អានតួអត្ថបទ
ថៃ-កូវីដ១៩

ថៃ៖ ករណី​ឆ្លង​រាលដាល​កូវីដ១៩ ខ្លាំង​សម្បើម នៅ​តាម​​មន្ទីរ​ឃុំឃាំង

នៅប្រទេសថៃ គេបានសង្កេតឃើញ មានករណីឆ្លងរាលដាលកូ​វីដ១៩ យ៉ាងច្រើនសម្បើម​ នៅតាមមន្ទីរឃុំឃាំង។ ក្នុងរវាងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានអ្នកជាប់ទោស ប្រមាណ​២២០០០​នាក់ ដែលត្រូវបានគេធ្វើតេស្តរកឃើញ ថាមានវិជ្ជមានកូវីដ​១៩។ បញ្ហានេះ បានធ្វើឲ្យ​មានការចោទសួរ អំពីការរស់នៅរបស់អ្នកទោស​ ក្នុងភាព​ណែនណាន់តាន់តាប់ នៅតាមមន្ទីរឃុំឃាំង ក្នុងប្រទេសថៃ។

បុគ្គលិកពេទ្យ កំពុងចាក់វ៉ាក់សាំងទៅអ្នកទោស ក្នុងពន្ធនាគារ ជាយក្រុងបាងកក។ រូបភាព​ផ្តល់ឲ្យដោយ​ ក្រសួងយុត្តិធម៌ថៃ ថ្ងៃទី ២២ ឧសភា ២០២១
បុគ្គលិកពេទ្យ កំពុងចាក់វ៉ាក់សាំងទៅអ្នកទោស ក្នុងពន្ធនាគារ ជាយក្រុងបាងកក។ រូបភាព​ផ្តល់ឲ្យដោយ​ ក្រសួងយុត្តិធម៌ថៃ ថ្ងៃទី ២២ ឧសភា ២០២១ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរថៃ កំពុងតែប្រឈមនឹងករណីឆ្លងរាលដាល កូវីដ១៩ យ៉ាងលឿនរហ័ស ក្នុងចំណោមអ្នកជាប់ឃុំ នៅតាមពន្ធនាគារ។ កាលពីខែមេសា ករណីវិជ្ជមានកូវីដ​១៩ ត្រូវបានគេរកឃើញ តែ១០ករណីប៉ុណ្ណោះ ក្នុងចំណោមអ្នកជាប់ឃុំនៅថៃ ក៏ប៉ុន្តែ គិតមកត្រឹមពេលនេះ មានអ្នកទោស​យ៉ាងហោច​ណាស់​២២០០០នាក់ ត្រូវបានគេរកឃើញ​ថាមានវិជ្ជមានកូវីដ១៩។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងលឿននេះ អាជ្ញាធរសុខាភិបាលថៃ បានបន្ថែមការធ្វើតេស្តនៅតាមមន្ទីរឃុំឃាំង។ ប្រព័ន្ធតុលាការថៃ ក៏​បានសម្រេចដោះលែងអ្នកទោសមួយចំនួន ដែលមានបញ្ហាសុខភាពផងដែរ ដើម្បី​កាត់បន្ថយភាពណែនណាន់តាន់តាប់ នៅតាមមន្ទីរឃុំឃាំង។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរថៃ បានធ្វើតេស្តយកសំណាក ពីអ្នកជាប់ទោស ប្រមាណ​៣៦០០០នាក់។

សូមបញ្ជាក់ថា ដំណឹងនៃករណីប្រឈមការឆ្លងកូវីដ​១៩ នៅក្នុងពន្ធនាគារថៃនេះ ត្រូវបាន​ទំលាយ​ឲ្យ​ដឹងតាមរយៈសកម្មជនប្រជាធិបតេយ្យមួយរូប ឈ្មោះ Somyot Prueksakasemsuk ដែលបានជាប់ឃុំមួយរយៈ ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ លោកបានអះអាង អំពីករណីធ្វេសប្រហែស មិនយកចិត្តទុកដាក់ចំពោះសុខភាពអ្នកជាប់ឃុំ ពីសំណាក់សមត្ថកិច្ចមន្ទីរឃុំឃាំង។ យ៉ាងណាមិញ កញ្ញា Rung ដែលជាយុវជនប្រជាធិបតេយ្យថៃដ៏ល្បីម្នាក់ដែរនោះ បានអះអាងថា នាង​បាន​ឆ្លងកូវីដ​១៩ នៅ​ក្នុង​មន្ទីរឃុំឃាំង មុននឹងត្រូវបានគេដោះលែង​មកវិញ នៅដើមខែ​ឧសភា។

គួរកត់សំគាល់ថា ការរស់នៅក្នុងភាពចង្អៀតណែន គ្មានអនាម័យ គ្មានគំលាតសុវត្ថិភាព នៅតាមពន្ធនាគារ គឺជាកត្តាចំបង ដែលជំរុញការឆ្លងរាលដាល​នេះលឿនរហ័ស​។ យោងតាម អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស ចំនួន​មនុស្សនៅតាមមន្ទីរឃុំឃាំងក្នុងប្រទេសថៃ មានចំនួន​ប្រមាណ​ ៣១១០០០នាក់ ពោលគឺលើសពី​កម្រិតសមត្ថភាព នៃប្រព័ន្ធ​​ពន្ធនាគារថៃ​ ដល់ទៅ​ជាង​២ដង​ឯណោះ។ អ្នកទោស៤នាក់ ក្នុងចំណោម៥នាក់ គឺសុទ្ធតែជាអ្នក​ពាក់ព័ន្ធនឹងករណី​ជួញដូរគ្រឿងញៀន។ មនុស្សអាចជាប់ទោស១០ឆ្នាំ ដោយ​គ្រាន់តែ​មាន​​ថ្នាំគ្រាប់​មេតំហ្វេតាមីនជាប់ខ្លួន​ ប៉ុន្មានគ្រាប់​។

លោក Somsak Thepsutin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ ក៏ធ្លាប់បានទទួលស្គាល់ដែរ កាលពីខែកុម្ភៈកន្លងទៅ​ ថានៅតាមបន្ទប់មន្ទីរឃុំឃាំង អ្នកទោសដេកគជើងគ្នា ចង្អៀតជាងដេកក្នុង​ម្ឈូស​ទៅ​ទៀត។ លោក Brad Adams នាយកអង្គការ Human Rights Watch បានលើកឡើងថា ថៃត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងដោះលែង​អ្នកទោសដែលជាប់ពន្ធនាគារ ដោយហេតុផល​នយោបាយ និងបទល្មើសលហុបន្តិចបន្តួច ដើម្បីសម្រាលភាពចង្អៀតណែនតាមពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ