល្មើ​សដដែល​ជាថ្មីទៀត។

ទោះយ៉ាងនេះ​ក្តី ក្រុម​បាតុករថៃ​​ទាំងឡាយ រួម​ទាំង​មេៗ​ក្រុម​បាតុកម្ម​ទាំងនេះ ភាគច្រើន​ជាយុវជន​និងនិស្សិត​ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ថា​ត្រូវ​នឹង​ធ្វើ​បាតុកម្ម​ជាថ្មី ហើយឱ្យ​​ធំ​ជាងមុន​ទៅ​ទៀត នៅ​ថ្ងៃសៅរ៍ ទី​១៦សីហា ខាងមុខ​នេះ។ បាតុកម្ម​របស់​ពួក​គេ មាន​គោល​បំណង​ទាមទារ​កំណែទម្រង់​រដ្ឋាភិបាលថៃ​ដែល​ដឹកនាំដោយ​របបសឹក​យោធា, កែច្បាប់ការពាររាជនិយម ដែល​ពួកគេ​ចាត់ទុក​ថា​តឹងតែ​ជ្រុលពេក​។ និយាយ​រួម ​ជាបាតុកម្ម​ប្រឆាំង​នឹងការដឹកនាំ​របស់នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ ចាន់អូចារ ហើយ​និង​ទាមទារ​ឱ្យ​រៀបចំការ​បោះឆ្នោតជាតិ​​សាជាថ្មី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ