អានតួអត្ថបទ
ចិន-តៃវ៉ាន់

អង្គការសិទ្ធិមនុស្ស៖ក្រោមសម្ពាធរបស់ចិន ប្រទេសជាច្រើនបានបញ្ជូនជនជាតិតៃវ៉ាន់ទៅឲ្យចិន

អង្គការ​សិទ្ធិមនុស្ស​ឈ្មោះ Safeguard Defenders បាន​ឲ្យ​ដឹង​តាម​រយៈ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ពុធ ទី១ ធ្នូ នេះ​ថា ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មាន​ជនជាតិ​តៃវ៉ាន់​ជាប់​សង្ស័យ​ជា​ច្រើន​រយ​នាក់​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន។ របាយការណ៍​របស់ Safeguard Defenders បាន​សរសេរ​ច្បាស់ៗ​ថា ការ​ធ្វើ​បត្យាប័ន​ជនជាតិ​តៃវ៉ាន់​ទៅ​ឲ្យ​ចិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​តាម​ប្រម៉ាញ់​ជនជាតិ​តៃវ៉ាន់​ក្នុង​គោលដៅ​បំផ្លាញ​អធិបតេយ្យភាព​កោះ​តៃវ៉ាន់​ដែល​ចិន​បាន​ចាត់​ទុក​ជា​ខេត្ត​មួយ​របស់​ខ្លួន។

អង្គការសិទ្ធិមនុស្សថា ក្រោមសម្ពាធរបស់ចិន ប្រទេសជាច្រើនបានបញ្ជូនជនជាតិតៃវ៉ាន់ទៅឲ្យចិន។
អង្គការសិទ្ធិមនុស្សថា ក្រោមសម្ពាធរបស់ចិន ប្រទេសជាច្រើនបានបញ្ជូនជនជាតិតៃវ៉ាន់ទៅឲ្យចិន។ © AP Photo/Chiang Ying-ying, File
ផ្សាយពាណិជ្ជកម្ម

តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ឈ្មោះ Safeguard Defenders មាន​ជនជាតិ​តៃវ៉ាន់​យ៉ាង​តិច ៦០០នាក់​ត្រូវ​បាន​គេ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ប្រទេស​ចិន​នៅ​ក្នុង​ចន្លោះ​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៩។ ភាគ​ច្រើន​នៃ​ជនជាតិ​តៃវ៉ាន់​ទាំង​នេះ​ជា​ក្រុម​មនុស្ស​ដែល​ជាប់សង្ស័យ​ក្នុង​បទឧក្រិដ្ឋកម្ម​ធ្វើ​តាម​ទូរស័ព្ទ​ប្រព្រឹត្តិ​នៅ​ក្នុង​ប្រទេស​ទី៣ និង​ដែល​ជនរងគ្រោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន។ តែ​អង្គការ​សិទ្ធិមនុស្ស Safeguard Defenders បាន​លើក​ឡើង​ពី​ករណី​ប្រទេស​ជា​ច្រើន​ដែល​ប្រហែល​ជា​បាន​ធ្វើ​បត្យាប័ន​ជនជាតិ​តៃវ៉ាន់​ជា​ច្រើន​នាក់​ដោយ​បង្ខំ​ទៅ​ឲ្យ​ចិន​ដីគោក​ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ នៅ​ក្នុង​របាយការណ៍ Safeguard Defenders បាន​លើក​ឈ្មោះ​ប្រទេស​អេស្ប៉ាញ អាមេនី កេនយ៉ា កម្ពុជា និង​ប្រទេស​ហ្វីលីពីន។

Safeguard Defenders ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ​បាន​ទាញ​សញ្ញាអាសន្ន​ថា នៅ​ពេល​ពួក​គេ​ទៅ​ដល់​ទឹកដី​ចិន ជនជាតិ​តៃវ៉ាន់​ទាំង​នោះ​ប្រឈម​នឹង​ការ​គំរាមកំហែង​ឃុំ​ខ្លួន​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​ធ្វើទារុណកម្ម ការ​បាត់​ខ្លួន​ដោយ​បង្ខំ ឬ​មួយ​ក៏​ការ​បង្ខំ​ឲ្យ​សារភាព​នៅ​លើ​កញ្ចក់ទូរទស្សន៍​ជា​ដើម។ អេស្ប៉ាញ​ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អឺរ៉ុប​បាន​រង​ការ​វាយប្រហារ​ខ្លាំង​ជាង​គេ​ពី​អង្គការ​សិទ្ធិមនុស្ស Safeguard Defenders។ នេះ​ក៏​ដោយសារ​អេស្ប៉ាញ​បាន​ធ្វើ​បត្យាប័ន​ជនជាតិ​តៃវ៉ាន់​ជាង ២០០នាក់​ទៅ​ឲ្យ​ចិនដីគោក។

ក្នុង​ឆ្នាំ ២០១៧ តុលាការ​អេស្ប៉ាញ​បាន​ចាត់​ទុក​ថា ជនសង្ស័យ​តៃវ៉ាន់ និង​ចិនដីគោក​ចំនួន ១២១នាក់​អាច​បញ្ជូន​ទៅ​ឲ្យ​ចិន​កម្មុយនិស្ត​ដោយ​អនុលោម​តាម​គោលការណ៍​ចិន​តែ​មួយ។ ទង្វើ​របៀប​នេះ​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស Safeguard Defenders យល់​ថា អេស្ប៉ាញ​ក្បត់​នឹង​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ផ្នែក​សិទ្ធិមនុស្ស និង​ធ្វើ​មិនដឹង មិន​ឮ​ពី​ការ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ