អានតួអត្ថបទ
សេដ្ឋកិច្ច-កូវីដ១៩

ប្រឈមនឹងមេរោគបំប្លែងខ្លួន « អូមីក្រុង » ធនាគារអភិវឌ្ឍន៍អាស៊ីទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច

នៅ​ថ្ងៃ​អង្គារ ទី១៤ ធ្នូ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ របាយការណ៍​បាន​ព្រមាន​ថា មេរោគបំប្លែងខ្លួន « អូមីក្រុង » ដែល​ឆ្លង​ខ្លាំង និង​ឆ្លង​លឿន​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់។ តាម​ការ​ព្យាករ​ឡើង​វិញ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​កំពុង​អភិវឌ្ឍន៍​មាន​ការ​ធ្លាក់​ចុះ​បន្តិច​ក្នុង​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២។

លោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឃន៍អាស៊ី។
លោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឃន៍អាស៊ី។ AP - Bullit Marquez
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ព្យាករ​ថ្មី​របស់​ធនាគារអភិវឌ្ឃន៍​អាស៊ី កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​សម្រាប់​ឆ្នាំ ២០២១ អាច​មាន ៧% ពោល​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​ការ​ព្យាករ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​ដែល​មាន ៧,១%។ សម្រាប់​ឆ្នាំ ២០២២ គឺ​អាច​ធា្លក់​ពី ៥,៤% ទៅ ៥,៣%។ របាយការណ៍​របស់​ធនាគារ​អភិវឌ្ឃន៍អាស៊ី​បាន​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នូវ​ករណី​ឆ្លង​កូវីដ១៩ និង​កំណើន​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ តែ​បើ​មើល​ជា​រួម​នៅ​ក្នុង​លោក​វិញ ជំងឺ​ឆ្លង​រាតត្បាត​ដោយ​កូវីដ១៩ កំពុង​បន្ត​មាន​ដោយ​មិន​ដឹង​ចប់​នៅ​ពេល​ណា​ទេ។

បន្ទាប់​មក ធនាគារ​អភិវឌ្ឃន៍អាស៊ី​បាន​លើក​ឡើង​ពី​កំណើន​ករណី​ឆ្លង​ថ្មី​ក្នុង​ទឹកដី​អឺរ៉ុប​ដែល​កំពុង​កើត​មាន​នៅ​លើ​បណ្តា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ច្រើន និង​ដែល​អាច​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​រឹតបន្តឹង​ជា​ថ្មី ដូច​ជា​ការ​ដើរហើរ​របស់​ពលរដ្ឋ។ ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​កំពុង​អភិវឌ្ឃន៍​ត្រូវ​បាន​ធនាគារ​អភិវឌ្ឃន៍អាស៊ី​បញ្ជាក់​ថា មាន​អត្រា​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ គិត​ត្រឹម​ដំណាច់​ខែ​វិច្ឆិកា មាន​ពលរដ្ឋ​សរុប​របស់​ប្រទេស​អាស៊ី​កំពុង​អភិវឌ្ឃន៍​ជិត​ពាក់​កណ្តាល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូស។

តែ​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​មាន​ភាព​មិន​ស្មើ​គ្នា​រវាង​ប្រទេស​នីមួយៗ ក្នុង​នោះ ២០ប្រទេស​មាន​អត្រា​ចាក់​វ៉ាក់សាំង​តិច​ជាង ៤០%។ នេះ​ជា​ហេតុផល​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នេះ​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​នៅ​ចំពោះ​មុខ​ករណី​ឆ្លង​ថ្មី​ដោយ​កូវីដ១៩ និង​កូវីដ១៩ បំប្លែងខ្លួន។ វិសមភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កំពុង​បង្ក​ឲ្យ​មាន​រលក​ឆ្លង​ថ្មី ហើយ​រលក​ឆ្លង​ថ្មី​អាច​រារាំង​ដល់​ដំណើរការ​សេដ្ឋកិច្ច និង​គម្រោង​បើក​ប្រទេស​ឡើង​វិញ នេះ​ជា​ការ​ព្រមាន​របស់​ធនាគារ​អភិវឌ្ឃន៍អាស៊ី។

បន្ទាប់​មក ធនាគារ​អភិវឌ្ឃន៍អាស៊ី​បាន​លើក​ឡើង​ពី​ការ​គំរាមកំហែង​ផ្សេង​ទៀត​សម្រាប់​សេដ្ឋកិច្ច​សកល រួម​មាន ទីផ្សារ​អចលនទ្រព្យ​នៅ​ចិន​ដាំក្បាល​ចុះ កំណើន​អតិផរណា និង​ភាព​រអាក់រអួល​លើ​ចរន្ត​ផ្គត់ផ្គង់​សកល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ