អានតួអត្ថបទ
កូរ៉េខាង​ជើង

ប្អូនស្រីរបស់​គីមជុងអ៊ុន​ ចេញ​មុខ​​បរិហារ​ សមយុទ្ធរួម​​​រវាងសហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង

​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង ​តែង​ធ្វើ​សមយុទ្ធរួមគ្នា ជា​រៀង​រាល់​ឆ្នាំ ​ ដែលត្រូវ​​ផ្តើម នៅ​ឆ្នាំនេះ ចាប់​ពី​​ថ្ងៃអង្គារ​ទី ១០ ខែសីហាទៅ។ ហើយ​ដូច​រាល់​លើក​ កូរ៉េខាងជើង​តែង​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ និងបរិហារ​រិះគន់​យ៉ាងខ្លាំង។ ក្នុង​ថ្ងៃ​បើកហាត់​ត្រៀម​ធ្វើ​សមយុទ្ធនៅ​ថ្ងៃនេះ ប្អូន​ស្រីដ៏​មាន​ឥទ្ធិពល​​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន  បាន​ចេញមុខ​មកបរិហារ កូរ៉េខាង​ត្បូង​ថា​មាន​អាកប្បកិរិយា​មិន​គួរ​ឱ្យ​ទុក​ចិត្ត​ ដោយ​ទៅ​ធ្វើ​សមយុទ្ធ​រួមជាមួយ​​សហរដ្ឋអាមេរិក។ សម្ព័ន្ធមិត្ត​ទាំងពីរ​នឹងត្រូវ​​ប្រឈមមុខ​នឹង​បញ្ហា​​សន្តិសុខ​​យ៉ាង​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​ព្រមាន​របស់​លោកស្រី គីម យ៉ូជុង។

ទាហាន​កូរ៉េខាងត្បូង ត្រៀម​លក្ខណៈ​ចេញ​ធ្វើ​សមយុទ្ធរួម​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ Pajuជាប់​ព្រំដែន​ជាមួយ​កូរ៉េខាង​ជើង
ទាហាន​កូរ៉េខាងត្បូង ត្រៀម​លក្ខណៈ​ចេញ​ធ្វើ​សមយុទ្ធរួម​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ Pajuជាប់​ព្រំដែន​ជាមួយ​កូរ៉េខាង​ជើង AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNA លោកស្រី គីម យ៉ូជុង ដែល​ជា​ប្អូនស្រីដ៏​មាន​ឥទ្ធិពល និង​ជា​ទីប្រឹក្សា​​ដ៏​ជំនិត​បំផុត​របស់​លោក​ គីម ជុងអ៊ុន បាន​បរិហារ​សមយុទ្ធរួម​រវាង​សេអ៊ូល​និង​វ៉ាស៊ីនតោន ថា​ជា​លំហាត់​យោធា​ដ៏​គ្រោះថ្នាក់ ​ ព្រោះ​សម្រាប់​ព្យុងយ៉ាង​សមយុទ្ធ​នេះ​ជា​ការ​ហាត់​ត្រៀម​​ដើម្បី​ចូល​ឈ្លានពាន​កូរ៉េខាង​ជើង។

ដោយបង្ហាញ​ការ​សោកស្តាយ​​ខ្លាំង​ចំពោះ​អាកប្បកិរិយាក្បត់​​របស់​អាជ្ញាធរ​កូរ៉េខា​ង​ត្បូង ​ប្អូន​ស្រី​របស់​លោក​គីមជុងអ៊ុន​បាន​ព្រមាន​​ថា​ សមយុទ្ធរួម​រវាង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ត្បូង គឺ​ជា​​ការ​​គំរាមកំហែងសន្តិសុខ​ធំធេង​ណាស់​ កូរ៉េខាង​ជើង​នឹង​ពង្រឹង​ពង្រីក​សមត្ថភាព​ការពារ​ជាតិ និង​វាយប្រហារ​ដើម្បីជា​កិច្ចការពារខ្លួន។ កូរ៉េខាងជើង​ដែល​នៅ​តែ​​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​ខ្លួន​រហូត​ ពេញ​មួយ​ដើមឆ្នាំ​២០២១ ដោយ​មិនខ្វល់​នឹង​បម្រាម​របស់អន្តរជាតិ និង​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​ដុនដាប​ទេ។ នេះ​បើ​តាម​​របាយការណ៍​សម្ងាត់​របស់​អង្គការសហប្រជាជាតិ​ ដែល​ភ្នាក់ងារសារព័ត៌មានរ៉យទ័រទទួល​បានកាលពី​ថ្ងៃសុក្រ​ទី​៦​សីហា។

​អ្វី​ជា​ការ​កត់សម្គាល់ខ្លាំង សេចក្តី​ថ្លែងការណ៍​បរិហារមិន​សំចៃ​របស់​លោកស្រី គីម យ៉ូជុង​ បាន​ធ្លាក់​មកជួនចំពេលស្ថានភាព​ក្នុង​ឧបទ្វីប​កូរ៉េ កំពុង​មាន​លក្ខណៈ​ធូរស្រាល តាមរយៈ​ការ​​ផ្តោះប្តូរ​សារ​លិខិត​គ្នា ជា​លក្ខណៈ​បុគ្គល​​ជា​ច្រើនរវាង​​មេដឹកនាំកូរ៉េខាង​ជើង គីម ជុងអ៊ុន​ជា​បង​ប្រុស​ និង​ប្រធានាធិបតី​ខាង​ត្បូង លោក ម៉ូន ចែអ៊ីន។ មេដឹកនាំ​ទាំង​ពីរ បាន​​ត្រូវ​រ៉ូវ​គ្នាស្តារ​ទំនាក់ទំនងឡើង​វិញ ជាក់ស្តែងតាំង​ពី​ខែមុន​មក ​ស្ថានភាព​​នៅ​តាមព្រំដែន​ក៏​មាន​សកម្មភាព​​ប្រសើរ​ឡើង​វិញ​បន្តិច​ បន្ទាប់​ពី​អាក់ខាន​និង​ផ្តាច់​អស់​រយៈ​ពេល​ជាងមួយ​ឆ្នាំ​។

ឆ្នាំ​ទៅ​ ក្នុង​បំណង​សម្រួល​ការ​ចរចា សហរដ្ឋ​អាមេរិកនិង​កូរ៉េខាង​ត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​ចងភ្ជាប់​ដោយ​សន្ធិសញ្ញា​ ដោយ​​អាមេរិកមាន​ដាក់ទ័ព​នៅ​កូរ៉េខាង​ត្បូង​ដើម្បីការពារ​ទល់​នឹង​កូរ៉េខាង​ជើង​ដែល​មាន​អាវុធនុយក្លេអ៊ែរ បាន​កំរិត​ការធ្វើ​សមយុទ្ធ​​មិន​ឱ្យ​ទ្រង់ទ្រាយ​ធំ​សម្បើម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ