អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ឥណ្ឌា​និង​ប៉ាគីស្ថាន ជួប​គ្នា​ដោយ​ស្ងាត់ៗនៅ​ឌូបៃ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែននៅ​កាស្មៀរ

មន្ត្រីជាន់​ខ្ពស់​នៃ​ភ្នាក់ងារ​ចារកិច្ច​ឥណ្ឌា និង​ប៉ាគីស្ថាន ទំនង​ជាបាន​ជួប​ចរចា​គ្នា​ដោយ​ស្ងាត់​នៅក្រុង​ឌូបៃ និង​ក្រោម​ការ​សម្របសម្រួល​​របស់​អារ៉ាប៊ីសាអូឌីត កាលពី​ខែ​មករា​ ដើម្បីសម្រក​ភាព​តាន​តឹង​យោធា នៅ​តាម​ព្រំដែន​ ក្នុង​តំបន់​កាស្មៀរ។ នេះ​បើ​តាមប្រភព​ស្និទ្ធ​នឹង​សំណុំរឿងដែល​ទើប​អះអាង​ប្រាប់​​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters កាលពី​ថ្ងៃទី ១៤​មេសា ម្សិលមិញ។

ឥណ្ឌានិង​ប៉ាគីស្ថាន ជួប​ពិភាក្សា​គ្នា​ដោយស្ងាត់​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​កាស្មៀរ
ឥណ្ឌានិង​ប៉ាគីស្ថាន ជួប​ពិភាក្សា​គ្នា​ដោយស្ងាត់​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​កាស្មៀរ Studio graphique FMM
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ជិត​ខាង​មាន​អាវុធ​នុយក្លេអ៊ែរ​ដូច​គ្នា​ទាំង​ពីរ គឺឥណ្ឌា​និង​ប៉ាគីស្ថាន​លែង​និយាយ​រក​គ្នា តាំង​ពី​ឆ្នាំ២០១៩មក។ ​ ​ក្រោយ​​ភេរវកម្មអត្តឃាត​ប្រឆាំង​ក្បួន​ទ័ព​ឥណ្ឌា​នៅ​តំបន់​កាស្មៀរ​ និង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី ឥណ្ឌា​បាន​សម្រេច​ដក​ស្វ័យតភាព​តំបន់​កាស្មៀរ​នោះមក ទំនាក់ទំនងការទូត​ធ្លាក់​ដុនដាប​ខ្លាំង ទំនាក់ទំនង​ពាណិជ្ជកម្ម​​ត្រូវ​ព្យួរ ...

ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាល​ទាំងពីរ បាន​បើក​ផ្លូវ​ទូត ដើម្បីស្តារ​ទំនាក់ទំនង​ឱ្យ​វិលត្រលប់​មក​ភាព​ធម្មតាឡើង​វិញ តាម​រយៈ​ការ​ជួប​ពិភាក្សា​ដោយ​ស្ងាត់ៗ​នៅ​ក្នុង​ប្រទេស​ទីបី។ បើ​តាម​ប្រភព​ព័ត៌មាន​ដែល​ទី​ភ្នាក់ងារ​រ៉យទ័រ​ទទួល​បាន​ ភ្នាក់ងារ​ចារកិច្ច​ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​ជួប​គ្នា​ជា​ច្រើន​លើកនិង​តាំង​ពី​ជា​ច្រើន​ខែ​មក​​ហើយ ​នៅ​ថៃ នៅ​ក្រុង​ឡុងដ៍ ឬ​នៅ​ឌូបៃ។​ ប៉ុន្តែ​ពុំ​មាន​ការ​ជូន​ដំណឹង​ជាសាធារណៈ​ទេ ព្រោះសភាពការណ៍​អាច​​ប្រែក្រឡាស់​បាននៅ​ឡើយ។

ក្រោយ​ជំនួប​​ចរចា​នៅ​ឌូបៃ​កាលពី​ខែ​មករា ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​សម្រេច​បិទ​បញ្ចប់​ កា​រប្រយុទ្ធ​គ្នា​ដោយ​អាវុធ​នៅ​តាម​បន្ទាត់​ព្រំដែន​ជាប់​ជម្លោះ​នៃ​តំបន់​កាស្មៀរ។ បទឈប់​បាញ់​មាន​ចូល​ជាធរមាន​មក​ទល់​ពេល​នេះ។ ប្រទេស​ជិត​ខាង​ទាំងពីរ​ក៏​បានលើក​ឡើង​អំពី​ផែនការ​​រៀប​ចំ​ការ​បោះឆ្នោត​នៅ​តំបន់​កាស្មៀរ​នៅ​ឆ្នាំនេះ ដើម្បី​ផ្សះផ្សាតំបន់​ដែល​ហែកហួរ​បង្ហូរ​ឈាម​អស់​រយៈ​ពេល​ជាង​៧៤​ឆ្នាំ​មកហើយ ដោយ​ប៉ាគីស្ថាន​ឈប់ស្រែក​​ប្រឆាំងនឹងការ​បញ្ចប់​​ស្វ័យភាពតំបន់​កាស្មៀរឥណ្ឌា ចំណែក​ឥណ្ឌា​ឈប់​ចោទ​ប៉ាគីស្ថានថា​បង្ក​អំពើ​ហិង្សា​តាមព្រំដែន។ នេះ​បើ​តាមប្រភព​ដដែល​។

​ក្រសួង​ការបរទេស​​ឥណ្ឌា​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ចំពោះ​ជំនួប​ដោយ​ស្ងាត់ៗ​នេះទេ។ ចំណែក​ក្រសួងការពារ​ជាតិ​ប៉ាគីស្ថាន​ក៏​មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ជុំ​វិញ​សំណុំរឿង​នេះ​ដែរ។ ប៉ុន្តែ​បើ​តាម​អ្នកវិភាគ ​ប៉ាគីស្ថាន និង​ឥណ្ឌា មានហេតុផល​ចាំបាច់​ត្រូវ​តែខិត​រក​គ្នា​វិញ។ ឥណ្ឌា​មាន​បញ្ហា​ព្រំដែនជាមួយ​ចិនជាប់​​គាំង​ស្តូកស្តឹង​ ​ តាំង​ពីឆ្នាំ​មុន​មក មិន​ចង់​ឱ្យ​យោធា​បើក​​​សមរភូមិមួយ​ទៀត​នៅ​ខាង​ប៉ាគីស្ថានទេ។ ចំណែក​ប៉ាគីស្ថាន កំពុង​លង់​ក្នុង​វិបត្តិសេដ្ឋកិច្ច​ រស់​បាន​ដោយ​ជំនួយ​សង្គ្រោះ​របស់​មូលនិធិ​រូបិយវត្ថុ​ ក៏មិន​អាច​បណ្តោយ​ឱ្យ​មាន​ការ​តតាំង​នៅតំបន់​កាស្មៀរ​អូសបន្លាយ​បានដែរ។ ម្យ៉ាងទៀត​ប៉ាគីស្ថាន​ត្រូវ​គិត​គូរ​រក្សាស្ថិរភាព​នៅ​ប៉ែក​ខាង​លិចទៀត នៅ​ពេល​កងទ័ព​អាមេរិក​ត្រូវ​ដក​ចេញ​ពីអាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ