អានតួអត្ថបទ
ភូមា-សហរដ្ឋ​អាមេរិក

ភូមា​ដោះលែង​​អ្នកកាសែតជនជាតិ​អាមេរិក​ Fenster ហើយ​បណ្តេញ​ចេញ​ពីប្រទេស

បន្ទាប់​ពី​ជាប់​ឃុំឃាំង​អស់​ជិត​៦ខែ នៅក្នុង​ពន្ធនាគារ ពីបទ​ធ្វើ​សកម្មភាព​ភេរវកម្ម​ អ្នក​កាសែត​ជនជាតិ​អាមេរិក Danny Fenster ទើប​បាន​ទទួល​ការ​ដោះលែង នៅ​ថ្ងៃ​ចន្ទទី ១៥​វិច្ឆិកា ២០២១នេះ មួយ​ថ្ងៃមុន​ការ​បើក​សវនាការ ដែល​តុលាការ​អាច​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ជាមួយ​នឹង​ការ​ប្រកាសដោះលែង​ ភូមា​បាន​​បណ្តេញ​Danny Fenster ចេញ​ភ្លាម​ពី​ប្រទេស​។

លោក Bill Richardson (ស្តាំ) និង​អ្នកកាសែត Danny Fenster នៅព្រលានយន្តហោះ ក្រុង​ Naypyitaw ថ្ងៃទី ១៥​វិច្ឆិកា ២០២១
លោក Bill Richardson (ស្តាំ) និង​អ្នកកាសែត Danny Fenster នៅព្រលានយន្តហោះ ក្រុង​ Naypyitaw ថ្ងៃទី ១៥​វិច្ឆិកា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

Danny Fenster បាន​រួច​ផុត​ពី​ការ​ឃុំ​ឃាំង ដោយ​សារ​តែ​មាន​ជំនួប​ចរចា​ផ្ទាល់​​មួយ​ទល់​នឹង​ទល់មួយ ​រវាង​ប្រមុខ​ដឹកនាំ​ភូមា លោក មីន អ៊ុងឡាំង និង​អតីតឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Bill Richardson។ ជា​ផ្លូវការ​ លោក Richardson បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ភូមា តាំងពី​ដើម​ខែ​វិច្ឆិកា សម្រាប់​រយៈ​ពេល​ពីរ​សប្តាហ៍ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​បំពេញ​បេសកកម្ម​មនុស្សធម៌ទេ តែ​ក៏​មាន​បង្កប់​កម្មវត្ថុ​ស្វែង​រក​សេរីភាព​ឱ្យ​អ្នក​កាសែត​Danny Fensterដែរ។

​ជា​អ្នក​កាសែត​បរទេស​តែ​ម្នាក់​គត់​ជាប់​ក្នុង​ពន្ធនាគារ​នៅភូមា ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី ១​កុម្ភៈ Danny Fenster បា​នចាក​ចេញភ្លាម​​ពី​ភូមា​ ជាមួយ​លោក Richardson និង​ត្រូវ​ទៅ​ដល់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃអង្គារ​ទី ១៦​វិច្ឆិកា។ លោក​បាន​មក​ដល់​អាស៊ី កាលពី​បី​ឆ្នាំមុន និង ​ជា​និពន្ធនាយក នៃកាសែត Frontier Myanmar ដែល​ជា​កាសែតឯករាជ្យមួយនៅភូមា។  ចាប់ខ្លួនបាន​នៅ​ព្រលានយន្តហោះ កាលពីថ្ងៃទី​២៤ឧសភា២០២១ អាជ្ញាធរ​សឹក​ភូមា បាន​ចោទ Danny Fenster ពី​បទ​ញុះញង់ឲ្យ​មានអំពើហិង្សា អសន្តិសុខសង្គម ​ការ​បះបោរ​ផ្តាច់​ទឹកដី និង ពីបទ​ភេរវកម្ម។ កាលពី​សប្តាហ៍​មុន​ តុលាការ​សឹកភូមា​បាន​កាត់​ទោស​ឱ្យ​ Danny Fenster ជាប់​ពន្ធនាគារ​ចំនួន​១១​ឆ្នាំ ពី​ញុះញង់​បះបោរ​ប្រឆាំង​យោធ ហើយ​នៅ​ថ្ងៃអង្គារ​ទី ១៦​វិច្ឆិកា លោក​Fenster ត្រូវ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនការពីបទ​ភេរវកម្ម ​ដែលតុលាការ​​អាចផ្តន្ទា​ទោសលោក​ឱ្យ​​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត។

ប៉ុន្តែ “ដោយ​មូលហេតុ​មនុស្សធម៌ ភូមា​ព្រមលើក​លែង​ទោស​ឱ្យ​Danny Fenster”។ នេះ​ជា​ការ​គូសបញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អាជ្ញាធរ​ភូមា។ ចំណែក​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​អាមេរិក​ លោក អង់តូនី ប្លីងកិន ក៏​បាន​ចេញ​ថ្លែងការណ៍​អបអរ សេរីភាព​របស់​លោក Fenster និង​ប្រកាសអំពាវនាវ​សុំ​​សេរីភាព​ជូន​អ្នកជាប់​ឃុំឃាំង​នៅ​ភូមា​ដោយ​អយុត្តិធម៌​ផ្សេង​ទៀត។

ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលរបស់​លោកស្រី​អ៊ុងសានស៊ូជីមក រដ្ឋាភិបាល​សឹក ភូមា បាន​បើក​យុទ្ធនាការ​បង្ក្រាប​បង្ហូរ​ឈាមស្លាប់​ជនស៊ីវិល​ជាង​១២០០នាក់​និង​ចាប់​ខ្លួន​ក្រុម​អ្នក​ប្រឆាំង​ជាង៧០០០នាក់ ក្នុង​ចំណោម​នោះ​១០០នាក់​ជា​អ្នក​កាសែត ហើយ​បើ​តាម​សមាគម​ការពារ​សិទ្ធិមនុស្ស​អាស៊ាន Reporting ASEAN មាន​អ្នក​កាសែត​៣១​នាក់​បន្ត​ជាប់​ឃុំ​ឃាំង​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ