អានតួអត្ថបទ
កូរ៉េខាងជើង-មីស៊ីល

កូរ៉េខាងត្បូងថា កូរ៉េខាងជើង​បាញ់សាកល្បងមីស៊ីល​ដែលមាន​សមត្ថភាពខ្លាំងជាងមុន

នៅតែប៉ុន្មានម៉ោងក្រោយ ប្រទេស​សមាជិកក្រុមប្រឹក្សា​សន្តិសុខ​ថ្កោលទោស​​សកម្មភាព​បាញ់​មីស៊ីលបាលីស្ទិករបស់​កូរ៉េខាងជើង កាលពី​សប្តាហ៍មុន កូរ៉េខាងជើង​បាន​បាញ់​សាកល្បងមីស៊ីល​ជាលើកទី២ នៅ​ថ្ងៃ​អង្គារ​ទី​១១​មករានេះ។ តាម​អគ្គបញ្ជាការដ្ឋាន​កងទ័ព​កូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើង​បាញ់​ឲ្យទៅធ្លាក់​នៅ​សមុទ្រខាងកើត​ ដែល​កម្លាំងខ្លាំងជាង​មីស៊ីល​អ៊ីពែសូនិក ដែលកូរ៉េខាងជើង​បាន​បាញ់​កាលពី​សប្តាហ៍មុន​ទៅទៀត។

រូបភាពផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មានផ្លូវរដ្ឋ​កូរ៉េខាងជើង KCNA បង្ហាញគ្រាប់មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​ជា​លើកទី២​កាលពី​ថ្ងៃទី ១១​មករា ២០២២
រូបភាពផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មានផ្លូវរដ្ឋ​កូរ៉េខាងជើង KCNA បង្ហាញគ្រាប់មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​ជា​លើកទី២​កាលពី​ថ្ងៃទី ១១​មករា ២០២២ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

រាល់​ការបាញ់សាកល្បង​មីស៊ីលម្តងៗ មិនត្រឹម​តែ​ជួយ​ធ្វើ​ឲ្យ​សមត្ថភាព​យោធា​​របស់​កូរ៉េខាងជើងកាន់តែ​រីកចម្រើនទៅមុខ​តែប៉ុណ្ណោះទេ ប៉ុន្តែ វាអនុញ្ញាត​ឲ្យ​កូរ៉េខាងជើងបង្កើន​​​ប្រភេទអាវុធ​ទំនើបៗ​សម្រាប់នាំចេញ យកទៅលក់​ឲ្យ​អតិថិជន​ និង​ក្រុមឈ្មួញជួយដូរ​អាវុធ​ខុសច្បាប់​នៅក្នុង​ពិភពលោក។ នេះជាការវាយតម្លៃ​របស់​ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោកស្រី Linda Thomas-Greenfield។

នៅក្នុង​សេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃ​ចន្ទ ដែលធ្វើឡើង​នៅមុន​កិច្ចប្រជុំ​បិទទ្វារ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ អាមេរិក​រួមជាមួយ ប្រទេស​​៥ទៀត ដែលជាសមាជិកនៃ​​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិបានទាមទារ​ឲ្យ​កូរ៉េខាងជើងឈប់ជាបន្ទាន់​សកម្មភាព​ដែល​អាច​បង្ក​ឲ្យមានគ្រោះថ្នាក់ ការផ្ទុះអាវុធ និង​គំរាមកំហែង​ស្ថិរភាព​នៅក្នុង​តំបន់។

កូរ៉េខាងជើងវិញ​​ហាក់ស្តាប់មិនលឺ​សេចក្តីអំពាវនាវ។ នៅតែប៉ុន្មានម៉ោង​ក្រោយក្រុមប្រឹក្សា​សន្តិសុខ​បើកកិច្ចប្រជុំពិសេស​ដើម្បី​និយាយ​ពីការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង ប៉ុន្តែ ដោយ​គ្មាន​ចេញ​សេចក្តីសម្រេចថ្កោលទោសអ្វី កូរ៉េខាងជើង​បានផ្គើន​​បាញ់​សាកល្បងមីស៊ីល​ជាលើកទី២ នៅថ្ងៃ​អង្គារនេះ។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ អគ្គបញ្ជាការដ្ឋាន​កូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបាន​បាញ់​មីស៊ីល​ដែលមាន​សមត្ថភាព​ខ្លាំង​ជាងមីស៊ីល​អ៊ីពែសូនិក​ដែល​កូរ៉េខាងជើងបាន​បាញ់​កាលពី​សប្តាហ៍មុន។ នៅថ្ងៃ​ព្រហស្បតិ៍ ទី​៦​មករា ព្យុងយ៉ាង​ធ្លាប់​ប្រកាស​ថា ខ្លួនបាន​បាញ់សាកល្បងដោយ​ជោគជ័យ មីស៊ីល​អ៊ីពែសូនិកដែលបាន​​វាយចំ​គោលដៅ ស្ថិតនៅ​ចម្ងាយ ៧០០គីឡូម៉ែត្រ។ ប៉ុន្តែ តាម​អគ្គបញ្ជាការដ្ឋាន​កូរ៉េខាងត្បូង មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​នៅ​ថ្ងៃ​អង្គារ​មាន​កម្លាំងខ្លាំងជាងលើកមុន ព្រោះវា​​ហោះក្នុងល្បឿន​អតិបរិមារ ១២ ៣៤៨ គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដែលលឿនជាង​សំឡេង​ដល់ទៅ​១០ដង។ ខុសប្លែកពីមីស៊ីលបាលីស្ទិក​ដែល​ហោះទៅក្នុង​អវកាស មុននឹង​ធ្លាក់សំដៅចំ​គោលដៅ មីស៊ីលអ៊ីពែសូនិក ជាប្រភេទមីស៊ីល​បណ្តែត​ ហោះ​ក្នុង​កំពស់​ទាប និង​ហោះលឿនជាង​សំឡេង​៥ដង ពោល​គឺ​ប្រមាណ ៦២០០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង។

នៅក្រោយ​ការបាញ់សាកល្បងជាលើកទី២ ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំអង្គការសហប្រជាជាតិ​បាន​អំពាវនាវ​សាជាថ្មី​ឲ្យ​សហគមន៍អន្តរជាតិ​អនុវត្ត​ឲ្យបានតឹងរ៉ឹង ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ចុងក្រោយបំផុត​ទៅលើ​កូរ៉េខាងជើង នៅឆ្នាំ ២០១៧ ក្នុងរឿង​កូរ៉េខាងជើង​បាញ់​សាកល្បងមីស៊ីល​បាលីស្ទិក និង​កម្មវិធីផលិត​អាវុធ​នុយក្លេអ៊ែរ។ ក្រោយមក ចិន និង​រុស្ស៊ី​សមាជិក​អចិន្ត្រៃយ៍ ក្រុមប្រឹក្សា​សន្តិសុខលែង​គាំទ្រ​ឲ្យ​មានការដាក់ទណ្ឌកម្ម​សាជាថ្មី និង​​បានអំពាវនាវ ឲ្យគេ​ដកទណ្ឌកម្មមួយចំនួន​ដើម្បីសម្រួល​ការនាំចេញ​គ្រឿងសមុទ្ររបស់កូរ៉េខាងជើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ