អានតួអត្ថបទ

ចលនា​ទាមទារ ប្រជាធិបតេយ្យ​ ប្តេជ្ញា​ធ្វើ​បាតុកម្ម​រហូត​ដល់​នាយករដ្ឋមន្រ្តីថៃ ​ចុះចេញពី​តំណែង

៣​ថ្ងៃ​ក្រោយ​ដាក់​ឱសានវាទ ឲ្យ​នាយករដ្ឋមន្រ្តី ថៃ ត្រូវតែ​ចុះចេញពី​មុខតំណែង ចលនា​ទាមទារ​ប្រជាធិបតេយ្យ​នៅប្រទេស​ថៃ បានត្រលប់​មក​ប្រមូលផ្តុំ ធ្វើ​បាតុកម្ម​សាជាថ្មី នៅ​ថ្ងៃ​អាទិត្យ នៅ​សង្កាត់​ពាណិជ្ជកម្ម កណ្តាល​ក្រុង​បាងកក។ បាតុករ ដែល​ភាគច្រើន​ជា​យុវជន និស្សិត សិស្ស​សាលា នៅតែ​រក្សា​ការទាមទារ​របស់ពួកគេ​ដដែល នោះ គឺ​នាយករដ្ឋមន្រ្តី ថៃ លោកប្រាយុទ្ធ ចាន់អូចា ដែល​ចូលកាន់​អំណាច តាំង​ពី​រដ្ឋប្រហារយោធា ឆ្នាំ ២០១៤ ត្រូវ​តែ​ចុះចេញ​ពី​តំណែង។ បាតុកម្ម​របស់​យុវជន​ថៃ ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​ចុះចេញ​ពី​តំណែង និង​ទាមទារ​កំណែទម្រង់ ​រដ្ឋធម្មនុញ្ញ​ថៃ កំពុង​ទាក់ទាញ ការគាំទ្រ​ពី​ប្រជាជន​ថៃ នៅ​បរទេស ដូចជា​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង។

ប្រជាជនថៃ​បន្ត​ធ្វើ​បាតុកម្ម នៅក្រោយ​នាយករដ្ឋមន្រ្តី​មិន​ព្រម​ចុះចេញពីតំណែង​តាមការដាក់​ឱសានវាទ ៣​ថ្ងៃ​របស់​បាតុករ កាលពី​ថ្ងៃទី ២៥​តុលា ២០២០
ប្រជាជនថៃ​បន្ត​ធ្វើ​បាតុកម្ម នៅក្រោយ​នាយករដ្ឋមន្រ្តី​មិន​ព្រម​ចុះចេញពីតំណែង​តាមការដាក់​ឱសានវាទ ៣​ថ្ងៃ​របស់​បាតុករ កាលពី​ថ្ងៃទី ២៥​តុលា ២០២០ REUTERS - ATHIT PERAWONGMETHA
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​ថៃ ចលនា​ទាមទារ​ប្រជាធិបតេយ្យ​មិនបាន​បន្ធូរបន្ថយ ការដកសម្ពាធ ទៅលើ​ប្រមុខ​រដ្ឋាភិបាល​នោះទេ។ នៅក្រោយ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា ព្រងើយកន្តើយ មិនព្រម​ចុះចេញពីតំណែង តាមការដាក់ឱសានវាទ ក្រុមបាតុករ ជាយុវជន និស្សិត​សិស្ស​សាលា បាន​ត្រលប់​មក​ធ្វើ​បាតុកម្ម តវ៉ា​សាជាថ្មី នៅក្រុង​បាងកក។

នៅ​ថ្ងៃ​សៅរ៍ លោកប្រាយុទ្ធ ចាន់អូចា ដែល​បាន​ចូលរួមក្នុង​ពិធីបុណ្យ​សាសនា សម្រាប់រំលឹក​ខួប នៃ​ការចូលទីវង្គត​របស់​ព្រះចៅភូមិបុល បាន​បញ្ជាក់សាជាថ្មី ថា លោក​នឹង​មិន​ចុះចេញពីតំណែង​នោះទេ និង​ថា រាល់បញ្ហា​នឹងអាច​ដោះស្រាយ តាមរយៈ ការ យល់យោគ ចរចា​គ្នា​ទៅវិញ ទៅមក។ សម្រាប់ ចាទុផាត់ ប៊ុនប៉ាតារ៉ា រាក់សា ដែល​ជា​អ្នករៀបចំ​ម្នាក់ នៃ​ចលនា​បាតុកម្ម​កាលពី​ថ្ងៃអាទិត្យ បើលោកប្រាយុទ្ធ នៅតែ​ក្រាញ មិន​ព្រម​ចុះចេញពីអំណាច នោះ ប្រជាជន​នឹង​នៅតែ​បន្ត​ធ្វើ​បាតុកម្ម​ដើម្បី​ទម្លាក់ លោក​ចេញ​ពី​តំណែង។

នៅក្នុង​ចលនា​បាតុកម្ម​ដែល​គ្មាន​ម៉ាស៊ីន​ដឹកនាំ​ច្បាស់លាស់ ក្រុមបាតុករ​ឯកភាព​គ្នា​ទាំងស្រុង ដើម្បីផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោកប្រាយុទ្ធ ចាន់អូចា។ ប៉ុន្តែ នៅក្នុង​ចលនា​បាតុកម្ម មានមនុស្ស​មួយក្រុម​ហ៊ានដល់​ទៅ ទាមទារ​ឲ្យ​គេ​ធ្វើ​កំណែទម្រង់ ស្ថាប័ន​ព្រះមហាក្សត្រ។ រូបភាព​របស់​ព្រះមហាក្សត្រថៃ ព្រះ​មហាវិជ្ជរ៉ា ឡុងកន ដែល​ត្រូវ​បាតុករ សរសេរ​អក្សរ​បិទ​ពីលើ​ព្រះភ័ក្រ នៅក្នុង​បាតុកម្ម​តវ៉ា ប៉ុន្មាន​ខែ​មកនេះ គឺ​ជារឿង ដែល​គេ​មិនធ្លាប់​ឃើញ​កើតមាន​ទេ នៅក្រោម​ការគ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​មុន គឺ ព្រះចៅភូមិបុល ព្រោះថា ច្បាប់​ជេរប្រមាថ ព្រះមហាក្សត្រ ត្រូវ​បាន​អនុវត្ត​តឹងតែង​សម្រាប់​ពិន័យ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ រាល់អ្នក​ដែល​ហ៊ានរិះគន់ ប៉ះពាល់​រូបភាព​រាជវង្សថៃ។

នៅថ្ងៃ​អាទិត្យ បាតុករ​មួយក្រុម ដែល​ដាក់ឈ្មោះ​ថា ចលនា​ប្រជាជន បាន​ប្រកាសថា ពួកគេ នឹង​ដង្ហែក្បួន សំដៅ ស្ថានទូត​អាល្លឺម៉ង់ ក្នុងទីក្រុង​បាងកក នៅ​ថ្ងៃ​ចន្ទនេះ ដើម្បី សំដែង​ការមិនពេញចិត្ត ត្បិតថា ព្រះមហាក្សត្រ​ថៃ ចំណាយពេលវេលា នៅប្រទេស​អាល្លឺម៉ង់ ច្រើនជាង​នៅ​ប្រទេស​ថៃទៅទៀត។

ចាប់តាំង​ពីមាន​បាតុកម្ម​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​សា្ថប័ន​ព្រះមហាក្សត្រ ព្រះមហាវិជ្ជរ៉ា ឡុងកន ទើប​បាន​បង្ហាញ​ព្រះភ័ក្រ្ត ជាលើកទី១ យាងជួប​សំណេះសំណាល ជាមួយ​មហាជន នៅទីក្រុង​បាងកក កាលពី​ថ្ងៃ​សុក្រ នៅក្នុង​ឱកាស​ប្រារព្ធ​ខួប​នៃការសោយទីវង្គត ព្រះបិតា​របស់​ព្រះអង្គ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ