អានតួអត្ថបទ
អាស៊ាន-ភូមា

អាស៊ាន​ទាមទារ​​ឲ្យ​កងទ័ពភូមា ដោះលែង​អ្នក​ជាប់ឃុំ និង​​បញ្ឈប់​ការ​​បង្រ្កាប​​សម្លាប់​បាតុករភូមា​

កាលពីថ្ងៃទី​២៤មេសា ថ្នាក់​ដឹកនាំ​ប្រទេសសមាជិក​អាស៊ាន បានជួប​ប្រជុំគ្នា នៅឯទីក្រុងចាការតា ជាមួយ​នឹង​លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេបញ្ជាការកងទ័ពជាតិភូមា។ នៅក្រោយ​កិច្ចប្រជុំ​ជាលើកទីមួយនេះ ប្រទេសសមាជិកអាស៊ាន ដែលឥណ្ឌូណេស៊ី ជាអ្នកចេញមុខ បាន​ទាមទារ ឲ្យ​កងទ័ពភូមា ត្រូវស្តារស្ថិរភាព សន្តិភាព នៅភូមាវិញ តាមរយៈការ​ដោះលែងមនុស្សដែលជាប់ឃុំ និង​ បញ្ឈប់រាល់ការប្រើកម្លាំងបង្រ្កាប​ សម្លាប់​ប្រជាជនភូមា។

លោក ចូកូ​ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី កំពុងថ្លែង​ប្រាប់លទ្ធផល​ប្រជុំ ទៅកាន់អ្នកកាសែត ក្រោយ​ចប់ការប្រជុំ​រវាង ក្រុមប្រទេសអាស៊ាន ជាមួយនឹងតំណាង​កងទ័ពភូមា លោក មីន អ៊ុងឡាំង។ ក្រុងចាការតា ថ្ងៃទី ២៤ មេសា ២០២១ ។
លោក ចូកូ​ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី កំពុងថ្លែង​ប្រាប់លទ្ធផល​ប្រជុំ ទៅកាន់អ្នកកាសែត ក្រោយ​ចប់ការប្រជុំ​រវាង ក្រុមប្រទេសអាស៊ាន ជាមួយនឹងតំណាង​កងទ័ពភូមា លោក មីន អ៊ុងឡាំង។ ក្រុងចាការតា ថ្ងៃទី ២៤ មេសា ២០២១ ។ AP - Muchlis Jr
ផ្សាយពាណិជ្ជកម្ម

ក្រោយចប់ការប្រជុំនៅទីក្រុងចាការតា លោក​ចូកូ​ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានថ្លែងប្រាប់អ្នកកាសែតថា លោករួមជាប្រទេសសមាជិកអាស៊ានឯទៀត បានប្រាប់ទៅ​លោក​មីន អ៊ុងឡាំង អគ្គបញ្ជាការកងទ័ពជាតិភូមា ថាត្រូវតែ​បញ្ឈប់​ការប្រើអំពើហិង្សា បាញ់សម្លាប់​ប្រជាពលរដ្ឋភូមា។ លោក​បន្ថែមថា អាស៊ាន ក៏បានទាមទារផងដែរ ឲ្យ​កងទ័ពភូមា ត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយបើកផ្លូវឲ្យ​មាន​ការដឹកជំនួយមនុស្សធម៌ ព្រមទាំងបើកផ្លូវ ឲ្យ​អ្នក​​សម្របសម្រួល​តំណាងអាស៊ាន ចូលទៅរៀបចំការចរចា ជាមួយ​​ភាគីនយោបាយ​ភូមា។

ដូចគ្នាដែរ លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានអះអាង​ប្រាប់អ្នកយកព័ត៌មានថា នៅក្នុងពេល​ប្រជុំ លោក មីន អ៊ុងឡាំង បានទទួលស្តាប់ ការអំពាវនាវ និងការ​​ទាមទារទាំងអស់​នេះ របស់​អាស៊ាន។ លោក​នាយករដ្ឋមន្ត្រីសិង្ហបុរី អះអាងទៀតថា លោកអគ្គមេបញ្ជាការកងទ័ព​ជាតិភូមា មិនបានបដិសេធទេ ចំពោះការដែលអាស៊ានដើរតួនាទី ក្នុងន័យស្ថាបនា ដើម្បីធ្វើយ៉ាងណា ស្តារស្ថិរភាព សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ​ជូនប្រជាជនភូមា។ លោក លី សៀនឡុង បានបន្ថែមថា លោក​បាន​ស្នើទៅកាន់​លោក​ មីន អ៊ុងឡាំង ថាត្រូវតែដោះលែង​លោកស្រីអ៊ុងសាន ស៊ូជី។

គួរកត់សំគាល់ថា យោងតា​មការអះអាង របស់​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និងលោក​នាយករដ្ឋមន្ត្រីសិង្ហបុរីនេះ គឺក្រុមប្រទេសអាស៊ាន ហាក់បានប្រកាសជំហរជាក់ច្បាស់ និងម៉ឺងម៉ាត់ ចំពោះ​មុខ​តំណាងកងទ័ពជាតិភូមា។ តែយ៉ាងណាក៏ដោយ សេចក្តីប្រកាសរួម ស្តីពីលទ្ធផល​នៃកិច្ចប្រជុំ​នេះ នឹងត្រូវចេញផ្សាយ​នៅពេលក្រោយ។

ដោយឡែក នៅ​ក្នុងប្រទេសភូមាឯណោះវិញ ក្បួនបាតុកម្មនៅតែបន្តមាន នៅទូទាំងប្រទេស នៅថ្ងៃសៅរ៍ទី​២៤មេសា។ បាតុករភូមា និងអង្គការសិទ្ធិមនុស្សខ្លះ បានចោទអាស៊ានថា មានភាពលំអៀង ដែល​អញ្ជើញតែតំណាងកងទ័ពឲ្យចូលរួមប្រជុំ ចំណែក​ក្រុមប្រជាធិតេយ្យភូមា ដែល​តំណាងឲ្យ​ប្រជាពលរដ្ឋភូមាមួយប្រទេស ត្រូវបាន​គេធីបចោលទៅវិញ។

យ៉ាងណាក៏ដោយ គួរកត់សំគាល់ថា ទោះ​កិច្ច​ប្រជុំ​រវាង​ក្រុម​ប្រទេស​​អាស៊ាន ជាមួយ​​តំណាង​កងទ័ព​ភូមា មិន​បាន​គូសវាសផែនការ​ជាក់ច្បាស់ណាមួយ ដើម្បីដោះស្រាយ​​បញ្ហា​ក៏ដោយ តែវាជាឱកាស​លើកដំបូង ក្នុងការបើកទ្វារ ភ្ជាប់ស្ពានឲ្យ​មានការជជែកគ្នាដោយ​ផ្ទាល់ រវាង​អាស៊ាន​និង​កងទ័ព​ជាតិភូមា។ គេសង្ឃឹមថា កិច្ចប្រជុំនេះ នឹង​បើកផ្លូវឲ្យ​មាន យន្តការត្រីភាគី ពោលគឺមានតំណាង​អាស៊ានជាអ្នកសម្របសម្រួល ការចរចារវាងកងទ័ពភូមា និង​ក្រុមប្រជាធិបតេយ្យភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ