អានតួអត្ថបទ
ថៃ

បាងកក​ស្ថិត​ក្រោមការ​ការពារ​សន្តិសុខ​ខ្ពស់​បំផុត មុនកើត​​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល

ក្រុមសកម្មជន​និង​អ្នកគាំទ្រប្រជាធិបតេយ្យ គ្រោង​ធ្វើ​បាតុកម្មទ្រង់ទ្រាយ​ធំ​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី ២០​ កុម្ភៈ​នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រសូត​ចេញ​ពី​ក្រុម​យោធា​ចុះ​ចេញពី​តំណែង និងទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​និស្សិត​ចំនួន​បួន​នាក់​ដែល​កំពុង​ជាប់​ឃុំ។ រដ្ឋធានី​បាងកក ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ការពារ​យ៉ាង​សម្បើមក្រៃ។

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់​អូចា នៅ​ចំពោះ​មុខសភា ដែល​បោះឆ្នោត​ច្រាន​ចោល​ញាត្តិ​ចាប់​ថ្នាក់​របស់​បក្ស​ប្រឆាំង
នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់​អូចា នៅ​ចំពោះ​មុខសភា ដែល​បោះឆ្នោត​ច្រាន​ចោល​ញាត្តិ​ចាប់​ថ្នាក់​របស់​បក្ស​ប្រឆាំង AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

នគរបាល​ជាង​១២០០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាមសង្កាត់ចាស់ៗ​កណ្តាលទី​ក្រុង​បាងកក ចម្ងាយ​តែ​ប៉ុន្មាន​​ជំហាន​ពី​ព្រះ​បរមរាជវាំង។ អាជ្ញាធរថៃបង្កើន​ការ​ការពារ​ខ្លាំង​បំផុត ដើម្បី​ធ្វើ​យ៉ាង​ណា​បញ្ចៀស​ឱ្យ​បានសេណារីយ៉ោ​ប៉ះទង្គិច​ហិង្សា​​ខ្លាំង ដូច​ដែល​បាន​កើត​ឡើង​កាលពី​សប្តាហ៍មុន រវាង​បាតុករ​និង​កងកម្លាំង​ប៉ូលិស។

នៅ​រសៀលថ្ងៃ​សៅរ៍​ទី ២០កុម្ភៈនេះ ​បន្ទាប់​ពី​តស៊ូ​មតិ​អស់​រយៈ​ពេល​បួន​ថ្ងៃ សភា​ថៃ​ត្រូវ​បោះឆ្នោត​ថា​គួរ​ដក ឬ​មិន​ដក​ទំនុក​ចិត្ត​ពី​រដ្ឋាភិបាល​របស់​លោកប្រាយុទ្ធ​ចាន់​អូចា។ គណបក្សប្រឆាំងបាន​ដាក់​ញាត្តិ​ចាប់​ថ្នាក់​ប្រឆាំងនឹង​​រដ្ឋាភិបាលនេះ ថា​គ្មានចំណាត់ការល្អ​ប្រឆាំង​វិបត្តិ​កូវីដ​១៩ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដុនដាប ព្រមទាំង​​ប្រព្រឹត្ត​អំពើ​ពុករលួយ​មក។ ប៉ុន្តែ​ដូច​ការ​ស្មាន​ទុក ដំណើរការ​ដាក់​ញត្តិដក​ទំនុកចិត្ត​​ពី​​​រដ្ឋាភិបាល​ មិន​អាច​សម្រេច​​ទៅ​បានទេ ព្រោះ​គណបក្សកាន់​អំណាចមាន​សំឡេង​ភាគ​ច្រើននៅក្នុង​សភា។ ជា​លទ្ធផល​ សមាជិកសភា​ថៃ​បាន​ច្រាន​ចោល​ញត្តិ​ដក​ទំនុក​ចិត្ត​​លើ​រដ្ឋាភិបាល​ ក្នុង​សំឡេង​ ២៧២​ ទល់​នឹង​២០៦​គាំទ្រ។

ចំណែក​ក្រុមអ្នក​ប្រឆាំង​ ដែល​​បាន​តាមដាន​​សកម្មភាព​របស់​សភា​ដោយ​ផ្ទាល់​តាមកញ្ចក់​ទូរទស្សន៍ ជុំគ្នា មិន​ទម្លាក់​គំនាប​ទេ ហើយ​អាច​នឹង​ប្រមូល​ផ្តុំធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត នៅ​ល្ងាច​នេះ។ ជា​បាតុកម្មប្រឆាំងទាមទារ​ឱ្យ​​រដ្ឋាភិបាលចុះចេញ​ពី​តំណែង​​ផង និងជាពិសេស​គឺ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​មេដឹកនាំ​ចលនា​បាតុកម្ម​និស្សិត​ ដែល​កំពុង​ជាប់​ឃុំឃាំង​នា​ពេល​នេះ ពី​បទ​បាន​ចូលធ្វើ​បាតុកម្ម​កាលពី​ឆ្នាំ​កន្លង​ទៅ។ មេដឹកនាំនិស្សិត​ទាំង​បួន អាច​នឹងត្រូវ​ជាប់​ពន្ធនាគារ​រាប់​សិប​ឆ្នាំ​ ពី​បទ​ប្រមាថព្រះមហាក្សត្រ​​ ដោយ​ហ៊ាន​ទាមទារ​សុំ​ធ្វើ​កំណែទម្រង់​របបរាជានិយមថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ