អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាប្រធានាធិបតីចិនលោកស៊ី ជីនពីងអំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការខ្ចះខ្ជាយចំណីអាហារ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ចិន ប្រធានាធិបតី​លោក​ស៊ី ជីនពីង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ខ្ចះខ្ជាយ​ចំណីអាហារ។ ការ​អំពាវនាវ​របស់​បុរស​ខ្លាំង​ចិន​រូប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កាសែត​ប្រជាជន​ប្រចាំ​ថ្ងៃ​តាំង​ពី​ថ្ងៃទី១២ សីហា និង​ត្រូវ​បាន​កាសែត​ផ្សេង​ទៀត​យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​មក​ទល់​ពេល​នេះ។ កាសែត​ចិន​ជា​ច្រើន​បាន​រម្លឹក​ថា លោក​ស៊ី ជីនពីង​ធ្លាប់​បាន​អំពាវនាវ​ដូច​គ្នា​នេះ​ក្នុង​ឆ្នាំ ២០១៣។ តែ​មាន​សំណួរ​មួយ​ចំនួន​បាន​ចោទ​ឡើង ហេតុអ្វី​បាន​ជា​ប្រមុខរដ្ឋ​ចិន​បាន​អំពាវនាវ​ជា​ថ្មី​នៅ​ពេល​នេះ និង​ថា តើ​លោក​ស៊ី ជីនពីង​កំពុង​បារម្ភ​ពី​បញ្ហា​សន្តិសុខស្បៀង​ឬ យ៉ាង​ណា?។

ប្រធានាធិបតីចិន លោកស៊ី ជីនពីង
ប្រធានាធិបតីចិន លោកស៊ី ជីនពីង POOL/AFP/File
ផ្សាយពាណិជ្ជកម្ម

" ប្រតិបត្តិការ​បញ្ចប់​ឲ្យ​អស់​ពី​ចាន​របស់​អ្នក " នេះ​ជា​ឈ្មោះ​យុទ្ធនាការ​នៃ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ខ្ចះខ្ជាយ​ចំណីអាហារ​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង។ ផ្ទាំងស៊ីប​របស់​លោក​ស៊ី ជីនពីង​នៅ​ក្នុង​យុទ្ធនាការ​មួយ​នេះ គឺ​កាត់​បន្ថយ​ការ​ខ្ចះខ្ជាយ​ម្ហូបអាហារ​នៅ​តាម​ភោជនីយដ្ឋាន នៅ​ក្នុង​ពិធី​ផ្សេងៗ ដូច​ជា​ពិធី​ជប់លៀង ឬ​មង្គលការ និង​នៅ​តាម​គេហដ្ឋាន។ សម្រាប់​ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​ចិន មាន​ក្រពះ​ពលរដ្ឋ​ដល់​ទៅ ១ ៤០០លាននាក់​ដែល​រដ្ឋអំណាច​ត្រូវ​ចិញ្ចឹម​រាល់ថ្ងៃ។ គួរ​រម្លឹក​ថា​នៅ​ចន្លោះ​ឆ្នាំ ១៩៥៩ និង ១៩៦១ ចិន​បាន​ជួប​ប្រទះ​នឹង​មហា​គ្រោះ​អត់ឃ្លាន​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​លាននាក់។ គេ​គ្មាន​តួលេខ​ពិតប្រាកដ​នៃ​ចំនួន​ពលរដ្ឋ​ចិន​ដែល​ស្លាប់​ដោយ​អត់បាយ​កាល​ណោះ​ទេ តែ​មាន​ការ​លើក​ឡើង​នៅ​ក្នុង​ចន្លោះ​ពី ១៥លាន​ទៅ ៥៥លាននាក់។

តើ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ព្រឹត្តិការណ៍​នៅ​ក្នុង​អតីតកាល​មួយ​នេះ​កើត​មាន​ជា​ថ្មី​ឬ​ដែល​លោក​ស៊ី ជីនពីង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ខ្ចះខ្ជាយ​ចំណីអាហារ​នៅ​ពេល​នេះ?។

លោក​ស៊ី​មិន​បាន​ឆ្លើយ​ចំ​នឹង​សំណួរ​នេះ​ទេ តែ​បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា " ទោះ​បី​ជា​ការ​ប្រមូលផល​ទទួល​បាន​លទ្ធផល​ល្អ​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ វា​ជា​រឿង​ចាំ​បាច់​ដែល​យើង​ត្រូវ​រក្សា​អារម្មណ៍​នៃ​វិបត្តិ​សន្តិសុខ​ស្បៀងអាហារ។ កាលណា​យើង​មាន​ហានិភ័យ និង​បញ្ហា​ប្រឈម​កាន់​តែ​ច្រើន យើង​ត្រូវ​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​លើ​វិស័យ​កសិកម្ម​កាន់​តែ​ខ្លាំង "។ ទោះ​បី​ជា​លោក​ស៊ី​មិន​បាន​លំអិត​អ្វី​បន្ថែម​ឲ្យ​លើស​ពី​នេះ​ក៏​ដោយ​ក៏​លោក​ចង់​មាន​ន័យ​ថា វិបត្តិ​កង្វះ​ស្បៀងអាហារ​កំពុង​ក្លាយ​ជា​ក្តី​កង្វល់​អាទិភាព​របស់​រដ្ឋាភិបាល ហើយ​ដើម្បី​ប្រឈម​ទប់​នឹង​វិបត្តិ​ជា​យថាហេតុ​មួយ​នេះ គឺ​ត្រូវ​មាន​ភាព​ជា​ម្ចាស់ការ​ពឹង​លើ​ខ្លួន​ឯង​ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​គ្រប់​រូប។

បន្ទាប់​ពី​ការ​ព្រមាន​របស់​លោក​ស៊ី ជីនពីង បណ្ឌិតសភា​វិទ្យាសាស្ត្រ​សង្គម​ចិន​ដែល​ជា​ស្ថាប័ន​ផ្លូវការ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ក្នុង​ថ្ងៃទី១៧ សីហា​ដោយ​ទាញ​សញ្ញាអាសន្ន​ថា ឱនភាព​ស្បៀងអាហារ​នៅ​ក្នុង​ប្រទេស​អាច​នឹង​កើន​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ប្រសិន​បើ​គ្មាន​ការ​ធ្វើ​កំណែទម្រង់​លើ​វិស័យ​កសិកម្ម​នោះ​ទេ។ នៅ​ក្នុង​ន័យ​នេះ អ្នកស្រាវជ្រាវ​លោក លី ហ្គោស៊ៀង​បាន​ផ្តល់​អនុសាសន៍​ចំនួន​ពីរ ទី១ ការពារ និង​ពង្រីក​ដីកសិកម្ម​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ជាជាង​ពង្រីក​ដី​ដើម្បី​សង់អាគារ និង​លំនៅដ្ឋាន ហើយ​ទី២ បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ដើម្បី​ឲ្យ​ពួក​គេ​មាន​ទឹកចិត្ត​បន្ត​ដាំ​ដំណាំ​កសិកម្ម​ជាជាង​រត់​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទីក្រុង។ គួរ​បញ្ចាក់​ថា ការ​ប្រមូលផល​កសិកម្ម​ក្នុង​រដូវក្តៅ​ឆ្នាំ ២០២០ មាន​ជិត ១៤៣លានតោន ពោល​កើន​ឡើង ០,៩% បើ​ធៀប​នឹង​រដូវក្តៅ​ឆ្នាំ ២០១៩។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ចិន​បាន​ចាប់​ផ្តើម​ឆ្នាំ ២០២០ ជាមួយ​នឹង​ការ​មក​ដល់​នៃ​ជំងឺ​កូវីដ-១៩​ដែល​បាន​ធ្វើ​ឲ្យ​ក្រឡាប់​ចាក់​ទាំង​ស្រុង​នូវ​សង្វាក់​ផលិតកម្ម​ក៏​ដូច​ជា​សង្វាក់​ផ្គត់ផ្គង់ និង​បន្ត​ដោយ​គ្រោះ​រាំងស្ងួត រួម​ទាំង​គ្រោះ​ទឹកជំនន់​នៅ​ប៉ែកខាងត្បូង​ក្នុង​ខែ​មិថុនា និង​កក្កដា។ សូម​រម្លឹក​ថា ចិន​ជា​ប្រទេសទី១ ដែល​បាន​នាំ​ចូល​ផលិផលកសិកម្ម​ច្រើន​ជាង​គេ​ក្នុង​លោក ព្រោះ​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​ទាំង ១ ៤០០លាននាក់ ចិន​មិន​អាច​ពឹង​តែ​លើ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​បាន​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា​សព្វថ្ងៃ​នេះ ជម្លោះ​ពាណិជ្ជកម្ម​ដែល​ចិន​កំពុង​បន្ត​ត ទល់​នឹង​អាមេរិក រួម​ទាំង​ទំនាក់ទំនង​តានតឹង​ដែល​ចិន​កំពុង​មាន​ជាមួយ​ប្រទេស​ខ្លះ ពិសេស​អូស្រា្តលី និង​កាណាដា​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ធ្លាក់​ចុះ​យ៉ាង​គំហុក ឬ​ផ្អាក​ទាំង​ស្រុង​តែ​ម្តង។

ពិត​ណាស់ គេ​ពិត​ជា​មិន​អាច​ប្រដូច​ចិន​សព្វថ្ងៃ​ទៅ​នឹង​ចិន​កាល​ពី ៦០ឆ្នាំ​មុន​បាន​ទេ។ ចិន​សព្វថ្ងៃ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក ហើយ​ពលរដ្ឋ​ចិន​ភាគច្រើន​សព្វថ្ងៃ​ក៏​​មាន​ជីវភាព​ធូរធារ​ច្រើន ហើយ​កម្រិត​ជីវភាព​ធូរធារ​របស់​ពលរដ្ឋ​ចិន​ត្រូវ​បាន​ស្តែង​ចេញ​តាម​រយៈ​ការ​ដើរ​លេង សប្បាយ​ហ៊ឺហារ ចាយវាយ​ទិញ​សម្ភារៈ​ប្រើប្រាស់ និង​ការ​ហូបចុក ហើយ​គឺ​ការ​ហូបចុក​នេះ​ឯង​ដែល​លោក​ស៊ី ជីនពីង​បាន​អំពាវនាវ​កុំ​ឲ្យ​ខ្ជះខ្ជាយ។ តាម​កាសែត China Daily ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ចំនួន ៤ បង្ហាញ​ថា មាន​ម្ហូបអាហារ​ចំនួន ១ភាគ៣ នៅ​ក្នុង​ពិធី​ជប់លៀង​ត្រូវ​បាន​គេ​ចាក់​ចោល។ មាន​ការ​លើក​ឡើង​ថា គ្រាន់​តែ​ម្ហូបអាហារ​ដែល​ប្រជាជន​ចិន​បាន​ចាក់ចោល​ក្នុង​មួយ​ឆ្នាំៗ គឺ​វា​គ្រប់គ្រាន់​ដើម្បី​អាច​យក​ទៅ​ចិញ្ជឹម​ប្រជាជន​កូរ៉េខាងត្បូង​ពេញ​មួយ​ប្រទេស។

គេ​ត្រូវ​រង់ចាំ​មើល​នា​ពេល​ខាង​មុខ​ដើម្បី​ចង់​ដឹង​ថា តើ​សារ​របស់​លោក​ស៊ី ជីនពីង​អាច​ទទួល​បាន​ជោគជ័យ​កម្រិត​ណា និង​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ្ញាក់​ខ្លួន ឬ​អត់​ទេ។ តែ​គេ​បាន​សង្កេត​ឃើញ​ថា​នៅ​ពេល​នេះ មាន​ភោជនីយដ្ឋាន​ធំៗ និង​ក្រុមហ៊ុន​រៀបចំ​ពិធី​ផ្សេងៗ​បាន​ផ្តើម​អនុវត្ត​សារ​របស់​លោក​ស៊ី ជីនពីង។ ជាក់ស្តែង ក្រុមហ៊ុន​រៀបចំ​ពិធី​ផ្សេងៗ​បាន​សំណូមពរ​ដល់​ម្ចាស់កម្មវិធី​ឲ្យ​កម្ម៉ង់​ចំនួន​ម្ហូប​តិច​ជាង​ចំនួន​ភ្ញៀវ​ដើម្បី​ចៀសវាង​ការ​ចាក់​ចោល។ មាន​ភោជនីយដ្ឋាន​ខ្លះ​បាន​តម្រូវ​ឲ្យ​ភ្ញៀវ​ដាក់​ប្រាក់ធានា មុន​នឹង​ចូល​អង្គុយ​តុ​កម្ម៉ង់​ម្ហូប ហើយ​ប្រាក់ធានា​នោះ​នឹង​ប្រគល់​ទៅ​ឲ្យ​ភ្ញៀវ​វិញ​នៅ​ពេល​ដែល​ភ្ញៀវ​បរិភោគ​អស់​ពី​ចាន។ ចំណែក​ភោគជនីយដ្ឋាន​ខ្លះ​ទៀត​បាន​តម្រូវ​ឲ្យ​ភ្ញៀវ​ថ្លឹង​ទម្ងន់​ជា​មុន មុន​នឹង​កម្ម៉ង់​ប្រភេទ​ម្ហូប​ដើម្បី​តម្រូវ​នឹង​ទម្ងន់​របស់​ភ្ញៀវ។ តើ​ធ្វើ​ម្ហូប​បរិភោគ​នៅ​ផ្ទះ​មិន​គ្រាន់​បើ​ជាង​ទេ ឬ​យ៉ាង​ណា?។ ពិត​មែន​ហើយ តែ​កុំ​ភ្លេច​ថា ក៏​មិន​ត្រូវ​ធ្វើ​ច្រើន​ហួស​សល់​ចាក់​ចោល​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ