អានតួអត្ថបទ
ស្រ្តី-កូវីដ

UNICEF ៖ ដោយហេតុ​កូវីដ ក្មេង​ស្រី​១០​លាននាក់​ប្រឈម​នឹង​ការ​រៀប​ការ​ដោយ​បង្ខំ​

នៅលើ​ពិភពលោក​ មាន​ក្មេង​ស្រី ប្រមាណ​១០០​លាន​នាក់​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ហានិភ័យ​​ប្រឈម​នឹង​គ្រោះ​​ចាប់​ឱ្យ​​រៀបការ​ដោយ​បង្ខំ ពី​ពេល​នេះ ដល់ដំណាច់​ទស្សវត្សរ៍ (២០៣០)​។ ក្មេង​ស្រី​ជា​ជន​ងាយរងគ្រោះ​ស្រាប់​ទៅ​ហើយ វិបត្តិ​កូវីដ​បាន​ជាន់​ពន្លិច​បន្ថែម​មួយ​កំរិត​ទៀត។​ បើតាម​​អង្គការ​យូនីសេហ្វ ជំងឺ​រាតត្បាតសកល​​កូវីដ​១៩ អាច​នឹង​ជំរុញ​ឱ្យ​ក្មេង​​ស្រី​ប្រមាណ​១០​លាន​នាក់​បន្ថែម​ទៀត ​បង្ខំ​ចិត្ត​​​រៀប​ការ​មុន​អាយុ​១៨​ឆ្នាំ។

នៅ​អាហ្វ្រិក​មាន​ករណី​ក្មេង​ស្រី​ក្រោម​អាយុ​១៨​ឆ្នាំ​ រៀប​ការ​ដោយ​បង្ខំ​ ច្រើន​ជាង​គេ
នៅ​អាហ្វ្រិក​មាន​ករណី​ក្មេង​ស្រី​ក្រោម​អាយុ​១៨​ឆ្នាំ​ រៀប​ការ​ដោយ​បង្ខំ​ ច្រើន​ជាង​គេ UNICEF
ផ្សាយពាណិជ្ជកម្ម

“កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ស្ថានភាពរបស់​ក្មេង​ស្រីរាប់​លាន​នាក់​ដែល​កំពុង​ជួប​ការ​លំបាក​​ស្រាប់ កាន់​តែ​ធ្លាក់​ធ្ងន់ធ្ងរ​ថែម​ទៀត”។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់លោកស្រី​​នាយិកា​អង្គការ​យូនីសេហ្វ ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទទី ៨ មីនា ទិវាសិទ្ធិនារី​អន្តរជាតិ ដោយ​អះអាង​បន្ថែម​ទៀតថា “​យើង​អាច​បិទ​បញ្ចប់​ និង​ត្រូវ​តែ​បិទ​បញ្ចប់​ការចាប់​ក្មេង​ស្រី​ឱ្យ​រៀប​ការ​ដោយ​បង្ខំ”។

ប៉ុន្តែ​ជំងឺ​រាតត្បាត​សកល​កូវីដ១៩ បាន​ចូល​មក​គំរាមកំហែង​ និង​បង្អាក់​​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ​កន្លង​មក។ បើ​តាម​យូនីសេហ្វ ចំនួន​​​ក្មេង​ស្រី​ក្រោម​១៨​ឆ្នាំ ត្រូវ​រៀប​ការដោយ​បង្ខំ​ បាន​កើន​ឡើង​វិញ ដោយកត្តាសំខាន់ច្រើន​យ៉ាង គឺ​ការ​បិទ​សាលា​រៀន ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់​ចុះ សេវា​សាធារណៈ​រអាក់រអួល និង​ មរណភាព​របស់​ឪពុកម្តាយ​។​ កត្តា​ទាំង​នេះ ជា​​​ផលវិបាក​​ដែល​បង្ក​ឡើង​​ដោយ​​​កូវីដ​១៩។

ដូច្នេះ​ពិភពលោក​ត្រូវ​តែ​ចាត់​វិធានការ​ភ្លាម​ដើម្បី​កំរិត​ផល​វិបាក​កុំ​ឱ្យ​ជះ​ទៅ​លើ​ក្មេង​ស្រី​និ​ងគ្រួសារ​របស់​ក្មេង​ស្រី​ខ្លាំងពេក។ វិធានការ​ត្រូវ​ធ្វើ​មាន​ជាអាទិ៍ បើក​សាលា​រៀន​ឡើង​វិញ​ឱ្យ​បាន​ឆាប់​រហ័ស មាន​សេវា​ធានាថែទាំ​សុខភាព ​សង្គម​ និងការ​​អនុវត្ត​ច្បាប់ ឬ​នយោបាយ​​ហាមឃាត់​អាពាហ៍ពិពាហ៍​កុមារ​​ត្រឹម​ត្រូវ​។ នេះ​បើ​តាម​សំណើ​របស់​នាយិកា​អង្គការ​យូនីសេហ្វ។

សូម​បញ្ជាក់​ថា​ក្នុង​អំឡុង​ពេល​​​មួយ​ទស្សវត្សរ៍មកនេះ ពិភពលោក​បាន​ស្គាល់​ភាព​ជឿន​លឿន​ខ្លាំង ដោយ​បាន​បញ្ចៀស​ក្មេង​ស្រី​ក្រោយ​អាយុ​១៨​ឆ្នាំ​ចំនួន ២៥​លាន​នាក់​ឱ្យ​រួច​ផុត​ពីការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ។ អត្រា​ក្មេង​ស្រី​រៀបការ​មុន​អាយុ​១៨​ឆ្នាំ បាន​ធ្លាក់​ចុះ​ពី​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ មកត្រឹម​​ម្នាក់​ក្នុង​ចំណោមក្មេង​ស្រី​​៥​នាក់​ នៅ​លើ​ពិភពលោក។

បើ​តាម​យូនីសេហ្វ មាន​ក្មេង​ស្រី​មិន​ទាន់​ពេញ​វ័យ​១៨​ឆ្នាំ​ និង​ស្ត្រី​ ប្រមាណ​ជាង​៦៥០​លាន​នាក់​ត្រូវ​រៀប​ការ​ដោយ​បង្ខំ​ នៅ​លើ​ពិភពលោក​។ ពាក់កណ្តាល​ជា​ក្មេង​ស្រី​រស់​នៅ​ក្នុង​ប្រទេស​ចំនួន​៥ គឺ​បង់ក្លាដែស ប្រេស៊ីល អេត្យូពី ឥណ្ឌា និង​នីហ្សេរីយ៉ា។ អត្រា​ក្មេង​ស្រី​ការ​មុន​អាយុ​១៨​ឆ្នាំ​បាន​ឡើង​ដល់​ទៅ ៧៦%​នៅ​នីហ្សេ និង​៦៨%​នៅ​សាធារណរដ្ឋ​កុងហ្គោ នៅ​ឆ្នាំ​២០២០។ តែ​ក្មេង​ប្រុស​ក្រោម​១៨​ឆ្នាំ​វិញ រៀប​ការ​ដោយ​បង្ខំ​វិញ​មាន​កំរិត​មិន​ដល់​១/៦​នៃ​ចំនួន​ក្មេង​ស្រី​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ