អានតួអត្ថបទ
ប្រែប្រួលអាកាសធាតុ

ការសិក្សាបង្ហាញថាការកាប់បំផ្លាញព្រៃឈើនៅឥណ្ឌូណេស៊ីធ្វើឲ្យអត្រាស្លាប់ដោយកម្តៅកើនឡើង

ការកាប់បំផ្លាញព្រៃឈើ នៅក្នុងខេត្តមួយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បានធ្វើ​ឲ្យ​សីតុណ្ហភាព​មធ្យម​ប្រចាំថ្ងៃកើនឡើង​រហូតដល់​ទៅ​​ប្រមាណ​ជា ១អង្សា ក្នុងរយៈពេល​ត្រឹមតែ ១៦ឆ្នាំ។ នេះ​បើ​តាម​ការ​សិក្សា​ចេញផ្សាយ កាលពីថ្ងៃ​ពុធ ដោយ​នៅ​ក្នុងនោះ គេបានរកឃើញ​ថា កំណើន​សីតុណ្ហភាពនេះ​បាន​ធ្វើ​ឲ្យ​អត្រា​មនុស្ស​ស្លាប់​​​ នៅក្នុង​តំបន់​ត្រូវ​កើនឡើង ៨%។

ឥណ្ឌូណេស៊ី​ជាប្រទេស​ដែលមានផ្ទៃដីព្រៃធំជាងគេ​លំដាប់ទី៣ នៅលើពិភពលោក
ឥណ្ឌូណេស៊ី​ជាប្រទេស​ដែលមានផ្ទៃដីព្រៃធំជាងគេ​លំដាប់ទី៣ នៅលើពិភពលោក ASSOCIATED PRESS - Dita Alangkara
ផ្សាយពាណិជ្ជកម្ម

នៅក្នុងការសិក្សា​ចុះផ្សាយ​ក្នុង​ទស្សនាវដ្តីដ៏ល្បីល្បាញ​ជំនាញ​ខាង​វិស័យ​សុខាភិបាល (Lancet Planetary Health) អ្នក​ស្រាវជ្រាវ ដែល​​បាន​វិភាគទៅលើ​ទិន្នន័យបាន​មក​ពី​ផ្កាយរណប ​បានរកឃើញ​ថា ការកាប់បំផ្លាញ​ព្រៃឈើ​ប្រមាណជាង ៤ពាន់​គីឡូម៉ែត្រ​ការ៉េ ក្នុង​ចន្លោះ​ពី​ឆ្នាំ២០០២ ដល់​ឆ្នាំ២០១៨ បាន​ធ្វើ​ឲ្យ​សីតុណ្ហភាព​មធ្យម​ប្រចាំថ្ងៃ នៅ​ក្នុង​តំបន់​ប៉ែកខាងកើតកោះ​ Borneo ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវកើនឡើង​រហូតដល់​ទៅ ០,៩៥អង្សា។ កំណើន​សីតុណ្ហភាព​នេះ គឺ​បន្ថែម​ពីលើ​ការឡើងកម្តៅផែនដី​ទូទៅ ដែល​មាន​ស្រាប់ ប្រមាណជាង ១អង្សា រាប់ចាប់តាំង​ពី​បដិវត្តន៍​ឧស្សាហកម្ម។

អ្នកជំនាញ​ដែល​ទទួលខុសត្រូវ​លើ​ការសិក្សា​នេះ​បាន​កត់សម្គាល់ថា កំណើន​សីតុណ្ហភាព​រហូតដល់​ទៅ​ជិត ១អង្សា ក្នុងរយៈពេល​តែ ១៦ឆ្នាំបែបនេះ គឺ​ជា​ការកើនឡើង​ដ៏​គំហុក​មិនគួរ​ឲ្យ​ជឿ ប្រសិន​បើ​គេប្រៀបធៀប​ទៅនឹង​សីតុណ្ហភាពមធ្យម​លើ​ភពផែនដី​ទាំងមូល ដែល​កើនឡើង​ប្រមាណ​ជា ១អង្សា​ដែរ ក៏ប៉ុន្តែ ជាកំណើនដែលកើតមាន​ ក្នុងរយៈពេល​រហូតដល់​ទៅ ១៥០ឆ្នាំ។

បន្ថែម​ពីលើ​ទិន្នន័យ​ស្តីពី​កំណើន​សីតុណ្ហភាព​ដោយ​ការកាប់បំផ្លាញព្រៃឈើនេះ អ្នកស្រាវជ្រាវ​បាន​សិក្សា​បន្ថែម​ទៅលើ​ទិន្នន័យ​អ្នក​ស្លាប់​ដោយ​អាកាសធាតុក្តៅខ្លាំង ដោយ​ប្រៀបធៀបគ្នា រវាង​ចំនួន​អ្នក​ស្លាប់ នៅ​ក្នុង​តំបន់​ខាងកើត​កោះ Borneo និង​ចំនួន​អ្នកស្លាប់​នៅ​តំបន់ផ្សេងទៀត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដូចគ្នា ហើយ​បាន​រកឃើញ​ថា កំណើន​សីតុណ្ហភាព​ជិត ១អង្សា ដោយសារ​ការកាប់បំផ្លាញព្រៃឈើ​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​អាកាសធាតុ​ក្តៅខ្លាំង ត្រូវ​កើនឡើង រហូតដល់​ទៅ​ ៨%។

គួរកត់សម្គាល់ថា ការសិក្សា​ចេញផ្សាយ​នៅថ្ងៃ​ពុធ​នេះ គឺ​ជា​ការ​សិក្សាលម្អិត​ដ៏​កម្រមួយ អំពី​ផលប៉ះពាល់​នៃ​ការ​កាប់បំផ្លាញព្រៃឈើ និង​ការ​ឡើងកម្តៅផែនដី ទៅលើ​សុខភាព​របស់​ប្រជាជន​ដែល​រស់​នៅ​ក្នុងតំបន់​ដែល​ងាយរងគ្រោះ ក្នុងពេល​ដែល​ការ​សិក្សា​​​កាល​ពីពេល​កន្លងមក ត្រូវបានគេធ្វើ​ឡើង​ដោយ​ផ្តោតភាគច្រើន​​ទៅលើ​ប្រទេសដែល​សម្បូរធនធាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ