អានតួអត្ថបទ

បាតុកម្ម​ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ​កាន់តែ​រីកធំ

នៅប្រទេស​ថៃ ក្រុមបាតុករ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​បាន​ផ្គើន​នឹង​ក្រិត្យ​ច្បាប់អាសន្ន របស់​រដ្ឋាភិបាល ដោយ​បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម សាជាថ្មី កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ នៅទីក្រុង​បាងកក ដោយសារ​អាជ្ញាធរ​បិទខ្សែ​រថភ្លើង បាតុករ ជាង ១ម៉ឺននាក់ រៀបចំ បាតុកម្ម​ នៅ​៣កន្លែង​ផ្សេងគ្នា នៅ​ជាយក្រុង។ ផ្ទុយពី​ថ្ងៃ​សុក្រ ដែល​ប៉ូលិស​ថៃ បាញ់កាណុងទឹក លាយសារធាតុ​គីមី ទៅលើ​បាតុករ បាតុកម្ម នៅ​ថ្ងៃសៅរ៍​បាន​ប្រព្រឹត្តទៅ ដោយ​គ្មាន​ការប៉ះទង្គិចគ្នា។ ក្រុម​បាតុករ​បាន​បំបែក​គ្នា នៅ​យប់​ម៉ោង ៨ ដើម្បី​ប្រមូលកម្លាំង ត្រលប់​មក​ប្រមូលផ្តុំ គ្នា​ធ្វើ​បាតុកម្ម សាជាថ្មី នៅ​ថ្ងៃ​អាទិត្យនេះ។ 

ទោះអាជ្ញាធរ​បិទផ្លូវរថភ្លើង​ចូលក្រុង បាតុករ​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ថៃ នៅតែ​ជួបជុំគ្នា ដល់ជាង ១ម៉ឺននាក់​នៅ​បី កន្លែង ជាយក្រុង​បាងកក កាលពីថ្ងៃសៅរ៍ ទី ១៧ តុលា ២០២០
ទោះអាជ្ញាធរ​បិទផ្លូវរថភ្លើង​ចូលក្រុង បាតុករ​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ថៃ នៅតែ​ជួបជុំគ្នា ដល់ជាង ១ម៉ឺននាក់​នៅ​បី កន្លែង ជាយក្រុង​បាងកក កាលពីថ្ងៃសៅរ៍ ទី ១៧ តុលា ២០២០ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

ការបាញ់បង្រ្កាប ដោយ​ប្រើ​កាណុងទឹក របស់​ប៉ូលិស ក្រិត្យច្បាប់​ប្រកាស​អាសន្ន របស់​រដ្ឋាភិបាល ហើយ​និង​ការចាប់ខ្លួន​ជាបន្តបន្ទាប់ សកម្មជន មេដឹកនាំ​ចលនា​ធ្វើ​បាតុកម្ម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ មិនបាន​បំបាក់​ស្មារតី​របស់​បាតុករ ប្រឆាំង​រដ្ឋាភិបាល​ថៃ​នោះទេ។ តាំង​ពី​ថ្ងៃ​ពុធ បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​ចុះចេញពីតំណែង ហើយ​និង​កំណែទម្រង់ ដើម្បី​ជម្រុះ​ឥទ្ធិពល​របស់​រាជវាំង បាន​ចាប់រីកធំ ជារៀងរាល់ថ្ងៃ នៅ​ប្រទេស​ថៃ។

នៅថ្ងៃ​សៅរ៍ បាតុករ​ថៃ ជាង ១ម៉ឺននាក់ ដែល​ភាគច្រើន​ជា​យុវជន នៅតែ​ប្រមូលផ្តុំ ជួបជុំ​គ្នា នៅ​ជាយក្រុង បាងកក និង​នៅតាម​ទីក្រុង​ចំនួន​១២​ផ្សេងទៀត​របស់​ប្រទេស នោះបើទោះបី​ជា​រដ្ឋាភិបាល​ប្រកាស​ប្រើ​ក្រិត្យ ច្បាប់​ប្រកាស​អាសន្ន ដែល​ហាម​ការជួបជុំ​លើស​ពី ៥នាក់ក្តី។ កាលពី​ថ្ងៃ សុក្រ លោក នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​អនុវត្ត ក្រិត្យ ច្បាប់អាសន្ន ក្នុង​រយៈពេល ១ខែ គិត​ចាប់តាំង ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥​តុលា។ នៅ​ថ្ងៃ សៅរ៍ ទោះ​ក្រុមបាតុករ បាន​បំបែក​ក្រុមគ្នា ដោយ​សន្តិវិធី ដើម្បី​ត្រលប់​មក​ធ្វើ​បាតុកម្ម​សាជាថ្មី នៅថ្ងៃ​អាទិត្យ ប៉ូលិសថៃ នៅតែ​បន្ត ចាប់​សកម្មជន នាំមុខ​ម្នាក់ ទៀត របស់​ចលនា​ទាមទារ​ប្រជាធិបតេយ្យ (លោក ប៉ានុពុង ចាណុក ហៅ Mike ) ដែល​ធ្វើ​ឲ្យ​ចំនួន មនុស្ស​ដែល​ប៉ូលិស​ថៃ ចាប់ខ្លួន បាន​កើនឡើង ដល់ ៦៥នាក់ គិត​ចាប់តាំង​ពី​ថ្ងៃ​អង្គារ​ដើមសប្តាហ៍នេះ។

 

ក្រៅពី​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​ចុះចេញ​ពីតំណែង និង​ស្តារលទ្ធិប្រជាធិបតេយ្យ បាតុករ​ទាមទារ​ផងដែរ កំណែទម្រង់ ស្ថាប័ន​ព្រះមហាក្សត្រ ដែល​កាន់តែ​ពង្រីកឥទ្ធិពល និង ដែល​ក្រុមរាជានិយម ដូចជា​កងទ័ព និង​ក្រុមអ្នកមាន​អាង​យកទៅប្រើ ទ្វេដង សម្រាប់​ប្រយោជន៍ផ្ទាល់ខ្លួន។

ជារួម ចលនា​ដើម្បី​ប្រជាធិបតេយ្យ​ថៃ ទាមទារ​ឲ្យ​គេ​លុបចោល ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ និង​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ នៅ​ក្រៅរង្វង់​នយោបាយ។ ចូល​គ្រងរាជបល្ល័ង្ក នៅ​ឆ្នាំ ២០១៦ ព្រះមហាក្សត្រ​ថៃ ព្រះមហា​វិជ្ជរ៉ាឡុងកន​បាន ដាក់​អង្គភាព​ទ័ព ២ ឲ្យ​មកនៅ​ក្រោម​ការបញ្ជា​ផ្ទាល់​របស់​ព្រះអង្គ និង​បាន​ប្រមូល​ច្បាម ជាលើកទី១  យក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​រាជវាំង ដែលមាន​តម្លៃ ៦០ពាន់​លាន​ដុល្លា មក​គ្រប់គ្រង​ក្នុង​ព្រះហស្ត​របស់​ព្រះអង្គ​ផ្ទាល់។

គិត​ចាប់តាំង​ពីមាន​បាតុកម្ម ទាមទារ​ឲ្យ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ ជាង ៥ខែ​មកនេះ ព្រះចៅ វិជ្ជរ៉ាឡុងកន មិនធ្លាប់​បញ្ចេញ​ព្រះរាជ​តម្រិះ​អ្វីនោះទេ។ ប៉ុន្តែ នៅក្នុង​ពិធីបុណ្យ ដែល​ចាក់ផ្សាយ​នៅតាមទូរទស្សន៍ ថៃ កាលពី​ថ្ងៃ​សុក្រ ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល ថា ថៃ ត្រូវការ​ប្រជាជន​ដែល ស្រឡាញ់​ប្រទេសជាតិ និង ស្រឡាញ់​ស្ថាប័ន​ព្រះមហាក្សត្រ។

សម្រាប់​លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ការទាមទារ​ឲ្យធ្វើ​កំណែទម្រង់ ស្ថាប័ន​ព្រះមហាក្សត្រ គឺ​ហួស​ដែនកំណត់។ ប៉ុន្តែ ការទាមទារ​របស់​មហាជន ជាពិសេស យុវជន​ថៃ មាន​កាន់តែ​ខ្លាំង និង​មិនអាច​ប្រកែក​បាន ក្នុង​សង្គមថៃ។ សម្រាប់​អ្នកវិភាគ របស់​ Internatiobal Crisis Group វិធានការ​បង្រ្កាប របស់​អាជ្ញាធរ ជាពិសេស ការបិទសិទ្ធ​មិន​ឲ្យ​រិះគន់​រដ្ឋាភិបាល​នៅលើ​អ៊ីនធ័រនែត នឹង​ប៉ះពាល់ ប្រលាក់ប្រលូស មុខមាត់​របស់​រដ្ឋាភិបាល និង​របស់​ព្រះមហាក្សត្រថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ