អានតួអត្ថបទ

ជំនួបកំពូលAPEC៖​លោកស៊ី ជីនពីង​បង្ហាញ​ថា ចិន​ជា​ក្បាលម៉ាស៊ីនពាណិជ្ជកម្ម​ពិភពលោក

“គ្មានប្រទេស​ណាមួយ​ដែល​អាច​អភិវឌ្ឍ ដោយអនុវត្ត​នយោបាយ​បិទទ្វារ​នោះទេ”។ នៅក្នុង​ជំនួបកំពូល​APEC ឬ​វេទិកា​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក នៅថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតី ចិន លោក​ស៊ី ជីនពីង បាន​ប្រកាស​តាំង ប្រទេស​ចិន ជា​ជើងឯក​ពិភពលោក ខាងផ្នែក​ពាណិជ្ជកម្ម សេរី។ នៅក្នុង​សុន្ទរកថា បើកជំនួបកំពូល​APEC ដែល​មាន​ប្រទេស​ម៉ាឡេស៊ី ជា​ម្ចាស់ផ្ទះ ប្រមុខដឹកនាំ​ចិន បានសន្យា​បើក​ទ្វារ​ សម្រាប់​ផលិតផល​បរទេស ប៉ុន្តែ លោក​បានព្រមានផងដែរ​ពីនយោបាយ​ការពារ​ជាតិនិយម។ 

ដោយសារ​តែ​កូវីដ ជំនួបកំពូល​APEC ធ្វើឡើង​តាម​វីដេអូ​សន្និសីទ។ លោកស៊ី ជីនពីង​ក្នុង​ឱកាស​ថ្លែង​បើក​ជំនួបកំពូល​APEC ដែល​មាន​​ម៉ាឡេស៊ី ជា​ម្ចាស់ផ្ទះរៀបចំ នៅថ្ងៃទី ១៩ វិច្ឆិកា ២០២០។
ដោយសារ​តែ​កូវីដ ជំនួបកំពូល​APEC ធ្វើឡើង​តាម​វីដេអូ​សន្និសីទ។ លោកស៊ី ជីនពីង​ក្នុង​ឱកាស​ថ្លែង​បើក​ជំនួបកំពូល​APEC ដែល​មាន​​ម៉ាឡេស៊ី ជា​ម្ចាស់ផ្ទះរៀបចំ នៅថ្ងៃទី ១៩ វិច្ឆិកា ២០២០។ REUTERS - LIM HUEY TENG
ផ្សាយពាណិជ្ជកម្ម

៥​ថ្ងៃ​ក្រោយ នៃ​ការចុះ​កិច្ចព្រមព្រៀង​RCEP ដែល​ជា​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ដ៏ធំ ជាងគេ​ក្នុង​លោក ដែលមាន ចិន ជាអ្នកផ្តួចផ្តើម លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​និយាយ ​ធានា នៅក្នុង​ជំនួបកំពូល​APEC នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ចិន​នឹង​ធ្វើ​ជា​ក្បាលម៉ាស៊ីន​ពាណិជ្ជកម្ម​ពិភពលោក។

នៅក្នុង​សុន្ទរកថា​វីដេអូ​សម្រាប់​ជំនួបកំពូល​ APEC ប្រមុខដឹកនាំ​ចិន​បាន​សន្យា​បើកទ្វារ​ទីផ្សារ ដ៏ធំមហាសាល​របស់​ចិន សម្រាប់​ទំនិញ​បរទេស។ ចិន​នឹង​សហការ​ផងដែរ​ជាមួយ​គ្រប់​ប្រទេស តំបន់ និង​ក្រុមហ៊ុន​ដែល​ចង់​ធ្វើជំនួញ​ជាមួយចិន។

“ការបើកទ្វារចំហ​នឹង​ជួយ​ឲ្យ​ប្រទេស​មួយ​បោះជំហាន​ទៅមុខ ចំណែក​ការដាក់ខ្លួន​ឲ្យ​នៅ​ឯកោ នឹង​ទៅ​បន្ទុចបង្អាក់” នេះ​ជា​ប្រសាសន៍​របស់​ប្រមុខរដ្ឋចិន។

ការបើកទីផ្សារ​ឲ្យ​កាន់តែ​ធំ ​សម្រាប់​ទំនិញបរទេស ​ជា​ការសន្យា​សាជាថ្មី​ម្តងទៀត​របស់​មេដឹកនាំ​បក្ស​កុម្មុយនិស្តចិន ដែល មិន​រារែក​នឹង ប្រើ​ផលប្រយោជន៍​សេដ្ឋកិច្ច របស់ខ្លួន ជា​អាវុធ សម្រាប់ ​ដាក់ទណ្ឌកម្ម ដាក់​សម្ពាធ​លើ​ប្រទេស​ដទៃ។ ជាក់ស្តែង ចិន​បាន​រឹតបន្តឹង​ការនាំចូល​ទំនិញ​សាច់ សា្រ គ្រាប់ធុញ្ញជាតិ របស់​អូស្ត្រាលី ដោយសារតែ​ខឹង​នឹង​ អូស្ត្រាលី ដែល​បាន​ចេញមុខ​ទាមទារ​ឲ្យ​មានការស៊ើបអង្កេត​ឯករាជ្យ លើ​ប្រភពជំងឺរាតត្បាត​កូវីដ នៅ​ប្រទេស​ចិន។

មួយវិញទៀត ដោយ​ព្រមានពី នយោបាយ​ការពារ​ជាតិនិយម លោកប្រធានាធិបតី​ស៊ី ជីនពីង បាន​បរិហា​ផងដែរ នយោបាយ ចង់​កាត់ផ្តាច់ ការពឹងផ្អែករបស់​ចិន ទៅលើ​សេដ្ឋកិច្ច​របស់​អាមេរិក ដូចដែល​លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប៉ុនប៉ង​កន្លងមក​តាមរយៈ ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន នាំចូល​ទៅ​អាមេរិក ហើយនិង​ការរឹតបន្តឹង​ការផ្ទេរបច្ចេកវិទ្យា។ សម្រាប់​ប្រធានាធិបតី​ចិន គេ​មិនអាច​កាត់ផ្តាច់ ចិន​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​ដទៃ​នោះទេ។

នៅពេល​អាមេរិក ក្រោម​អាណត្តិដឹកនាំ​៤ឆ្នាំ ​របស់​លោក​ដូណាល់ ត្រាំ ដែល​បាន​ផ្តោត​តែទៅលើ​ផលប្រយោជន៍​អាមេរិក​មុនគេ ប្រទេសចិន បាន​ចេញមុខ កាន់តែខ្លាំង ដើរតួ​នាទី ដឹកនាំ​គេ នៅក្នុងជំនួបកំពូល​វេទិកា​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក ដែល មានសមាជិក​ចំនួន ២១​ប្រទេស និង​តំណាង​ឲ្យ​៦០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុប របស់​ពិភពលោក។

នៅពេល​លោកដូណាល់ ត្រាំ ដក​អាមេរិក​ចេញពី កិច្ចព្រមព្រៀង ដោះដូរ​សេរី អន្តរប៉ាស៊ីហ្វិក កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី RCEP ដែល​គ្មាន​ឥណ្ឌា និង​អាមេរិក ដែល​ចិន​ទើប​ចុះហត្ថលេខា ជាមួយ​ប្រទេស​ចំនួន ១៤ កាលពី ថ្ងៃ​អាទិត្យ​កន្លងទៅ ជា​ជោគជ័យ​ដ៏ធំធេង​មួយទៀត​របស់​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ពិភពលោក។

នៅមិនទាន់​ច្បាស់ទេ​ថា ​លោកដូណាល់ ត្រាំ ដែល​ចាញ់ឆ្នោត​ប្រធានាធិបតី កាលពីថ្ងៃទី ៣​វិច្ឆិកា​កន្លងទៅ និង​ត្រូវ​ផុតអាណត្តិ នៅខែ​មករា ឆ្នាំក្រោយនោះ នឹង​ចូល​រួម​ក្នុង​ជំនួបកំពូល​ APECលើកនេះ ដែលត្រូវ ប្រព្រឹត្ត​ទៅ រហូតដល់​ថ្ងៃ​សុក្រ​ស្អែកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ