អានតួអត្ថបទ
ថៃ-កូវីដ១៩

ថៃ ៖សកម្មជន​ប្រជាធិបតេយ្យ ជាប់​​ពន្ធនាគារ​នៅក្រុង​បាងកកជា​ច្រើន​​នាក់​វិជ្ជមាន​កូវីដ១៩

មាន​អ្នក​ទោស​រាប់ពាន់​នាក់​ ក្នុង​នោះ​ជា​ច្រើន​នាក់​ជា​សកម្មជននៃ​​ចលនា​ប្រជាធិបតេយ្យ​ថៃ​ផង បាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ នៅក្នុង​ពន្ធនាគារ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​ថៃក្រោយ​ពី​មេដឹកនាំ​ចលនា​បាតុកម្ម​ម្នាក់​ បាន​ទាញ​សញ្ញា​អាសន្ន​ ស្តី​អំពី​ករណី​ឆ្លង​កូវីដ​១៩​នៅក្នុង​ពន្ធនាគារ។

មេដឹកនាំចលនា​ប្រជាធិបតេយ្យ​ម្នាក់ នាង Panusaya Sithijirawattanakul ហៅ​រ៉ុង វិជ្ជមាន​កូវីដ ក្រោយ​ចេញ​ពី​ពន្ធនាគារ។ ថ្ងៃទី ៦​ឧសភា ២០២១
មេដឹកនាំចលនា​ប្រជាធិបតេយ្យ​ម្នាក់ នាង Panusaya Sithijirawattanakul ហៅ​រ៉ុង វិជ្ជមាន​កូវីដ ក្រោយ​ចេញ​ពី​ពន្ធនាគារ។ ថ្ងៃទី ៦​ឧសភា ២០២១ © REUTERS - ATHIT PERAWONGMETH
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ រាជាណាចក្រ​ថៃកំពុង​រង​រលក​រាតត្បាត​កូវីដ​១៩​ជា​ថ្មី ដោយ​រាប់​ឃើញ​មាន​អ្នក​វិជ្ជមាន​កូវីដ ជិត ៩៥០០០ករណី និង​មាន​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៥១៨​នាក់។ នៅ​ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូវីដ​ទាំងអស់​នោះ ២៨៣៥នាក់ ជា​អ្នក​ទោស​ជាប់​ក្នុង​ពន្ធនាគារ​​ពីរ ដែល​ធំៗ​ជាង​គេនៅ ទីក្រុង​បាងកក។ នេះ​បើ​តាមការ​អះអាង​របស់​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​រាតត្បា​ត​កូវីដ​១៩ ដោយ​បញ្ជាក់ថា​បាន​ធ្វើ​តេស្តកូវីដ​​លើ​គ្រប់​អ្នកទោស​ទាំង​អស់។ តើ​ធ្វើ​តេស្ត​កាលពីពេល​ណា​ ? ពុំ​មានការ​លម្អិត​ទេ​ត្រង់​ចំណុច​នេះ។

អាជ្ញាធរ​ថៃ​បាន​បង្ហាញតួលេខ​នៃ​ចំនួន​អ្នក​ទោស​ឆ្លង​កូវីដ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣​ឧសភា បន្ទាប់​ពី​មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​ ដែល​បាន​ដឹកនាំធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង​និង​ទាមទារ​ធ្វើ​កំណែទម្រង់រ​បប​រាជនិយម​ថៃ អស់​ជិត​ពេញ​មួយឆ្នាំ ទាញ​សញ្ញា​អាសន្ន​ស្តី​ពីការ​ឆ្លង​កូវីដ​១៩​ក្នុង​ពន្ធនាគារ។ កាលពី​ថ្ងៃពុធ ទី ១២​ឧសភា Panusaya Sithijirawattanakul ហៅរ៉ុង បាន​ប្រកាសផ្សព្វផ្សាយ​តាមប្រព័ន្ធ​សង្គមថា​​​​​វិជ្ជមានកូវីដ​ នៅ​៥​ថ្ងៃ​ក្រោយ​ពី​បាន​ទទួល​ការ​ដោះលែងចេញពី​ពន្ធនាគារដោយ​មាន​លក្ខខណ្ឌ កាលពី​ដើម​ខែឧសភា។ មេដឹកនាំ​ចលនា​ម្នាក់​ទៀត ឈ្មោះ Panupong Jadnok ហៅ ម៉ាឃ ក៏​វិជ្ជមានកូវីដ​១៩​ដែរ។ ហើយ​ពេ​ល​នេះមេធាវី​កំពុង​ដាក់​សំណើ​សុំ​ឱ្យនៅក្រៅ​ឃុំ​បណ្តោះអាសន្ន។

ពុំមាន​ទេ​​ទិន្នន័យ​ទាក់ទង​នឹង​អ្នក​ទោស​នៅក្នុង​ពន្ធនាគារ​ផ្សេង​ទៀត​ក្នុង​ផ្ទៃ​ប្រទេស​ និង​គ្មានសោះ​​តម្លាភាព​​ជុំ​វិញ​ការ​គ្រប់គ្រង​រោគរាតត្បាត​លើ​អ្នក​ជាប់​ទោស​ក្នុង​ពន្ធនាគារ។ នេះបើ​តាម​ការ​​ថ្ងូច​ថ្ងូរ​របស់​សកម្មជន​ប្រជាធិបតេយ្យ​ម្នាក់​ទៀត ឈ្មោះ Somyot Prueksakasemsuk ដែល​ទើប​បាន​ទទួល​សេរីភាព​ដោយ​មាន​លក្ខខណ្ឌ​ដែរកាលពី​ខែមេសា។ ប្រឈម​នឹងស្ថានភាព​បែប​នេះ តំណាង​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch លោក​ Brad Adams បាន​ប្រកាស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​ ហ៊ានដោះស្រាយ​វិបត្តិ​កូវីដ​១៩​ក្នុង​ប្រព័ន្ធ​ពន្ធនាគារនិង​ទប់​ស្កាត់​កុំឱ្យ​មាន​ការ​ឆ្លង​រាតត្បាត​ក្នុង​រង្វង់​អ្នកទោស​ធ្ងន់ធ្ងរ​ជាង​នេះ។

ថៃ​ជា​ប្រទេស​ដែល​មានអត្រា​អ្នក​ទោស​ជាប់​ពន្ធនាគារ​ច្រើន​ជាង​គេ​បំផុត​មួយ​នៅលើ​ពិភពលោក ព្រោះ​មាន​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​តឹង​តែងខ្លាំង។ គិត​ត្រឹមថ្ងៃទី ១មេសា ២០២១ មាន​ជន​សង្ស័យ​ ៣០៨០០០ពាន់​នាក់​ ត្រូវ​បានកាត់​ទោស និង​រង់ចាំ​សាល​ក្រម​ដាក់​ទោស កំពុងជាប់​ពន្ធនាគារ​ នៅ​ទូទាំង​ប្រទេស​ថៃ​។ នេះ​បើ​តាម​វិបសាយ​ Prisonstudies ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ