អានតួអត្ថបទ

ចិនប្រកាសបញ្ជូនឲ្យតៃវ៉ាន់នូវបុរសតៃវ៉ាន់ម្នាក់ដែលជាប់សង្ស័យក្នុងរឿងឃាតកម្មសម្លាប់មនុស្ស

នៅ​ថ្ងៃ​អង្គារ ទី៧ ធ្នូ រដ្ឋអំណាច​ចិន​បាន​ប្រកាស​ពី​ការ​បញ្ជូន​ឲ្យ​តៃវ៉ាន់​នូវ​បុរស​តៃវ៉ាន់​ម្នាក់​ដែល​ជាប់សង្ស័យ​ក្នុង​បទ​ឃាតកម្ម​សម្លាប់​មនុស្ស។ យោង​តាម​បទចោទ​ប្រកាន់ បុរស​ជាប់សង្ស័យ​ដែល​មាន​ឈ្មោះ​ហ័ង​បាន​ភៀសខ្លួន​ទៅ​កាន់​ស្រុក​ស៊ីយ៉ាមែន​ស្ថិត​ប៉ែកអាគ្នេយ៍​ប្រទេស​ចិន ក្រោយ​ពី​រូប​គេ​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ក្នុង​ទីក្រុង​តៃប៉ិក។ កាយវិការ​របស់​ចិនដីគោក​ចំពោះ​ចិន​តៃវ៉ាន់​នេះ​ជា​កិច្ចសហប្រតិបត្តិការ​ដ៏​កម្រ​មួយ ខណៈ​ដែល​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​កំពុង​មាន​ទំនាក់ទំនង​តានតឹង​ខ្លាំង។

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen
ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​ប៉ូលិស​ចិន​ក្នុង​ស្រុក​ស៊ីយ៉ាមែន​បាន​សម្រេច​បញ្ជូន​បុរស​តៃវ៉ាន់​ម្នាក់​ដែល​ជាប់​សង្ស័យ​ក្នុង​រឿង​ឃាតកម្ម​ទៅ​ឲ្យ​តៃវ៉ាន់​វិញ​បាន​ធ្វើ​ឡើង ក្រោយ​ពី​បុរស​រូប​នោះ​បាន​ទទួល​ស្គាល់​ពី​ទង្វើ​សម្លាប់​មនុស្ស​របស់​ខ្លួន។ តែ​ប៉ូលិស​ចិន​ក្នុង​ស្រុក​ស៊ីយ៉ាមែន​មិន​បាន​លំអិត​ពី​ថ្ងៃខែ​ដែល​ត្រូវ​បញ្ជូន​ទេ។ ចំណែក​ការិយាល័យ​ទទួល​កិច្ចការ​តៃវ៉ាន់​របស់​ចិន​ដីគោក​បាន​បញ្ជាក់​ថា ការ​សម្រេច​នេះ​នឹង​ពង្រឹង​លើ​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម និង​សម្រាប់​ការ​រក្សា​សណ្តាប់ធ្នាប់​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ​ចិន តៃវ៉ាន់។

គួរ​រម្លឹក​ថា ពួក​ឧក្រិដ្ឋជន​តៃវ៉ាន់​តែង​មាន​ទម្លាប់​ភៀសខ្លួន​ទៅ​កាន់​ចិនដីដីគោក​ដើម្បី​គេច​ពី​ក្រញាំ​តុលាការ​តៃវ៉ាន់។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​ក្នុង​ឆ្នាំ ២០១៩ ចិន​ដីគោក និង​ចិន​តៃវ៉ាន់​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ដោយ​ចែង​ពី​ការ​បញ្ជូន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​នូវ​ជនសង្ស័យ​ដែល​តាម​ចាប់​ខ្លួន។ តែ​តាំង​ពី​ការ​ជាប់​ឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​របស់​លោកស្រី​សៃ អ៊ីងវេន​ក្នុង​ឆ្នាំ ២០១៦ ដែល​ជា​អ្នក​ប្រឆាំង​ចិន​មក ការ​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​ជាប់គាំង​ដោយ​ភាព​តានតឹង​រវាង​ភាគី​ទាំង​ពីរ។

« ឧក្រិដ្ឋជន​ជា​សត្រូវ​របស់​ពិភពលោក។ យើង​សង្ឃឹម​ថា រដ្ឋអំណាច​ទាំង​សង​ខាង​នឹង​អាច​បន្ត​យុទ្ធនាការ​រួម​គ្នា​ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម » នេះ​ជា​ការ​យល់​ឃើញ​របស់​ការិយាល័យ​តៃវ៉ាន់​ទទួល​បន្ទុក​កិច្ចការ​ទំនាក់ទំនង​ជាមួយ​ចិន​ដីគោក។ យោង​តាម​ការិយាល័យ​តៃវ៉ាន់​នេះ​ដដែល ចិន​បាន​បញ្ជូន​ឲ្យ​តៃវ៉ាន់​នូវ​ពលរដ្ឋ​តៃវ៉ាន់​ជាប់សង្ស័យ​ចំនួន ៤នាក់​កាល​ពី​ឆ្នាំ ២០២០។ តែ​គេ​គ្មាន​តួលេខ​ចំនួន​ពលរដ្ឋ​ចិន​ជាប់សង្ស័យ​ដែល​តៃវ៉ាន់​បាន​បញ្ជូន​ទៅ​ឲ្យ​ចិន​ដីគោក​ទេ។ យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ចិន​បាន​ធ្វើ​ចំពោះ​តៃវ៉ាន់​ពេល​នេះ​ជា​កាយវិការ​ដ៏​កម្រ​មួយ ខណៈ​ដែល​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​កំពុង​មាន​ទំនាក់ទំនង​តានតឹង​ខ្លាំង។

ក្រោម​ភ្នែក ច្រមុះ​របស់​ចិនដីគោក កោះ​តៃវ៉ាន់​ជា​ខេត្ត​ឧទ្ទាម​មួយ​ដែល​ខ្លួន​មិន​ញញើត​នឹង​ប្រើ​កម្លាំង​វាយប្រហារ​ទេ បើ​កោះ​មួយ​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណា​មួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ