អានតួអត្ថបទ
ថៃ-កូវីដ១៩

ថៃ៖ការធ្វើតេស្តិ៍រកកូវីដ១៩ តាមរយៈការវិភាគលើសំណាកញើសទទួលបានលទ្ធផលគួរឲ្យជឿទុកចិត្ត

នៅ​ក្នុង​ប្រទេស​ថៃ យុទ្ធនាការ​សាកល្បង​ធ្វើ​តេស្តិ៍​រក​មេរោគ​កូវីដ១៩ តាម​រយៈ​ការ​វិភាគ​លើ​សំណាក​ញើស​ទទួល​បាន​លទ្ធផល​គួរ​ជា​ទីពេញចិត្ត។ លោក​ចាឌីន គល់ស៊ីង (Chadin Kulsing) អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​ជូឡាឡុងកន​ក្រុង​បាងកក និង​ជា​អ្នក​បង្កើត​ឧបករណ៍​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ តាម​ញើស​បាន​បញ្ជាក់​ដោយ​ធានា​ថា ការ​ធ្វើ​តេស្តិ៍​តាម​ការ​វិភាគ​លើ​សំណាក​ញើស​នេះ​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ចំនួន ៩៥%។ លោក​គល់ស៊ីង​សង្ឃឹម​អាច​ដាក់​វិធីសាស្រ្ត​ថ្មី​មួយ​នេះ​ទៅ​ក្នុង​យុទ្ធនាការ​ធ្វើ​តេស្តិ៍​ស្វែង​រក​កូវីដ១៩ របស់​រដ្ឋាភិបាល​នា​ពេល​ឆាប់ៗ​ខាង​មុខ។

យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ថៃ។
យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ថៃ។ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ទល់​ពេល​នេះ ការ​ធ្វើ​តេស្តិ៍​ស្វែង​រក​កូវីដ១៩ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​វិភាគ​លើ​សំណាក​ពី​រន្ធច្រមុះ ពី​ក្នុង​មាត់ ឬ​មួយ​ក៏​វិភាគ​ឈាម។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ ការ​វិភាគ​លើ​សំណាក​ញើស​យក​ចេញ​ពី​ក្លៀក​អាច​គ្រប់គ្រាន់​ដើម្បី​ចង់​ដឹង​ថា តើ​មនុស្ស​រូប​នោះ​មាន​ករណី​វិជ្ជមាន​កូវីដ១៩ ឬ​អត់។ វិធីសាស្រ្ត​ថ្មី​មួយ​នេះ​ដែល​បាន​អភិវឌ្ឃ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ថៃ​មាន​លក្ខណៈ​ងាយស្រួល​ច្រើន​ណាស់ បើ​ធៀប​នឹង​វិធីសាស្រ្ត​យក​សំណាក​ដោយ​រុក​តាម​ច្រមុះ។ ចំណែក​លទ្ធផល​ដែល​ទទួល​បាន​ទៀត​សោត​ក៏​ដូច​គ្នា​នឹង​លទ្ធផល​ដែល​រុក​តាម​រន្ធច្រមុះ ពោល​លទ្ធផល​គួរ​ឲ្យ​ជឿជាក់ ៩៥% នេះ​ជា​ការ​ធានា​របស់​លោក​ចាឌីន គុលស៊ីង អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​ជូឡាឡុងកន​ក្រុង​បាងកក និង​ជា​អ្នក​បង្កើត​ឧបករណ៍​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ តាម​ការ​វិភាគ​លើ​សំណាក​ញើស។

ការ​ហ៊ាន​សន្និដ្ឋាន​លើ​លទ្ធផល​ដែល​ទទួល​បាន​នេះ គឺ​ក្រោយ​ពី​ក្រុម​របស់​លោក​គុលស៊ីង​បាន​ធ្វើ​តេស្តិ៍​សាកល្បង​លើ​មនុស្ស​ចំនួន ២ ០០០នាក់។ មួយ​វិញ​ទៀត ក្រុម​របស់​លោក​គុលស៊ីង​ធ្លាប់​ធ្វើ​ការ​ពិសោធន៍​ជា​មួយ​សត្វឆ្កែ​​ជំនាញ​ហិត​ក្លិន​ញើស​ដើម្បី​រក​អ្នក​មាន​វិជ្ជមាន​កូវីដ១៩ ដែល​គ្មាន​រោគសញ្ញា។ តាម​លោក​គុលស៊ីង មនុស្ស​ដែល​មាន​វិជ្ជមាន​កូវីដ១៩ មាន​បង្កប់​ដោយ​ក្លិន​សារធាតុ​គីមី​ខុស​ប្លែក​ពី​ធម្មតា។ គួរ​បញ្ជាក់​ថា ថៃ​មិនមែន​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ផ្តោត​លើ​ការ​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ ដោយ​វិភាគ​លើ​សំណាក​ញើស​ទេ ព្រោះ​កន្លង​មក គេ​ឃើញ​មាន​ប្រទេស​អង់គ្លេស និង​អាមេរិក។

លោក​គុលស៊ីង​សង្ឃឹម​ថា វិធីសាស្រ្ត​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់ការ​ពិសោធន៍​មួយ​នេះ​អាច​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​ជំនួយ​ការ​ធ្វើ​តេស្តិ៍ PCR ដែល​ត្រូវ​ធ្វើ​ការ​វិភាគ​នៅ​មន្ទីរពិសោធន៍ និង​ត្រូវ​ចំណាយ​លុយ​ច្រើន។ គួរ​បញ្ជាក់​ថា ថៃ ពិសេស​ក្រុង​បាងកក​កំពុង​ប្រឈម​នឹង​សន្ទុះ​កំណើន​ករណី​ឆ្លង​កូវីដ១៩ មិន​ធ្លាប់​មាន។ គិត​ត្រឹម​ថ្ងៃទី៩ កញ្ញា ថៃ​មាន​ករណី​ឆ្លង​ជិត ១,៥នាក់ និង​មាន​ស្លាប់​ជិត ១៤ ០០០នាក់។ ចំណែក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក៏​មាន​ការ​យឺតយ៉ាវ ព្រោះ​ក្នុង​ចំណោម​ប្រជាជន​ថៃ​ទាំង ៧០លាននាក់ មាន​តែ ១១លាននាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ