អានតួអត្ថបទ
ថៃ-កូវីដ១៩

បារម្ភខ្លាចមេរោគកូវីដដែលតា ថៃចាត់វិធានការ​រឹតបន្តឹងនៅ​​បាងកក និងខេត្តជុំវិញ

ប្រឈមនឹង​ការផ្ទុះករណី​ឆ្លងថ្មី​នៃជំងឺកូវីដ ១៩ រដ្ឋាភិបាល​ថៃ បាន​សម្រេច​កាលពីថ្ងៃ​សៅរ៍ ទី ២៦ មិថុនា បិទទីក្រុង​បាងកក និង​ខេត្តជុំវិញ ក្នុង​រយៈពេល ១ខែ គិតចាប់តាំង ពី​ថ្ងៃចន្ទទី ២៨ មិថុនា។ នៅ​ថ្ងៃ​អាទិត្យ ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​តួលេខ​ឆ្លងថ្មី ដែលមាន​ចំនួន ៣៩៩៥នាក់ និង​មាន​មនុស្ស​ស្លាប់ ៤២នាក់ នៅក្នុង​រយៈពេល ១ថ្ងៃ​សៅរ៍​ម្សិលមិញ។

បុគ្គលិក​សុខាភិបាលថៃ យកសំណាកដើម្បីស្វែងរក​មេរោគកូវីដ​ពី​អ្នកដែលមកធ្វើតេស្ត​នៅ​ទីក្រុង​បាងកក កាលពីថ្ងៃទី ១១​មិថុនា​២០២១
បុគ្គលិក​សុខាភិបាលថៃ យកសំណាកដើម្បីស្វែងរក​មេរោគកូវីដ​ពី​អ្នកដែលមកធ្វើតេស្ត​នៅ​ទីក្រុង​បាងកក កាលពីថ្ងៃទី ១១​មិថុនា​២០២១ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ថៃ ការកើនឡើង​នៃ​ករណីឆ្លងថ្មី​នៅទីក្រុង​បាងកក​បានជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​រឹតបន្តឹង ថ្មី ដែលត្រូវ​ចូលជាធរមាន នៅ​ថ្ងៃ​ចន្ទស្អែក។ ទៅតាម​វិធានការ​ថ្មី របស់​រដ្ឋាភិបាល​ថៃ នៅទីក្រុង​បាងកក និង​នៅខេត្ត​៥ ជុំវិញ​បាងកក ភោជនីយដ្ឋាន​ត្រូវ​បិទទ្វារ ចំណែក ផ្សារទំនើប​ត្រូវ​បិទទ្វារ ​នៅម៉ោង​៩យប់។ សកម្មភាពជួបជុំ​ដែល​មាន​មនុស្ស​ចាប់ពី ២០នាក់​ឡើងទៅ ត្រូវ​ហាមឃាត់។

ការដ្ឋាន​ក្នុង​ទីក្រុង​បាងកក និង​នៅ​តំបន់​ចំនួន​៥ខាងលើ ត្រូវផ្អាក និង​ត្រូវ​បិទខ្ទប់ មិន​ឲ្យ​មានសកម្មភាពចេញចូល តទៅទៀត។ អាជ្ញាធរ​ថៃ សម្រេច​បិទការដ្ឋាន​សំណង់ បន្ទាប់ពី​មាន​ករណីឆ្លងខ្លាំង នៅ​តាម​ការដ្ឋានសំណង់​ក្នុង​ក្រុង​បាងកក។ តាំង​ពី​ខែ ឧសភា គេ​រកឃើញ មាន​សំបុកឆ្លងកូវីដ ចំនួន ៣៧ នៅ​ការដ្ឋានសំណង់ នៅបាងកក។ បាងកក​ដែលមាន​ការដ្ឋាន​សំណង់​សរុប ប្រមាណ ៥៧៥​កន្លែង និងមាន​កម្មករធ្វើការ​ជាង​៨ម៉ឺននាក់។

តាម​អាជ្ញាធរថៃ គេ​នឹង​រឹតបន្តឹងផងដែរ ការត្រួតពិនិត្យ នៅ​តាម​ច្រក​ចេញចូល ​រវាង​បាងកក និង​ខេត្តជុំវិញ ទាំង ៥ ដើម្បី​កាត់បន្ថយ​ដំណើរចរ របស់​កម្មករសំណង់។

ចាប់តាំង​ពី​ខែ​មេសា ករណីឆ្លងកូវីដ កើនឡើង​សឹងជារៀងរាល់​ថ្ងៃ នៅប្រទេសថៃ។ នៅថ្ងៃ​អាទិត្យ អាជ្ញាធរ​សុខភាព​ថៃ​បាន​ប្រកាស​រកឃើញ​មាន​ករណី​ឆ្លងថ្មី ចំនួន ៣៩៩៥ និង​មនុស្ស​ស្លាប់ ៤២នាក់ ក្នុងរយៈពេល មួយថ្ងៃ​សៅរ៍ម្សិលមិញ ដែលជា​ហេតុធ្វើឲ្យ​ថៃ មាន​ករណីអ្នកឆ្លងកូវីដ កើនឡើង​សរុប​ដល់​ជាង ២៤៤០០០​នាក់ និង​មនុស្សស្លាប់ជាង ១៩០០នាក់ គិតចាប់តាំងកើតមានជំងឺកូវីដ​នៅ​ប្រទេស​ថៃ នៅដើមឆ្នាំ ២០២០។

វិធានការរឹតបន្តឹង ដើម្បី​ទប់ស្កាត់ករណីឆ្លងកូវីដ នៅទីក្រុង​បាងកក ធ្វើឡើង នៅ​តែ​ប៉ុន្មានថ្ងៃ​មុន​ដែល រដ្ឋាភិបាល​ថៃ គ្រោង​បើក​ជា​ផ្លូវការ ចាប់ពីថ្ងៃទី ១កក្កដា ទទួល​អ្នកទេសចរ ដែល​ចាក់វ៉ាក់សាំង​រួចហើយ នៅ​កោះភូកេត ដោយ​មិនចាំបាច់ ត្រូវ​ធ្វើ​ចត្តាឡីស័ក។

ដើម្បី​សង្រ្គោះវិស័យ​ទេសចរណ៍​ដែលរងគ្រោះ​ខ្លាំង​ដោយសារ​វិបត្តិកូវីដ លោកនាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា គ្រោង​នឹង​បើកប្រទេស​ឡើងវិញ ទាំងស្រុង នៅ​ខែ​តុលា​ខាងមុខ។ ដើម្បី​ធ្វើដូច្នេះបាន រដ្ឋាភិបាល​របស់​លោក​ត្រូវ​សម្រេច​គោលដៅ ចាក់វ៉ាក់សាំង ដល់​ប្រជាជន ឲ្យ​បាន​៥០លាននាក់ ក្នុងរយៈពេល​៤ខែ​ខាងមុខ។

ប៉ុន្តែ នៅក្នុង​ស្ថានភាព​ជាក់ស្តែង លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា កំពុង​រងការរិះគន់ ព្រោះថា គិតរហូតមកដល់ពេលនេះ មានរយៈពេល ៥ខែ​មកហើយ ​រដ្ឋាភិបាល​ថៃ​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំង ដ៏​យឺតយ៉ាវ ដោយ​ចាក់​បាន​ប្រជាជន​តែ ១០ភាគរយប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ