អានតួអត្ថបទ
ប៉ាគីស្ថាន-ឥណ្ឌា

ប៉ាគីស្ថាន​និង​ឥណ្ឌា​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅមកនៅអ.ស.ប.​ថា​ “ជ្រុលនិយម”

នៅលើ​វេទិកា​អង្គមហា​សន្និបាត​អង្គការ​ប្រជាជាតិ​ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ លោក អ៊ីមរ៉ាន ខាន់ បានថ្លែង​ចោទ​ប្រកាន់​​ប្រទេស​ឥណ្ឌា​ថា​ជា​អ្នក​សាបព្រោះ​​អំពើភ័យខ្លាច​លើអ្នក​កាន់​សាសនា​អ៊ីស្លាម​។ សុន្ទរកថា​ដែល​បាន​ប្រទាក់​ឱ្យប្រតិភូ​ឥណ្ឌា​​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លាតប​វិញ។ ហើយ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ស្នើ​សុំ​ឱ្យអាមេរិក​​ត្រួត​ពិនិត្យ​និង​តាមដាន​ យ៉ាង​ល្អិតល្អន់​ តួនាទី​របស់​ប៉ាគីស្ថាន​នៅ​អាហ្វហ្កានីស្ថាន​ និង​តួនាទី​ប៉ាគីស្ថាន​ក្នុង​បញ្ហា​ភេរវនិយម។

 ប៉ាគីស្ថាន​និង​ឥណ្ឌា​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅមក​ថា​ “ជុ្រលនិយម”​
ប៉ាគីស្ថាន​និង​ឥណ្ឌា​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅមក​ថា​ “ជុ្រលនិយម”​ AP - Anjum Naveed
ផ្សាយពាណិជ្ជកម្ម

កំហឹង​របស់​អតីត​បង​ប្អូន​ជា​គូសត្រូវ​នឹង​គ្នា​ មិន​រលត់​ទេ។ នៅ​ថ្ងៃ​សុក្រ​ទី ២៤​កញ្ញា ក្នុង​ឱកាស​មហាសន្និបាត​អង្គការ​ប្រជាជាតិ​ លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន អ៊ីមរ៉ាន់ខាន់​បាន​ថ្លែង​ចោទ​ប្រកាន់​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ លោក ណារិនដ្រា ម៉ូឌី ថា​ចង់លុបបំបាត់​​ពូជ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ឱ្យ​អស់​ពី​ឥណ្ឌា​។ ជា​ការ​​ស្អប់​ខ្ពើម​អ៊ីស្លាម​ដ៏​អាក្រក់​និង​ធំ​បំផុត នៅ​ឥណ្ឌា និង​ ​​មក​លើ​​ប្រជាពលរដ្ឋ​អ៊ីស្លាម​ចំនួន​២០០​លាននាក់​នៅ​ឥណ្ឌា។ តាំង​ពីឆ្នាំ​២០១៩​ ក្រោយ​ពេល​​ឥណ្ឌា​បាន​ដក​ស្វ័យភាព​តំបន់​កាស្មៀរឥណ្ឌា​ ដែល​ជា​តំបន់​ជាប់​ជម្លោះ​ជាមួយ​ប៉ាគីស្ថានមក ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់​កាស្មៀរ​ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម បាន​រង​ការ​គាប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង។ នេះ​បើ​តាម​ប្រសាសន៍​អនឡាញ​របស់​លោក​អ៊ីមរ៉ាន ខាន់ ដែល​​បាន​ថែម​ទាំង​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​បិទ​ភ្នែក​បណ្តោយ​ឱ្យមាន​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ឥណ្ឌា។

ជា​ប្រតិកម្ម​ទាន់​ហន់ ឥណ្ឌា​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ប៉ាគីស្ថាន​វិញភ្លាម​​ថា​​ ប៉ាគីស្ថាន​បាន​ផ្តល់​ជម្រក​ឱ្យ​អូសាម៉ាប៊ិនឡាដិន និង​បាន​ចិញ្ចឹម​ក្រុម​ភេរវជន​ ដើម្បី​​ធ្វើ​បាប​​ប្រទេស​ជិត​ខាង។ ឥណ្ឌា​ក៏​បាន​គាស់​រំលើក​ថា​ប៉ាគីស្ថាន​​ធ្លាប់​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជនជាតិ​ភាគតិច​នៅ​ប៉ាគីស្ថាន និង​អំពើ​ប្រល័យពូជសាសន៍​វប្បធម៌​និង​សាសនា កាលពី​ឆ្នាំ​១៩៧១ ពេលបង់ក្លាដែល​បាន​ឯករាជ្យ។

បន្ទាប់​មក​ត្រូវ​ជួប​សន្ទនា​ជាមួយ​លោក ចូ ​បៃដិនផង សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី កំពុង​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតីអាមេរិក​ ចូបៃដិន នៅ​សេតវិមាន។ លោក​ម៉ូឌី បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​តួនាទី​របស់​ប៉ាគីស្ថាន​នៅ​អាហ្វហ្កានីស្ថាន ដោយ​ចង់​ឱ្យ​អាមេរិក​ត្រួត​ពិនិត្យ​និង​តាមដាន​យ៉ាង​ល្អិត​ល្អន់​ តួនាទី​របស់​ប៉ាគីស្ថាន​នៅ​អាហ្វហ្កានីស្ថាន​ និង​តួនាទី​របស់​ប៉ាគីស្ថាន​ក្នុង​បញ្ហា​ភេរវនិយម​។

ទាក់ទង​នឹង​ប្រទេស​អាហ្វហ្កានីស្ថាននេះ ធ្លាប់​ជា​អ្នក​គាំទ្រ​របប​តាលីបង់​​ពី​ឆ្នាំ​១៩៩៦-២០០១ លោ​កនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​បាន​ការពារ​ខ្លួន​ថា​ តាលីបង់​​បាន​សន្យា​គោរព​សិទ្ធិមនុស្ស បានលើក​ទឹក​ចិត្តសហគមន៍​អន្តរជាតិ​ពី​វេទិកា​អង្គការ​សហប្រជាជាតិ ​​ឱ្យ​ចូល​ចរចា​ជាមួយ​នឹង​ពួក​​តាលីបង់ ដើម្បី​ពង្រឹង​ស្ថិរភាព​រដ្ឋាភិបាល​បច្ចុប្បន្នផង​ដើម្បី​ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថានផង។

អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​បាន​ចោទ​ប្រកាន់​ភ្នាក់ងារចារកិច្ច​ប៉ាគីស្ថាន​ថា​នៅ​តែ​បន្ត​គាំទ្រ​ពួក​តាលីបង់។ រដ្ឋបាល​អាមេរិក​មុន​បាន​កាត់​ផ្តាច់រាល់​គ្រប់​​ជំនួយ​យោធាទៅ​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ